ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការបរទេស​អាមេរិក ចាត់ទុក​ការ​ចោទ​ប្រកាន់​អតីត​អ្នក​យកព័ត៌មាន​អាស៊ី​សេរី​ថា​ជា​ការ​បំបាក់​ស្មារតី​អ្នក​កាសែត​ផ្សេងទៀត


រូបឯកសារ៖ ស្រ្តី​​ម្នាក់​ដើរ​នៅក្បែរ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ស្រ្តី​​ម្នាក់​ដើរ​នៅក្បែរ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ស្រី Katina Adams អ្នក​នាំពាក្យ​ការិយាល័យកិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ្រិក​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​សរសេរ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នក​ស្រី​ថា​ «‍ការ​ចោទប្រកាន់​ពីបទ​ចារកម្ម​ ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ខាង​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើ​ឲ្យ​អ្នក​កាសែត​ផ្សេង​ទៀត​ខ្លាច​រអារ មិន​ហ៊ាន​បំពេញ​កិច្ចការ​របស់​ខ្លួន»។

អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រសប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិល​រួម​ទាំង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ផង អាច​បំពេញ​ការងារ​របស់​ពួកគេ​បាន​ ដែល​ការងារ​នេះ ត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

អ្នក​ស្រី Katina Adams អ្នក​នាំពាក្យ​ការិយាល័យកិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ្រិក​នៃ​ក្រសួងការបរទេស​អាមេរិក បាន​មាន​ប្រសាសន៍ថា​ក្រសួង​ការបរទេស​ បាន​ដឹង​អំពី​របាយការណ៍​ដែលថា​ រដ្ឋាភិបាល​កម្ពុជា​ បានបន្ថែម​បទ​ចោទប្រកាន់​ទៅ​លើ​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន។

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នេះ ធ្វើ​ឡើង ក្រោយ​ពី​តុលាការ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ បាន​ចោទប្រកាន់​អ្នក​កាសែត​ទាំង​ពីរ​នាក់ ពី​បទ​ផលិត​រូបភាព​អាសអាភាស បន្ថែម​លើ​បទ​«‍ចារកម្ម»​ដែល​ពួកគេទាំង​ពីរនាក់​ត្រូវ​បាន​ចោទ​ប្រកាន់ ដោយ​សារ​ការ​បន្ត​ផ្ញើ​របាយការណ៍​ព័ត៌មាន​ទៅ​ឱ្យ​វិទ្យុអាស៊ីសេរី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

VOA មិន​ទាន់​អាច​ទាក់ទង​មេធាវី​របស់​អ្នក​កាសែត​ទាំង​ពីរ​នាក់​គឺ​លោក​ កែវ វណ្ណី​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ​ ទី​៩ ខែ​មេសា​នេះ ប៉ុន្តែ លោក​ត្រូវ​បានទី​ភ្នាក់ងារ​ព័ត៌មាន​Reuters ដកស្រង់​សម្តី​ដោយ​និយាយ​ថា អតីត​អ្នក​កាសែតអាស៊ីសេរី​ទាំងពីរ​នាក់​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នេះ​ទេ។

បទ​ចោទ​ថ្មី​នេះ អាច​បន្ថែម​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​១​ឆ្នាំ​ទៀត​ទៅលើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប។​

លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​កំពុង​ជាប់ឃុំ។
លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​កំពុង​ជាប់ឃុំ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរីទាំង​ពីរ​នាក់​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ​យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទិ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

ពួកគេ ត្រូវ​បាន​ចោទ​ថា ​បាន​ធ្វើ​សកម្មភាព​លួច​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុអាស៊ី​សេរី ក្រោយ​ពី​វិទ្យុ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។ អតីត​អ្នក​កាសែតទាំង​ពីរ​នាក់​ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៧​ ដល់​១៥​ឆ្នាំ។

អ្នក​ស្រី Katina Adams អ្នក​នាំពាក្យ​ការិយាល័យកិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ្រិក​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​សរសេរ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នក​ស្រី​ថា​ «‍ការ​ចោទប្រកាន់​ពីបទ​ចារកម្ម​ ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ខាង​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើ​ឲ្យ​អ្នក​កាសែត​ផ្សេង​ទៀត​ខ្លាច​រអារ មិន​ហ៊ាន​បំពេញ​កិច្ចការ​របស់​ខ្លួន»។

បច្ចុប្បន្ន ​ក្រៅ​ពី​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់ ក៏​មាន​អ្នក​ថត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ទៀត​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការ​កាត់ទោស និង​អតីត​អ្នក​កាសែត ​The Cambodia Daily ២​នាក់​ទៀត​ ​កំពុង​រស់នៅ​ភៀសខ្លួនក្រៅ​ប្រទេស​ ដោយសារ​តែ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​កម្ពុជា៕

XS
SM
MD
LG