មានរបាយការណ៍ដែលបានបញ្ជាក់ថា នាវារបស់ចិនបានចូលទៅជិតដែនដីសំខាន់មួយរបស់ហ្វីលីពីន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង កាលពីខែសីហាកន្លងទៅ។ ការណ៍នេះបានបង្កឲ្យមានការពិភាក្សាដេញដោលយ៉ាងក្តៅគគុកនៅក្នុងទីក្រុងម៉ានីល ដែលអាចប៉ះពាល់ដល់មិត្តភាពរយៈពេលមួយឆ្នាំដ៏ផុយស្រួយ រវាងប្រទេសទាំងពីរ។
សមាជិកសភាហ្វីលីពីន លោក Gary Alejano បាននិយាយនៅលើទំព័រ Facebook របស់លោកថា នាវារបស់ចិនបានបោះទង់ជាតិកំពស់៣ម៉ែត្រនៅលើកោះ Sandy Cay ដែលស្ថិតនៅតំបន់កាន់កាប់ដោយប្រទេសហ្វីលីពីន ប្រជុំកោះ Spratly ក្នុងសមុទ្រចិន ខាងត្បូង កាលខែកក្កដាកន្លងទៅនេះ។ លោកបានបន្ថែមថានាវាចម្បាំង និងនាវាត្រួតពិនិត្យដែនសមុទ្ររបស់ចិន បានបើកឆ្លងកាត់តំបន់នោះកាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ។
សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង
រូបភាពដែលប្រមូលបានដោយកម្មវិធីផ្តួចផ្តើមឲ្យមានតម្លាភាពនៅដែនសមុទ្រក្នុងទ្វីបអាស៊ី ដែលជាកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិCSIS របស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា ទូកនេសាទចិនចំនួន៩គ្រឿងនិងនាវាចម្បាំង ឬនាវាត្រួតពិនិត្យដែនសមុទ្ររបស់ចិនចំនួន២គ្រឿង បានបើកចូលទៅជិតកោះThitu ស្ថិតក្នុងប្រជុំកោះSpratly ដែលមានប្រជាពលរដ្ឋហ្វីលីពីនជាង១០០នាក់រស់នៅទីនោះ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។
លោក Euan Graham នាយកផ្នែកសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានLowy សម្រាប់គោលនយោបាយអន្តរជាតិក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលីថ្លែងថា៖«នេះប្រហែលជាការសាកល្បងចំពោះរដ្ឋាភិបាលហ្វីលីពីន ដើម្បីចង់ដឹងពីប្រតិកម្មឆ្លើយតបមកវិញ ថាតើមានប្រតិកម្មច្រើនប៉ុណ្ណានៅក្នុងប្រព័ន្ធរដ្ឋាភិបាលហ្វីលីពីន ប៉ុន្តែកន្លងមកមានប្រតិកម្មអវិជ្ជមានតិចតួចណាស់»។
លោក Graham បានថ្លែងបន្តទៀតថា៖ «បើមើលតាមស្ថានភាពជាក់ស្តែង អ្នកអាចនិយាយថាទ្វារកំពុងបើកចំហរ ប្រសិនបើចិនចង់ចូលទៅដំណាក់កាលបន្ទាប់ទៀត។
ប្រទេសចិនអាចរារាំងមិនឲ្យហ្វីលីពីនចូលទៅកោះSancy Cay ហើយបន្ទាប់មកអាចសង់រចនាសម្ព័ន្ធនានានៅលើកោះនោះ»។
ប្រទេសហ្វីលីពីនមិនបានចាត់វិធានការណ៍អ្វីនោះទេ
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃទី២២ ខែសីហា កន្លងទៅនេះថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងថាលោកមើលមិនឃើញពីហេតុផលណាមួយ ដែលត្រូវការពារកោះSandy Cayនោះទេ លើកលែងតែចិនចង់ឈ្លានពានយកកោះនោះតែប៉ុណ្ណោះ។ លោករដ្ឋមន្រ្តីការបរទេសហ្វីលីពីនត្រូវបានគេដកស្រង់សម្តី កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះថា ចិនមិនបានកាន់កាប់កោះ Sandy Cay ដែលស្ថិតនៅចម្ងាយប្រមាណ ២២គីឡូម៉ែត្រនៃកោះThitu ដែលជាតំបន់វាលខ្សាច់នោះទេ ហើយថានាយកដ្ឋានរបស់លោកនឹងមិនបោះបង់ចោលដែនកោះនេះទេ។
ក៏ប៉ុន្តែលោក Antonio Carpio ចៅក្រមជាន់ខ្ពស់តុលាការកំពូលនៅក្នុងប្រទេសហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនពីបទឈ្លានពាននេះ។ ការចោទប្រកាន់របស់លោកដូច្នេះ មួយផ្នែកបានបង្កឲ្យមានប្រតិកម្មពីមន្រ្តីរដ្ឋាភិបាល។
ជំនួយរបស់ចិនរាប់ពាន់លានដុល្លារគឺជាកត្តាមួយ
រដ្ឋាភិបាលរបស់លោក Duterte និងរដ្ឋាភិបាលចិនបានសម្រេចផ្អាកជម្លោះដែនសមុទ្ររបស់ពួកគេកាលពីឆ្នាំមុន ហើយចិនបានសន្យាថានឹងផ្តល់ជំនួយ និងបោះទុនវិនិយោគជាទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសហ្វីលីពីន។ គ្មានភាគីណាមួយយល់ព្រមបញ្ឈប់សកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងឡើយ។
អ្នកសិក្សាស្រាវជ្រាវនានាថ្លែងថា រដ្ឋាភិបាលក្រុងប៉េងកាំងដែលជាភាគីទាមទារកាន់កាប់សមុទ្រចិនខាងត្បូងខ្លាំងជាងគេបំផុត ក្នុងចំណោមភាគីទាំង៦សង្ឃឹមថា ចំណងមិត្តភាពជាមួយហ្វីលីពីន ដែលគួរឲ្យទុកចិត្តនោះ នឹងបង្ហាញឲ្យឃើញថា ខ្លួនអាចដោះស្រាយជម្លោះដែនសមុទ្របាន ដោយមិនចាំបាច់មានអន្តរាគមន៍ពីភាគីទីបីឡើយ។ កាលពីខែកក្កដាឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលពិភពលោក បានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងបណ្តឹងរបស់អតីតប្រធានាធិបតីហ្វីលីពីន ថាការទាមទាររបស់ចិនចង់កាន់កាប់ផ្ទៃសមុទ្រប្រហែល៩០ភាគរយ នៃផ្ទៃសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េនោះ គឺគ្មានសុពលភាពតាមផ្លូវច្បាប់នោះទេ។ រដ្ឋាភិបាលក្រុងប៉េងកាំងបានច្រានចោលសេក្តីសម្រេចនេះ។
ប្រទេសវៀតណាមក៏ធ្លាប់បានប៉ះទង្គិចជាមួយចិនពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រនេះផងដែរ ចាប់តាំងពីទសវត្ស១៩៧០មក។ តាំងពីឆ្នាំ២០១០មក ចិនបានពញ្ញាក់អារម្មណ៍ភាគីដែលទាមទារដែនសមុទ្រទាំងអស់ ព្រមទាំងរដ្ឋបាលក្រុងវ៉ាស៊ីនតោនផងដែរ ដោយការបង្កើនការទន្ទ្រានយកដី និងបន្ទាប់មកបានដំឡើងមូលដ្ឋានយោធានៅលើកូនកោះមួយចំនួន។ ប្រទេសដែលពាក់ព័ន្ធនឹងការទាមទារការកាន់កាប់ដែនសមុទ្រនេះ គឺឲ្យតម្លៃលើសមុទ្រនេះ ថាជាជង្រុកនៃប្រេង ឧស្ម័ន ត្រី និងជាផ្លូវនាវាចរណ៍មួយយ៉ាងសំខាន់។
លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសនិ្តសុខដែនសមុទ្រនៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីថ្លែងថា៖«ចិនចង់រក្សារូបភាពឆបោកដែរថា អ្វីៗនឹងបានប្រសើរឡើង»។
ប្រជាពលរដ្ឋហ្វីលីពីនជាច្រើនមានការខ្វល់ខ្វាយ
នាពេលឥឡូវនេះក្រុមអ្នកវិភាគមើលឃើញថា ពួកអ្នកនយោបាយហ្វីលីពីនកំពុងតែព្យាយាមរិះរកការបកស្រាយដោយសមរម្យមួយ ដើម្បីបំពេញចិត្តប្រជាពលរដ្ឋ ដែលមានការសង្ស័យទៅលើចិន ស្របពេលដែលពួកគេកំពុងរក្សាចំណងមិត្តភាពជាមួយចិន។
