ការបន្តបើកឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅក្នុងដំណើរនៃការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នឹងអាចធ្វើឲ្យសេចក្តីព្រាងច្បាប់ដែលនឹងទៅជាច្បាប់នេះ បម្រើដល់ប្រយោជន៍សាធារណជនទូទៅច្រើនជាងប្រយោជន៍រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងទៅតាមអ្នកជំនាញដែលកំពុងចូលរួមក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ។
ការថ្លែងរបស់អ្នកជំនាញ ទាក់ទិននឹងសារៈសំខាន់នៃការចូលរួមរបស់សង្គមស៊ីវិលនេះកើតមាននៅក្នុងកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលបានរៀបចំឡើង នៅឯមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជាជប៉ុន ស្ថិតក្នុងវិទ្យាស្ថានភាសារបរទេស នៃសាកលវិទ្យាល័យភូមិន្ទកាលពីព្រឹកថ្ងៃអង្គារ។
លោកណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលបានបើកឲ្យមានការចូលរួមយ៉ាងសកម្មពីក្រុមសង្គមស៊ីវិល នៅក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ លោកបញ្ជាក់ថា បើនៅតែមានការចូលរួមពីក្រុមសង្គមស៊ីវិល ក្នុងដំណើរនៃការបង្កើតច្បាប់នេះ សាធារណជននឹងទទួលបានប្រយោជន៍ពិតប្រាកដពីច្បាប់នេះ បើធៀបនឹងច្បាប់ដទៃទៀត ដែលត្រូវបានបង្កើតឡើងក្នុងលក្ខណៈរិតត្បិតដល់ការចូលរួមពិគ្រោះយោបល់ពីក្រុមសង្គមស៊ីវិល។
«ខ្ញុំយល់ថា នៅក្នុងដំណើរការថ្មីៗនេះ ការវិវត្តដែលមានការចូលរួមហើយមានការបើកទូលាយ របស់ក្រសួងព័ត៌មាន ខ្ញុំយល់ថា បើសិនជា សន្ទុះដំណើរការនៃការហ្នឹង រក្សារហូតដល់ចប់ ខ្ញុំអាចនិយាយបានថា ច្បាប់នេះនឹងបម្រើប្រយោជន៍ធំ សម្រាប់សាធារណៈវាអាចខុសពី ច្បាប់ដទៃរបស់កម្ពុជាយើង យើងឃើញថា ប្រហែលជាមានជាលើកទីមួយទេ ដែលរដ្ឋាភិបាល ជាពិសេសអនុញ្ញាត ឲ្យមានការជជែកដ៏ទូលំទូលាយហើយ ហើយមានដំណើរបែបការចូលរួម។ ហើយបើសិនជាយន្តការដែលមានបច្ចុប្បន្នហ្នឹង រក្សារហូតដល់បញ្ចប់ ច្បាប់នេះនឹងឆ្លុះបញ្ចាំងទៅលើ ផលប្រយោជន៍របស់សាធារណជន ច្រើនជាងបណ្តាច្បាប់ផ្សេងទៀត»។
ដំណើរការធ្វើសេចក្តីព្រាងច្បាប់សី្តពីសិទ្ធិទទួលបានព័ត៌មាននេះ បានចាប់ផ្តើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីក្រសួងព័ត៌មានទទួលបានការណែនាំពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ថ្លែងទៅកាន់អ្នកចូលរួមនៃកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីសិទ្ធិទទួលបានព័ត៌មាននោះ លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យមានការចូលរួមជាប្រចាំពីក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ ដោយបានបង្កើតក្រុមការងារបច្ចេកទេសមួយ ដែលរហូតមកដល់ពេលនេះ មានការជួបប្រជុំគ្នា៦លើករួចមកហើយនៃក្រុមការងារបច្ចេកទេស។
«សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ វាមានវិសាលភាពគ្របដណ្តប់ ស្ទើគ្រប់វិស័យ ហើយតម្រូវឲ្យស្ថាប័នសាធារណៈ របស់រដ្ឋទាំងអស់បង្ហាញព័ត៌មានឲ្យបានអតិបរមា ហើយការបង្ហាញនេះ គឺអនុញ្ញាតទៅដោយ ដោយច្បាប់ទៀតផង»។
លោកថ្លែងបន្តថា ក្រុមការងារបចេ្ចកទេស អាចនឹងប្រើពេលបីឆ្នាំទៅមុខទៀត ដើម្បីបញ្ចប់ដំណើរការបច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ដែលមាន៩ជំពូក និង៣៤មាត្រានេះ។
