បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គ ដូចជាប្រទេសកម្ពុជា គួរតែពិចារណាឡើងវិញនូវគម្រោងនានារបស់ខ្លួន ក្នុងការពង្រីកទំនប់វារីអគ្គិសនី និងរោងចក្រដើរដោយធ្យូង ខណៈដែលតម្លៃថាមពលពីប្រភពផ្សេងទៀតដូចជា ថាមពលពន្លឺព្រះអាទិត្យ កំពុងតែធ្លាក់ចុះយ៉ាងឆាប់រហ័ស និងស្របពេលដែលបច្ចេកវិទ្យាតំណភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់ ដែលមានលក្ខណៈប្រសើរជាងមុន អាចជួយសម្រួលដល់តម្រូវការថាមពល ដែលកំពុងតែកើនឡើង។ នេះបើយោងទៅតាមមជ្ឈមណ្ឌលសិក្សាគោលនយោបាយមួយនៅសហរដ្ឋអាមេរិក។
អ្នកជំនាញនៅមជ្ឈមណ្ឌល Stimson Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងបែបនេះ បន្ទាប់ពីការចេញផ្សាយរបាយការណ៍មួយនៅខែសីហា ដែលបានសិក្សាលើឱកាសផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ និងធ្វើចម្រុះភាពនៃវិស័យថាមពលនៅតំបន់ទន្លេមេគង្គ។
លោក Brian Eyler ដែលជាអ្នកចងក្រងមួយរូបនៃរបាយការណ៍នេះ បាននិយាយថា រដ្ឋាភិបាលនៅតាមបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គ គួរតែផ្ដោតលើការពិនិត្យមើលឡើងវិញទៅលើផែនការវិស័យថាមពលរបស់ខ្លួន ដើម្បីកុំឲ្យបាត់បង់ឱកាសផ្ដល់ឲ្យដោយបច្ចេកវិទ្យាថ្មីៗ ដែលនឹងមានផលប៉ះពាល់លើផ្នែកបរិស្ថាន និងសង្គម តិចជាងទំនប់វារីអគ្គិសនី ដែលមានទំហំធំ និងរោងចក្រដើរដោយធ្យូងថ្មនានា។
លោកបានមានប្រសាសន៍ថា៖
«នេះជាពេលវេលាដ៏ល្អមួយ ដើម្បីធ្វើការសញ្ជឹងគិត។ សាររបស់យើង មិនមែនសម្រាប់ឲ្យបណ្ដាប្រទេសផ្សេងៗនៅតំបន់ទន្លេមេគង្គ ផ្អាកការរៀបចំផែនការផ្សេងៗសម្រាប់វិស័យថាមពលនោះទេ... ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលទាំងនោះពិនិត្យមើលនិន្នាការថ្មីៗ [នៅក្នុងវិស័យថាមពល] ទាំងនេះ»។
កញ្ញា Courtney Weatherby ដែលជាអ្នកចងក្រងមួយរូបទៀតនៃរបាយការណ៍ ដែលមានឈ្មោះថា «ការប្រែប្រួលវិស័យថាមពលនៅតំបន់មេគង្គ៖ និន្នាការថ្មីនៅក្នុងវិស័យថាមពលតំបន់មេគង្គ» បាននិយាយថា ការផ្លាស់ប្ដូរផែនការវិស័យថាមពលនាពេលបច្ចុប្បន្ន ក្នុងការដាក់បញ្ចូលថាមពលខ្យល់ និងពន្លឺព្រះអាទិត្យបន្ថែម ក៏ដូចជាការធ្វើពាណិជ្ជកម្មថាមពលរវាងប្រទេស មានហេតុផលសមស្របក្នុងបរិបទសេដ្ឋកិច្ច។
កញ្ញា Weatherby បាននិយាយថា៖
«មានការផ្លាស់ប្ដូរជាច្រើន ដែលនឹងត្រូវកើតឡើងនៅក្នុងវិស័យថាមពលប្រើប្រាស់ ដែលអាចបង្កជាការបង្អាក់នៅក្នុងរយៈពេលខ្លី ប៉ុន្តែនៅរយៈពេលវែង វិស័យថាមពលនេះនឹងនាំឲ្យមានប្រព័ន្ធមួយ ដែលមានលក្ខណៈបត់បែន និងរឹងមាំជាងមុន»។
តម្លៃវារីអគ្គិសនីធៀបនឹងតម្លៃថាមពលព្រះអាទិត្យ
ទំនប់វារីអគ្គិសនីធំៗរាប់រយ កំពុងត្រូវបានសាងសង់ ឬរៀបចំដើម្បីសាងសង់នៅតាមទន្លេមេគង្គ ឬដៃទន្លេនេះ ក៏ដូចជា ទន្លេដទៃទៀតផងដែរ នៅតំបន់ទន្លេមេគង្គ ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងខេត្តយូណាន និងខេត្តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។
គម្រោងទំនប់វារីអគ្គិសនី ដែលមួយចំនួនត្រូវបានគ្រោងឡើង ជាមួយថវិកាផ្គត់ផ្គង់ពីវិនិយោគិនចិន ថៃ បស្ចិមប្រទេស ឬពីតំបន់ដទៃទៀត ជាញឹកញយ មានភាពចម្រូងចម្រាស ដោយសារផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមធ្ងន់ធ្ងរ។ គម្រោងទំនប់វារីអគ្គិសនីទាំងនោះ បានប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងស្រុក ខណៈពេលដែលទំនប់វារីអគ្គិសនីខ្លះទៀត ជាពិសេសនៅតាមទន្លេមេគង្គ អាចប៉ះពាល់ទៅលើទិន្នផលត្រីនៅក្នុងតំបន់។
វារីអគ្គិសនីសរុបចំនួន១១ នៅតំបន់មេគង្គត្រូវបានរៀបចំសាងសង់ ដោយមានទំនប់វារីអគ្គិសនីចំនួនប្រាំបួនស្ថិតនៅក្នុងប្រទេសឡាវ ដែលក្នុងនោះវារីអគ្គិសនីចំនួនពីរកំពុងស្ថិតនៅក្រោមការសាងសង់ និងគម្រោងវារីអគ្គិសនីទីបី ត្រូវបានអនុម័តឡើង ខណៈដែលគម្រោងវារីអគ្គិសនីចំនួនពីរទៀត ត្រូវបានស្នើឡើងនៅកម្ពុជា។ អង្គការគាំពារបរិស្ថាន International Rivers បានព្រមានអស់ជាច្រើនឆ្នាំមកហើយថា ទំនប់វារីអគ្គិសនី បានគំរាមកំហែងជីវភាពប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងផ្អែកលើការនេសាទត្រី។
ក្រុមអ្នកធ្វើយុទ្ធនាការ និងសកម្មជនក្នុងស្រុក ក៏ដូចជា បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ដូចជាវៀតណាម បានព្យាយាមបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនោះ។ ស្របពេលដូចគ្នានេះដែរ រោងចក្រដើរដោយធ្យូងថ្ម ជាញឹកញយ ត្រូវបានរងការតវ៉ាប្រឆាំង ដោយសារតែរោងចក្រទាំងនោះ បង្កឲ្យមានការបំពុលខ្យល់ធ្ងន់ធ្ងរ ខណៈពេលបញ្ចេញឧស្ម័នកាបូនិច ដែលបង្កឲ្យមានភាពកាន់តែដុនដាបឡើង ទៅលើបម្រែបម្រួលអាកាសធាតុ។
ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Stimson Center បាននិយាយថា បច្ចេកវិទ្យាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ កំពុងតែមានលក្ខណៈថោកជាងមុន និងមានប្រសិទ្ធភាពខ្លាំងជាងមុន ស្របពេលដូចគ្នានេះដែរ បច្ចេកវិទ្យាទាំងនេះ ក៏អាចផ្ដល់ជាដំណោះស្រាយក្នុងវិស័យថាមពលនៅតំបន់ជនបទ ដែលមិនមានការផ្សារភ្ជាប់បណ្ដាញអគ្គិសនី។
ជាឧទាហរណ៍ ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា តម្លៃជាមធ្យមក្នុងមួយឯកតាសម្រាប់ប្រភពថាមពលទាំងពីរខាងលើ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៨៥ភាគរយសម្រាប់ថាមពលពន្លឺព្រះអាទិត្យ និង៦៥ភាគរយសម្រាប់ថាមពលខ្យល់ រវាងឆ្នាំ ២០០៩ និង២០១៦ ហើយនិន្នាការនេះ មានទំនោរនឹងបន្តទៅមុខទៀត។
កញ្ញា Weatherby បាននិយាយថា៖
«ប្រសិនបើអ្នកមានថាមពលពន្លឺព្រះអាទិត្យនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ក្នុងតម្លៃ ៦សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ដូចនេះ មិនមានហេតុផលសមស្របក្នុងការសាងសង់ទំនប់វារីអគ្គិសនីមួយចំនួន ដែលមានលក្ខណៈបង្កការខូចខាតខ្លាំងនោះទេ នៅពេលដែលអ្នកធ្វើការគណនាក្នុងបរិបទសេដ្ឋកិច្ចលើការសាងសង់វារីអគ្គិសនីទាំងនោះ» ស្របពេលដែលទំនប់វារីអគ្គិសនី ដែលត្រូវបានគ្រោងឡើងមួយចំនួននៅតំបន់មេគង្គ នឹងលក់អគ្គិសនីក្នុងតម្លៃ ៨ ឬ ៩សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។
ការពង្រីកតំណភ្ជាប់អគ្គិសនី
ក្រុមអ្នកជំនាញបាននិយាយថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនឹងពង្រីកប្រភពអគ្គិសនីរបស់ខ្លួន និងបណ្ដាញតំណភ្ជាប់អគ្គិសនី តាមរយៈបច្ចេកវិទ្យាថ្មី និងការវិនិយោគ ក៏គេឃើញមានឱកាសនៅក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបញ្ជូនអគ្គិសនី ការបង្កើនការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីរវាងប្រទេស និងប្រទេស និងការពង្រីកតំណភ្ជាប់អគ្គិសនីនៅតំបន់ជនបទផងដែរ។ លោក Brian Eyler បានមានប្រសាសន៍ថា៖
«តាមរយៈការប្រព័ន្ធតំណភ្ជាប់ថ្មី ដើម្បីបញ្ជូនអគ្គិសនី ការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីនៅក្នុងតំបន់ និងយន្តការបញ្ជូនថាមពលអគ្គិសនីផ្សេងៗ តំបន់មេគង្គអាចសម្រេចបានច្រើនជាងមុន ជាមួយហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដែលមានលក្ខណៈប៉ះពាល់តិចជាងមុន»។
ជាពិសេស ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមិនទាន់បានស្ថាបនាបណ្ដាញតំណភ្ជាប់អគ្គិសនីថ្នាក់ជាតិក្នុងទំហំធំនៅឡើយ គួរតែធ្វើការពង្រីកតាមរយៈបច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធតំណភ្ជាប់អគ្គិសនីថ្មី ដែលអាចដាក់បញ្ចូលប្រព័ន្ធថាមពលកើតឡើងវិញ ស្របពេលដូចគ្នានេះដែរ វិនិយោគនៅក្នុងបច្ចេកវិទ្យារក្សាទុកថាមពលអគ្គិសនី ដែលអាចទប់ទល់នឹងភាពមិនប្រាកដប្រជាពីការផ្គត់ផ្គង់ពីថាមពលខ្យល់ និងព្រះអាទិត្យ។
ក្រុមអ្នកស្រាវជ្រាវក៏បានលើកឡើងផងដែរថា ការផ្ដល់ហិរញ្ញប្បទានសម្រាប់ការច្នៃប្រឌិតនៅក្នុងវិស័យថាមពល និងការពង្រីកតំណភ្ជាប់អគ្គិសនី អាចទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឬធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (AIIB)។
កម្ពុជាសម្លឹងទៅរកទំនប់វារីអគ្គិសនី
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា បាននិយាយថា ទំនប់វារីអគ្គិសនីនៅតែមានភាពទាក់ទាញ ខណៈលោកបានអះអាងថា រដ្ឋាភិបាល មានសមត្ថភាពនៅក្នុងការធ្វើការវាយតម្លៃពេញលេញទៅលើផលប៉ះពាល់ផ្នែកបរិស្ថានសម្រាប់វារីអគ្គិសនី និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃទំនប់វារីអគ្គិសនីទាំងនោះ។
លោក សៅ សុភាព បានថ្លែងប្រាប់ VOA ថា៖ «កម្ពុជារបស់យើង យើងនៅត្រូវការ[ថាមពល]។ ថាមពល គឺយើងអាចទាញយកពីប្រភពច្រើន។ ហើយថាមពលដែលចេញពីវារីអគ្គិសនីនេះ ក៏ជាថាមពល យើងគិតថាជាថាមពលកកើតឡើងវិញមួយដែលកម្ពុជាមានសក្តានុពលដែរ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ក្រសួងបរិស្ថានរបស់យើងគឺនឹងធ្វើការត្រួតពិនិត្យទៅលើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តាមរយៈរបាយការណ៍ គឺយើងធ្វើការត្រួតពិនិត្យ វាយតម្លៃ ហើយផ្ទៀងផ្ទាត់ មុននឹងយើងផ្តល់ការឯកភាពថា ការសិក្សាវាយតម្លៃហ្នឹង វាអាចទទួលយកបាន ហើយហេតុប៉ះពាល់បរិស្ថានហ្នឹងគឺយើងអាចធ្វើការកាត់បន្ថយឲ្យបានជាអតិបរមា ឬក៏បញ្ចៀសអីចឹងទៅ»។
