សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបាន«ដួលរលំ»ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីស្ថាប័នព័ត៌មានមួយចំនួន ដែលផ្សាយចំណុចអវិជ្ជមាននិងរិះគន់រដ្ឋាភិបាល ត្រូវបានបង្ខំចិត្តបិទទ្វារនិងឈប់ផ្សាយ ហើយការគំរាមកំហែងនិងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារនៅតែបន្តកើតមាន។ នេះបើតាមរបាយការណ៍មួយចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីព្រឹកថ្ងៃពុធ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឲ្យដឹងថា របាយការណ៍របស់ខ្លួនបានមកពីការធ្វើការស្ទង់មតិរបស់អ្នកធ្វើការលើវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចំនួន៧៥នាក់ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយពីការបង្ក្រាបដ៏ធ្ងន់ធ្ងរលើអ្នកសារព័ត៌មាននៅកម្ពុជា។ ៨៣ភាគរយនៃអ្នកសារព័ត៌មានទាំង៧៥នាក់ដែលត្រូវបានស្ទង់មតិនោះ បានលើកឡើងថា សេរីភាពសារព័ត៌មានបានធ្លាក់ចុះ ចំណែក១១ភាគរយទៀតនិយាយថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដើរតាមផ្លូវត្រូវ។
របាយការណ៍នោះបានរកឃើញថា អ្នកសារព័ត៌មាន៦៧ភាគរយមានអារម្មណ៍ថា ពួកគេមិនមានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីទេ ហើយថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការបង្រ្កាប និងវិបត្តិផ្លូវចិត្តជាដើម។
របាយការណ៍ ដែលចេញផ្សាយជាភាសាអង់គ្លេស និងជាភាសាខ្មែរចំនួន២៧ទំព័រនោះបន្ថែមថា សារព័ត៌មានធំៗចម្រុះចំនួន៣៣នៅកម្ពុជា ដែលត្រូវបានរៀបរាប់ក្នុងរបាយការណ៍នោះ មានតែស្ថាប័នចំនួន៨ប៉ុណ្ណោះ ដែលត្រូវបានគេចាត់ថ្នាក់ថា ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប៉ុន្តែស្ថាប័នចំនួន៤នៃស្ថាប័នឯករាជ្យទាំង៨នោះត្រូវបានបិទមិនឲ្យផ្សព្វផ្សាយ មានដូចជា កាសែត ឌឹ ឃែមបូឌា ដេលី សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុអាស៊ីសេរី (RFA)។
លោក ណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌល CCIM លើកឡើងថា របាយការណ៍ស្តីពីការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧នេះ ធ្វើឡើងដោយអ្នកប្រឹក្សាយោបល់ឯករាជ្យ និងធ្វើទៅតាមវិទ្យាសាស្រ្តពិតៗ។ លោកបន្ថែមថា សេរីភាពសារព័ត៌មាននៅម្ពុជាកំពុងស្ថិតក្នុងកម្រិតគួរឲ្យព្រួយបារម្ភខ្លាំង ដោយសារប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល មិនអាចប្រកបការងាររបស់ខ្លួនដោយសេរីទេ។
លោកបញ្ជាក់ថា៖
«ប្រព័ន្ធផ្សព្វផ្សាយចម្រុះភាពហ្នឹងគឺមានទាំងគ្រប់និន្នាការឯករាជ្យ មិនឯករាជ្យ បក្សប្រឆាំង បក្សស្របអីអីចឹងទៅគឺធ្វើម៉េចធានាឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ហ្នឹងអាចប្រកបតួនាទីដោយសេរី។ អាហ្នឹងបានជាចំណុចមួយដែលយើងចង់បាន។ ប៉ុន្តែដល់យើងមើលមែនទែន ប្រព័ន្ធផ្សព្វផ្សាយដែលបិទ យើងឃើញហើយគឺមានវិទ្យុ និងសារព័ត៌មាន។ ហើយក្នុងការសិក្សានេះ ឌឹ ឃែមបូឌា ដេលីស្ថិតនៅចំណុចលើគេ ដែលអ្នកសារព័ត៌មានឆ្លើយហ្នឹងគឺថា គឺមានឯករាជ្យភាព ប៉ុន្តែមែនទែនដល់បិទ បិទឌឹ ឃែមបូឌា ដេលី»។
ដោយលើកយកករណីទូរទស្សន៍ក្នុងស្រុកមកប្រៀបធៀប លោកណុប វី បន្ថែមថា៖
«ប៉ុន្តែបើយើងមើលទៅ TV វិញ តើTVមានបិទអត់? ខណៈពេលដែលគម្រោង Ownership Monitoring ហ្នឹង គឺគេសិក្សាឃើញថា ទូរទស្សន៍៨៥ភាគរយហ្នឹងគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ប៉ុន្តែទូរទស្សន៍ទាំងអស់ហ្នឹងមានមួយណាបិទ? អត់មានទេ។ អីចឹងអាទាំងអស់ហ្នឹង វាឆ្លុះបញ្ចាំងអំពីរឿងសេរីភាព ក៏ដូចជាឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយនៅស្រុកយើងហ្នឹង ថាមានចំណុចគួរឲ្យព្រួយបារម្ភមែនទែន»។
របាយការណ៍ដដែលនោះបន្ថែមថា ការបិទស្ថានីយវិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានគណបក្សប្រឆាំង ព័ត៌មានដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ឬផ្សាយព័ត៌មានឯករាជ្យ និងការដែលរដ្ឋាភិបាលប្រើប្រាស់ការស៊ើបអង្កេតលើការបង់ពន្ធ និងបានបិទសារព័ត៌មានទាំងនោះ រួមទាំងគំរាមកំហែង និងចាប់អ្នកកាសែតពីបទញុះញង់ និងផ្តល់ឲ្យរដ្ឋបរទេសនូវព័ត៌មានដែលបង្កភាពអន្តរាយដល់សន្តិសុខជាតិជាដើមនោះ គឺជាមូលហេតុដែលធ្វើឲ្យការវាយតម្លៃសេរីភាពសារព័ត៌មានធ្លាក់ចុះបែបនេះ។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមានការគាំទ្រពីសហគមន៍អឺរ៉ុប ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តំណាងមកពីសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ រួមទាំងអ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយជាច្រើនរូបទៀត។ ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំនោះ គេមិនឃើញមានវត្តមានរបស់តំណាងមកពីក្រសួងព័ត៌មានកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានបដិសេធរបាយការណ៍ដែលចេញដោយ CCIM ដោយលោកនិយាយថា វាជាការរកឃើញដែលមិនបានបង្ហាញពីការណ៍ពិត។ លោកបន្តថា CCIM ដែលមានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលកំពុងបន្តការរាយការណ៍ព័ត៌មាន ត្រូវយោងលើផ្លូវច្បាប់ដើម្បីចេញជារបាយការណ៍ណាមួយ។
លោកបញ្ជាក់ប្រាប់ VOA តាមទូរស័ព្ទថា ក្រសួងព័ត៌មាននឹងឆ្លើយតបទៅនឹងរបាយការណ៍នោះក្នុងពេលឆាប់ៗ។
«របាយការណ៍នេះយើងទើបតែដឹងថ្ងៃនេះដែរ ហើយយើងនឹងសិក្សាមើល ថាតើក្រសួងព័ត៌មាននឹងឆ្លើយតបរបៀបណានោះ។ មិនយូរទេ! ក្នុងសប្តាហ៍ហ្នឹង!»
លោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ថ្លែងថា សិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា សម្រាប់សេរីភាពសារព័ត៌មានគឺមានសារៈសំខាន់ខ្លាំងក្នុងការនាំយកសំឡេងរបស់ប្រជាពលរដ្ឋឲ្យបានទៅដល់រដ្ឋាភិបាល។
លោក George Edgar មានប្រសាសន៍ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរដោយអ្នកបកប្រែថា៖
«តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារៈសំខាន់ណាស់នៅក្នុងការលើកអំពីកង្វល់ និងបញ្ហាទាំងអស់នេះ។ ដូច្នេះវិជ្ជាជីវៈនិយមរបស់អ្នកសារព័ត៌មានឯករាជ្យគួរតែត្រូវបានការពារ»។
កាលពីសប្តាហ៍មុន របាយការណ៍ថ្មីមួយរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយព្យាយាមបំបិទសំឡេងប្រឆាំងទាំងអស់ ដោយធ្វើការយាយី និងធ្វើទុក្ខបុកម្នេញលើស្ថាប័ន និងអ្នកសារព័ត៌មានដែលហ៊ានរិះគន់ និងមិនព្រមដើរតាមបន្ទាត់នយោបាយដែលគេគូសឲ្យដើរ។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកនៃទូរទស្សន៍ PNN របស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លើកឡើងថា លោកគាំទ្រការបង្ហាញរបស់របាយការណ៍ដែលថា អ្នកសារព័ត៌មានកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាលច្រើនក្នុងឆ្នាំ២០១៧ ក៏ប៉ុន្តែលោកប៉ែន បូណាមិនបានបង្ហាញការយល់ស្របពាក់ព័ន្ធនឹងការរកឃើញថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានដួលរលំ ចាប់តាំងពីឆ្នាំ២០១៧ ដូចសរសេរក្នុងរបាយការណ៍នោះទេ។
