ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសេចក្តីជូនដំណឹងទៅដល់សាធារណជន បានក្លាយជាទំនោរថ្មីមួយសម្រាប់មន្ត្រីរាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈ។
មួយរយៈចុងក្រោយនេះ ស្ទើរតែគ្រប់ស្ថាប័នរដ្ឋ ឬក្រសួង បានបង្កើតទំព័រហ្វេសប៊ុករៀងៗខ្លួន។ ទំព័រហ្វេសប៊ុក របស់ស្ថាប័នរដ្ឋទាំងនោះទៀតសោត មួយចំនួនធំមានភាពសកម្ម ដោយបង្ហោះនូវសកម្មភាពរបស់ស្ថាប័ន ឬថ្នាក់ដឹកនាំស្ថាប័ន សំណូមពរឲ្យសាធារណជនចូលរួមក្នុងយន្តការសាធារណៈ ការផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានទូទៅ ឬសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាដើម។
កាលពីខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការទទួលស្គាល់ទំព័រហ្វេសប៊ុករបស់លោកដែលមានអ្នកគាំទ្រជាងមួយលាននាក់។ ហើយ ជារឿយៗ លោក ហ៊ុន សែន តែងតែបង្ហោះនូវសកម្មភាពការងាររបស់លោក ផ្សាយផ្ទាល់ការថ្លែងសុន្ទរកថា ក៏ដូចជាមានប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងស្ថានការណ៍នយោបាយផ្សេងៗ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលស្គាល់ថា មានចំនួនអ្នកប្រើប្រាស់ជាច្រើនដែលតាមដានព័ត៌មានតាមរយៈហ្វេសប៊ុកនេះ។ ហើយលោកគាំទ្រចំពោះការបង្កើតទំព័រហ្វេសប៊ុករបស់ស្ថាប័នរដ្ឋនីមួយៗនោះ។
«ពេលហ្នឹងអ្នកអានព័ត៌មានតាមហ្វេសប៊ុក គាត់នឹងប្រៀបធៀបថា ព័ត៌មានដែលផ្សព្វផ្សាយតាម Pageរបស់ស្ថាប័នរដ្ឋ អ្នកនយោបាយ បុគ្គលសាធារណៈជារឿងមួយគួរឲ្យទុកចិត្តបាន បើយើងប្រៀបធៀបទៅនឹងព័ត៌មានដែលចែករំលែកដោយបុគ្គលមិនស្គាល់»។
ទំព័រហ្វេសប៊ុក មិនត្រឹមតែដើរតួជាវេទិកាផ្សព្វផ្សាយព័ត៌មានជូនសាធារណជនតែមួយមុខនោះទេ វាក៏ជាមធ្យោបាយក្នុងការទទួលបានមតិយោបល់ដោយផ្ទាល់ពីសាធារណជន ដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ ឬហៅថារិះគន់ដើម្បីស្ថាបនានោះ។
លោក អ៊ុក គឹមសេង លើកឡើងថា៖ «សម្រាប់អ្នកដែលផ្តល់មតិយោបល់ដែលមានខ្លឹមសារ កែលម្អ ខាងក្រសួងមានសមត្ថកិច្ច គេរើសមកបូកសរុបដើម្បីពិចារណាព្រោះអីទាំងអស់គ្នាស្តាប់សំណូមពរប្រជាពលរដ្ឋ»។
តាមការបញ្ជាក់របស់លោក អ៊ុក គឹមសេង មានមូលហេតុសំខាន់២ដែលនាំឲ្យមានការបង្កើតទំព័រហ្វេសប៊ុកសម្រាប់ស្ថាប័នរដ្ឋ។ មួយគឺការប្រើប្រាស់បណ្តាញសង្គមដោយឥតគិតថ្លៃ និងទី២គឺការវិវត្តន៍ខ្លួនឲ្យទាន់ពិភពលោកក្នុងការប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកព័ត៌មាន។ ហើយលោកថា យន្តការនេះផ្តល់ផលចំណេញមិនត្រឹមតែសាធារណជន តែក៏ជាមធ្យោបាយមួយបំពេញបន្ថែមឲ្យស្ថាប័នព័ត៌មានអាជីព ក្នុងការបញ្ជូនដំណឹងសំខាន់ៗដែលសាធារណជនគប្បីដឹងឮ។
លោក កៃ គឹមសុង និពន្ធនាយករបស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានឱ្យដឹងថា ការបញ្ចេញព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកស្ថាប័នរដ្ឋបានជួយសម្រួលការងារដល់អ្នកសារព័ត៌មានអាជីពមួយផ្នែក។
«ពីមុនយើងឃើញថាហ្វេសប៊ុករបស់រដ្ឋាភិបាលរបស់មន្ត្រីស្ថាប័នរដ្ឋអត់មានសកម្មភាពអីទេ។ ឥឡូវហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន លោក សម រង្ស៊ី សុទ្ធតែមានព័ត៌មានដែលអាចប្រើប្រាស់បាន ហើយយើងអាច Quote (ដកស្រង់) ពីហ្នឹងបានផងដែរ។ ជាទូទៅយើងមិនងាយបានសម្ភាសន៍ ជាមួយសម្តេច ហ៊ុន សែន ឬលោក សម រង្ស៊ី ទេ បើលោកមិនបញ្ចេញព័ត៌មានលើហ្វេសប៊ុកលោក»។
នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយចេញដោយវិទ្យាស្ថានបើកទូលាយកាលពីខែវិច្ឆិកាបង្ហាញថា នៅក្នុងឆ្នាំ២០១៥នេះ បណ្តាញសង្គមហ្វេសប៊ុក បានក្លាយជាប្រភពព័ត៌មានទី២ និងមានឥទ្ធិពល បន្ទាប់ពីទូរទស្សន៍ សម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលព័ត៌មាន។
គិតមកត្រឹមខែកក្កដា ឆ្នាំ២០១៥ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានចំនួន២លាន ៩សែននាក់ (២.៩០០.០០០ នាក់)។ ទិន្នន័យនេះ មានការកើនឡើងចំនួន៧០% បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួនត្រឹមតែ ១លាន៧សែននាក់ (១.៧០០.០០០នាក់) ត្រឹមខែសីហា ឆ្នាំ២០១៤។
អ្នកជំនាញយល់ថា ភាពសកម្មនៃការប្រើប្រាស់ហ្វេសប៊ុកពីសំណាក់ស្ថាប័នរដ្ឋ ជាកត្តាជំរុញឲ្យមានតម្លាភាព និងជួយពង្រឹងសេវាសាធារណៈក្នុងប្រទេសកម្ពុជា។ នេះក៏ដោយសារតែហ្វេសប៊ុកជាចំណងភ្ជាប់សំខាន់មួយ ឬជាវេទិកាឆ្លងឆ្លើយគ្នារវាងសាធារណជន និងថ្នាក់ដឹកនាំ។
លោក សូ សោទ្ធី មន្ត្រីសម្របសម្រួលតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIMពេញចិត្តចំពោះទំនោរថ្មីរបស់ស្ថាប័នរដ្ឋចំពោះការផ្សាយព័ត៌មានតាមបណ្តាញសង្គមនេះ។ ក៏ប៉ុន្តែលោកយល់ថា ព័ត៌មានសំខាន់ៗមួយចំនួន រាជរដ្ឋាភិបាលនៅមិនទាន់បើកចំហនៅឡើយ តួយ៉ាងកិច្ចប្រជុំថ្នាក់ដឹកនាំរដ្ឋាភិបាល ឬកិច្ចប្រជុំរវាងគណបក្សនយោបាយ ដែលពលរដ្ឋចង់ដឹងឲ្យបានពេញលេញ។
«សិទ្ធិទទួលបានព័ត៌មាន វាទាមទារឲ្យរដ្ឋាភិបាលបើចំហព័ត៌មាន។ ការទទួលបានព័ត៌មានពេញលេញផ្តល់ប្រយោជន៍ដល់ប្រជាជន។ ព័ត៌មានជាចំណីចំណេះដឹងដែលប្រជាពលរដ្ឋត្រូវការជារៀងរាល់ថ្ងៃ ស្មើនឹងបាយដែលគាត់ត្រូវការជារៀងរាល់ថ្ងៃ។ ព័ត៌មានដែលអាចជួយគាត់បានពាក់ព័ន្ធនឹងគ្រោះធម្មជាតិដែលគាត់ត្រូវការដឹងមុនត្រូវត្រៀមខ្លួន»។
យ៉ាងណាក៏ដោយ លោក សូ សោទ្ធី ក៏បានលើកឡើងដែរថា មានចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលរដ្ឋាភិបាលបង្ហាញថាអ្នកប្រើប្រាស់ទាំងនោះបានបង្កឲ្យមានកំហុសឆ្គងខាងផ្លូវច្បាប់ ខណៈដែលអ្នកប្រើប្រាស់ភាគច្រើនយល់ថានេះជាភាពចម្រូងចម្រាស់ខាងនយោបាយ។ ចម្រូងចម្រាស់ត្រង់ថា អ្នកដែលត្រូវបានចាប់ខ្លួននោះ មានភាពសកម្មក្នុងការវាយប្រហារ ឬរិះគន់រដ្ឋាភិបាល។ ការណ៍នេះ ចង់ឬមិនចង់បានបង្កឲ្យអ្នកប្រើប្រាស់ខ្លាចរអាក្នុងការបញ្ចេញយោបល់រិះគន់នៅលើបណ្តាញសង្គម។
សម្រាប់លោក សូ សោទ្ធី ចង់ឃើញកម្ពុជាជាប្រទេសមួយដែលប្រជាពលរដ្ឋមានសេរីភាពពេញលេញក្នុងការទទួលបានព័ត៌មានដែលនេះជាស្នូលសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ៕