យោងទៅតាមតួលេខផ្លូវការ ប្រហែលពាក់កណ្ដាលនៃតម្រូវការថាមពលនៅប្រទេសកម្ពុជា ឥឡូវនេះ ត្រូវបានបំពេញដោយទំនប់វារីអគ្គិសនី ខណៈពេលដែលប្រហែលមួយភាគប្រាំនៃថាមពលអគ្គិសនីប្រើប្រាស់ នៅតែត្រូវបាននាំចូលពីប្រទេសជិតខាង។
VOA មិនអាចទាក់ទងក្រសួងរ៉ែ និងថាមពល ដើម្បីសុំសេចក្ដីអធិប្បាយបានទេ។
កាលពីខែកញ្ញាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោម II ដែលមានទំហំ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅលើដៃមួយនៃទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ភាគឦសានប្រទេស។ វារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជាមួយនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Royal Group និងក្រុមហ៊ុនសាខាមួយនៃសាជីវកម្ម Huaneng Group របស់ចិន។
នៅអំឡុងពេលពិធីសម្ពោធទំនប់វារីអគ្គិសនីនោះ លោក ហ៊ុន សែនបានលើកឡើងថា ការព្រួយបារម្ភ ជុំវិញផលប៉ះពាល់នៃទំនប់វារីអគ្គិសនី ក្នុងទំហំប្រាក់៨០០លានដុល្លារនោះ ទៅលើទិន្នផលត្រី ដោយបន្ថែមថា ផលវិបាកនៃទំនប់វារីអគ្គិសនីដនសាហុង ទំហំ២៦០ មេហ្គាវ៉ាត់នៅក្បែរនោះ ដែលត្រូវបានសាងសង់ឡើងដោយរដ្ឋាភិបាលឡាវ លើដៃទន្លេមេគង្គ ក្នុងតំបន់ដែលទន្លេបែងចែក មានតិចតួចប៉ុណ្ណោះ។
អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុកមួយចំនួនបានប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម II អស់រយៈពេលរាប់ឆ្នាំមកហើយ ស្របពេលដែលប្រជាពលរដ្ឋប្រមាណ១០០គ្រួសារបានតវ៉ាទាមទារសំណងប្រសើរជាងមុន។ ប្រជាពលរដ្ឋតំបន់ដៃទន្លេខាងលើ ចំនួនជិត៤ម៉ឺនគ្រួសារអាចប្រឈមនឹងការបាត់បង់ទិន្នផលត្រី ដោយសារផ្លូវត្រីផ្លាស់ទីត្រូវបានបង្អាក់ ស្របពេលដែលទិន្នផលត្រីនៅតំបន់ទន្លេក្រោមក៏អាចរងការប៉ះពាល់ផងដែរ។
តម្លាភាព និងហានិភ័យ
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Stimson Center បាននិយាយថា សេចក្តីសម្រេចនៅលើគម្រោងថាមពលមិនត្រូវបានជំរុញពីក្រោយដោយហេតុផលសេដ្ឋកិច្ចតែមួយនោះទេ ហើយពួកគេបានជំរុញឲ្យមានតម្លាភាពប្រសើរជាងមុននៅក្នុងការធ្វើសេចក្ដីសម្រេចនេះ ក៏ដូចជានៅក្នុងការផ្ដល់សិទ្ធិអនុញ្ញាតដល់អ្នកកាន់កាប់គម្រោងផងដែរ។
កញ្ញា Weatherby បាននិយាយថា៖
«ការផ្លាស់ប្ដូរសំខាន់ៗ គឺត្រូវមានការដេញថ្លៃលក្ខណៈប្រកួតប្រជែងគ្នាសម្រាប់គម្រោងផ្សេងៗ ដែលបើកឱកាសឲ្យមានការវិភាគពីមជ្ឈដ្ឋានខាងក្រៅ កាន់តែច្រើនជាងមុនទៅលើអ្វីដែលកំពុងកើតឡើងនៅក្នុងគម្រោងនីមួយៗ [ផ្នែកថាមពល]»។
បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គ កំពុងតែរងការញាំញីដោយអំពើពុករលួយ និងការចោទប្រកាន់នានា ជុំវិញការផ្ដល់កិច្ចសន្យាលើគម្រោងផ្សេងៗផ្នែកថាមពលពីសំណាក់មន្ត្រីរដ្ឋាភិបាល។
លោក Richard Cronin អ្នកជំនាញមួយរូបទៀតនៅមជ្ឈមណ្ឌល Stimson Center បាននិយាយថា ការវិនិយោគនៅក្នុងគម្រោងធំៗ ដូចជា ទំនប់វារីអគ្គិសនីទំហំធំ ក៏បានបង្កឲ្យមានហានិភ័យផ្នែកនយោបាយ និងសេដ្ឋកិច្ចផងដែរ នៅខណៈដែលគម្រោងទាំងនោះជាប់គាំង។ ជាឧទាហរណ៍ គម្រោងទំនប់វារីអគ្គិសនី Myitsone Dam ផ្ដល់ជំនួយថវិកាពីក្រោយដោយប្រទេសចិន នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាកដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១១ បន្ទាប់ពីមានប្រតិកម្មពីសាធារណជនប្រឆាំងនឹងការវិនិយោគពីប្រទេសចិន ដែលមិនមានប្រជាប្រិយភាពនៅក្នុងប្រទេស។
លោកបាននិយាយថា៖
«ចិននៅមានការវិនិយោគក្នុងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ ដែលកំពុងជាប់គាំងនៅក្នុងគម្រោង[ទំនប់វារីអគ្គិសនី]នោះ។ ហើយគម្រោងនោះមិនមានដំណើរការទៅមុខទេនាពេលឥឡូវនេះ»។
ការជំរុញនាពេលថ្មីៗនេះពីសំណាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៅក្នុងការសាងសង់រោងចក្រដើរដោយធ្យូងបន្ថែម និងកាត់បន្ថយការផលិតថាមពលពីទំនប់វារីអគ្គិសនី កំពុងតែប្រឈមមុខជាមួយការតវ៉ាប្រឆាំងនានានៅតំបន់ការដ្ឋានគម្រោងផ្ទាល់នៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។
រោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងគេនៅកម្ពុជា
ទោះបីជារដ្ឋាភិបាលកម្ពុជាផ្ដោតទៅលើទំនប់វារីអគ្គិសនីក៏ដោយ ក៏ជម្រើសគម្រោងថាមពលដទៃទៀតកំពុងតែវិវត្តទៅមុខជាមួយនឹងការជ្រោមជ្រែងពីក្រុមអ្នកផ្ដល់ជំនួយផងដែរ។ កាលពីថ្ងៃទី០៦ ខែកញ្ញា រោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងនៅក្នុងប្រទេស ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី១០មេហ្គាវ៉ាត់ បានបង្ហាញខ្លួននៅខេត្តស្វាយរៀង ភាគខាងកើតប្រទេស។ គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យក្នុងទឹកប្រាក់ ៩,២លានដុល្លារនេះ ត្រូវបានគ្រោងឡើងដោយក្រុមហ៊ុន Sunseap Group មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងទទួលបានហិរញ្ញប្បទានតាមរយៈប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យនោះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC) បានសរសើរពីថាមពលស្អាត ដែលរោងចក្រនោះនឹងផ្ដល់ឲ្យ ហើយលោកបាននិយាយថា គម្រោងស្រដៀងគ្នានេះដែរ អាចត្រូវបានរៀបចំឡើងជិតក្រុងភ្នំពេញ។
ក្រុមអ្នកជំនាញឯករាជ្យ និងក្រុមសកម្មជន និយាយថា ការបង្កើតគម្រោងដូចនេះ និងការបង្កើតឲ្យមានវិស័យថាមពលខ្យល់ និងព្រះអាទិត្យនៅកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍ផ្នែកបរិស្ថាន និងសង្គម។ ប៉ុន្តែពួកគេក៏បានព្រមានថា ការបង្កើនការផ្គត់ផ្គង់ និងការធ្វើឲ្យវិស័យនេះ មានលក្ខណៈប្រកួតប្រជែង ផ្នែកតម្លៃ ត្រូវការការសិក្សាស្រាវជ្រាវ ការរៀបចំផែនការ និងការវិនិយោគបន្ថែមទៀត។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGOs Forum) បានថ្លែងថា៖
