យុវជនកម្ពុជានៅខ្វះជំនាញជាច្រើន រួមទាំងភាសាបរទេស ការដោះស្រាយបញ្ហាទំនាក់ទំនងផ្ទាល់មាត់ ការវិភាគផ្សេងៗ និងការគ្រប់គ្រងព័ត៌មានលើប្រព័ន្ធអនឡាញជាដើម ដើម្បីត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល ដែលឈានមកដល់ក្នុងពេលខាងមុខ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចឌីជីថល។
ក្នុងកម្មវិធីមួយស្តីពីរបៀបវារៈឌីជីថលរបស់អាល្លឺម៉ង់ និងកម្លាំងពលកម្មឌីជីថលរបស់កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយមូលនិធី Konrad (KAS) នៅសប្តាហ៍នេះ លោក ហេង ភក្តី នាយកវិទ្យាស្ថាន Enrich បានថ្លែងថា យុវជនត្រូវប្រឹងប្រែងរៀនសូត្រជំនាញ និងចំណេះដឹងថ្មីៗឲ្យបានច្រើនដោយខ្លួនឯង ដោយមិនបាច់ចាំមានការជួយពីក្រុមហ៊ុនណាមួយ ឬរដ្ឋាភិបាលនោះឡើយ។
បន្ថែមពីនេះលោកបាននិយាយថា៖
«ការយល់ច្រឡំថា ទាល់តែអ្នកចង់ធ្វើការវិស័យ IT (ព័ត៌មានវិទ្យា) បានទៅរៀនឌីជីថល ឥឡូវអ្នករៀនកសិកម្មក៏ដោយ ក៏ត្រូវរៀនឌីជីថលហ្នឹងដែរ ព្រោះអីគេអាចប្រើបច្ចេកវិទ្យា ដើម្បីពង្រឹងវិស័យកសិកម្មឲ្យមាន productivity ផលិតភាពខ្ពស់។ អ៊ីចឹងវិស័យអីក៏ត្រូវរៀនផ្នែកហ្នឹងដែរ»។
អ្នកស្រាវជ្រាវដដែលបានបន្ថែមថា៖
«តែ Soft-skills (ជំនាញទន់) ក៏សំខាន់នៅក្នុង Digital Economy (សេដ្ឋកិច្ចឌីជីថល) ដែរ ព្រោះយើងត្រូវរៀនធ្វើការជាមួយនឹងម៉ាស៊ីនថ្មី រៀនធ្វើការជាមួយនឹងបរិបទការងារថ្មី អ៊ីចឹងជំនាញក្នុងការដោះស្រាយបញ្ហា ក្នុងការគិតគេហៅថា Critical Thinking (ការត្រិះរិះពិចារណា) ហើយនឹង Teamwork (ការងារជាក្រុម) អាហ្នឹងសុទ្ធតែសំខាន់ទាំងអស់»។
ការស្រាវជ្រាវបែបស្ទង់មតិរបស់បុគ្គលិកក្រុមហ៊ុន ១០០ នាក់ពីក្រុមហ៊ុនខុសៗគ្នាចំនួន ៦១ ក្នុងប្រទេសកម្ពុជារបស់លោក ហេង ភក្តី ស្តីពី «ការរៀបចំកម្លាំងពលកម្មកម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល» បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តោតបន្ថែមលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍការគ្រប់គ្រងធុរកិច្ចតាមបែបឌីជីថល និងបង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍លើវិស័យនានាដែលពាក់ព័ន្ធនេះ។
ក្នុងសប្តាហ៍នេះផងដែរ សន្និសីទថ្នាក់ជាតិមួយស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៩ ក្រោមប្រធានបទ «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម៤.០» ក៏ត្រូវបានធ្វើឡើង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចូលរួមបើកសន្និសីទនេះ បានលើកពីផលប្រយោជន៍និងផលប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានក្នុងការវិវឌ្ឍទៅរកសេដ្ឋកិច្ចឌីជីថលនេះ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទនោះថា៖
«វាមានគុណសម្បត្តិរបស់វា ប៉ុន្តែយើងមិនត្រូវភ្លេចគុណវិបត្តិដែលជាបញ្ហាប្រឈមនៅក្នុងយុគសម័យថ្មីរបស់យើងនេះទេ បើអ្វីៗត្រូវបានធ្វើជំនួសដោយគ្រឿងយន្តទៅហើយនោះ។ តើបញ្ហាការបាត់បង់ការងារធ្វើរបស់មនុស្សវានឹងទៅជាអ្វី?»
