ជាថ្មីម្ដងទៀត សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២រូបក្នុងពន្ធនាគារ ដើម្បីស៊ើបសួរ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទ៍ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ តាមមាត្រានៃក្រមព្រហ្មទណ្ឌនេះ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីរ អាចប្រឈមនឹងការដាក់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។
ក្រោយការចាប់ឃុំខ្លួននិងចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុធារិន បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ដើម្បីសុំនៅក្រៅឃុំ ក៏ប៉ុន្តែសំណើរបស់ពួកគេ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ច្រានចោល។
លោក កែវ វន្នី មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ប្រាប់ VOA នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ គឺលោក សួស សំអាត បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្តីលោកសារជាថ្មី និងបន្តឃុំខ្លួនពួកគេ ដោយសំអាងហេតុផលថាត្រូវឃុំខ្លួនអ្នកទាំងពីរដើម្បីបន្តការស៊ើបសួរ។
ទោះយ៉ាងណាលោក កែវ វន្នី បន្ថែមថា ការសម្រេចនេះមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
លោកមានប្រសាសន៍ថា៖
«ខាងតុលាការនៅតែបារម្ភអំពីការគេចវេះរបស់ជនត្រូវចោទរបស់កូនក្ដីទាំងពីរ ប្រសិនបើគាត់ដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ហើយអាចមានផលលំបាកដល់តុលាការ បើគាត់គេចវេះ គាត់នៅតែបារម្ភអញ្ចឹង។ ខ្ញុំយល់ថា វាមិនយុត្តិធម៌សម្រាប់ពួកគាត់ទេ ដោយសារពេលនេះពួកគាត់បានជាប់រយៈពេល៥ខែហើយ អញ្ចឹងវាសមស្របសម្រាប់តុលាការក្នុងការស្វែងរកការពិត»។
លោក កែវ វន្នី បញ្ជាក់ថា មិនត្រឹមតែមិនអនុញ្ញាតឱ្យកូនក្តីរបស់លោកនៅក្រៅឃុំតាមការស្នើសុំប៉ុណ្ណោះទេ តុលាការ ថែមទាំងបានចោទប្រកាន់អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប មួយបទល្មើសថែមទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស។
ទោះយ៉ាងណាលោកថា រហូតមកដល់ពេលនេះលោកមិនទាន់បានទទួលលិខិតផ្លូវការណាមួយពីតុលាការ ពាក់ព័ន្ធនឹងបទចោទបន្ថែមនេះនៅឡើយ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ គឺលោក យាង សុធារិន ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន ជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេលជាង៥ខែមកហើយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៤វិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់ផ្ទះសំណាក់មួយ ស្ថិតក្បែរស្ពានអាកាសស្ទឹងមានជ័យ រាជធានីភ្នំពេញ។
តុលាការបានចោទថា អ្នកទាំងពីរ បានបន្តលួចផ្ដល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីដើមខែកញ្ញា ឆ្នាំមុន ដោយវិទ្យុនេះបញ្ជាក់ថា ការសម្រេចបិទការិយាល័យរបស់ខ្លួននាពេលនោះ គឺដោយសាររងគំនាបពីរដ្ឋាភិបាលកម្ពុជា។
ក្រោយពីត្រូវបណ្ដើរចេញពីបន្ទប់សវនាការនៅព្រឹកនេះ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបដែលកំពុងជាប់ចោទ គឺលោក យាង សុធារិន បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាថ្មីទៀតថា ការចាប់ឃុំខ្លួនពួកលោក និងការសម្រេចរបស់តុលាការនៅព្រឹកនេះ គឺជាការសងសឹក និងបំបាក់ស្មារតីអ្នកសារព័ត៌មានដែលធ្លាប់សរសេររិះគន់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា តុលាការបានអនុវត្ត និងសម្រេចទៅតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖
«អាហ្នឹងជាសិទ្ធិ ឆន្ទានុសិទ្ធិរបស់គាត់ក្នុងការគាត់ឆ្លើយដោះបន្ទុក។ គាត់ឆ្លើយ និងគាត់លើកឡើងជារឿងរបស់គាត់ ប៉ុន្តែតុលាការធ្វើទៅតាមនីតិវិធីច្បាប់ ត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់»។
ក្រោយការចាប់ឃុំខ្លួន និងចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ គេឃើញបណ្ដុំអង្គការការពារអ្នកកាសែតទាំងជាតិ និងអន្តរជាតិមួយចំនួន បានហៅការឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបថា ជាទង្វើ «ដ៏ឃោរឃៅ និងមិនសមហេតុផល» ផ្ទុយពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីដើមខែមេសានេះ ក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកការចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរី ថាជាការបំបាក់ស្មារតីអ្នកកាសែតផ្សេងទៀត និងថា ជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ចំណែកក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជាប្រមាណជា៥០នាក់ ក៏បានផ្ដិតមេដៃលើញត្តិទាមទារឲ្យមានការទម្លាក់ចោលបទចោទលើអ្នកទាំងពីរផងដែរ៕