ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ដក​ខ្លួន​ចេញពី​កោះពស់​របស់​អ៊ុយក្រែន​


រូប​សខ្មៅ​ពី​ផ្កាយ​រណប WorldView-1 របស់​ក្រុមហ៊ុន Maxar Technologies បង្ហាញ​ចុងខាង​ជើង​នៃ​កោះពស់ (Snake Island) ដែល​មាន​ការ​ឆាបឆេះ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២។
រូប​សខ្មៅ​ពី​ផ្កាយ​រណប WorldView-1 របស់​ក្រុមហ៊ុន Maxar Technologies បង្ហាញ​ចុងខាង​ជើង​នៃ​កោះពស់ (Snake Island) ដែល​មាន​ការ​ឆាបឆេះ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​កងទ័ព​ចេញ​ពី​កោះពស់​របស់​អ៊ុយក្រែន។​ រុស្ស៊ី​បាន​ប្រើប្រាស់​កោះ​នៅ​សមុទ្រខ្មៅ (Black Sea) នេះ ​ក្បែរ​ទីក្រុង​កំពង់ផែ ​Odesa ​ធ្វើ​ជា​ទីតាំង​ឈរជើង​ បន្ទាប់ពី​ដណ្តើម​បាន​នៅ​ដំណាក់​កាល​ដំបូង​នៃ​សង្រ្គាម​ ដែល​បាន​ចាប់​ផ្តើម​នៅចុង​ខែ​កុម្ភៈ។ ​

ការ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​អ៊ុយក្រែន​ប្រឆាំង​នឹង​ទីតាំង​របស់​រុស្ស៊ី​នៅ​លើ​កោះ​នេះ។

រុស្ស៊ី​បាន​និយាយ​ថា ​ចំណាត់​ការ​របស់​ខ្លួន​គឺ​ជា​«កាយ​វិការ​សុច្ឆន្ទៈ»​ ហើយ​បង្ហាញ​ថា​ ខ្លួន​មិន​ជ្រៀតជ្រែក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បង្កើត​ច្រក​របៀង​សម្រាប់​ការនាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​នោះ​ទេ។ ​លោក ​Andriy Yermak ​ប្រធាន​ការិយាល័យ​របស់​លោក​ Volodymyr Zelenskiyy ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​បញ្ជាក់​ពី​ការ​ដក​កង​កម្លាំង​រុស្ស៊ី​ចេញ​ពី​កោះ​នេះ។​ លោក​បាន​និយាយ​តាម​ Twitter ​ថា៖​ «គ្មាន​កងទ័ព​រុស្ស៊ី​នៅ​លើ​កោះពស់​ទៀត​ទេ។ ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ចក្រភព​អង់គ្លេស​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១.០០០​លាន​ដុល្លារ​ទៀត​សម្រាប់​អ៊ុយក្រែន។ ​ការិយាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Boris Johnson​ បាន​និយាយ​ថា​ ប្រាក់​នេះ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ យាន​អាកាស​គ្មាន​មនុស្ស​បើក​ និង​ឧបករណ៍​សំខាន់ៗ​សម្រាប់​កងទ័ព​អ៊ុយក្រែន។​

ការិយាល័យ​នាយករដ្ឋមន្ត្រី​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ជំនួយ​នេះ​ជាជំហាន​ដំបូង​ក្នុង​ការ​ធ្វើឱ្យ​អ៊ុយក្រែន​ពង្រីក​ប្រព័ន្ធការពារ​ដ៏​អង់អាចប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដោយ​ខុស​ច្បាប់​ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​វាយ​លុក​ប្រឆាំង​កងទ័ព​ជើងគោក​រុស្ស៊ី ​និង​ដើម្បី​ស្ដារ​អធិប​តេយ្យភាព​អ៊ុយក្រែន​ឡើង​វិញ»។​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​Volodymyr Zelenskyy ​បាន​និយាយ​ថា​ លោក​មាន​អំណរគុណ​ចំពោះ​ជំនួយ​ផ្នែក​សន្តិសុខ ​ដោយ​ហៅ​ប្រទេស​អង់គ្លេស​ថា​ ជា​«មិត្ត​ពិត​ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ»។​ លោក​ Zelenskyy ​បាន​សរសេរ​តាម​ Twitter​ ថា៖​ «យើង​កោត​សរសើរការ​គាំទ្រ​ ភាព​ជា​អ្នកដឹក​នាំ​ដែល​មិន​ឈប់ឈរ​សម្រាប់​អ៊ុយក្រែង​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី»។​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters

XS
SM
MD
LG