លោក Eduardo Araral សាស្រ្តាចារ្យនៃមហាវិទ្យាល័យគោលនយោបាយសាធារណនៃសកលវិទ្យាល័យជាតិសិង្ហបុរី National University of Singaporeមានប្រសាសន៍ថាសម្រាប់ពេលឥឡូវនេះ ប្រទេសចិនប្រហែលជាដកថយសិន ហើយប្រទេសហ្វីលីពីនប្រហែលជានឹងមានការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន។ លោក Araral បានថ្លែងដូច្នេះថា៖«ដោយសារតែចិនដឹងថា លោកចៅក្រម Antonio Carpio កំពុងតែឃ្លាំមើលពួកគេ ពួកគេមិនអាចបន្តធ្វើអ្វីដែលខ្លួនកំពុងតែធ្វើនោះទេ។ ពួកគេមិនអាចបន្លំភ្នែកសាធារណៈជន ដោយធ្វើជានិយាយល្អជាមួយហ្វីលីពីន ហើយធ្វើការវាយប្រហារនៅពីក្រោយខ្នងនោះទេ»។
លោក Araral ថ្លែងបន្តទៀតថា វាមិនច្បាស់ទេថា តើសកម្មភាពរបស់ចិននៅជិតកោះ Sandy Cay ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលចិន ឬមន្ត្រីមូលដ្ឋានណាមួយយ៉ាងណានោះទេ។
ប្រទេសហ្វីលីពីនប្រហែលជាត្រូវឆ្លើយតបតាមវិធីមួយចំនួន
កាលពីឆ្នាំមុន ចិនបានបំបាក់មុខប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដោយការចតនាវារបស់ខ្លួននៅក្នុងតំបន់ Benham Rise ដែលជាតំបន់វាលទំនាបលេចឡើង នៅលើមហាសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសហ្វីលីពីន ដែលករណីនេះបានជំរុញឲ្យលោកប្រធានាធិបតី Duterteប្តេជ្ញាពង្រឹងការគ្រប់គ្រងទៅលើកោះចំនួន១០ក្នុងប្រជុំកោះSpratly ដែលខ្លួនកំពុងកាន់កាប់។
សកម្មភាពដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជារួមរវាងចិននិងហ្វីលីពីនឡើយ។
អ្នកសិក្សាស្រាវជ្រាវនានានិយាយថា កង្វះខាតការទប់ទល់ជាផ្លូវការចំពោះសកម្មភាពរបស់ចិននៅឯកោះSandy Cay អាចធ្វើឲ្យប្រទេសចិនយល់ថាកោះ Sandy Cayគឺជាកម្មសិទ្ធិរបស់ខ្លួន និងដាក់បម្រាមមិនឲ្យហ្វីលីពីនចូលទៅកាន់ដែនកោះនោះ។
លោក Oh Ei Sun សាស្រ្តាចារ្យបង្រៀនផ្នែកការសិក្សាកិច្ចការអន្តរជាតិនៃសកលវិទ្យាល័យNanyang ក្នុងប្រទេសសិង្ហបុរីថ្លែងថា៖«ជាធម្មតាអ្វីដែលចិននឹងធ្វើគឺការកំណត់ព្រំដែន ដែលជាការគ្រប់គ្រង ឬក៏ការជះឥទ្ធិពលមួយ។ នៅពេលណាមានការកំណត់ព្រំដែន គឺមានន័យថាជាការទាមទារយកដែនអធិបតេយ្យភាព ទោះបីជាវាគ្រាន់តែជានិមិត្តសញ្ញាក៏ដោយ។ សកម្មភាពទាំងនេះមិនយូរមិនឆាប់នឹងធ្វើឲ្យដែនកោះទាំងនោះ ក្លាយជាអធិបតេយ្យភាព ដែលកាន់កាប់ដោយប្រទេសចិន»។
លោក Oh Ei Sun បានបន្ថែមទៀតថា ការតតាំងខ្លាំងក្លារបស់ហ្វីលីពីនទៅនឹងសកម្មភាពដែនសមុទ្ររបស់ចិន អាចជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសហ្វីលីពីន។ លោក Duterte កំពុងសម្លឹងរកជំនួយពីប្រទេសចិន និងជប៉ុន ដើម្បីសាសង់ផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅក្នុងអាណត្តិរយៈពេល៦ឆ្នាំនៃការកាន់តំណែងរបស់លោក។
លោក Graham បានឲ្យដឹងថា ប្រទេសចិនអាចសង់រចនាសម្ព័ន្ធមួយចំនួននៅលើកោះ Sandy Cay។ ចិនបានសាងសង់មូលដ្ឋានសម្រាប់យន្តហោះចម្បាំងនៅលើកោះធំៗក្នុងប្រជុំកោះSpratly ដូចជាកោះ Fiery Cross កោះ Mischief Reef និងកោះ Subi Reef រួចមកហើយ។ នេះបើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិ CSISរបស់សហរដ្ឋអាមេរិក៕