អង្គការឧតុនិយមពិភពលោកហៅកាត់ថា WMO កំពុងអំពាវនាវឱ្យចាត់វិធានការបន្ទាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងទ្វីបអាហ្វ្រិកដែលគំរាមកំហែងដល់សន្តិសុខស្បៀងអាហារ សុខាភិបាល និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងទ្វីបនេះ។ អង្គការ WMO នៅពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍ដែលមានចំណងជើងថា ស្ថានភាពអាកាសធាតុនៅទ្វីបអាហ្វ្រិកឆ្នាំ២០១៩ ដែលមានការចូលរួមពីទីភ្នាក់ងារជាច្រើន។
របាយការណ៍របស់អង្គការឧតុនិយមពិភពលោក WMO ត្រូវបានផ្សាយជាសាធារណៈកាលពីចុងខែតុលានិងបង្ហាញពីស្ថានភាពដ៏អាក្រក់ពីនិន្នាការអាកាសធាតុនាពេលបច្ចុប្បន្ន និងនៅពេលអនាគតនៅក្នុងទ្វីបអាហ្វ្រិកដែលបង្កឡើងដោយសារតែការឡើងកម្តៅដែលមិនអាចទប់ស្កាត់បាន។ ចាប់តាំងពីឆ្នាំ១៩០១ អង្គការនេះកត់សម្គាល់ថាទ្វីបអាហ្វ្រិកបានឡើងកម្តៅជាង១អង្សារសេ ដែលឆ្នាំ២០១៩ស្ថិតក្នុងចំណោមឆ្នាំដែលក្តៅបំផុត៣។
អង្គការ WMO បានព្រមានថា ទ្វីបអាហ្វ្រិកប្រឈមមុខនឹងបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ហានៃការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង និងការឡើងកម្ពស់ទឹកសមុទ្រ។ឧទាហរណ៍ ព្យុះស៊ីក្លូនត្រូពិចឈ្មោះ Idai បានបក់បោកលើប្រទេសម៉ូសំប៊ិកនៅក្នុងឆ្នាំ២០១៩។ ព្យុះ Idai ដែលជាព្យុះស៊ីក្លូនមួយក្នុងចំណោមព្យុះស៊ីក្លូនសាហាវបំផុតដែលធ្លាប់មាននៅក្នុងអឌ្ឍគោលខាងត្បូងបានធ្វើឱ្យមនុស្សជាង៧០០នាក់ស្លាប់ បំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន ប៉ះពាល់ដល់ជីវភាពនិងបង្កឲ្យមានការផ្លាស់ប្តូរលំនៅដ្ឋាន។
អង្គការស្បៀងអាហារនិងកសិកម្មបានរាយការណ៍ថា ចំនួនមនុស្សដែលខ្វះអាហារបំប៉ននៅក្នុងបណ្តាប្រទេសអាហ្វ្រិកក្នុងអនុតំបន់សាហារ៉ាដែលងាយគ្រោះដោយសារគ្រោះរាំងស្ងួតបានកើនឡើងចំនួន៤៥,៦%ចាប់តាំងពីឆ្នាំ២០១២មក។ លោក Filipe Lucio នាយកការិយាល័យយុទ្ធសាស្ត្រប្រចាំតំបន់នៃអង្គការ WMO បានប្រាប់VOAថាមនុស្សជាច្រើននាក់បន្ថែមទៀតទំនងនឹងប្រឈមភាពអត់ឃ្លាន ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ។
