អត្ថបទមួយផ្សព្វផ្សាយកាលពីពេលថ្មីៗនេះដោយសង្គមវិទូចិនម្នាក់ដែលហ៊ាននិយាយមិនសំចៃមាត់ នាំឲ្យមានអ្នកអានច្រើននៅក្នុងបណ្តាញសង្គមដែលមានការត្រួតពិនិត្យតឹងរ៉ឹងដោយរដ្ឋាភិបាលក្រុងប៉េកាំង ធ្វើការការជជែកដេញដោលគ្នាខ្លាំងអំពីពួកកូនចៅរបស់ពួកមនុស្សឋានៈខ្ពស់ក្នុងប្រទេសចិនដែលបានជ្រើសរើសរស់នៅឯប្រទេសក្រៅ។
លោក Zheng Yefu ដែលជាសាស្ត្រាចារ្យសង្គមសាស្ត ចូលនិវត្តន៍នៃសាកលវិទ្យាល័យក្រុងប៉េកាំងដ៏ល្បីឈ្មោះបានសរសេរថា ទោះណាជាគណបក្សកុម្មុយនិស្តចិនរក្សាការក្តាប់អំណាចរបស់ខ្លួនដើម្បីរក្សាអំណាចឱ្យបានល្អប្រសើរក៏ដោយក៏ពួកកូនរបស់ពួកគេជ្រើសរើស«បញ្ចេញមតិមិនគាំទ្រគណបក្សគ្រប់គ្រងប្រទេសហើយចាកចេញពីគណបក្សនេះ»ដោយរស់នៅជាអចិន្ត្រៃយ៍នៅក្នុងបណ្តាបស្ចិមប្រទេស។
គេមិនដឹងពិតប្រាកដអំពីចំនួនពួកកូននៃពួកមេដឹកនាំគណបក្សកុម្មុយនិស្តចិនទេ ក៏ប៉ុន្តែមានពួកកូនអ្នកធំចិនមួយចំនួនដែលបានរៀនយកសញ្ញាប័ត្រនៅក្នុងសាកលវិទ្យាល័យល្បីៗឈ្មោះក្នុងសហរដ្ឋអាមេរិក។
នាង Xi Mingze ដែលជាកូនស្រីតែម្នាក់គត់របស់ប្រធានាធិបតីចិន Xi Jinping បានសិក្សានៅឯសាកលវិទ្យាល័យ Harvard។ មេដឹកនាំកំពូលពីរនាក់កាលពីពេលមុននៃគណបក្សកុម្មុយនិស្តចិនគឺលោកអតីតប្រធានាធិបតី Zhao Zhiyang និង Jiang Zemin មានចៅដែលបានរៀននៅឯសាកលវិទ្យាល័យ Harvard។ លោក Jia Qinglin អតីតសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ Politburo ដែលជាអង្គការគ្រប់គ្រងខ្ពស់បំផុតរបស់គណបក្សកុម្មុយនិស្តចិនមានចៅស្រីម្នាក់រៀននៅឯសាកលវិទ្យាល័យ Stanford។ លោក Bo Xilai អតីតមេនៃគណបក្សកុម្មុយនិស្តចិនក្នុងក្រុង Chongqing ដែលនៅពេលនេះបានត្រូវដកចេញពីតំណែងជាឳពុករបស់ Bo Guagua ដែលបានសិក្សានៅក្នុងមហាវិទ្យល័យវិជ្ជារដ្ឋាភិបាល Kennedy នៃសាកលវិទ្យាល័យ Harvard។
កាសែត Washington Post បានរាយការណ៍ថាសមាជិកយ៉ាងតិចណាស់៥នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍ Politburo មានកូនឬចៅធ្លាប់រៀននៅសហរដ្ឋអាមេរិក។
វិទ្យាស្ថានគោលនយោបាយទេសន្តរប្រវេសន៍មានមូលដ្ឋានក្នុងរដ្ឋធានី Washington បានកត់សម្គាល់នៅក្នុងសេចក្តីរាយការណ៍មួយថា ពួកវរជនចិនមានឥទ្ធិពលនិងមានការសិក្សាអប់រំខ្ពស់ជាកម្លាំងជំរុញសំខាន់បំផុតនៃការចេញពីប្រទេសចិនមកកាន់ស.រ.អា.។
បើតាមរបាយការណ៍មួយពីវិទ្យាស្ថានស្រាវជ្រាវ Hurun ខាងទ្រព្យសម្បត្តិមានមូលដ្ឋានក្នុងប្រទេសចិនថាជាងមួយភាគបីនៃជនជាតិចិនសំបូរទ្រព្យធន«នៅពេលនេះកំពុងពិចារណា»ចង់ចាកចេញពីប្រទេសចិនទៅរស់នៅក្នុងបស្ចិមប្រទេសដើម្បីទទួលការសិក្សាអប់រំល្អជាងនៅប្រទេសពួកគេ ឬគេចចេញពីក្រុងដែលមានអាកាសកខ្វក់ក្នុងប្រទេសចិននិងពីរដ្ឋាភិបាលតឹងតែងនិងដើម្បីការពារធនធានពួកគេផងដែរ។
ការសម្រេចចាកចេញពីប្រទេសចិនទៅរស់នៅបស្ចិមប្រទេស
លោក Zheng Yefu ដែលជាអ្នករិះគន់គោលនយោបាយគណបក្សកម្មុយនិស្តចិនយូរយាមកហើយបានសរសេរថា អាជ្ញាធរចិនបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បី«ថែរក្សាស្ថិរភាព» ដើម្បី«ការពារប្រទេសដែលបានត្រូវបង្កើតដោយគណបក្សកុម្មុយនិស្តដ៏អស្ចារ្យ»។
លោក Zheng បាននិយាយបង្ហាញហេតុផលថាកិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅធំដើម្បីការពារវណ្ណៈមានបុព្វសិទ្ធិរបស់ប្រទេសនិងផ្ទេរការមានប្រៀបខាងសេដ្ឋកិច្ចនិងខាងនយោបាយទៅឱ្យកូនៗពួកគេ។
លោកបានកត់សម្គាល់ថា ពួកកូនរបស់មេដឹកនាំមួយចំនួននៃគណបក្សកុម្មុយនិស្តចិនហាក់ដូចជាមិនរវីរវល់នឹងគំនិតនៃការទទួលមរតកនៃអំណាចនយោបាយរបស់ឳពុកម្តាយពួកគេទេ។ ពួកគេមានការយល់ឃើញជំទាស់នឹងការផ្ទេរអំណាចបែបនេះហើយបានចាកចេញពីប្រទេសចិនទៅរស់នៅក្នុងបស្ចិមប្រទេសជាពិសេសក្នុងសហរដ្ឋអាមេរិក។
លោក Zheng បានយល់ឃើញថា៖ «ពួកគេមិនស្រឡាញ់អំណាចទេ។ ពួកគេស្រឡាញ់ប្រទេសអាមេរិក»។
លោកបានចង្អុលបង្ហាញថាមានហេតុផលមួយចំនួនដែលនាំឱ្យមានការគ្មានការយល់ឃើញខុសពីឳពុកនិងជីតាពួកគេដោយមានរួមបញ្ចូលភាពអាក្រក់ជាងមុនក្នុងវិស័យសេរីភាពខាងការនិយាយស្តីនិងបញ្ចេញមតិនិងការដើរហើរនិងការមិនពេញចិត្តជាទូទៅជាមួយវិធីក្តាប់អំណាចនិងការរក្សាអំណាចរបស់ពួកមនុស្សជំនាន់មុន។
លោក Zheng Yefu ក៏បានកត់សម្គាល់ដែរថានៅក្រោយការបើកចំហប្រទេសចិនកាលពីឆ្នាំ១៩៧៨ ប្រជារាស្ត្រចិនក៏មានឱកាសទៅប្រទេសក្រៅដោយសេរីជាងមុន។ ដោយទាញយកប្រយោជន៍ពីគោលនយោបាយនោះ ពួកបញ្ញាវ័ន្តទាំងនេះសម្រេចចិត្តរស់នៅក្នុងបស្ចិមប្រទេសក្រោយពីបានប្រៀបធៀបជីវភាពនៅក្នុងប្រទេសចិននិងបស្ចិមប្រទេស។
«ពួកគេមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងប្រទេសចិនបានទេ»
លោក Zan Aizong ដែលជាអ្នកសង្កេតការណ៍អំពីប្រទេសចិនបានប្រាប់វីអូអេថាហេតុផលមួយក្នុងបណ្តាហេតុផលនានាដែលពួកបញ្ញាវ័ន្តទាំងនេះសម្រេចចាកចេញពីប្រទេសចិនទៅរស់នៅក្នុងបស្ចិមប្រទេសគឺថាពួកគេមានអារម្មណ៍ថាពួកគេមិនអាចផ្លាស់ប្តូរប្រទេសចិនបានទេ។
លោក Zan បាននិយាយប្រាប់វីអូអេថា៖ «ប្រសិនបើប្រទេសចិនមានលទ្ធិប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ និតិរដ្ឋ សិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរសាកល ទោះណាជាមានបញ្ហាក៏ដោយក៏ពួកគេអាចរស់នៅក្នុងប្រទេសចិនហើយព្យាយាមដោះស្រាយបញ្ហា។ ក៏ប៉ុន្តែបើពួកគេឃើញថាគ្មានវិធីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបានទេ ពួកគេក៏លះបង់គំនិតព្យាយាមធ្វើការកែប្រែហើយក៏ចាកចេញពីប្រទេសចិនទៅរស់ក្នុងបស្ចិមប្រទេស»។
សកម្មជនសិទ្ធិមនុស្សលោក Hu Jia បាននិយាយថាមានហេតុផលមួយទៀតគឺថាប្រសិនបើពួកបញ្ញាវ័ន្តទាំងនេះជ្រើសរើសឋិតនៅក្នុងប្រទេសហើយប្រយុទ្ធដើម្បីគោលជំហរពួកគេនៅក្នុងគណបក្ស ពួកគេអាចជួបប្រទះនឹងការប្រថុយប្រថានធំ។
លោកបានថ្លែងថា៖«សម្រាប់ជំនាន់ទីពីរឬទីបីនៃពួកកម្មុយនិស្តចិន ប្រសិនបើលោកអ្នកចាញ់នៅក្នុងការប្រយុទ្ធដណ្តើមអំណាច លោកអ្នកនឹងបាត់បង់អ្វីៗគ្រប់បែបយ៉ាង។ ពួកគេប្រៀបធៀបការណ៍នេះជាមួយឱកាសរបស់ពួកគេក្នុងការរស់នៅដោយសន្តិវិធីនៅក្នុងប្រទេសសេរីនិងប្រជាធិបតរយ្យ។ដូច្នេះសម្រាប់អ្នកចេះដឹងខ្លះ ពួកគេជ្រើសរើសនៅក្រៅប្រទេសចិនដោយនៅឆ្ងាយពីភាពច្របូកច្របល់ទាំងនេះ»៕
ប្រែសម្រួល ដោយ ឈឹម សុមេធ