ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ចាត់​ទុក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ថា​កំពុង​ជួប​«មហន្តរាយ‍»


រូបថត​ថត​ពី​គេហទំព័រ​​ដែល​ផ្សាយ​អំពី​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)។
រូបថត​ថត​ពី​គេហទំព័រ​​ដែល​ផ្សាយ​អំពី​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធបាន​រៀបរាប់​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ខំ​​ឱ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រួមមាន​កាសែត​ឌឺខេមបូឌា ដេលី និង​វិទ្យុ​អាស៊ីសេរី ​ បិទទ្វារ លែង​ដំណើរការ​នៅ​កម្ពុជា ហើយ​ក៏​បង្ខំ​ឲ្យ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ទៀត ឈប់​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសាខ្មែរ​របស់​វិទ្យុ​ VOA អាស៊ីសេរី និង​ VOD។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​ព្យាយាម​បំបិទ​សំឡេង​ប្រឆាំង​ទាំង​អស់​ ដោយ​ធ្វើ​ការ​យាយី​និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្ថាប័ន​និង​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​រិះគន់ និង​មិន​ព្រម​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​គេ​គូស​ឲ្យ​ដើរ។​

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «‍ប្រទេស​កម្ពុជា៖ សារព័ត៌មាន​ឯករាជ្យ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មហន្តរាយ» ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​១៤​ខែ​កុម្ភៈ​នេះ បាន​រៀបរាប់​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ខំឱ្យប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រួមមាន​កាសែត​ឌឺខេមបូឌា ដេលី និង​វិទ្យុ​អាស៊ីសេរី ​ បិទទ្វារ លែង​ដំណើរការ​នៅ​កម្ពុជា ហើយ​ក៏​បង្ខំ​ឲ្យ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ទៀត ឈប់​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសាខ្មែរ​របស់​វិទ្យុ​ VOA អាស៊ីសេរី និង​ VOD។

​លើស​ពី​នេះ​ទៀត អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក៏​បាន​សរសេរ​ទៀត​ថា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​យាយី និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​កាសែត ដោយ​ការ​ចាប់ខ្លួន​ ចោទប្រកាន់ និង​ដាក់​សម្ពាធ​ដោយ​មិន​ផ្តល់​ប័ណ្ណ​សារព័ត៌មាន​ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ មិន​អាច​ឬ​ពិបាក​យក​ព័ត៌មាន​បាន​ជាដើម។

លោក ដានីញ៉ែល បាស្តស្តាដ (Daniel Bastard) ប្រធាន​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​របស់​លោក​ថា​ ‍«រដ្ឋាភិបាល​ចង់​បិទ​សំឡេង​មិន​ចុះសម្រុងទាំង​អស់​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨‍»។

លោក ដានីញ៉ែល បាស្តស្តាដ ក៏​បាន​សរសេរ​ដែរ​ថា របប​ដឹកនាំ​ដោយលោក ហ៊ុន សែន បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ​មួយ​គឺ​ថា ​តើ​អ្នក​«‍នៅ​ជា​មួយ​យើង​ឬ​មួយ​ប្រឆាំង​នឹង​យើង» ដោយ​ហាមឃាត់ រារាំង និង​គំរាមកំហែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំង​អស់​ដែល​មិនព្រម​ធ្វើ​តាម​បន្ទាត់​ដែល​រដ្ឋាភិបាល​គូស​ឲ្យ​ដើរ។​

ការ​ចេញ​របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ ធ្វើឡើង​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួនមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ ព្រម​ទាំង​ការ​បិទ​កាសែត​ ដឺខេមបូឌា​ ដេលី (The Cambodia Daily) និង​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​ក្នុង​ទីក្រុង​ភ្នំពេញ បន្តបន្ទាប់​គ្នា​ ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​មុន។

លោក ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​ប្រាប់​ VOAកាល​ពី​ថ្ងៃ​សុក្រ​ទី​១៦​ខែ​កុម្ភៈ​នេះ​ថា របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ ​បាន​បញ្ជាក់​ពី​តថភាព​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​ឡើងទៅ​លើ​ប្រព័ន្ធ ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា។

«‍ការ​បង្ក្រាប​ដ៏​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ចំពោះ​ខ្ញុំ​ ខ្ញុំ​ថា​វា​ជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​សេរីភាព​សារព័ត៌មាន​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

យ៉ាង​ហោចណាស់​ មាន​អ្នកសារព័ត៌មាន​ចំនួន​១៤​នាក់ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក ដោយសារ​តែ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ។

បច្ចុប្បន្ន ​មាន​អ្នក​កាសែត​យ៉ាង​តិច​៣​នាក់​រួម​ទាំង​អ្នក​ថត​ភាពយន្ត​ឯកសារ​ឯករាជ្យ​ម្នាក់​ផងកំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការ​កាត់ទោស និង​២​នាក់​ទៀត​ ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ ដោយសារ​តែ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ។

