ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស្រាវជ្រាវ​ស្វែង​រក​វិធីសាស្ត្រ​ចំណាយ​តិច​ជាង​មុន​និង​​ប្រើ​ថាមពល​ដែល​មាន​​ប្រសិទ្ធភាព​ដើម្បី​ផលិត​ទឹកស្អាត​ 


បច្ចេកេវិទ្យា​ប្រើប្រាស់ពន្លឺព្រះអាទិត្យ​ដើម្បី​ចម្រាញ់​យក​ទឹក​សាប
បច្ចេកេវិទ្យា​ប្រើប្រាស់ពន្លឺព្រះអាទិត្យ​ដើម្បី​ចម្រាញ់​យក​ទឹក​សាប

ការ​ទទួល​បាន​ទឹក​ពិសា​ដែល​​មាន​អនាម័យ​គ្រប់គ្រាន់​គឺ​ជា​ការ​ប្រឈម​នៅ​ក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ទោះ​បី​ជា​ទីនោះ​ខ្វះ​ទឹក​ឬ​ក៏​មាន​ទឹក​ច្រើន​លើស​លប់​ក៏ដោយ។​ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រក​ឃើញ​ថា​មនុស្ស​៣​នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់​នៅ​តែ​មិន​មាន​ទឹកស្អាត​សម្រាប់​បរិភោគ​នៅ​ផ្ទះ។

ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ទើប​តែ​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​មូលនិធិ​រហូត​ដល់​១៥លាន​ដុល្លារ​ ​សម្រាប់​គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​ចម្រាញ់​យក​អំបិល​ចេញ​ពី​ទឹក​ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​ផលិតជា​ទឹក​សាប​ដោយ​ការ​ចំណាយ​ទាប​ជាង​មុន។ អ្នក​ស្រាវជ្រាវបាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ក្នុង​ការ​ចម្រាញ់​អំបិល​ចេញ​ពី​ទឹក ​តាំង​ពី​មុន​ការ​ប្រកាស​នេះ​ទៅ​ទៀត។​

លោក Eric Hoek សហស្ថាបនិក​និង​ជា​នាយកប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Water Planet Inc បាន​និយាយ​ថា៖ «យើង​អាច​យក​ទឹក​ដែល​មាន​គុណភាព​កម្រិត​ណា​មក​ចម្រាញ់​ក៏​បាន​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​គុណភាព​ទឹក​ដែល​យើង​ចង់​បាន។ តែ​ឧបសគ្គ​ដែល​យើង​ត្រូវ​យក​ឈ្នះ​នោះ​គឺ​ថា តើយើង​នឹង​ចំណាយ​អស់​ថវិកា​ប៉ុន្មាន​ហើយ​ថាមពល​ប៉ុណ្ណា​ដែល​យើង​ត្រូវ​ការ​ដើម្បី​សម្រេច​វា​បាន»។​

រោងចក្រ​ផលិត​ទឹក​គឺ​ភាគ​ច្រើន​ដំណើរ​ការ​ដោយ​អគ្គិសនី​។ ថាមពល​ដែល​ធូរ​ថ្លៃ​ជាង​នេះ​គឺ​ពន្លឺ​ព្រះអាទិត្យ។

លោក Hoek ​បាន​ពន្យល់​ថា៖ «អ្វី​ដែល​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ប្រាំ​ទៅ​ដប់​ឆ្នាំ​ចុងក្រោយ​នេះ គឺ​តម្លៃ​ថាមពល​ព្រះអាទិត្យ​ថោក​ជាង​មុន»។

«មូលហេតុ​តែ​មួយ​គត់​ដែល​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​មិនទាន់​បាន​ប្រើប្រាស់​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​នោះ​គឺ​ថាមពល​ពី​ពន្លឺ​ព្រះ​អាទិត្យ​មិន​មាន​ជា​ទៀងទាត់»។ ព្រះអាទិត្យ​រះ ​ហើយ​ក៏​លិច​ទៅវិញ។ អ្នក​អាច​ទាញ​យក​ថាមពល​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ ប៉ុន្តែ​មិន​អាច​ទេ​នៅ​ពេល​ដែល​វា​លិច​បាត់។​ អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​រក្សា​ថាមពល​បាន​រហូត​នោះ​គឺ​ថ្ម ដែល​អ្នក​អាច​បញ្ចូល​ថាមពល​ទុក​នៅ​ពេល​ថ្ងៃ ហើយ​ឈប់​នៅ​ពេល​យប់។ ប៉ុន្តែ​តម្លៃ​ថ្ម​បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​តម្លៃ​ថ្លៃ»។

