ខែ្សភាពយន្តឯកសារខ្លីចំនួនពីរស្តីអំពីការជួញដូរមនុស្សកំពុងត្រូវបានដាក់បញ្ចាំងនៅក្នុងរាជធានីភ្នំពេញ។ ឯកសារមួយបង្ហាញអំពីពីបុរសដែលគេបោកបញ្ឆោតទៅធ្វើការដូចជាទាសករនៅលើទូកនេសាទ និងមួយទៀតបង្ហាញអំពីជីវិតរបស់ស្ត្រីដែលគេបោកបញ្ឆោតទៅធ្វើជាកូនក្រមុំទៅប្រទេសចិន។
ខ្សែភាពយន្តទាំងពីរនេះត្រូវបានផលិតដោយទីភ្នាក់ងារស.រ.អា.សម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយត្រូវបានគេដាក់បញ្ចាំងនៅមជ្ឈមណ្ឌលបុប្ផាណា នៅភ្នំពេញ។ ឯកសារទាំងពីរនេះត្រូវបានផលិតឡើង ដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍ស្តីពីការជួញដូរមនុស្ស ព្រោះសហគមន៍អាចជាគោលដៅរបស់ក្រុមអ្នកជួញដូរមនុស្ស។
នារីម្នាក់នៅក្នុងខ្សែភាពយន្តឈ្មោះ «តម្លៃកូនក្រមុំ» បាននិយាយថា៖ «ខ្ញុំសម្រេចចិត្តរៀបការជាមួយបុរសចិនដោយសារគ្រួសារខ្ញុំគឺក្រ។ ខ្ញុំរំពឹងគិតថា បើសិនជាខ្ញុំរៀបការ ជាមួយបុរសចិន ខ្ញុំនឹងមានជីវិតមួយដែលល្អប្រសើរជាងមុន ហើយខ្ញុំអាចរកប្រាក់ចំណូលជួយគ្រួសារខ្ញុំ។ ប៉ុន្តែសុបិននេះមិនបានក្លាយជាការណ៍ពិតទេ»។
លោកស្រី លឹម មុន្នី អនុប្រធានផ្នែកនៃកម្មវិធីស្ត្រី និងសិទ្ធិកុមារនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកគឺអង្គការអាដហុក បាននិយាយថា ស្ត្រីជាច្រើនត្រូវបានឈ្មួញកណ្តាលបោកបញ្ឆោត ហើយឈ្មួញកណ្តាលខ្លះជាអ្នកដែលពួកគេបានស្គាល់។
ស្ត្រីទាំងនោះអាចត្រូវធ្វើបាប។ ក្រៅពីប្ដីធ្វើបាប ពួកគេក៏ត្រូវសាច់ញាតិក្រុមគ្រួសាររបស់ប្តីធ្វើបាបផងដែរ។ ជាញឹកញាប់ ពួកគេត្រូវបានប្តី ឬក្រុមគ្រួសារខាងប្តីបង្ខំឲ្យធ្វើការហួសកម្លាំង។ ស្ត្រីមួយចំនួនត្រូវបោកបញ្ឆោតឱ្យរៀបការជាមួយបុរស ដែលមានវ័យចំណាស់ ឬបុរសដែលមានសតិអារម្មណ៍មិនល្អ ឬបុរសពិការជាដើម។
ក្នុងខ្សែភាពយន្តនេះ ស្ត្រីម្នាក់បាននិយាយ អំពីការសម្រេចចិត្តទៅរៀបការជាមួយបុរសជនជាតិចិននៅប្រទេសចិន បន្ទាប់ពីអ្នកជិតខាងបានបញ្ចុះបញ្ចូលឲ្យម្តាយរបស់គាត់យល់ព្រម ហើយម្តាយរបស់គាត់បានសម្រេចចិត្តឲ្យគាត់ទៅប្រទេសចិនដើម្បីរៀបការជាមួយបុរសជនជាតិចិន។ បន្ទាប់ពីទៅដល់ប្រទេសចិន គាត់ត្រូវបានបង្ខំឲ្យជ្រើសរើសយកការរៀបការជាមួយប្តីជនជាតិចិន ឬទៅបម្រើភ្ញៀវនៅក្នុងផ្ទះបន។
អ្នកស្រី Sara Piazzano ប្រធានគម្រោងកម្មវិធីរបស់ USAID ប្រឆាំងការជួញដូរមនុស្ស បាននិយាយថា ការយល់ដឹងអំពីរឿងរ៉ាវរបស់ជនរងគ្រោះគឺជា«វិធីដ៏មានប្រសិទ្ធិភាពមួយបង្កើនការយល់ដឹងអំពីហានិភ័យនេះ»។
អ្នកស្រីបាននិយាយថា៖ «វាក៏ជួយក្នុងការបណ្តុះអាកប្បកិរិយាវិជ្ជមានឆ្ពោះទៅរកការយល់ដឹងអំពីរឿងរ៉ាវរបស់ជនរងគ្រោះ។ សមាហរណកម្មគឺជារឿងពិបាកណាស់សម្រាប់ជនរងគ្រោះ ដែលឆ្លងកាត់បទពិសោធន៍តក់ស្លុត ហើយវាគឺជាការចាំបាច់តម្រូវឲ្យមានការគាំទ្រពីក្រុមគ្រួសារ និងសហគមន៍»។
អ្នកស្រីបាននិយាយថា មនុស្សក្នុងសហគមន៍មានអកប្បកិរិយាល្អទៅរកជនរងគ្រោះ បើសហគមន៍នោះមានការយល់ដឹងបន្ថែមអំពីការជួញដូរមនុស្ស ហើយសហគមន៍នោះអាចជាគោលដៅរបស់ពួកអ្នកជួញដូរមនុស្ស។
លោកស្រី លឹម មុន្នី បាននិយាយថា ការយល់ដឹងអំពីការជួញដូរមនុស្សគឺជាការសំខាន់ ព្រោះប្រជាពលរដ្ឋអាចយល់ដឹងពីហានិភ័យដែលអាចកើតមានចំពោះពួកគេ។ លោកស្រីបាននិយាយថា ខ្សែភាពយន្តទាំងនេះគួរតែត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋដើម្បីជួយផ្សព្វផ្សាយ នៅពេលសមរម្យដែលមនុស្សមានពេលមើលវា។
អ្នកស្រី សៅ ផានី មកពីខេត្តព្រៃវែង គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃៗទៀត។ អ្នកស្រីបាននិយាយថា អ្នកស្រីនៅក្នុងប្រទេសចិនអស់រយៈពេលប្រាំមួយខែ មុនពេលអ្នកស្រីអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ផានី បានផ្តាំថា ស្ត្រី ដែលចង់រៀបការ ឬចង់ទៅធ្វើការនៅប្រទេសក្រៅ គួរតែគិតគូរឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តរៀបការឬធ្វើការនៅក្រៅប្រទេស។
អ្នកស្រី ផានី បាននិយាយថា៖ «ពួកគេពូកែនិយាយខ្លាំងណាស់។ នៅពេលដែលពួកគេបោកបញ្ឆោតពួកយើង យើងមិនអាចដឹងបានទេ»។
អ្នកស្រីបាននិយាយថា អ្នកស្រីត្រូវបងប្អូនសាច់ឆ្ងាយម្នាក់បញ្ឆោត ហើយពេលត្រឡប់មកផ្ទះវិញ អ្នកជិតខាងមិនអាណិតអាសូរទេ តែបែរជារិះគន់អ្នកស្រីទៅវិញ។
អ្នកស្រីនិយាយថា៖ «គ្មាននរណាម្នាក់ចង់ចាញ់បោកគេ ឬចង់មានបញ្ហាបែបនេះនោះទេ។ សូមកុំសើចកុំយំ»។
អ្នកស្រី សៅ ផានី និយាយថា ប្រសិនបើអ្នកស្រីបានឃើញឯកសារនេះមុនពេលអ្នកស្រីទៅប្រទេសចិន នោះជីវិតរបស់អ្នកស្រីប្រហែលជាមិនជួបបញ្ហាដូចនេះទេ។
អ្នកស្រី ផានី បាននិយាយថា៖ «ប្រសិនបើខ្ញុំបានឃើញឯកសារនេះ ខ្ញុំប្រហែលជាមិនបានជួបរឿងអញ្ចឹងទេ»។