​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ​យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទិ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដោយពួកគេ ត្រូវ​បាន​ចោទ​ថា​បានធ្វើ​សកម្មភាព​លួច​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុអាស៊ី​សេរី ក្រោយ​ពី​វិទ្យុ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។ អ្នក​ទាំង​ពីរ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៧​ ដល់​១៥​ឆ្នាំ។ ​

រី​ឯ​អ្នក​ថត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​គឺ​លោក ​James Ricketson ក៏​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន រង់ចាំ​ការ​កាត់​ទោស​ដែរ​នោះ ដោយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចារកម្ម បន្ទាប់​ពី​លោក​បាន​បង្ហោះ​កូន​យន្តហោះ​ដ្រូន​ (drone) លើ​ហ្វូង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧។ លោក​ក៏​ត្រូវ​ប្រឈមមុខ ជាប់​ពន្ធនាគារ​ប្រមាណ​១០​ឆ្នាំ​ដែរ ប្រសិន​បើ​តុលាការ​សម្រេច​ថា​លោក​មាន​ទោស​មែន​នោះ។

ចំណែក​ឯ​អតីត​អ្នក​កាសែត The Cambodia Daily ​ពីរ​នាក់​ទៀត​គឺ​លោក អូន ភាព និងលោក Zsombor Peter ដែល​មាន​សញ្ជាតិ​កាណាដា ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស នៅ​ពេល​ដែល​អ្នកកាសែត​ទាំង​ពីរ​នាក់ ចុះ​ទៅយក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខេត្ត​រតនគីរី​កាល​ពី​ឆ្នាំមុន។ អ្នក​កាសែត​ទាំង​ពីរ​ ក៏​ត្រូវ​ប្រឈម​មុខ​ ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ប្រសិន​បើតុលាការ​សម្រេច​ថា​ពួក​លោក​មាន​ទោស​មែន​នោះ។

​កាសែត​ The Cambodia Daily ​បាន​បង្ខំ​ចិត្ត​បិទទ្វារ លែង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា ឆ្នាំ​មុន ដោយសារ​តែ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ឲ្យ​បង់​ពន្ធ​៦.៣​លាន​ដុល្លារ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​និង​ដោះលែង​អ្នក​កាសែត​ទាំង​អស់​នេះ​ជាបន្ទាន់ ហើយ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យកាសែត The Cambodia Daily និង​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ដោយ​បង្ខំ​ទាំង​អស់​ ដំណើរ​ការ​ឡើងវិញ​ផង​ដែរ។

របាយការណ៍របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​សរសេរ​ជា​បី​ភាសា​គឺ​បារាំង អង់គ្លេស​និង​ខ្មែរ​ផង​នេះ បាន​ចាត់​ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អតីត​អ្នក​សារព័ត៌មាន​និង​អ្នក​ថត​ភាពយន្ត​ឯកសារទាំង​៥​រូប​នេះ ថា​មាន​លក្ខណៈ​អយុត្តិធម៌​និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះ​ទេ។

លោក ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​ប្រាប់ ​VOAយ៉ាង​ដូច្នេះថា៖

«‍ការ​ចោទប្រកាន់​ទៅ​លើ​អ្នក​សារព័ត៌មាន​កន្លង​មក​ ឧទាហរណ៍​ដូចជា​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​ឥឡូវ​នេះ​គឺ​ហេតុផល​ វា​អត់​សមរម្យ​ទេ ដូច្នេះ​ខ្ញុំ​ថា អ្វី​ដែល​រដ្ឋាភិបាល​ថា ល្មើស​ច្បាប់​ហ្នឹង គឺ​គ្រាន់តែ​រដ្ឋាភិបាល​ផ្អែក​ទៅលើ​អារម្មណ៍​របស់​ខ្លួន​ឯង ឬ​ក៏​ហេតុផល​ដែល​ខ្លួន​ឯង​អះអាង​ដើម្បី​គាបសង្កត់​ទៅលើ​អ្នក​សារព័ត៌មាន​ឬ​ក៏​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ទេ​បាទ»។

VOA មិន​ទាន់​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​អំពី​របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ​បាន​នៅ​ឡើយ​ទេ​ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​១៦​ ខែ​កុម្ភៈ​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ​រដ្ឋាភិបាល មិន​បាន​បិទ​កាសែត​ ដឺខេមបូឌា ដឹលី និង​វិទ្យុ​អាស៊ីសេរី នោះ​ទេ​ តែ​ស្ថាប័ន​សារព័ត៌មាន​ទាំង​ពីរ គឺ​ជា​អ្នក​បិទ​ការិយាល័យ​របស់​ពួកគេ​ដោយ​ខ្លួនឯង។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់ ​VOAថា អ្វី​ដែល​បាន​លើកឡើង​ក្នុង​របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​នេះ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​ទេ។