លោក ប៉ែន បូណា ថ្លែងការពារចំណាត់ការណ៍របស់រដ្ឋាភិបាលយ៉ាងដូច្នេះ៖
«សម្រាប់ខ្ញុំ ចំពោះការបាត់បង់កាសែត២-៣ ដែលបិទទៅហ្នឹង ក្នុងនាមជាអ្នកសារព័ត៌មាន យើងមានការសោកស្តាយ យើងមិនចង់ឃើញថា មានសារព័ត៌មានណាត្រូវបិទ ត្រូវអីអីចឹងទេ។ ប៉ុន្តែការបាត់បង់ បិទទ្វារទាំងអស់ហ្នឹង ខ្ញុំគិតថា វាមិនមែនជាមហន្តរាយដូចដែលគេលើកឡើងក្នុងរបាយការណ៍អំពីវិស័យសារព័ត៌មាននៅកម្ពុជានោះទេ។ ខ្ញុំមិនគិតថា អីចឹងទេ ព្រោះអីសារព័ត៌មានវាមានច្រើន ទោះបីអត់មានអានេះ អ្នកអាន អ្នកស្តាប់គាត់ចង់បានព័ត៌មាន គាត់មានប្រភពផ្សេងៗទៀតដែលត្រូវរក»។
ចំណែកអ្នកស្រី Kulachada Chaipipat អ្នកគ្រប់គ្រងការតស៊ូមតិនៃសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) ដែលជាវាគ្មិនមួយរូបក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា អ្នកស្រីគាំទ្ររបាយការណ៍ដែលបានចេញដោយ CCIM។ អ្នកស្រីបន្ថែមថា ជាការដែលគួរឲ្យព្រួយបារម្ភដែលសេរីភាពសារព័ត៌មានក្នុងតំបន់កំពុងធ្វើដំណើរថយក្រោយ ហើយថា បើធៀបទៅនឹងប្រទេសផ្សេងទៀត សេរីភាពសារព័ត៌មាននៅកម្ពុជាមិនមែនអាក្រក់ខ្លាំងទេ ប៉ុន្តែអ្នកស្រីបន្តថា ការរឹតត្បិតសេរីភាពអ្នកសារព័ត៌មានមួយរយៈចុងក្រោយនេះកំពុងបន្ថែមពិន្ទុមិនល្អដល់កម្ពុជា។
បច្ចុប្បន្ន មានអ្នកកាសែតយ៉ាងតិច៣នាក់ រួមទាំងអ្នកថតភាពយន្តឯកសារឯករាជ្យម្នាក់ផង កំពុងជាប់ឃុំបណ្តោះអាសន្ន រង់ចាំការកាត់ទោស និង២នាក់ទៀត ភៀសខ្លួនចេញក្រៅប្រទេស ដោយសារតែការចោទប្រកាន់ពីអាជ្ញាធរ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីរនាក់គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា ដោយពួកគេត្រូវបានចោទថា បានធ្វើសកម្មភាពលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយសារតែការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា ឆ្នាំមុន។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី៧ដល់១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានទោស។
រីឯអ្នកថតភាពយន្តឯកសារសញ្ជាតិអូស្ត្រាលីគឺលោក James Ricketson ក៏កំពុងជាប់ឃុំបណ្តោះអាសន្ន រង់ចាំការកាត់ទោសដែរ ដោយលោកត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីលោកបានបង្ហោះកូនយន្តហោះដ្រូន (drone) លើហ្វូងបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីខែមិថុនាឆ្នាំ២០១៧។ លោកក៏ត្រូវប្រឈមមុខជាប់ពន្ធនាគារប្រមាណ១០ឆ្នាំដែរ ប្រសិនបើតុលាការសម្រេចថា លោកមានទោសមែននោះ។
ចំណែកឯអតីតអ្នកកាសែត ឌឹ ឃែមបូឌា ពីរនាក់ទៀតគឺលោក អូន ភាព និងលោក Zsombor Peter ដែលមានសញ្ជាតិកាណាដាក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស នៅពេលដែលអ្នកកាសែតទាំងពីរនាក់ចុះទៅយកព័ត៌មានអំពីការបោះឆ្នោតឃុំសង្កាត់នៅខេត្តរតនគីរី កាលពីឆ្នាំមុន។ អ្នកកាសែតទាំងពីរក៏ត្រូវប្រឈមមុខ ជាប់ពន្ធនាគារពីរឆ្នាំ ប្រសិនបើតុលាការសម្រេចថា ពួកលោកមានទោស។
កាសែត ឌឹ ឃែមបូឌា បានបង្ខំចិត្តបិទទ្វារ លែងដំណើរការក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញាឆ្នាំមុន ដោយសារតែរងសម្ពាធពីរដ្ឋាភិបាលឲ្យបង់ពន្ធ៦,៣លានដុល្លារអាមេរិក៕