ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​«ឪពុក​ធម៌​ផ្កាថ្ម»​ស្ថិត​ក្នុង​បេសកកម្ម​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​ថ្ម​ប៉ប្រះ​ទឹក ​Great Barrier​ របស់​អូស្ត្រាលី


រូបឯកសារ៖ ​ថ្ម​ប៉ប្រះ​ទឹក ​Great Barrier​ របស់​អូស្ត្រាលី នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។
រូបឯកសារ៖ ​ថ្ម​ប៉ប្រះ​ទឹក ​Great Barrier​ របស់​អូស្ត្រាលី នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

លោក​បណ្ឌិត​ Charlie Veron​ គឺ​ជា​សមាជិក​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ស្រាវជ្រាវ​រក«​ផ្កាថ្ម​ពិសេស» ដែល​អាច​​រស់នៅ​បាន​​រាប់​ឆ្នាំ​ បើ​ទោះ​ជា​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ធំជាង​គេ​បំផុតនៅ​ក្នុង​ពិភពលោក​កំពុង​តែ​សឹក​រេចរឹល​ទៅ​ជា​ពណ៌​ស​ក៏​ដោយ។​​​

«ឪពុក​ធម៌ផ្កា​ថ្ម» ​ឬ​ជា​ភាសា​អង់គ្លេស​ថា Godfather of Coral គឺ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ស្រាវជ្រាវ​ថ្មី​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​អាថ៌កំបាំង​នៃ​ថ្ម​ប៉ប្រះ​ទឹក​ Great Barrier របស់​អូស្ត្រាលី។ លោក​បណ្ឌិត​ Charlie Veron​ គឺ​ជា​សមាជិក​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ស្រាវជ្រាវ​រក«​ផ្កាថ្ម​ពិសេស» ដែល​អាចរស់នៅ​បានរាប់​ឆ្នាំ​ បើ​ទោះ​ជា​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ធំជាង​គេ​បំផុតនៅ​ក្នុង​ពិភពលោក​កំពុង​តែ​សឹក​រេចរឹល​ទៅ​ជា​ពណ៌​ស​ក៏​ដោយ។​

លោក​បណ្ឌិត Charlie Veron គឺ​ជា​អ្នក​ជំនាញ​នាំ​មុខ​គេ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំនាញ​ជា​ច្រើន​ទៀត​ទៅ​លើ​ថ្ម​ប៉ប្រះ​ទឹក។ លោក​បាន​កើត​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​«ឪពុក​ធម៌​ផ្កាថ្ម» ដោយ​សារ​តែ​លោក​បាន​រក​ឃើញ​ផ្កាថ្ម​ជា​ច្រើន​ប្រភេទ។ លោក​គឺ​ជា​សមាជិក​ម្នាក់​នៃ​បេសកកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា កេរដំណែលនៃ​ថ្ម​ប៉ប្រះទឹក Great Barrier ដែល​បេសកកម្ម​នេះ​បាន​នាំ​អ្នក​វិទ្យាសាស្ត្រ​ចំនួន​៨​ក្រុម​ឲ្យ​ធ្វើ​ផែនទី​និង​ធ្វើ​តេស្ត​ទៅ​លើសុខភាព​ថ្ម​ប៉ប្រះ​ទឹក​ Great Barrier ដែល​នៅ​ដាច់​ស្រយាល។

អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​កំពុង​ស្រាវជ្រាវ​រក​ផ្កាថ្ម​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា «ផ្កាថ្មពិសេស»​ ដែល​អាច​នៅ​រស់រាន​មាន​ជីវិត​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា បើ​ទោះ​ជា​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​វិវត្តន៍​ធំៗ​ដែល​ធ្វើ​ឲ្យ​ផ្កាថ្មសឹក​រេចរឹល​ទៅ​ជា​ពណ៌​សក៏​ដោយ។

