ក្រុមមន្ត្រីនៅភាគខាងលិចប្រទេសអាល្លឺម៉ង់និយាយថា ភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានសម្លាប់មនុស្សយ៉ាងតិចណាស់៨០នាក់ ខណៈមនុស្សជាង១ពាន់នាក់ទៀតកំពុងបាត់ខ្លួន។
លោក Andreas Friedrich អ្នកនាំពាក្យសេវាកម្មអាកាសធាតុអាល្លឺម៉ង់ បានប្រាប់បណ្តាញទូរទស្សន៍ CNN ថា «នៅក្នុងតំបន់ខ្លះ យើងមិនបានឃើញភ្លៀងដ៏ច្រើនបែបនេះទេ នៅក្នុងពេល១រយឆ្នាំ»។
ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle បានបញ្ជាក់ថា មនុស្សស្លាប់ភាគច្រើនស្ថិតនៅតំបន់ Rhine Westphalia ខាងជើង និង Rhineland-Palatinate រីឯមនុស្ស១៣០០នាក់ទៀត កំពុងបាត់ខ្លួននៅក្នុងតំបន់ Ahrweiler ភាគនិរតីនៃទីក្រុង Bonn ទីដែលទន្លេ Ahr ហូរចូលក្នុងតំបន់ Rhine បានឡើងហៀរមាត់ច្រាំង។
កិច្ចប្រតិបត្តិការជួយសង្គ្រោះបានជួបប្រទះបញ្ហា ដោយសារបណ្តាញទូរស័ព្ទ និងអ៊ីនធឺណិត ដាច់នៅក្នុងតំបន់នេះ។ ពួកមន្ត្រីនិយាយថា ទឹកជំនន់បានបង្អាក់ការដឹកជញ្ជូនតាមរទេះភ្លើង និងតាមទន្លេ Rhine។
រូបភាពវីដេអូមើលពីលើតំបន់នោះបានបង្ហាញផ្ទះមួយចំនួនហូរតាមទឹក ហើយផ្លូវថ្នល់និងស្ពានក៏អ៊ីចឹងដែរ។ នៅទីក្រុង Schuld នៅក្នុងសង្កាត់ Ahrweiler ភាគខាងត្បូង ប៉ូលិសនិយាយថា ផ្ទះជាច្រើនខ្នងបានដួលរលំ។ ពួកមន្ត្រីនិយាយថា សំណង់ជាច្រើនក៏កំពុងប្រឈមគ្រោះថ្នាក់ដោយការដួលរលំដែរ។
បុគ្គលិកជួយសង្គ្រោះ និងទាហានបានត្រូវបញ្ជូនទៅជួយប្រជាពលរដ្ឋ ដែលអ្នកខ្លះបានជាប់នៅលើដំបូលផ្ទះ។ ទឹកជំនន់យ៉ាងខ្លាំងក៏មាននៅក្នុងប្រទេសប៊ែលហ្សុិក លុចសំបួ បារាំង និងហូឡង់ផងដែរ៕
Fern Robinson និង Jeff Custer រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