ប្រធានាធិបតីចិនលោក Xi Jinping បានកត់សម្គាល់ខួបទី២៥ឆ្នាំនៃការវិលត្រឡប់របស់ក្រុងហុងកុងមកក្រោមការគ្រប់គ្រងរបស់ចិនដីគោកវិញ កាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់ទៅលើការកាន់កាប់អំណាចរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើអតីតដែនដីអាណានិគមអង់គ្លេសនេះផ្អែកលើចក្ខុវិស័យ «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយលោក Xi បានតបតទៅនឹងការរិះគន់កន្លងមកដែលថាសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋដែលត្រូវបានគេសន្យាធានានៅពេលផ្ទេរការគ្រប់គ្រងកាលពី២៥ឆ្នាំមុន ត្រូវបានចិនដីគោកលុបបំបាត់ស្ទើរទាំងស្រុង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Xi បានសរសើរអាជ្ញាធរទីក្រុងនេះចំពោះការជម្នះលើ«អសន្តិសុខសង្គមដោយហិង្សា» ដែលនេះលោកសំដៅទៅលើមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានផ្ទុះឡើងនៅឆ្នាំ២០១៩ ហើយបន្ទាប់មកត្រូវរងការបង្ក្រាបដែលជំរុញដោយក្រុងប៉េកាំង ដែលបានលុបបំបាត់ចលនាប្រឆាំងនិងសារព័ត៌មានឯករាជ្យ។ វិធានការនេះបានធ្វើឱ្យក្រុងហុងកុងរំកិលខ្លួនកាន់តែខ្លាំងទៅក្នុងការគ្រប់គ្រងកាន់តែតឹងរ៉ឹងក្រោមអំណាចគណបក្សកុម្មុយនីស្តចិន។
ការផ្លាស់ប្តូរខាងនយោបាយនេះធ្វើឱ្យពលរដ្ឋជាច្រើននៅក្នុងទីក្រុងដែលមានប្រជាជនជាង៧លាននាក់មានការភ្ញាក់ផ្អើល ក្រោយពីអតីតដែនដីអាណានិគមនេះត្រូវបានចក្រភពអង់គ្លេសប្រគល់ឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧។ ជាផ្នែកនៃកិច្ចព្រមព្រៀងនៅពេលប្រគល់នោះ ចិនបានយល់ព្រមឱ្យហុងកុងមានរដ្ឋាភិបាលនិងប្រព័ន្ធតុលាការស្វយ័តរយៈពេល៥០ឆ្នាំ។
នៅក្នុងប៉ុន្មានឆ្នាំក្រោយការប្រគល់ដែនដីនោះ សកម្មជនហុងកុងបានព្យាយាមទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់ចិនក្នុងការរឹតត្បិតសេរីភាព ហើយពួកគេថែមទាំងបានទាមទារឱ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទៀតផង ដោយចេញមកតវ៉ាតាមដងផ្លូវ។
ប៉ុន្តែនៅក្រោមអំណាចរបស់លោក Xi ការតវ៉ាប្រឆាំងទាំងនេះត្រូវបានបង្ក្រាបយ៉ាងខ្លាំង។ អស់ជាច្រើនឆ្នាំមកនេះ ខួបនៃការប្រគល់ទឹកដីហុងកុងមកចិនវិញ ថ្ងៃទី១ ខែកក្កដា ត្រូវបានកត់សម្គាល់ដោយពិធីផ្លូវការនៅពេលព្រឹក និងបាតុកម្មនៅពេលរសៀល។ ប៉ុន្តែនៅពេលនេះក្រុមអ្នកតវ៉ាត្រូវបានគេបំបិទសំឡេងទាំងស្រុង នៅក្នុងចំណាត់ការមួយដែលគណបក្សកុម្មុយនីស្តថាជាជោគជ័យក្នុងការស្តារស្ថិរភាពក្នុងទីក្រុងហុងកុងឡើងវិញ៕
ហុងកុង —