លោក​បណ្ឌិត Veron និយាយ​ថា ​ចំនួន​ថ្ម​ប៉ប្រះទឹក​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៖ «វា​គួរ​ឲ្យ​សង្វេគ​ណាស់ ហើយ​ខ្ញុំ​បាន​ឃើញរឿង​នេះកើតឡើង​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​ គិត​មក​ដល់​ពេល​នេះ។ ការ​ព្យាករណ៍​ទុក​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ឡើង​តាំង​ពី​មួ​យទសវត្សរ៍​មុន​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​ពិតមិន​អាច​ប្រកែក​បាន។ នេះ​ជា​ដំណើរ​ដ៏​សំខាន់​មួយ​ពីព្រោះ​យើង​បាន​ឃើញ​ខ្លួន​ឯង​ជាក់​ស្តែង​ហើយ​ថា​តើ​ផ្កា​ថ្ម​ទាំង​នោះ​ទទួល​រង​ផល​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ការ​សឹក​រេចរឹលទៅ​ជា​ពណ៌ស​នេះ ហើយ​ផ្កាថ្ម​ណា​ខ្លះ​ដែល​អាច​នៅ​រស់រាន​មាន​ជីវិត​បាន​ពី​ការ​សឹករេចរឹល​នោះ។ ដូច្នេះនៅ​ពេល​ដែល​យើង​ដឹងថា យើងអាច​សម្រេច​ចិត្ត​ដោយ​វ័យ​ឆ្លាត​អំពី​ផ្កាថ្ម​បាន នោះ​ដំណើរ​បេសកកម្មនេះ​នឹង​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់»។

កាល​ពី​ខែ​មេសា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ការ​សឹក​រេចរឹល​ទៅ​ជា​ពណ៌​ស​នេះ​ បាន​ប៉ះពាល់​ទៅ​ដល់​ថ្ម​ប៉ប្រះ​ទឹក Great Barrier ជាច្រើន​ឆ្នាំ​ជាប់​គ្នា ដោយ​បាន​បំផ្លិចបំផ្លាញ​តំបន់​ដែលត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោកមួយ​នេះ​អស់​២ភាគ​៣។

នៅ​ពេល​ផ្កាថ្ម​សឹក​រេចរឹល​ប្រែ​ក្លាយ​ជា​ពណ៌​ស វា​មិនទាន់ងាប់​ទេ​ភ្លាមៗ​ទេ ប៉ុន្តែ​វា​ចាប់​ផ្តើម​ដាច់​ពោះ​ ហើយ​ក៏​ងាប់។ ទោះ​បី​ជា​ថ្ម​ប៉ប្រះទឹក​មាន​ភាព​ធន់​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​បារម្ភ​ថា ការ​សឹករេចរឹល​ទៅ​ជា​ពណ៌​ស​កាន់​តែ​ញឹក​ញាប់​ដែល​បណ្ដាល​មក​ពី​ការ​ឡើង​សីតុណ្ហភាព​ទឹក​នោះ ធ្វើ​ឲ្យ​ផ្កាថ្ម​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​ត្រឡប់​ទៅ​រកស​ភាព​ដើម​របស់​វា​វិញ។ ការ​សឹក​រេចរឹល​ទៅ​ជា​ពណ៌​ស​នេះ​កើត​មាន​នៅ​ពេល​ផ្កាថ្ម​ដែល​រង​ការ​ប៉ះពាល់​បាត់បង់​សារធាតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​វា​មាន​ពណ៌។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា ការ​ប្រែប្រួល​អាកាសធាតុ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​ដល់​ថ្ម​ប៉ប្រះ​ទឹក​ដែល​លាត​សន្ធឹង​ក្នុង​ចម្ងាយ​២៣០០​គីឡូម៉ែត្រនៅ​តាម​បណ្តោយ​ឆ្នេរ​ Queensland ភាគ​ខាង​ជើង​នៃ​ប្រទេស​អូស្ត្រាលី​នេះ។

ឧទ្យាន​ក្រោម​បាត​សមុទ្រ​នៃ​ថ្ម​ប៉ប្រះទឹក Great Barrier ​មាន​ទំហំ​ប្រហាក់​ប្រហែល​ផ្ទៃ​ប្រទេស​អ៊ីតាលី​ឬ​ជប៉ុន ហើយ​វា​ធំ​រហូត​ដល់​គេ​អាច​មើល​វា​ឃើញ​ពី​អវកាស​បាន​។ វា​ជា​ទីជម្រកនៃ​ពពួក​ខ្ចៅ ខ្យង ជាង​៣ពាន់​ប្រភេទ និង​ជា​ជម្រក​ប្រភេទ​ត្រី​បាឡែន​និង​ត្រី​ដុលហ្វីន​ជាង​៣០​ប្រភេទ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG