អាជ្ញាធរចិនកំពុងចាត់ការយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការមិនសប្បាយចិត្តជាសាធារណៈបន្ថែមទៀត បន្ទាប់ពីអ្នកដាក់ប្រាក់បញ្ញើធនាគាររាប់រយនាក់បានធ្វើការតវ៉ាដ៏កម្រមួយកាលពីសប្តាហ៍មុននៅខាងក្រៅការិយាល័យរដ្ឋាភិបាលក្នុងទីក្រុង Zhengzhou ទីរួមខេត្ត Henan ដែលស្ថិតនៅកណ្តាលប្រទេស។
និយតករធនាគារកណ្តាលចិនគឺគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រង (CBIRC) បាននិយាយថា ខ្លួននឹង«ដោះស្រាយហានិភ័យទាក់ទងនឹងធនាគារជនបទចំនួនប្រាំ» គឺបួននៅខេត្ត Henan និងមួយទៀតនៅខេត្ត Anhui ។ មិនមានការតវ៉ាទេនៅខេត្ត Anhui ប៉ុន្តែការប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងក្រៅការិយាល័យរដ្ឋាភិបាលក្នុងខេត្ត Henan កាលពីថ្ងៃទី១០ ខែកក្កដា បានប្រឈមនឹងការបង្រ្កាបដោយហិង្សាពីជនមិនស្គាល់អត្តសញ្ញាណដែលបង្កឱ្យមានកំហឹងនៅក្នុងប្រទេសចិន។
កាសែត South China Morning Post បានឱ្យដឹងថា រឿងអាស្រូវនេះទាក់ទងប្រាក់បញ្ញើ៤០ពាន់លានយន់ ឬ ៦ ពាន់លានដុល្លារ។
អ្នកដាក់ប្រាក់បញ្ញើជាច្រើនចង់ដកប្រាក់សន្សំរបស់ពួកគេពីធនាគារតាំងពីខែមេសា ប៉ុន្តែមិនអាចដកបានទេ។ ដំបូងស្ថាប័នបាននិយាយថា មកពីការដំឡើងប្រព័ន្ធកុំព្យូទ័រថ្មី។ អ្នកដាក់ប្រាក់បញ្ញើបាននិយាយថា ធនាគារមិនបានធ្វើទំនាក់ទំនងណាមួយអំពីបញ្ហានេះទេចាប់តាំងពីខែមេសា ហើយមកដល់ខែឧសភា ការតវ៉ាក៏បានផ្ទុះឡើង។ អាជ្ញាធរបានបង្កកគណនីរង់ចាំការស៊ើបអង្កេតថា ហេតុដូចម្តេចបានជាធនាគារមិនមានសាច់ប្រាក់ចាំបាច់ដើម្បីបំពេញសំណើដកប្រាក់។
រឿងអាស្រូវនៅធនាគារជនបទនេះបានទាក់ទាញចំណាប់អារម្មណ៍ជាតិ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតស៊ូដើម្បីរក្សាកំណើនសេដ្ឋកិច្ចនៅចំពោះមុខការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចិនលោក Xi Jinping ធ្វើគោលនយោបាយគ្មានជំងឺកូវីដ ដែលបានជំរុញឱ្យមានការបិទខ្ទប់យ៉ាងជាទូទៅ និងជាលទ្ធផលនាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច។
Global Times ដែលជាបណ្តាញព័ត៌មានចំណុះរដ្ឋបានរាយការណ៍ថា និយតករធនាគាររបស់ចិនបានស្តីបន្ទោសថា ក្រុមហ៊ុន Henan New Fortune Group បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទេរប្រាក់តាមអ៊ីនធើណិតនៅធនាគារជនបទដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ WeChat បណ្តាញព័ត៌មានធនាគារនិងធានារ៉ាប់រងចិន។
គណៈកម្មការធនាគារក៏បានបង្ហោះព័ត៌មានកាលពីថ្ងៃអាទិត្យនៅលើគណនី Weibo របស់ បណ្តាញព័ត៌មានធនាគារនិងធានារ៉ាប់រងចិន ដែលជាកាសែតផ្តល់មូលនិធិដោយ CBIRC ។ព័ត៌មាននោះលើកឡើងថា និយតករធនាគារបានសន្យាសងអ្នកដាក់ប្រាក់បញ្ញើតាមច្បាប់ និងបទប្បញ្ញត្តិ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេតើគណៈកម្មការធនាគារនេះនឹងសងគ្រប់ចំនួននៃប្រាក់សន្សំទាំងអស់ ឬយ៉ាងណាទេ។ Weibo គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិនស្រដៀងគ្នានឹង Twitter ដែរ៕