ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ត្រូវ​មើល​ឃើញ​ថា​​មិន​ចាំបាច់


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​បង្ហាញ​ទុទិដ្ឋិនិយម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ក្រុមត្រួត​ពិនិត្យ​កិច្ច​ការ​នយោ​បាយរបស់​រដ្ឋា​ភិបាល​នៅ​តាមបណ្តា​ខេត្ត ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​កែ​ទម្រង់​នយោបាយ​របស់​រដ្ឋ។

កាល​ពី​ថ្ងៃ​ពុធ​ រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេសជាច្រើន​ក្រុម​ដើម្បី​ ចុះ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កម្មវិធី​នយោបាយតាម​បណ្តា​ខេត្ត​និង​រាជធានី​ទាំង​២៥​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥​ដ៏​ប្រទាញ​ប្រទង់​នេះ។

​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​នីមួយៗ​មាន​សមាសភាព​មក​ពី​ក្រសួង​ផ្សេងៗ​គ្នា​ហើយ​នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​មួយ​រូប​ឬ​ឧបនាយក​រដ្ឋមន្ត្រី​មួយ​រូប​ ទេសរដ្ឋមន្ត្រី​ឬ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​យោធា​ឬ​នគរបាល។

លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មានបាន​ឲ្យ​ដឹង​ក្រោយ​ពី​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ម្សិលមិញ​ថា​ ការ​បង្កើត​ក្រុម​ការងារ​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋា​ភិបាលសម្រាប់​តម្រូវ​ចិត្ត​ប្រជា​ពលរដ្ឋនៅ​តាម​មូលដ្ឋាន។

«គឺ​រៀបចំ​ក្រុម​អន្តរក្រសួង​ចុះ​មូលដ្ឋាន​ពីព្រោះ​បើ​ឲ្យ​ខេត្ត​ធ្វើ​តែឯង​មិន​គ្រប់​គ្រាន់​ទេ។ ដើម្បី​ពិនិត្យ​ថា​តើ​គោលនយោបាយ​នោះ​ត្រឹម​ត្រូវ​ឬ​ទេ ​ហើយ​ថា​តើ​ចំណុច​ណា​គេ​ពេញ​ចិត្តឬ​មិន​ពេញ​ចិត្តដោះស្រាយ​គ្នា។ ដូច្នេះ​ហើយ​ទើប​បាន​ដាក់​គ្រប់​ក្រសួង។»

ក្នុង​ចំណោម​ប្រធាន​ក្រុម​ការងារ​ពិសេស​នេះ មាន​លោក​គាត ឈុន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ពិនិត្យ​កិច្ច​ការ​រដ្ឋ​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​ក្រុម​ប្រចាំ​ខេត្ត​ព្រៃវែង​និង​ខេត្ត​បាត់​ដំបង។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​រ៉ែ​ត្រូវ​ដឹក​នាំ​ក្រុម​ប្រចាំ​ខេត្ត​ពោធិ៍សាត់។

​សម្រាប់​ខេត្ត​សៀមរាប ក្រុម​ការងារ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ទៀ បាញ់។ ដោយឡែក​អតីត​អគ្គមេបញ្ជា​ការ​កង​ទ័ព លោក កែ គឹមយ៉ាន បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ត្រី ​នឹង​ដឹក​នាំ​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​កិច្ច​ការ​នយោបាយ​រដ្ឋ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ស្រប​ពេល​ដែល​អគ្គ​មេបញ្ជាការ​កង​ទ័ព​បច្ចុ​ប្បន្ន​លោក​ឧត្តមសេនីយ៍​ប៉ុល សារឿន ត្រូវ​ដឹក​នាំ​ក្រុម​ការងារប្រចាំខេត្ត​ព្រះសីហនុ។ រី​ឯ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​និងជា​រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការគណៈរដ្ឋ​មន្ត្រី​ត្រូវ​ឃ្លាំ​មើល​ខេត្ត​តាកែវ និង​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ​ប្រចាំ​ខេត្ត​ក្រចេះ ​ជាដើម។

លោក យ៉ែម ប៉ុញ្ញារិទ្ធ តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​គិត​ថា ការ​បង្កើត​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នយោបាយ​រដ្ឋ​នេះមិន​អាច​ផ្តល់​ផ្លែ​ផ្កា​បាន​ទេ ពីព្រោះ​ប្រព័ន្ធ​គ្រប់គ្រងបែប​នេះ​នឹង​បង្កើន​ភាព​ស្មុគ្រស្មាញ​នៅ​ក្នុង​ការ​ដឹក​នាំរដ្ឋ​និង​ការិយាល័យ​និយម។ លោក​ផ្តល់​យោបល់​ថា រដ្ឋា​ភិបាល​គួរ​តែ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​ដែល​មាន​ស្រាប់​ទើប​មាន​ប្រសិទ្ធភាព​ជាង។

