សាលាក្តីខ្មែរក្រហមខកខានក្នុងការនាំខ្លួនជនសង្ស័យពីរនាក់ក្នុងសំណុំរឿងខ្មែរក្រហម ០០៣ និង០០៤ ក្រោយពីសហចៅក្រមស៊ើបអង្កេតភាគីអ.ស.ប.បានធ្វើការចោទប្រកាន់។ ការខកខាននេះត្រូវអង្គការអន្តរជាតិខ្លះចោទប្រកាន់ថា ជាការមិនសហការនិងជាការរារាំងយុត្តិធម៌ ដោយរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមក្នុងសហរដ្ឋអាមេរិកបាននិយាយថា ជនសង្ស័យទាំងពីរ ដែលធ្លាប់ធ្វើជាអភិបាលស្រុក និងមេបញ្ជាការកងទ័ពនោះគឺអ្នកស្រីអ៊ឹម ចែម ជនសង្ស័យនៃសំណុំរឿង០០៤ និងលោកមាស មុត ជនសង្ស័យក្នុងសំណុំរឿង០០៣ គួរត្រូវគេនាំខ្លួនមកកាន់តុលាការក្រោយពីសហចៅក្រមស៊ើបអង្កេតអ.ស.ប.គឺលោកម៉ាក ហាមែន (Mark Harmon) បានធ្វើការចោទប្រកាន់កាលពីដើមខែមីនាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសម័យខ្មែរក្រហម ហើយដីកា នោះគួរត្រូវគេបញ្ជូនទៅឲ្យប៉ូលិសដើម្បីអនុវត្តក្នុងការចាប់ខ្លួន ឬនាំខ្លួន។ តែក្រុមអ្នកឃ្លាំមើលបន្ថែមថា អ.ស.ប.មិនត្រូវព្រងើយទេក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាមិនសហការរឿងនេះ។
លោកបណ្ឌិត ចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan និងជាសហអ្នកនិពន្ធសៀវភៅអំពីសាលាក្តីខ្មែរក្រហមគឺ Hybrid Court បានថ្លែងថា៖
«អ.ស.ប.គួរតែបង្ហាញជំហរជាសាធារណៈខ្លាំងជាងមុនប្រឆាំងការជ្រៀតជ្រែកផ្នែកនយោបាយយូរមកហើយ ហើយចំពោះការរារាំងរបស់រដ្ឋាភិបាលក្នុងសំណុំរឿង០០៣ និង០០៤គ្មានអ្វីថ្មីទេ»។
លោក ចន ស៊ីយ៉ូស៊ីយ៉ារីបានអះអាងថា ចំណាប់អារម្មណ៍របស់ក្រុមប្រទេសម្ចាស់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហមដែលកំពុងខ្វះថវិកានោះ នឹងថមថយទៅ ប្រសិនបើរដ្ឋាភិបាលនៅតែមានចេតនាបង្អាក់ការជំនុំជម្រះទោសទៅមុខទៀត ហើយលោកអះអាងថា បញ្ហាខ្វែងគំនិតគ្នាមិនអាចដោះស្រាយតាមយន្តការផ្ទៃក្នុងបាននោះទេ។
«យន្តការផ្ទៃក្នុងរបស់តុលាការនេះគ្មានការរៀបចំត្រឹមត្រូវដើម្បីដោះស្រាយការប្រឈមមុខប្រភេទនេះទេ។ បញ្ហាចម្បងឋិតនៅលើកម្រិតនយោបាយ ហើយនេះជាកន្លែងដែលចាំបាច់ត្រូវដោះស្រាយ»។
អង្គការឃ្លាំមើលសាលាក្តីហៅថា Open Society Justice Initiative (OSJI )របស់ស.រ.អា.និយាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃច័ន្ទថាមន្ត្រីសាលាក្តីខ្មែរក្រហមភាគីអ.ស.ប.ត្រូវតែទទួលស្គាល់ជាសាធារណៈថារដ្ឋាភិបាលកម្ពុជាពិតជារារាំងដល់កិច្ចការតុលាការមែន បើពុំដូច្នោះទេសាលាក្តីខ្មែរក្រហមនឹងប្រថុយនឹងការបាត់បង់ សុច្ចរិតភាព និងកេរ្តិ៍ឈ្មោះតុលាការ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ការបដិសេធមិនធ្វើតាមបទបញ្ញត្តិស្របច្បាប់របស់តុលាការខ្មែរក្រហមគឺជាបញ្ហារំខាន ហើយការដែលអ.ស.ប. និងក្រុមមន្ត្រីអន្តរជាតិនៃតុលាការនេះ មិនដោះស្រាយ ឬថែមទាំងមិនទទួលស្គាល់ពេញលេញអំពីការជ្រៀតជ្រែកផ្នែកនយោបាយនោះ គឺជារឿងកាន់តែរន្ធត់ទៅទៀត»។
អង្គការ OSJI បន្ថែមថា ការមិនបង្ហាញហេតុការណ៍ពាក់ព័ន្ធនឹងការមិនចាប់ខ្លួនអ្នកស្រីអ៊ឹម ចែម និងលោកមាស ម៊ុតគឺជាការអន្តរាយដល់សុច្ចរិតភាព និងកេរ្តិ៍ឈ្មោះតុលាការនេះទាំងស្រុង ហើយវាបង្ហាញយ៉ាងច្បាស់ក្រឡែតថា តុលាការក្នុងស្រុកមានការជ្រៀតជ្រែកផ្នែកនយោបាយ និងបង្ហាញថា អ.ស.ប.មិនបានប្តេជ្ញានិងមិនអាចធ្វើតាមគោលការណ៍ឯករាជ្យរបស់តុលាការ និងមិនអាចកែទម្រង់ច្បាប់ និងនីតិរដ្ឋបានទេ។
អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅស.រ.អា.ចោទប្រកាន់ថា ចៅក្រមភាគីកម្ពុជាធ្វើតាមគោលនយោបាយមិនសហការ ដោយមិនបញ្ជូនដីការទៅឲ្យប៉ូលិសលើករណីទាំងនេះ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានប្រកាសទាំងកំហឹងជាច្រើនលើកថា មិនឲ្យចាត់ការនោះ។ អង្គការនេះនិយាយថា បើសិនជាអាជ្ញាធរកម្ពុជាមិនអាចនាំខ្លួនជនសង្ស័យពីរនាក់គឺអ្នកស្រីអ៊ឹម ចែម និងលោកមាស មុតមកតុលាការទេ វាជាពេលវេលាដែលអ.ស.ប.ត្រូវដកខ្លួនចេញ ហើយម្ចាស់ជំនួយមិនត្រូវផ្តល់ការគាំទ្រជាថវិកាដល់សាលាក្តីទៀតទេ។
ប្រតិកម្មតបទៅនឹងការរិះគន់របស់អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការមួយចំនួនទៀតដែលថា រដ្ឋាភិបាលរារាំងយុត្តិធម៌ក្នុងសំណុំរឿងខ្មែរក្រហម០០៣ និង០០៤ ជាពិសេសលើការមិននាំខ្លួនជនសង្ស័យពីររូបមកតុលាការនោះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសចរចារឿងតុលាការខ្មែរក្រហម បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលមិនអាចបង្គាប់តុលាការបានទេ។
«អង្គការក្រៅរដ្ឋាភិបាលមួយចំនួនហ្នឹងគាត់តែងតែទិតៀនរដ្ឋាភិបាល ហើយលើកនេះគាត់មិនមែនគ្រាន់តែទិតៀនតែរដ្ឋាភិបាលទេ គាត់ទិតៀនអ.ស.ប.ដែរ។ អញ្ចឹងនេះជាចម្រៀងចាស់ទេ។ វាអត់មានអីថ្មីទេ។ យើងមិនអាចទៅសង្កត់ ទៅចង្អុលប្រាប់ចៅក្រមថា ត្រូវធ្វើអញ្ចេះ ធ្វើអញ្ចុះទេ។បើយើងចង្អុលអញ្ចឹង វាជាការគាបសង្កត់តុលាការ ហើយវាជាការខុសឆ្គង ជាកំហុសមួយយ៉ាងពិតប្រាកដ»។
លោកថ្លែងបន្តថា រឿងនេះគេត្រូវរង់ចាំការដោះស្រាយរវាងសហចៅក្រមអ.ស.ប.និងសហចៅក្រមកម្ពុជាជាមុនសិន ហើយរដ្ឋាភិបាលកម្ពុជានៅតែសហការល្អជាមួយអ.ស.ប.។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាពីបូរីញូយ៉ក អ្នកនាំពាក្យរងរបស់អ.ស.ប. នាង Eri Kanako បានថ្លែងថា អ.ស.ប.គាំទ្រការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសាលាក្តីខ្មែរក្រហម។
«អ.ស.ប.សូមស្វាគមន៍ចំពោះអត្ថាធិប្បាយអំពីការតាំងចិត្តនយោបាយរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាចំពោះដំណើរការឯករាជ្យនៃសាលាក្តីខ្មែរក្រហមក្នុងរង្វង់មូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងអ.ស.ប.ស្តីពីការបង្កើតតុលាការខ្មែរក្រហមហៅថា ECCC»។
លោកស្រីថ្លែងយ៉ាងដូច្នេះដោយយោងថា អ្នកជំនាញការពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការតុលាការខ្មែរក្រហមគឺលោក David Scheffer បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អានក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធអំពីបញ្ហានានាពាក់ព័ន្ធនឹងក្តីបារម្ភរៀងៗខ្លួនទៅវិញទៅមក។
«នៅទីបញ្ចប់នៃកិច្ចប្រជុំរបស់ពួកអស់លោក លោកឧបនាយករដ្ឋមន្ត្រីនិងអ្នកជំនាញការពិសេសអ.ស.ប.បានថ្លែងថា ពួកអស់លោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងជាបន្តទៀតចំពោះកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តតាមមាត្រាច្បាប់ទាំងអស់របស់តុលាការខ្មែរក្រហម និងកិច្ចព្រមព្រៀងដើម្បីគោរពតាមបទបញ្ញតិច្បាប់និងនីតិវិធីរបស់សាលាក្តីខ្មែរក្រហម ECCC»។
ភាគីទាំងពីរពុំបានបញ្ជាក់ថា ការជួបប្រជុំនោះពិភាក្សារឿងអ្វីទេ តែការជួបប្រជុំរវាងភាគីទាំងពីរនេះគឺអ.ស.ប.និងកម្ពុជានេះគឺកើតឡើង ក្រោយពេលមានការរិះគន់ពីអង្គការអន្តរជាតិ និងអ្នកឃ្លាំមើលទាក់ទងនឹងការរារាំងយុត្តិធម៌ ហើយនឹងការទាមទារឲ្យអ.ស.ប.ដកខ្លួនចេញពីដំណើរការសាលាក្តីនេះ។
ប្រទេសកម្ពុជានិងអ.ស.ប.ធ្លាប់មានការខ្វែងគំនិតគ្នាលើបញ្ហាកិច្ចសហការជាច្រើនលើកមកហើយ ហើយចៅក្រមអន្តរជាតិខ្លះបានលាឈប់ពីការងារហើយម្ចាស់ជំនួយខ្លះត្រូវគេដឹងថា ធ្លាប់មានការរារែកក្នុងការផ្តល់ជំនួយខ្លះ នៅពេលប្រទេសកម្ពុជាបង្ហាញការមិនសហការជាមួយភាគីអ.ស.ប.កាលពីប៉ុន្មានឆ្នាំមុនលើរឿងចោទប្រកាន់ជនសង្ស័យសំណុំរឿងបន្ថែម គឺសំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យ៥នាក់ តែជនសង្ស័យម្នាក់គឺលោកស៊ូ ម៉េតបានស្លាប់ទៅហើយ។
តាមវិធានផ្ទៃក្នុង និងច្បាប់កាត់ទោសខ្មែរក្រហម ប្រសិនបើសហចៅក្រមមានការខ្វែងគំនិតគ្នាទាក់ទងនឹងរឿងមួយចំនួន រាប់ទាំងការចោទប្រកាន់ឬការនាំខ្លួនផងនោះ នីតិវិធីមិនអាចស្ទះទេ ហើយនឹងនៅតែដំណើរការទៅមុខ ដោយដោះស្រាយតាមច្បាប់ដែលចៅក្រមខ្មែរមានប្រៀបគ្រប់អង្គជំនុំជម្រះ។ បើដីការមានហត្ថលេខាតែភាគីម្ខាង ដោយគ្មានការចូលរួមពីចៅក្រមភាគីកម្ពុជាទេនោះ ពេលនោះអាជ្ញាធរកម្ពុជានឹងមិនអនុវត្តការចាប់ខ្លួន ឬនាំខ្លួនឡើយ។
យ៉ាងណាក៏ដោយ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា លោកភីធ័រ ម៉ាកខ្វៃយ៍ (Peter Maguire) ជាសាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យអាមេរិកាំងបានថ្លែងថា ដល់ពេលភាគីអ.ស.ប.ក្នុងតុលាការនេះបញ្ចប់បេសកកម្មរបស់ខ្លួនហើយ បើភាគីនេះមិនមានអំណាចអ្វីក្នុងតុលាការខ្មែរក្រហម។ លោកភីធ័រ ម៉ាកខ្វៃយ៍ (Peter Maguire) ជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហម«ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» ឬ Facing Death in Cambodia។
«អ.ស.ប.គ្មានជម្រើសក្រៅពីការដកខ្លួនចេញពីតុលាការខ្មែរក្រហមទេ។ លោកហ៊ុន សែនមិនបានគោរពជាចំហរ និងជាសាធារណៈនៅឡើយចំពោះមន្ត្រីអ.ស.ប.មួយជំនាន់ទៀត។ ការមិនគិតពីគោលការណ៍សិទ្ធិមនុស្សនោះនឹងធ្វើឲ្យរឿងយុត្តិធម៌នេះទៅជារឿងនយោបាយនៅទីបំផុត។ បើទោះណាជាច្បាប់អន្តរជាតិគឺជាកត្តាមួយ តែកត្តាអំណាចមានឥទ្ធិពលដូចគ្នាដែរ។ តើអ.ស.ប.មានអំណាចដើម្បីជំរុញឲ្យដល់រដ្ឋាភិបាលកម្ពុជាចាប់ខ្លួន ហើយកាត់ទោសជនជាប់ចោទជាបន្តបន្ទាប់ទេ? ពិតជាគ្មានទេ។ វាជាពេលដែលសៀករហ័សកម្មរបស់សាលាក្តីខ្មែរក្រហមត្រូវបញ្ចប់កិច្ចការរបស់ខ្លួន ហើយចាកចេញពីកម្ពុជាហើយ»។
សាលាក្តីខ្មែរក្រហមកំពុងដំណើរការកាត់ទោសសំណុំរឿង០០២ វគ្គទី២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ ចំណាស់ៗពីររូប គឺនួនជាបងធំទី២ និងខៀវ សំផន ប្រមុខរដ្ឋ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអន្តរជាតិសំខាន់ជាច្រើនគឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ដែលសង្ស័យថា ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋជាង១លាន៧សែននាក់ ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