កុងតឺន័រចាស់ៗចំនួនពីរ ត្រូវបានទម្លាក់ក្នុងបាតសមុទ្រនៃឆ្នេរតំបន់កោះរុងសន្លឹមក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីការពារជីវចម្រុះ និងបង្កើតជម្រកត្រីនៅតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ។
មេបញ្ជាការរងកងទ័ពជើងទឹកលោក ទៀ សុខា ដែលជាកូនរបស់មេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ និងត្រូវជាក្មួយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដែលបានដឹកនាំការទម្លាក់កុងតឺន័រទាំងពីរនេះ មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃចន្ទថា កុងតឺន័រចាស់ៗសម្រាប់ដាក់ទំនិញនោះ ត្រូវបានគេសម្អាត និងចោះជាប្រហោងធំៗ ដើម្បីឲ្យសត្វក្នុងទឹកអាចឆ្លងកាត់បាន មុនពេលទម្លាក់ចូលក្នុងទឹកសមុទ្រ ជម្រៅពី៧ម៉ែត្រទៅ៩ម៉ែត្រដើម្បីអភិរក្សបរិស្ថាន និងជីវចម្រុះនៅក្នុងតំបន់សមុទ្រកោះរុងសន្លឹម។
នាយឧត្ដមនាវីឯក ទៀ សុខា មានប្រសាសន៍ថា៖
«ប្រជានេសាទមួយចំនួនដែលគាត់អត់សូវយល់ដឹងពីរឿងថាផ្កាថ្មដែលគាត់អូសនៅជិតៗកោះវាបណ្ដាលឲ្យខូចផ្កាថ្ម។ ទីពីរទៀត យើងទម្លាក់កុងតឺន័រនេះក្នុងន័យថា យើងដើម្បីអភិរក្សជីវចម្រុះមួយចំនួននៅក្នុងបាតសមុទ្រហើយអាចដាំផ្កាថ្មនៅលើកុងតឺន័រហ្នឹងបានដែរ ហើយជាជម្រកត្រីមួយដ៏ល្អហើយជារនាំងមួយសម្រាប់ការពារផ្កាថ្មយើងហ្នឹងបាទ»។
លោកបន្តថា មានការសិក្សាពីទីកន្លែង និងការប៉ះពាល់មុនពេលកុងតឺន័រទាំងពីរនោះ ត្រូវបានទម្លាក់ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះដោយប្រការណាមួយ។
ផ្កាថ្មប្រភេទស្នែងព្រិលជាច្រើនដុំ ត្រូវបានចងភ្ជាប់ទៅនឹងកុងតឺន័រទាំងពីរនោះ។ ហើយនៅក្នុងរយៈពេលពី៣ទៅ៦ខែខាងមុខ ផ្កាថ្មនឹងចាក់ឫស ហើយអាចបង្កើតជាចំណី និងជាជម្រកសត្វនានាក្នុងសមុទ្រ។
លោក ទៀ សុខា បន្ថែមថា នៅក្នុងរយៈពេលពី១០ថ្ងៃទៅពីរសប្ដាហ៍ខាងមុខនេះ ទូកចាស់មួយដែលមានទទឹង៦ទៅ៧ម៉ែត្រនិងមានបណ្ដោយ១០ម៉ែត្រ នឹងត្រូវទម្លាក់ចូលទៅក្នុងបាតសមុទ្រក្នុងតំបន់កោះរុងសន្លឹមនេះផងដែរ។
លោកថ្លែងថា លោកនឹងនៅបន្តទម្លាក់កុងតឺន័រ និងទូកចាស់ៗ និងដាំផ្កាថ្មបន្ថែមទៀតដើម្បីជំនួសឡើងវិញនូវផ្កាថ្ម និងជីវចម្រុះជាច្រើនដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការនេសាទ។
លោក ទៀ សុខា បន្ថែមថា៖
«បាទ វាត្រូវមានទាំងទូកហើយនឹងស៊ីម៉ង់ដែលគេត្រូវបូកជុំវិញដែលអាចការពារដល់ត្រីឲ្យអាចនៅបានបាទ»។
លោកក៏បានបញ្ជាក់ផងដែរថា ការទម្លាក់កុងតឺន័រ និងទូកចាស់ៗនេះ ក្រៅពីជួយបង្កើតជីវចម្រុះ និងជាជម្រកត្រីហើយ វាក៏នឹងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកោះរុងសន្លឹមកាន់តែច្រើនទៀតផងដែរ។
«យើងនឹងទម្លាក់នៅចំណុចណាមួយឲ្យវាសមរម្យ ហើយមើលទៅអាចមានភ្ញៀវទេសចរណ៍ដែលចូលចិត្តទៅងូតទឹកក្រោមបាតសមុទ្រ អាចទៅមើលបានងាយស្រួល»។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អំពាវនាវឲ្យអ្នកនេសាទជួយអភិរក្សជីវចម្រុះទាំងនេះ។ លោកសង្ឃឹមថាការទម្លាក់កុងតឺន័រ និងការដាំផ្កាថ្មនេះ នឹងអាចជួយឲ្យជីវចម្រុះកើតឡើងវិញដែលជាចំណីសម្រាប់សត្វរស់នៅក្នុងទឹក។
លោក យន្ត មីន ថ្លែងយ៉ាងដូច្នេះថា៖
«សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង សប្បុរសជនយើង អង្គការសង្គមស៊ីវិលក្ដីទាំងអស់ដែលមានការពាក់ព័ន្ធវិស័យខាងសមុទ្រ ជួយគ្នាថែទាំអភិរក្សបាតសមុទ្រយើងផង»។
លោក យន្ត មីន ក៏អំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាបង្កើតជីវចម្រុះឡើងវិញ។ទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថាប្រជាពលរដ្ឋ គួរពិគ្រោះជាមួយអ្នកជំនាញជលផលខេត្តជាមុនសិន មុននឹងទម្លាក់វត្ថុផ្សេងៗចូលក្នុងសមុទ្រ៕