«ឧទាហរណ៍​គណៈអភិ​បាល​ខេត្ត​និង​ក្រុម​ប្រឹក្សា​ខេត្តត្រូវ​មើល​ឲ្យ​ច្បាស់​លាស់​ពី​តួនាទី​និង​ភារៈកិច្ច​របស់​គាត់។ តើ​គាត់​គ្រប់​គ្រង​បាន​ពេញ​លេញ​ហើយ​ឬ​នៅ? តើ​នៅ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បក្ខពួក​នៅ​ក្នុង​ប្រព័ន្ធ​នេះ​ឬទេ? ទាំង​អស់​នេះ​មាន​ខ្សែ​បណ្តោយ​ដែល​អាច​ត្រួត​ពិនិត្យ​មើល​បាន។​ដល់​ពេល​យើង​រៀប​ចំ​ចេះ​តែ​បន្ថែម​ដូច្នេះវា​បង្ក​ភាព​ច្របូល​ច្របល់​ទៅ​វិញ​ទេ​ពីព្រោះ​ស្ថាប័ន​ច្រើន​ពេក​ហើយ​ការងារ​ទៅ​ជាជាន់​គ្នា​ទៅ​វិញ»។

​គេ​សង្កេត​ឃើញប្រធាន​ក្រុម​ការងារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នយោបាយ​រដ្ឋាភិបាលសុទ្ធ​សឹង​ជាប្រធាន​ក្រុម​ការងារ​ពង្រឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​ខេត្ត​និមួយៗ។ ជាក់​ស្តែង​ដូច​ជា​លោក ស​ ខេង ជា​ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​ព្រៃ​វែង​និង​ខេត្ត​បាត់ដំបង លោក ស៊ុយ សែម ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ លោក កែ​ គឹមយ៉ាន​ ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ​លោក អ៊ឹម ​ឈុនលឹម​ ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ក្រចេះ​ជាដើម។

​សមាស​ភាព​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋ​នេះ​មាន​ចំនួន​សរុប​៧៧២​នាក់។
លោក នី ​ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍​ថា រចនា​សម្ព័ន្ធ​របស់​រដ្ឋ​មាន​គ្រប់​គ្រាន់​ដល់​មូលដ្ឋាន​រួច​ទៅ​ហើយ។

«ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​ នេះ​គឺ​ជា​ការងារ​សម្រាប់​ចាត់​ចែង​ការងារ​រដ្ឋ​ទេ។ ខ្ញុំ​គិត​ថាប្រហែល​ជា​រៀបចំ​រចនាសម្ព័ន្ធ​ពង្រឹង​គណបក្ស​ច្រើន​ជាងការ​រៀប​ចំ​ពង្រឹង​ការងារ​រដ្ឋបាល​របស់​រដ្ឋ។ ប្រជា​ពលរដ្ឋ​ប្រហែល​ជាគ្មាន​បាន​ផល​អ្វី​ពី​ការ​កែ​ទម្រង់​នេះ​ទេ»។

ផ្ទុយ​ទៅ​វិញ​លោក​ ខៀវ កាញ៉ារិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលបាន​ច្រាន​ចោល​សេចក្តី​អះអាង​ដែល​ថា​ក្រុម​ការងារ​នេះ​ធ្វើ​កិច្ច​ការ​ពង្រឹង​គណបក្ស​កាន់​អំណាច​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​មក​ហើយ​បាន​ធ្លាក់​សំឡេង​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។ គណបក្ស​នេះ​បាន​បាត់បង់​អសនៈ​ក្នុង​រដ្ឋសភាពី​៩០​អសនៈ​មក​ត្រឹម​៦៨​អសនៈ​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​កែ​ទម្រង់​ស៊ីជម្រៅ​ជាច្រើនក្រោយ​ពីបាត់បង់​សំឡេង​ឆ្នោត​នេះ។ ដោយ​ឡែក​អ្នកវិភាគ​ឯករាជ្យ​ព្រមាន​ថា ការ​កែទម្រង់​ដែល​មិន​បាន​ប្រសិទ្ធភាព​នឹង​ជួយ​ទាញ​ទម្លាក់​ការ​គាំទ្រ​គណបក្ស​ដឹក​នាំ​អំណាច​រយៈ​ពេល​យូរ​នេះ​មួយ​កម្រិត​ទៀត៕
XS
SM
MD
LG