ខ្សែភាពយន្ដទីពីរដាក់បង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណានោះមានចំណងជើងថា៖ «តើជើងមេឃនៅឯណា?»។ ខ្សែភាពយន្តនេះបង្ហាញពីបុរសបីនាក់និយាយអំពីកត្តា ដែលបានបង្ខំឱ្យពួកគេស្វែងរកការងារជាអ្នកនេសាទ។ ពួកគេបានចេញទៅប្រទេសក្រៅ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករមួយ ដែលបានរៀបចំបុរសរាប់រយនាក់ឲ្យទៅធ្វើការនៅលើទូកនេសាទ។
ម្នាក់ក្នុងចំណោមពួកគេឈ្មោះ គី ភក្តី អាយុ២២ឆ្នាំ ដែលបានធ្វើការលើទូកនេសាទអស់រយៈពេលបីឆ្នាំ។
គាត់បាននិយាយថា៖ «ខ្ញុំត្រូវធ្វើការ សូម្បីតែនៅពេលដែលខ្ញុំឈឺគឺខ្ញុំត្រូវធ្វើការដែរ។ ពួកគេបានចាត់ទុកយើងដូចសត្វ»។
គាត់ត្រូវបានគេសន្យាថា នឹងទទួលបានប្រាក់ខែ២០០ដុល្លារក្នុងមួយខែ ហើយប្រាក់នោះនឹងត្រូវដាក់នៅក្នុងគណនេយ្យមួយ ពេលដែលគាត់ត្រឡប់មកផ្ទះវិញ។ អស់ពេលបីឆ្នាំកន្លងផុតទៅ ទើបគាត់ដឹងថា គាត់ត្រូវបានគេបោកប្រាស់កម្លាំងពលកម្ម។ នៅពេលដែលម្តាយរបស់គាត់ទៅពិនិត្យគណនេយ្យ គាត់មិនឃើញមានប្រាក់នៅក្នុងគណនេយ្យនោះទេ។
«ម៉ាក់ខ្ញុំប្រាប់ថា សូម្បីតែមួយដុល្លារឬ១០០លុយខ្មែរក៏ក្រុមហ៊ុន អត់បានផ្តល់ឲ្យដែរ»។
គាត់ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Giant Ocean International Fishery ដែលជាភ្នាក់ងារដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដែលជាក្រុមហ៊ុនដែលបានជ្រើសរើសកម្មកររាប់រយនាក់ទៅធ្វើការងារពលកម្មលើទូកនេសាទឆ្ងាយៗក្នុងសមុទ្រ។ ក្រុមហ៊ុននេះត្រូវបានបិទ ហើយបុគ្គលិកជនជាតិតៃវ៉ាន់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានប្រជាពលរដ្ឋច្រើនជាង២០០នាក់ត្រូវបានជួយសង្គ្រោះពីការបង្ខំឲ្យធ្វើការ។
អ្នកស្រី Piazzano បានឱ្យដឹងថា ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាគឺជាគន្លឹះដ៏សំខាន់ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ អ្នកស្រី Piazzano និយាយថា «ការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស មានន័យថា ជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងផ្នត់គំនិត ដែលនាំឱ្យមានអំពើហិង្សា និងការកេងប្រវ័ញ្ច ហើយវាជាការប្តេជ្ញាចិត្តដែលយកទាំងអស់ត្រូវតែធ្វើ។ មានតែគោលនយោបាយគឺមិនអាចដោះស្រាយបញ្ហាបានទេ»៕