ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឧតុនិយម​ពិភពលោក៖ ការឡើង​កម្តៅ​សាកល​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​ធាតុអាកាស​អាក្រក់ៗ


រូបឯកសារ៖ ខ្លាឃ្មុំ​ទឹកកក​មួយ​ក្បាល ឈរ​នៅលើ​ផ្ទាំង​ទឹកកក​នៅ​តំបន់​អាកទិក​ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ ខ្លាឃ្មុំ​ទឹកកក​មួយ​ក្បាល ឈរ​នៅលើ​ផ្ទាំង​ទឹកកក​នៅ​តំបន់​អាកទិក​ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។

អង្គការ​ឧតុនិយម​ពិភពលោក​រាយការណ៍​ថា​ ឆ្នាំ២០២០ កំពុង​ក្លាយជា​ឆ្នាំ​មួយ​ដ៏​ក្តៅ​បំផុត​ក្នុង​ចំណោម​ឆ្នាំ​ក្តៅ​បំផុត​ទាំង​បី​ក្នុង​កំណត់​ត្រា​ ហើយ​ជា​ឆ្នាំ​មួយ​ដែលព្រឹត្តិការណ៍អាកាស​ធាតុអាក្រក់​ខ្លាំង​ បាន​បំផ្លាញ​ជីវិត​ និង​ជីវភាព​មនុស្ស​រាប់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​។​

សីតុណ្ហភាព​ក្នុងសាកល​លោក​ជាមធ្យម​ក្នុង​ឆ្នាំ២០២០​ គឺប្រហែល ១,២​ អង្សារសេ ​លើ​កម្រិត​សីតុណ្ហភាព​មុន​បដិវត្ត​ឧស្សាហកម្ម។ ទោះ​ជា​មាន​កិច្ច​ខិតខំប្រឹងប្រែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ក្នុង​បរិយាកាសក៏ដោយ ក៏នាយកផ្នែក​អាកាស​ធាតុ​នៃអង្គការ​ឧតុនិយម​ពិភព (WMO) លោក Maxx Dilley និយាយ​ថា ​សីតុណ្ហភាព ​ត្រូវបាន​គេរំពឹង​ថា​ នឹង​បន្តកើនឡើង។

លោក​ Dilley បាន​និយាយ​ថា៖ «ដូច្នេះ​អ្វី​ដែល​យើង​អាច​រំពឹង​បានក្នុង​ឆ្នាំ​នេះ យើង​មិនអាចនិយាយ​បាន​ថា​ តើវា​នឹង​ជា​ឆ្នាំ​ដ៏​ក្តៅ​បំផុត​ ឬ​ក៏​អត់នោះ​ទេ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១១​ រហូត​ដល់​ឆ្នាំ២០២០ វាជា​ទសវត្សរ៍​ដ៏ក្តៅ​បំផុត​ក្នុង​កំណត់ត្រា។ បច្ចុប្បន្ន​យើង​មាន​ការ​ទស្សន៍ទាយ​មួយ​ថា ​យ៉ាង​ហោច​លទ្ធភាព​មួយ​ក្នុង​ចំណោម​ប្រាំ គឺសីតុណ្ហភាព ​អាច​នឹង​ឡើង​ដល់យ៉ាង​តិច​ ១,៥អង្សារសេ រវាង​ពេល​នេះ ​និង​ឆ្នាំ​២០២៤»។ ​

នេះ​មានន័យ​ថា ​បម្រែបម្រួល​អាកាស​ធាតុ នឹង​កើត​ឡើង​លឿន​ជាង​អ្វី​ដែល​អ្នក​ជំនាញ​បាន​ទស្សន៍ទាយ។ កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ២០១៦ បាន​ព្យាយាម​ជៀសវាង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដ៏គ្រោះថ្នាក់​ ដោយ​កំណត់​កំណើន​សីតុណ្ហភាព​សាកល​លោក​ជា​មធ្យម​ត្រឹម​១,៥អង្សារសេ រហូត​ដល់​ឆ្នាំ​២០៥០។​

អង្គការ​ឧតុនិយម​ពិភព​លោក​ពណ៌នាថា ​ឆ្នាំ​២០២០​ ជា​ឆ្នាំ​ដ៏​ចម្លែក​មួយ​ទៀត​សម្រាប់​បញ្ហា​អាកាស​ធាតុ។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ​សីតុណ្ហភាព​អាក្រក់​ខ្លាំង​បាន​កើត​ឡើង​លើ​ដីគោក​ សមុទ្រ និង​ជាពិសេស​នៅ​តំបន់​អាកទិក។ របាយការណ៍​នេះ បាន​កត់សម្គាល់​ថា​ សីតុណ្ហភាព​ក្នុង​តំបន់ ​Siberian Arctic បាន​ឡើង​លើស​៥អង្សារសេ ​លើ​កម្រិត​មធ្យម។

អ្នក​សម្រប​សម្រួល​វិទ្យាសាស្ត្រ​នៃអង្គការ​ឧតុនិយម​ពិភព​លោក​ លោក Omar Baddour បាន​លើក​ឡើងថា ​នេះ​ជាបញ្ហា​ធ្ងន់ធ្ងរ​។

លោក​បាន​និយាយ​ថា៖ «ផ្នែក​នៃ​ពិភពលោក​នៅ​តំបន់​អាកទិក​ ពិត​ជា​កំពុង​រង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ យើងកំពុងបំបែក​កំណត់ត្រា​មួយ​ហើយ​មួយ​ទៀត។ ការ​ផ្លាស់ប្តូរ​នៅ​អាកទិក​ គឺ​មិនមែន​នៅ​តែក្នុង​តំបន់​នោះ​ទេ គឺ​សម្រាប់​ប្រព័ន្ធ​អាកាសធាតុ​ក្នុង​សាកលលោក​ទាំងមូល។ អ៊ីចឹងអ្វី​ក៏​ដោយ​ដែល​កំពុង​ផ្លាស់ប្តូរ​នៅ​តំបន់អាកទិក ​ក៏​ប៉ះពាល់​ដល់អាកាសធាតុ​ទាក់ទង​នឹង​រលកកម្តៅផង​ដែរ»។

ឆ្នាំ​នេះ អង្គការ​ឧតុនិយម​ពិភព​លោករាយការណ៍ថា ​ភ្លើង​ឆេះព្រៃ ​បាន​បំផ្លាញ​តំបន់​យ៉ាង​ធំ​ក្នុង​ប្រទេស​អូស្ត្រាលី ស៊ីបេរី និងតំបន់​ឆ្នេរភាគខាងលិច​នៃ​សហរដ្ឋ​អាមេរិក និង​អាមេរិកខាងត្បូង។ អង្គការ​នេះ​ ​បាន​បន្ត​ថា​ ខ្យល់​ព្យុះដ៏សាហាវ​ជា​ច្រើន​ក្នុង​មហា​សមុទ្រ​អាត្លង់ទិក​ បានបំផ្លាញ​ប្រទេស​នានា​ក្នុង​តំបន់អាមេរិក​កណ្តាល។

​អង្គការ​ឧតុនិយម​ពិភព​លោក​ក៏​បាន​រាយការណ៍​ថា​ ទឹក​ជំនន់​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក​និង​អាស៊ីអាគ្នេយ៍​ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ទី​ប្រជាជន​ទ្រង់​ទ្រាយ​ធំ បំផ្លាញ​ទិន្នផល​ដំណាំ​ និង​បង្ក​ឲ្យ​មនុស្ស​រាប់លាន​នាក់​ខ្វះ​អាហារ​បរិភោគ៕

ប្រែសម្រួល​ដោយកញ្ញា​ ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG