សមាជជាតិលើកទី ២០ នៃបក្សកុម្មុយនីស្តចិនក្នុងរដូវស្លឹកឈើជ្រុះនេះនឹងកំណត់ទិសដៅនយោបាយរបស់ប្រទេសចិន សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។
របៀបវារៈសំខាន់មួយក្នុងសមាជជាតិនេះ ផ្តោតលើចម្លើយទៅនឹងសំណួរមួយដែលសួរទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្ស (Politburo) ហៅកាត់ថា PSC ដែលជាក្រុមបង្កើតគោលនយោបាយដ៏សំខាន់បំផុតនៅក្នុងប្រទេសចិន។
សំណួរនោះគឺ៖ តើអ្នកមានអាយុប៉ុន្មាន?
ជាក់ស្តែង លោក Xi Jinping ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន អាយុ ៦៩ឆ្នាំ និងជាប្រធានាធិបតីចិន មិនចាំបាច់ឆ្លើយសំណួរនេះទេ។
ប៉ុន្តែសម្រាប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយផ្សេងទៀត
អាយុមិនគ្រាន់តែជាតួលេខនោះទេ ពីព្រោះអាយុ ៦៨ឆ្នាំ គឺជាអាយុចូលនិវត្តន៍៖
- លោក Li Keqiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ កើតនៅខែកក្កដា ឆ្នាំ១៩៥៥ គឺមានអាយុ ៦៧ ឆ្នាំ។
- លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ កើតនៅខែសីហា ឆ្នាំ១៩៥០ គឺមានអាយុ ៧២ឆ្នាំ។
- លោក Wang Yang ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន កើតនៅខែមីនា ឆ្នាំ១៩៥៥ គឺមានអាយុ ៦៧ ឆ្នាំ។
- លោក Wang Huning លេខាទីមួយនៃលេខាធិការដ្ឋានកណ្តាល កើតនៅខែតុលា ឆ្នាំ១៩៥៥ គឺមានអាយុ ៦៧ ឆ្នាំ។
- លោក Zhao Leji លេខាធិការនៃគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ កើតនៅខែមីនា ឆ្នាំ១៩៥៧ គឺមានអាយុ ៦៥ឆ្នាំ។
- លោក Han Zheng ឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ កើតនៅខែមេសា ឆ្នាំ១៩៥៤ គឺមានអាយុ ៦៨ ឆ្នាំ។
ទម្លាប់ទូទៅគេហៅ ថា qishang baxia ឬ «ប្រាំពីរឡើងប្រាំបីចុះ» ដែលទម្លាប់នេះបញ្ជាក់ថា ប្រសិនបើសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ដែលទាំងអស់គ្នាសុទ្ធតែជាបុរស មានអាយុ ៦៨ ឆ្នាំឬចាស់ជាងនេះនៅពេលសមាជបក្ស ការចូលនិវត្តន៍នឹងចូលមកដល់។ ប្រសិនបើមានអាយុ ៦៧ឆ្នាំ ឬក្មេងជាងនេះ ពួកគេអាច រក្សាកៅអីសមាជិកហើយបន្តបម្រើការងារប្រាំឆ្នាំទៀត។
យោងតាមទម្លាប់នេះ សមាជិកបីរូបក្នុងចំណោមសមាជិកបច្ចុប្បន្នគឺ លោក Xi Jinping (អាយុ ៦៩) លោក Li Zhanshu (អាយុ ៧២) និង លោក Han Zheng (អាយុ ៦៨) គួរតែចុះចេញពីតំណែងនៅសមាជបក្សលើកទី ២០ នៅរដូវស្លឹកឈើជ្រុះ។
លទ្ធភាពនៃការចុះចេញពីតំណែងរបស់លោក Xi Jinping គឺស្ទើរតែគ្មាន។ ក្នុងអំឡុងពេលសមាជ ដែលជាព្រឹត្តិការណ៍មួយធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង លោក Xi Jinping ត្រូវបានគេរំពឹងថា នឹងត្រូវ បានតែងតាំងជាមេដឹកនាំនៃបក្សកុម្មុយនីស្តចិនសម្រាប់អាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមក។
ច្បាប់គ្មានលាយលក្ខណ៍អក្សរ
អាយុចូលនិវត្តន៍ជាកាតព្វកិច្ចមិនមាននៅក្នុងបទប្បញ្ញត្តិឬឯកសារផ្លូវការណាមួយរបស់បក្សកុម្មុយនីស្តចិនទេ។
លោក Christopher Johnson មន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយចិននៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានចង្អុលបង្ហាញថា ជាធម្មតាទេដែលទម្លាប់នេះជាច្បាប់គ្មានលាយលក្ខណ៍អក្សរ ព្រោះសូម្បីតែរដ្ឋធម្មនុញ្ញរបស់បក្សកុម្មុយនីស្តចិន ក៏មានច្បាប់តិចតួចណាស់។ លោក Johnson បានសរសេរនៅក្នុងរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បោះពុម្ពកាលពីខែសីហា ថា៖ «មិនដូចគណបក្សនយោបាយនៅក្នុងប្រព័ន្ធសភា ឬប្រព័ន្ធរដ្ឋធម្មនុញ្ញលោកខាងលិចនោះទេ បក្សកុម្មុយនីស្តចិនមិនចាត់ទុកខ្លួនឯងថាជាកម្មវត្ថុនៃក្របខ័ណ្ឌណាមួយដូចជារដ្ឋធម្មនុញ្ញ ឬសូម្បីតែច្បាប់នោះទេ»។
យោងតាម លោក Johnson ការកំណត់អាយុក្រៅផ្លូវការត្រូវបានណែនាំឡើងជាលើកដំបូងនៅក្នុងសមាជបក្សលើកទី ១៥ ក្នុងឆ្នាំ ១៩៩៧ ដែលកំណត់អាយុ ៧០ឆ្នាំ ជាចំណុចកាត់ផ្តាច់។ នៅឆ្នាំ ២០០២ នៅឯសមាជបក្សលើកទី ១៦ ដែនកំណត់អាយុត្រូវបានបន្ទាបមកត្រឹមតែ ៦៨ឆ្នាំ។ ដែនកំណត់ដូចគ្នានេះត្រូវបានគេសង្កេតឃើញនៅក្នុងសមាជបក្សលើកទី ១៧ និងទី១៨ ដែលធ្វើឱ្យពាក្យថា «ប្រាំពីរឡើងប្រាំបីចុះ» ក្លាយជាបទដ្ឋានដែលមិនមានលាយលក្ខណ៍អក្សរ។
អ្នកស្រី Li Ling សាស្ត្រាចារ្យផ្នែកនយោបាយចិននៅសកលវិទ្យាល័យ Vienna បាននិយាយនៅក្នុងវេទិកាអនឡាញមួយដែលរៀបចំដោយវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី កាលពីថ្ងៃទី ១០ ខែសីហា ថា អ្នកស្រីរំពឹងថា លោកXi Jinping នឹងក្លាយជាករណីលើកលែងចំពោះការកំណត់អាយុ ហើយអ្នកស្រីរំពឹងទុកថា លោកនឹងអនុវត្តការកំណត់អាយុនេះលើអ្នកដទៃ។
អ្នកស្រី Li Ling បាននិយាយក្នុងសម្តីដើមថា៖ «ការកំណត់អាយុគឺជាយន្តការច្រកចេញតែមួយគត់ដើម្បីបញ្ចប់អាណត្តិសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្ស។ វាកំណត់ច្បាស់លាស់ និងមានការងាយស្រួលក្នុងការអនុវត្តដោយយុត្តិធម៌»។
លោក Bonnie Glaser នាយកកម្មវិធីអាស៊ីនៅមូលនិធិ German Marshall បានប្រាប់សារព័ត៌មាន AXIOS ថា គោលដៅរបស់លោក Xi Jinpoing នៅរដូវស្លឹកឈើជ្រុះនេះគឺ «ដាក់គ្នារបស់លោកនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងនៅក្នុងការិយាល័យនយោបាយ»។
មេដឹកនាំ Xi ដ៏អស្ចារ្យ
ដំណោះស្រាយរបស់គណបក្សដែលលុបបំបាត់ការកំណត់អាណត្តិបានធ្វើឲ្យលោក Xi Jinping ស្ថិតក្នុងករណីកាន់តំណែងគ្មានដែនកំណត់របស់អតីតប្រធានបក្សកុម្មុយនិស្តចិនលោក Mao Zedong។លោក Mao Zedong បានបម្រើការជាមេបក្សពីឆ្នាំ ១៩៣៥ រហូតដល់ទទួលមរណភាពនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៧៦។
នៅឆ្នាំ ២០១៧ លោក Xi បានបំបែកឯកត្តកម្មដោយមិនបានតែងតាំងអ្នកស្នងតំណែងនៅក្នុងសមាជបក្សលើកទី ១៩។ នៅឆ្នាំបន្ទាប់ លោក Xi បានអនុវត្តការលុបចោលការកំណត់រយៈពេលពីរអាណត្តិសម្រាប់ប្រធានគណបក្ស។
អ្នកស្រី Susan Shirk អ្នកជំនាញខាងនយោបាយចិន និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ California ទីក្រុង San Diego បាននិយាយថា៖ «លោក Xi Jinping កំពុងនាំប្រទេសចិនត្រឡប់ទៅរក របបផ្តាច់ការបែបផ្ទាល់ខ្លួនវិញ បន្ទាប់ពីចិនបានអនុវត្តការដឹកនាំសមូហភាពជាច្រើនទសវត្សរ៍»។ អ្នកស្រីបានបន្ថែមនៅក្នុងការវិភាគឆ្នាំ២០១៨ ដែលបោះពុម្ភផ្សាយនៅក្នុង ទិនានុប្បវត្តិប្រជាធិបតេយ្យថា៖ «លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់លោកក្នុងការបន្តកាន់តំណែងបន្ទាប់ពីអាណត្តិពីរធម្មតារបស់លោកបញ្ចប់នៅឆ្នាំ ២០២២»។
នៅក្នុងប្រទេសចិន លោក Xi បានទទួលការគាំទ្រយ៉ាងទូលំទូលាយលើយុទ្ធនាការរបស់លោកស្តីពីអំពើពុករលួយ ទ្រឹស្តីនៃភាពរុងរឿងរួម និងការព្យាករណ៍ពីភាពរឹងមាំរបស់ចិនទៅកាន់ពិភពលោក។
ប៉ុន្តែគោលនយោបាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ «Zero COVID» របស់លោក Xi បាននាំឱ្យមានអត្រាគ្មានការងារធ្វើខ្ពស់ និងការមិនសប្បាយចិត្តក្នុងសង្គម។ ប្រជាជនវណ្ណៈកណ្តាលកំពុងធ្វើពហិការលើការបង់រំលោះបំណុលផ្ទះ។ ហើយនៅលើឆាកពិភពលោក មានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនក្នុងវិស័យជាច្រើន រួមទាំងបច្ចេកវិទ្យា ពាណិជ្ជកម្ម និងតៃវ៉ាន់។
លោក Xia Ming សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ City University of New York បានប្រាប់វីអូអេភាសាចិនក្នុងបទសម្ភាសន៍តាមវីដេអូថា លោកមិនគិតថា លោក Xi មានឱកាស ១០០ភាគរយ ក្នុងការទទួលបានអាណត្តិទីបីនោះទេ។
លោក Xia Ming បាននិយាយក្នុងសម្តីដើមថា៖ «ជាមួយនឹងស្ថានភាពក្នុងស្រុក និងអន្តរជាតិបច្ចុប្បន្ន លទ្ធភាពនៃការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងនយោបាយចិនកើនឡើង ដូច្នេះខ្ញុំគិតថា លោក Xi មានឱកាសត្រឹមតែ ៥០-៥០ ប៉ុណ្ណោះក្នុងការទទួលបានអាណត្តិទីបី»។
លោកVictor Shih សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ California ទីក្រុង San Diego និងជាអ្នកជំនាញខាងនយោបាយនៃឥស្សរជនរបស់ប្រទេសចិន បានប្រាប់វីអូអេភាសាចិនតាមទូរស័ព្ទថា «ខ្ញុំគិតថាគ្មានការសង្ស័យទេ (ថាលោក Xi នឹងបម្រើអាណត្តិទីបី) មិនមានកម្លាំងប្រឆាំងពិតប្រាកដនៅក្នុងបក្សដើម្បីប្រជែងអំណាចរបស់លោក Xiទេ»៕
ប្រែសម្រួលដោយ អ៊ុន សុដាវី