«‍សារព័ត៌មាន​គឺ​ជិត​១​ពាន់​អង្គភាព​ឯណោះ ហើយ​អ្នក​អន្តរាយ​ប៉ុន្មាន? អ្នក​អន្តរាយ​តែ​អ្នក​អត់​បង់​ពន្ធ​ហ្នឹង។ បើ​យើង​បណ្តែតបណ្តោយ​តទៅទៀត វា​ជា​គំរូ​អាក្រក់​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ ឬ​អង្គភាព​ដទៃទៀត ដែល​កំពុង​ប្រតិបត្តិការ​ដោយ​រលូន ហើយ​យើង​យក​មួយ​ឬ​ពីរ​ មក​គ្រប់​ដណ្តប់​លើ​អា​រាប់​រយ​ហ្នឹង ម៉េច​នឹង​កើត។ វា​ផ្ទុយ​អំពី​ការ​ពិត​ហ្នឹង​ឯង»។

លោក សុខ ឥសាន បន្ត​ថា ៖

«‍បើ​ដឺខេមបូឌា ដេលី បង់​លុយ​៦លាន​៣​សែន​ហ្នឹង​ទៅ ហើយ​ស្នើ​សុំ​ចុះបញ្ជី​សុំ​ប្រតិបត្តិការ​ឡើងវិញ អាហ្នឹង​ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​ប្រហែលជា​មិន​ចង្អៀតចង្អល់​ទេ​បាទ។ ចង់​បាន​តែ​អ្នក​កាសែត​បរទេស​ដែល​ឯករាជ្យ​ហ្នឹង​ច្រើន​ដែរ គឺ​ថា​យើង​មិន​ចង្អៀតចង្អល់​ទេ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​គាត់​មិន​បង់​លុយ ហើយ​ចង់​ដំណើរការ​ឡើង​វិញ​ម៉េច​ហ្នឹង​កើត»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ ក៏​បាន​បន្ថែម​ទៀត​ថា ចំពោះ​សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អ្នក​កាសែត​ទាំង​ខ្មែរ​និង​បរទេស​នោះ តុលាការ​ កំពុង​តែ​ដំណើរការ ហើយ​នឹង​បង្ហាញ​ការពិត​ជូន​ដល់​សាធារណៈ ដើម្បី​ឲ្យ​កុំ​មាន​មន្ទិលសង្ស័យ។

​«‍ខ្ញុំ​យល់​ថា ប្រសិន​បើ​អត់​ពិរុទ្ធភាព​ទេ គេ​មិន​ដឹង​ជា​ចាប់​គាត់​ យក​ទៅ​ធ្វើ​អី​ទេ នាំ​តែ​ខាត​បាយ​នៅក្នុង​គុក​ហ្នឹង​ទៅ​ទៀត​នោះ»។

តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ពិន សំខុន អតីត​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ និង​បច្ចុប្បន្ន​ជា​និពន្ធ​នាយក​កាសែត Khmer Post USA​ ក្នុង​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា អ្វី​ដែល​បាន​រៀបរាប់​ក្នុង​របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​នេះ គឺ​គ្មាន​អ្វី​លើស​ ហើយ​ក៏​គ្មាន​អ្វី​ខ្វះដែរ។​

«‍រឿង​តែ​មួយ​ដែល​អង្គការ​ហ្នឹង​ធ្វើ គឺ​ការ​បង្ហាញ​នូវ​ភាព​ពិត​អំពី​វិជ្ជាជីវៈ​មួយ​ដែល​កំពុង​តែ​រងគ្រោះ»។

លោក​បន្ត​ទៀត​ថា៖ «‍ទោះជា​លោក សុខ ឥសាន​ ចង់​និយាយ​ថា អាហ្នឹង​មិន​ពិត​មិន​អី ចុះ​បើ​មិន​ពិត មនុស្ស​វា​នៅ​ក្នុង​គុក​ហើយ​តើ! ហើយ​បន្ទាប់​មក​ទៀត សួរ​ថា ​តើ​ទោស​របស់​អ្នក​[កាសែត]​ទាំង​អស់​ហ្នឹង បាន​ធ្វើ​អ្វីខ្លះ »

លោក ពិន សំខុន បន្ថែម​ថា ការ​ចាប់​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​សារ​តែ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ​នោះ គឺជា​ការ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន និង​ផ្ទុយ​ពី​ការ​ធានា​រ៉ាប់រង​សេរីភាព​សារព័ត៌មាន​ដោយ​រដ្ឋធម្មនុញ្ញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG