ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន សែន​ខុស​ពី​អាណត្តិ​ចាស់​តិចតួច


ស្លាក​សញ្ញា​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី
ស្លាក​សញ្ញា​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា ដែលបាន​ស្រុត​ចុះ​កម្លាំង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោត​ថ្មីៗ​នេះ​ បានរុះរើ​គណៈ​រដ្ឋ​មន្ត្រី​មួយ​ចំនួន ​ហើយ​បាន​តែង​តាំង​រដ្ឋ​មន្ត្រី​ថ្មី​ចំនួន​ប្រាំបី​រូប។ ដោយ​ឡែក​រដ្ឋ​មន្ត្រី​ចំនួន​បី​រូប​ត្រូវ​ផ្លាស់ប្តូរ​ឲ្យ​កាន់​ក្រសួង​ថ្មី។

យោង​តាម​ឯកសារ​ដែល​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃអង្គារ​នេះ បាន​ឲ្យ​ដឹង​ថា​ លោក​អូន ព័ន្ធមុនីរ័ត្ន ​ទី​ប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ឡើង​ពី​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ទៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ដដែល​នេះ​ជំនួស​លោក​គាត ​ឈន់ ​ដែល​ក្លាយ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ដោយ​គ្មាន​ក្រសួង​កាន់។

ដោយ​ឡែក​លោកអ៊ុក​ រ៉ាប៊ុន​ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​ឡើង​ទៅ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ជំនួស​លោកច័ន្ទ ​សារុន។ ​ហើយ​លោក​ចន្ទ័ ​សារុន​ ត្រូវ​ធ្វើ​ជា​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​វិញ។​

រីឯ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ម្នាក់​ទៀត​គឺ​លោក​ហង់ ​ជួន​ណារ៉ុន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ជំនួស​លោកអ៊ឹម ​សិទ្ធី​ ដែល​ក្លាយ​ទៅ​ជា​តំណាង​រាស្ត្រ​វិញ។​

លោកចម ​ប្រសិទ្ធ ​ដែល​កាន់​តំណែង​យូរ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ត្រូវ​ប្តូរ​ទៅ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម ​រ៉ែ ​និង​ថាមពល​វិញ។ ​ហើយ​រដ្ឋ​មន្ត្រីថ្មី​សម្រាប់​ក្រសួង​ពាណិជ្ជ​កម្ម​គឺ​លោកស៊ុន​ ចាន់ថុល ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ខាង​កូតា​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ហើយ​ក្រោយ​មក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​លោក​ស៊ុយ ​សែម ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ទៅ​បម្រើការ​ជា​តំណាង​រាស្ត្រ។​

កូនប្រុស​របស់​លោក​សាយ​ ឈុំ​ អគ្គ​លេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោកសាយ​ សំ​អាល់​ ដែល​មាន​វ័យជាង​៣៣​ឆ្នាំ ​ត្រូវ​តែង​តាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ជំនួស​លោកម៉ុក​ ម៉ារ៉េត។ ​លោក​ម៉ុក​ ម៉ារ៉េត​នឹង​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​ផែន​ការ​ វិនិយោគ ​កសិកម្ម ​អភិវឌ្ឍន៍​ជនបទ ​បរិស្ថាន​ និង​ធនធាន​ទឹក។​

ជា​មួយ​គ្នា​នេះ ​លោកប្រាក់ ​សុខុន ​អតីត​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន បាន​ចូល​កាន់​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ជំនួស​លោកសូរ​ ឃុន។ ​លោក​សូ ​ឃុន​ក៏​ក្លាយ​ជា​តំណាង​រាស្ដ្រ​ដែរ។​

យោង​តាម​ឯកសារ​នៃ​សមាសភាព​រដ្ឋាភិបាល​ថ្មី​បង្ហាញ​ថា​ រដ្ឋ​មន្ត្រី​ចំនួន​ពីរ​រូប​បាន​ប្តូរ​ក្រសួង​គ្នា​កាន់​គឺ​លោកអ៊ិត ​សំហេង ​ប្តូរ​ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ជំនួស​លោកវង ​សូ​ត​វិញ។ ​ហើយ​លោក​វង ​សូត​ត្រូវ​ទៅ​អង្គុយ​កៅ​អី​លោកអ៊ិត ​សំហេង​ ជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា។​

ក្រៅពី​នោះ ​រដ្ឋមន្ត្រី​ជាង​ដប់​រូប​ផ្សេង​ទៀតនៅ​អង្គុយ​កៅអី​ចាស់​ដដែល​ ដូចជា​លោក ​សុខ ​អាន ​រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​លោក ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក ​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក ​ហោ ​ណាំហុង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​លោក​ជា ​សុផារ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​លោក ​ឆាយ​ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ ​លោក​ អ៊ឹម ​ឈុន​លឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ លោ​ក​លឹម ​គានហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ លោក​ ខៀវ ​កាញារិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​លោក​ អង្គ ​វង្សវឌ្ឍនា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ម៉ម​ ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​លោក​ ត្រាំ ​អ៊ីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក ​ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ​លោក​ មឹន ​ឃឹន​ រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ​និង​លោក​ស្រីរ​ដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ​អ៊ឹង ​កន្ថាផាវី ​ក៏​នៅ​បន្ត​កាន់​កាប់​តំណែង​ដដែល​ដែរ។​