«បញ្ហាប្រឈមគឺតម្លៃវាថ្លៃ តម្លៃដែលល្មមផលិតចេញបានភ្លើងយកមកប្រើប្រាស់ ថ្លៃដើមវាអស់ថ្លៃ ថ្លៃដែលធ្វើឱ្យអ្នកប្រើប្រាស់ហ្នឹង គាត់ត្រូវទិញនៅក្នុងតម្លៃថ្លៃដែរ។ អញ្ចឹងវាប្រឈមបញ្ហាទាក់ទងនឹងផលិតកម្ម»។
លោក សៀក សុផាត នាយកដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍធនធានធម្មជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា សម្រាប់ពេលនេះ ទំនប់វារីអគ្គិសនីមានគុណសម្បត្តិជាង និងស្ថិតនៅជាជម្រើសល្អមួយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាទំនប់វារីអគ្គិសនីក៏ល្អ គ្រាន់ថាសាងសង់នៅកន្លែងសមស្រប ដែលមិនធ្វើប៉ះពាល់ដល់ធនធាន ក៏ដូចជាបរិស្ថានជាដើម»។
បន្ទះស្រូបពន្លឺព្រះអាទិត្យតាមផ្ទះ
ស្របពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅតាមជនបទក៏យល់ដឹងពីបច្ចេកវិទ្យាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលពួកគេមានលទ្ធភាពចំណាយទិញបានផងដែរ។ បន្ទះស្រូបពន្លឺព្រះអាទិត្យកាន់តែមានប្រជាប្រិយភាពនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅជនបទបានដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ ដើម្បីពួកគេអាចសាកអាគុយ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់ក្នុងផ្ទះ។
លោក សាន់ សុធា អាយុ ៣៥ឆ្នាំ ជាអ្នកលក់ដូរមួយរូបនៅភូមិថាញ់ ខេត្តស្វាយរៀង បាននិយាយថា លោកបានទិញបន្ទះស្រូបពន្លឺព្រះអាទិត្យកាលពីឆ្នាំមុនក្នុងតម្លៃប្រហែល៤០០ដុល្លារ។ លោកបន្តថា បន្ទះស្រូបពន្លឺព្រះអាទិត្យនេះអាចផ្គត់ផ្គង់ថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក្នុងផ្ទះរបស់លោក ដើម្បីប្រើប្រាស់ភ្លើង និងកង្ហារ។ លោកមានប្រសាសន៍ថា លោកត្រូវបញ្ឆេះម៉ូទ័រទឹកសម្រាប់សេវាលាងម៉ូតូនៅផ្ទះរបស់លោក។
លោកមានប្រសាសន៍ថា៖
«ចង់សំណូមពរឲ្យមានភ្លើងចូលមកឆាប់ៗ ដូចថាយើងរកស៊ីលាងម៉ូតូលាងអីអញ្ចឹង យើងមិនបាច់ពិបាកបញ្ឆេះម៉ាស៊ីន បញ្ឆេះអី»។
អ្នកភូមិមួយរូបទៀតឈ្មោះ អ៊ិន ប៊យ អាយុ ៦៥ឆ្នាំបាននិយាយថា ដោយសាររង់ចាំអគ្គិសនីយូរពេក លោកក៏បានប្រើបន្ទះថាមពលព្រះអាទិត្យ ដើម្បីបំភ្លឺផ្ទះនាពេលយប់។
លោកមានប្រសាសន៍ថា៖
«យើងរាល់ថ្ងៃនេះ បានន័យថាយើងចាំប្រព័ន្ធភ្លើងអគ្គិសនីវាយូរ។ វាយូរពេលវេលា អញ្ចឹងសុខចិត្តចំណាយលុយ ជាលក្ខណៈគ្រួសារ ប្រើភ្លើងផ្ទាំងសូឡានេះតែម្ដង»។
លោកបញ្ជាក់បន្ថែមថា៖ «វាដូចជា មកដល់ឥឡូវដល់អត់ភ្លើង បានន័យថាដូចធុញថប់ មានការតប់ប្រមល់ក្នុងចិត្ត។ យើងឧទាហរណ៍ចេញដើរផុតពីហ្នឹង ឃើញគេសុទ្ធតែភ្លើងព្រោងព្រាត ដល់ឯងពីនោះមកហ្នឹង វាអត់មានដែរ យើងមិនដឹងនិយាយថាម៉េច»៕