លោក Lucio ថ្លែងថា៖«ជាមួយនឹងការកើនឡើងនៃកម្តៅផែនដី យើងរំពឹងថា នឹងមានការធ្លាក់ចុះនៃផលិតកម្មស្បៀងអាហារ។ យើងក៏នឹងរំពឹងថា នឹងមានផលប៉ះពាល់ពាក់ព័ន្ធនឹងជំងឺនិងសត្វល្អិតចង្រៃ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងនឹងមានផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្មកសិកម្ម ដែលជាប្រភពចម្បងសម្រាប់ជីវភាពរស់នៅនិងសន្តិសុខស្បៀងអាហារនៅក្នុងទ្វីបនេះ»។
របាយការណ៍ខាងលើនេះបានកត់សម្គាល់ថា ជំងឺថ្មីៗកំពុងកើតមានឡើងនៅក្នុងតំបន់ឬទីកន្លែងដែលមិនធ្លាប់មានជំងឺទាំងនោះពីមុនមក ដោយសារតែសីតុណ្ហភាពកើនឡើង និងភ្លៀងធ្លាក់មិនទៀងទាត់។ ជាឧទាហរណ៍ ការរាតត្បាតនៃជំងឺគ្រុនចាញ់បានកើតឡើងនៅក្នុងតំបន់ភ្នំនៅខាងកើតទ្វីបអាហ្វ្រិក ទីកន្លែងដែលកាលពីមុនមូសមិនអាចរស់នៅបានទេ។
ផលប៉ះពាល់សេដ្ឋកិច្ចទៅលើទ្វីបនេះក៏មានច្រើនផងដែរ។ លោកOmar Baddour អ្នកសម្របសម្រួលផ្នែកអាកាសធាតុនៃអង្គការ WMO និយាយថា ផលិតផលក្នុងស្រុកសរុបឬ GDPនៅក្នុងអនុតំបន់អាហ្វ្រិកចំនួន៥ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី២,២៥ភាគរយដល់១២,១២ភាគរយ ដែលបណ្តាលមកពីកំណើនសីតុណ្ហភាពសាកលលោក។
លោក Baddour ថ្លែងថា៖«វានឹងបណ្តាលឱ្យមានស្ថានភាពឥតការងារធ្វើ មានសកម្មភាពសេដ្ឋកិច្ចតិចជាងមុន មានការងារតិចជាងមុនការធ្វើអន្តោប្រវេសន៍តិចជាងមុន និងធ្វើឱ្យមានវិវាទផ្សេងៗផងដែរ។ ដូច្នេះ វាជាសូចនាករគួរឱ្យព្រួយបារម្ភដែលយើងអាចនឹងឃើញថា ជាផលប៉ះពាល់ទៅលើទ្វីបអាហ្វ្រិក»។
អង្គការ WMO បានជំរុញរដ្ឋាភិបាលអាហ្វ្រិកឱ្យបង្កើនយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យអាកាសធាតុរបស់ខ្លួន។ យុទ្ធសាស្ត្រនេះរួមមានការត្រៀមលក្ខណៈឲ្យបានល្អជាងមុន ការទប់ស្កាត់និងប្រព័ន្ធព្រមានដែលប្រសើរជាមុនដោយផ្អែកលើទិន្នន័យដែលល្អនិងការព្យាករណ៍អាកាសធាតុឲ្យបានត្រឹមត្រូវ។
អង្គការ WMO បានឲ្យដឹងថា ទ្វីបអាហ្វ្រិកគួរតែប្រើប្រាស់វិធីសាស្ត្រដូចជា ប្រភពថាមពលស្អាត និងមានប្រសិទ្ធភាព។ អង្គការនេះបានឲ្យដឹងទៀតថា ជាឧទាហរណ៍ ប្រព័ន្ធធារាសាស្ត្រតូចដែលមានប្រសិទ្ធភាព និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យធ្វើឱ្យទិន្នផលកសិកម្មកើនឡើងរហូតដល់៣០០% និងកាត់បន្ថយការប្រើប្រាស់ទឹករហូតដល់៩០% ស្របពេលដែលវិធីនេះនឹងជួយកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។
អង្គការ WMO និយាយថា វិធីសាស្ត្រទាំងនេះត្រូវគេបង្ហាញថាបានបង្កើនប្រាក់ចំណូលរបស់កសិករពី៥ទៅ១០ដងនៅកន្លែងដែលពួកគេត្រូវបានជួលឱ្យធ្វើការ៕