លោក​ស្រី​ អ៊ឹង ​កន្ថាផាវី​ គឺ​ជា​រដ្ឋមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ស្ត្រី​សរុប​ចំនួន​បី​រូប​ក្នុង​រដ្ឋា​ភិបាលអាណត្តិទី​៥នេះ ​ដែល​មាន​ក្រសួង​ចំនួន​២៧ ​គឺ​កើន​លើស​ក្រសួង​មួយ​បន្ថែម​ទៀត ​ដោយ​សារ​រដ្ឋលេខាធិការ​ដ្ឋាន​មុខងារ​សាធារណៈ ​ត្រូវ​ដំឡើង​ជា​ក្រសួង​មួយ​ថ្មី។​

ស្ត្រី​កាន់​ការ​ជា​រដ្ឋមន្ត្រី​ពីរ​រូប​ទៀត​គឺ​លោកស្រី ​ភឿង​ សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ជំនួស​លោកហ៊ឹម ​ឆែម។ ​ហើយ​លោក​ស្រី ម៉ែន ​សំអន ​ឡើង​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​អធិការកិច្ច​ ក្រោយ​ពី​លោក​ស្រី​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​នេះ​កាលពី​រដ្ឋា​ភិបាល​អាណត្តិ​ទី​៣។

ក្រៅពី​តំណែង​រដ្ឋ​មន្ត្រី​ក៏​មាន​ការ​រុះរើ​និង​តែងតាំង​រដ្ឋ​លេខាធិ​ការថ្មី​នៅ​តាម​ក្រសួង​មួយ​ចំនួន​ដែរ ​ដូចជា​លោក​ស៊ូ ភិរិន្ទ ​អតីត​អភិបាល​ខេត្ត​សៀមរាប​ ឡើង​ធ្វើជា​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​លោកពូ ​សុធីរៈ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​និង​ថាមពល​ ​កូតា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ក្រោយ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឡើង​ធ្វើ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ ​ រីឯ​លោក​កៅ​ គឹមហួន ​អតីត​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​អាណត្តិ​ទី​៤​ត្រូវ​ធ្វើ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋ​មន្ត្រី​វិញ។​

លោក​ជា​ ចាន់បរិបូណ៍ ​អតីត​រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌មាន​កូតា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដែល​ត្រូវ​ដក​ហូត​តំណែង ​បានឡើង​កាន់​តួនាទី​ជា​រដ្ឋ​លេខាធិការ​ក្រសួង​នេះ​វិញ​ ក្រោយ​ពី​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

គណបក្ស​ប្រជាជន​កម្ពុជាបាន​បាត់បង់​អាសនៈ​សភា​ចំនួន​២២​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ខែ​កក្កដា។ ​ហើយ​ក្រុម​អ្នកវិភាគ​មើលឃើញ​ថាគណបក្ស​នេះ​ត្រូវ​ការ​ធ្វើ​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​និង​ផ្ទៃ​ក្នុង​គណបក្សជាច្រើន ​បន្ទាប់ពី​មាន​ការរិះ​គន់​ថា​ រដ្ឋមន្ត្រី​មួយ​ចំនួន​បាន​កាន់​កាប់​មុខ​តំណែង​ច្រើន​អាណត្តិ ​និង​បាន​បង្កើត​បក្ខពួក​ ​ក្រុម​គ្រួសារ​ដឹកនាំ​នៅ​ក្នុង​នោះ។​

​លោក​កែម ​ឡី ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឃ​សង្គម​ មើល​ឃើញ​ថា​ ទោះ​ជា​មាន​ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​ក៏ដោយ ​ក៏ពិបាក​នឹង​រក​ប្រសិទ្ធិ​ភាព​ការងារ​សម្រាប់​រដ្ឋាភិបាល​ដែរ ​ប្រសិន​បើ​រដ្ឋមន្ត្រី​និមួយៗ ​ឬ​ក្រសួង​និមួយៗ​មិន​មាន​ស្វយ័តភាព​ក្នុង​ការ​សម្រេច​កិច្ច​សំខាន់ៗ​ ហើយ​រង់ចាំ​តែ​ការ​ដាក់​បញ្ជា​និង​អនុសាសន៍​ពី​នាយក​រដ្ឋ​មន្ត្រី​នោះ។​

«បើ​សិន​ជា​កំណែ​ទម្រង់​ដោយ​ដាក់​រដ្ឋ​មន្ត្រី​ម្នាក់​ អនុ​រដ្ឋ​មន្ត្រី​ម្នាក់​(ក្នុង​ក្រសួង​និមួយៗ)​ប្រហែល​ជា​ទទួល​បាន​ជោគជ័យ​ច្រើន។ ​ហើយ​ក្រៅ​ពី​នោះ​ យើង​ប្រើ​ប្រាស់​អគ្គនាយក​ និង​ប្រធាន​នាយកដ្ឋាន​ម្នាក់ៗ​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ជាង»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​លោក​ខៀវ ​កាញារិទ្ធ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕​
XS
SM
MD
LG