អ្នក​ស្រី​ Qilin Li សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Rice កំពុង​តែ​បង្កើត​ប្រព័ន្ធចម្រាញ់​យក​អំបិល​ចេញ​ពី​ទឹក ដែល​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ដើម្បី​ផលិត​ជា​ទឹក​ស្អាតសម្រាប់ «គ្រួសារ​ឬ​សហគមន៍​តូចៗ​នៅ​ទីតាំង​ដាច់ស្រយាល ជាពិសេស​អ្នក​ដែល​មិន​អាច​ទទួល​បាន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​ក្រុង និង​មិន​មាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទៀងទាត់​។ បច្ចេកវិទ្យា​នេះ​អាច​ជា​បច្ចេកវិទ្យា​មួយ​ដ៏​ល្អ​ឥតខ្ចោះ»។

អ្នក​ស្រី​បាន​និយាយ​ថា​ ប្រព័ន្ធ​ចម្រាញ់​អំបិល​ចេញ​ពី​ទឹក​ដោយ​ប្រើ​ថាមពល​ព្រះអាទិត្យរបស់​អ្នកស្រី​ក៏​អាច «ផ្គត់ផ្គង់​នៅ​តាម​ទីក្រុង​ធំៗក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផ្គត់ផ្គង់​ថាមពល​និង​ទឹក​ទូលំទូលាយ​ ដូច​ដែល​មាន​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ។ ហើយ​ជំនួយ​បែប​នោះ​ប្រហែល​ជា​មិន​អាច​ជួយ​ផ្គត់ផ្គង់​ទឹក​ទូទាំង​ទីក្រុង​បាន​ទេ ប៉ុន្តែ​អាចជួយ​បំពេញ​បាន​ខ្លះៗ​នូវ​តម្រូវការទឹក​ឬ​ការ​អាស្រ័យ​លើ​អគ្គិសនី​ទាំងស្រុង»។

គោលដៅ​នៃ​ប្រព័ន្ធ​របស់​អ្នកស្រី​គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ធំ​និង​ចំណាយ​តិច ដើម្បី​បំពេញ​តម្រូវការ​គ្រួសារ​តូចៗ​និង​សហគមន៍​ធំៗ​។​

អ្នក​ស្រី​ លី និង​ក្រុម​ការងារ​របស់​អ្នកស្រី​បាន​បង្កើត​ម៉ាស៊ីន​រ៉េអាក់ទ័រ​មួយ​ដើម្បី​បន្សុទ្ធ​ទឹក​ដោយ​ប្រើ​កម្តៅ​ព្រះអាទិត្យ។ ទឹក​នឹង​ក្លាយ​ជា​ចំហាយ ​ហើយ​ឆ្លងកាត់​សន្ទះ​មួយ ​ដែល​មាន​រន្ធ​ច្រើន​ ទើប​ក្លាយ​ជា​ទឹក​បរិសុទ្ធ។ អ្នកស្រី លី​ និយាយ​ថា​ ស្រទាប់​ខាង​ក្រៅ​នៃ​សន្ទះ​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ដែលត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ​ Rice ហើយ​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​នេះ​។​

អ្នកស្រី លី បាន​ពន្យល់​ថា៖ «ដូច្នេះ​សន្ទះ​នេះ​ទាញ​យក​ពន្លឺ​ព្រះ​អាទិត្យ​ ហើយ​បម្លែង​ថាមពល​ហ្វូតុង​ក្នុង​ពន្លឺ​ព្រះអាទិត្យ​ទៅ​ជា​ថាមពល​កម្តៅ​ដែល​អាច​ផលិត​ចំហាយ​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ​វា​ក៏មាន​មុខងារ​មួយ​ទៀត ដែល​អាច​ញែក​សារធាតុ​ពុល​ទៅ​ផ្នែក​ម្ខាង​ដែល​កខ្វក់​និង​អនុញ្ញាត​ឲ្យ​តែ​ចំហាយ​ទឹក​បរិសុទ្ធ​ឆ្លងកាត់​ប៉ុណ្ណោះ»។​

ព្រះអាទិត្យ​មិន​មែន​ជា​ប្រភពថាមពលតែ​មួយ​មុខ ដែល​មាន​តម្លៃ​ថោក​នោះ​ទេ។ មន្ទីរ​ពិសោធន៍​របស់​អ្នកស្រី​ Amy Childress ​នៅ​សាកលវិទ្យាល័យ Southern California ក៏​កំពុង​ពិនិត្យ​មើល​ថា​តើ​កម្តៅ​ពី​សំណល់​ដែល​ចេញ​ពី​រោងចក្រ​អាច​ប្រើ​ជា​ប្រភព​ថាមពល​បាន​ដែរ​ឬ​ទេ។

អ្នក​ស្រី​ Childress ​ដែល​ដឹក​នាំកម្មវិធី​វិស្វកម្ម​បរិស្ថាន​នៃ​ដេប៉ាតឺម៉ង់​សំណង់​ស៊ីវិល​និង​បរិស្ថាន​នៃ​សាកល​វិទ្យាល័យ​ Southern California​ បាន​និយាយ​ថា៖​ «ជាមួយ​នឹង​កម្តៅ​ដែល​បាន​ពី​កាកសំណល់​ យើង​នឹង​មាន​ដំណើរ​ការ​វិល​ជុំវិញ​និង​ការ​ឡើង​ចុះ​។​ យើង​បាន​ចេញ​ទៅ​ដល់​ទីតាំងផ្ទាល់ និង​បាន​វាស់​កម្តៅ​ពី​កាក​សំណល់​នៅ​តំបន់​ឧស្សាហកម្ម​មួយ។ យើង​ត្រឡប់​មក​វិញ។ យើង​ដោត​វា​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់​យើង​ដើម្បី​ឲ្យ​យើង​អាចមើល​ការ​ឆ្លើយ​តប​របស់​សន្ទះ​ច្រោះ​ទឹក​ជាមួយ​នឹង​កម្តៅ​ពី​សំណល់​ម្តង​ហើយ​ម្តង​ទៀត»។

មន្ទីរ​ពិសោធន៍​របស់​អ្នក​ស្រី​ពិនិត្យ​មើល​ថា​តើ​កម្តៅពី​កាក​សំណល់​អាច​នឹង​ប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​និង​អាយុកាល​របស់​សន្ទះ​នោះ​ដែរ​ឬ​ទេ។

អ្នកស្រី Childress​ មាន​ប្រសាសន៍​ថា ការងារ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​អ្នក​ស្រី​អាច​នឹង​ជួយ​អភិវឌ្ឍ​សន្ទះ​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ពេល​អនាគត។

​សន្ទះដែល​អាច​ជួយ​ផលិត​ទឹក​ស្អាតមាន​តម្រូវ​ការ​ខ្ពស់។ សន្ទះ​ច្រោះ​ទឹក PolyCera ​របស់​ក្រុម​ហ៊ុន Water Planet ​ដែល​ប្រើ​សម្រាប់​ចម្រាញ់​ទឹក​កខ្វក់​កំពុង​ស្វែង​រក​ការ​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ។

លោក​ Hoek​ បាន​និយាយ​ថា៖ «យើង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើនពី​ជុំវិញ​ពិភពលោក មិន​ត្រឹម​តែ​ទឹក​កខ្វក់​ចេញ​ពី​រោងចក្រ​នោះ​ទេ ប៉ុន្តែ​យើង​កំពុង​ព្យាយាម​ពិនិត្យ​មើល​លើ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ចម្រោះ​ទឹក​ចេញ​ពី​ក្បាល​រ៉ូប៊ីនេនៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន​និង​នៅ​សហរដ្ឋអាមេរិក។ យើង​កំពុង​បង្កើត​សន្ទះ​ច្រោះ​ទឹក​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​សាកល្បង​សម្រាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​តំបន់សមុទ្រ​ដើម្បីធ្វើ​ការ​បន្សុទ្ធ​ទឹក​សមុទ្រ​ឲ្យ​ទៅ​ជា​ទឹក​សាប​សម្រាប់​ប្រើប្រាស់​នៅ​លើ​នាវា​ដឹក​ទំនិញ។

ដោយ​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក​ប្រមាណ​ជិត​៣០ភាគរយ​នៅ​តែ​ខ្វះ​ទឹក​ស្អាត​សម្រាប់​ពិសា​នៅ​តាម​គេហដ្ឋាន អ្នក​ស្រាវជ្រាវ​នឹង​បន្ត​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការ​ចម្រាញ់​ថាមពល​ដែល​ឥត​គិត​ថ្លៃ​ ដើម្បី​ចម្រាញ់​ជា​ទឹក​ស្អាត៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ​

XS
SM
MD
LG