ឯកសារស្តីពីការបើកចំហនៅអាស៊ី ការពិនិត្យលើសិទ្ធិទទួលបានព័ត៌មាននៅទូទាំងតំបន់អាស៊ី ដែលបានចងក្រងឡើងក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប និងចេញផ្សាយនៅឆ្នាំ ២០១៥នេះ បានសរសេរថា៖ «សិទ្ធិក្នុងការទទួលបានព័ត៌មាន គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ស្ថាប័ន ឬអង្គភាព មួយដើម្បីអាចទាមទារឲ្យបានព័ត៌មានពីស្ថាប័នសាធារណៈ ដោយមិនបាច់បង្ហាញនូវមូលហេតុស្របច្បាប់ណាមួយឡើយ។ ច្បាប់មួយចំនួនផ្តល់នូវបទប្បញ្ញត្តិជាក់លាក់លើគោលការណ៍នានា (ឧទាហរណ៍ គោលការណ៍នៃការបើកចំហព័ត៌មានអតិបរមា) និងច្បាប់មួយចំនួនទៀត ដែលចែងដាក់កម្រិតឲ្យមានទំនាក់ទំនង ជាមួយនឹងច្បាប់ផ្សេងទៀត ដូចជាច្បាប់សម្ងាត់ជាច្រើន»។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវគេសង្កេតឃើញថា មានការរីកធំឡើងជាបន្តបន្ទាប់ ប៉ុន្តែពលរដ្ឋនៃប្រទេសនេះ នៅមានការលំបាកក្នុងការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋាភិបាល។ អ្នកដែលប្រឈមមុខខ្លាំងជាងគេនោះ គឺអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន។
លោក សូ សោទ្ធី មន្ត្រីទំនាក់ទំនង និងតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា តាមការស្រាវជ្រាវមួយដែលបានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន៨៣រូបនៅទូទាំងប្រទេស បានឲ្យដឹងថា ចំនួន៩០,៣% នៃអ្នកសារព័ត៌មានដែលបានសម្ភាសន៍នោះនិយាយថា កង្វះច្បាប់សិទ្ធិទទួលព័ត៌មានធ្វើឲ្យប៉ះពាល់ការងាររបស់គេ ដោយសារប្រធានបទមួយចំនួនគ្មានព័ត៌មានគ្រប់គ្រាន់សម្រាប់រាយការណ៍ ឬមិនអាចរាយការណ៍តែម្តង។ លោកសង្កត់ធ្ងន់ថា ផលវិបាកដែលអ្នកសារព័ត៌មានជួបប្រទះ នឹងបង្កឲ្យមានផលប៉ះពាល់ដល់សាធារណជនទូទៅក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
«អញ្ចឹងកង្វះនូវសិទិ្ធទទួលព័ត៌មានសម្រាប់សារព័ត៌មាន គឺជាកង្វះសិទ្ធិទទួលព័ត៌មានសម្រាប់ប្រជាពលរដ្ឋទាំងមូល»។
ឯកសារស្តីពីការបើកចំហនៅអាស៊ី៖ការពិនិត្យលើសិទ្ធិទទួលបានព័ត៌មាននៅទូទាំងតំបន់អាស៊ី បានឲ្យដឹងបន្ថែមទៀតថា ច្បាប់អន្តរជាតិ ចែងថាសិទ្ធិទទួលព័ត៌មាន របស់មនុស្ស គឺផ្តល់ឲ្យមនុស្សទាំងអស់ក្នុងការទទួលបាននូវព័ត៌មាន។ យោងតាមមាត្រា១៩ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មនុស្សគ្រប់រូប គឺសំដៅទៅមនុស្សទាំងអស់ មានសិទ្ធិស្មើគ្នាក្នុងការទទួលបានព័ត៌មាន។ មាត្រា១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយ (UNCAC) ចែងថា ភាគីរដ្ឋទាំងអស់ ត្រូវតែចាត់វិធានការទាំងឡាយណា ដើម្បីធានាដល់សាធារណជនថា ទទួលបានព័ត៌មាន ដែលមានប្រសិទ្ធិភាព។ ជាពិសេស នៅក្នុងអនុសញ្ញានេះ លើកកម្ពស់ពីសារៈសំខាន់នៃសង្គមស៊ីវិល ក្នុងការទទួលបានព័ត៌មាន។
អ្នកជំនាញក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ និយាយថា នឹងមានការកែសម្រួលនៅមាត្រា ឬជំពូកមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ ទាក់ទិននឹងធ្វើបណ្តឹងក្នុងករណីដែលស្ថាប័នរដ្ឋាភិបាលមិនព្រមផ្តល់ព័ត៌មានជូនសាធារណជន បុគ្គល ឬស្ថាប័នការងារឯកជនដែលត្រូវការព័ត៌មាននៅតាមវិស័យជាក់លាក់ណាមួយ។ ពួកគេថ្លែងថា ការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការទទួលបានព័ត៌មានក៏ត្រូវលើកមកនិយាយនៅក្នុងពេលធ្វើសេចក្តីព្រាងច្បាប់នេះដែរ ដោយការកំណត់ឲ្យច្បាស់នៃចំនួនថ្ងៃដែលស្ថាប័នរដ្ឋាភិបាលអាចឆ្លើយតបទៅសំណើនៃអ្នកស្នើសុំព័ត៌មាន។ ការកំណត់ប្រភេទព័ត៌មានក៏ត្រូវធ្វើឲ្យបានប្រាកដថា ប្រភេទព័ត៌មានណាអាចបើកចំហរដល់សាធារណៈជនបានដោយគ្មានការលាក់លៀម និងប្រភេទព័ត៌មានណាដែលស្ថាប័នរដ្ឋមិនអាចទម្លាយបានដល់សាធារណជន ឬក៏បណ្តាញសារព័ត៌មាន៕