ឧស្សាហកម្ម ៤.០ គឺជានិន្នាការស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្ដូរទិន្នន័យនៅក្នុងបច្ចេកវិទ្យាផលិតកម្ម ឬការផ្លាស់ប្តូររបៀបនៃការផលិត ដោយពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ជាជាងកម្លាំងមនុស្សផ្ទាល់។
ការវិវឌ្ឍនៃកម្លាំងពលកម្មឌីជីថល និងការបញ្រ្ចៀបចូលនៃការប្រើប្រាស់មនុស្សយន្ត ឬម៉ាស៊ីនជំនួសឲ្យកម្លាំងមនុស្សនេះបានបង្កឲ្យមានការប៉ះពាល់ទូទាំងពិភពលោក ហើយប្រទេសចំនួន ៥ នៅក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ដែលមានប្រទេសកម្ពុជា ដែលនោះនឹងមានហានិភ័យខ្ពស់ក្នុងរយៈពេលមួយ ឬពីរទសវត្សរ៍ខាងមុខ។ បើយោងតាមលោកស្រី Matsumoto Makiko អ្នកឯកទេសខាងការងាររបស់អង្គការពលកម្មអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក អំឡុងពេលអ្នកស្រីថ្លែងនៅក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិជាលើកដំបូង និងធំបំផុតប្រចាំឆ្នាំ ២០១៩ កាលពីពាក់កណ្តាលខែមីនាកន្លងទៅនៅក្នុងរាជធានីភ្នំពេញ។
អ្នកស្រី Matsumoto Makiko បានថ្លែងថា៖
«សារៈសំខាន់នោះគឺប្រទេសទាំងអស់លើពិភពលោក រួមទាំងអាស៊ីប៉ាស៊ីហ្វិកដែរនោះនឹងរងផលប៉ះពាល់ដោយការផ្លាស់ប្តូរបែបបច្ចេកវិទ្យានេះនៅតាមកន្លែងធ្វើការ»។
អ្នកស្រីបានបន្តថា៖
«វាមានហានិភ័យក្នុងការបាត់បង់ការងារជាច្រើន ប៉ុន្តែឱកាសការងារថ្មីៗក៏នឹងកើតមានឡើងដែរ គ្រាន់តែយើងមិនទាន់ដឹងថា ការងារនោះមានបែបបទយ៉ាងណា លក្ខខណ្ឌការងារយ៉ាងណា កិច្ចសន្យា ឬការបង់ថ្លៃឈ្នួលយ៉ាងដូចម្តេច»។
បច្ចុប្បន្ននេះ ក្រុមហ៊ុននៅប្រទេសកម្ពុជាបានពឹងលើបច្ចេកវិទ្យាកាន់តែខ្លាំងឡើងៗដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលប្រទេសនេះនៅមានចំនួននិស្សិតតិចតួច ដែលសិក្សាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងកសិកម្ម។ នេះបើយោងតាមការស្រាវជ្រាវដដែល។
ទោះជាយ៉ាងណាក៏ដោយ លោក Tankred Schipanski អ្នកជំនាញផ្នែកនយោបាយឌីជីថលមកពីប្រទេសអាល្លឺម៉ង់ ក៏បានប្រាប់ VOA ដែរថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវហើយ ប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងបន្ថែមក្នុងការពង្រឹងជំនាញបច្ចេកវិទ្យារបស់យុវជន។
លោកបាននិយាយថា៖
«ខ្ញុំគិតថា ប្រទេសកម្ពុជាកំពុងដើរលើគន្លងមួយត្រឹមត្រូវហើយ ប៉ុន្តែគួរតែប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងជំនាញឌីជីថលនៅតាមសាកលវិទ្យាល័យ និងនៅតាមសាលានានា»។
គួរបញ្ជាក់ផងដែរថា ៤៧,៩% នៃនិយោជកមានការពិបាកក្នុងការស្វែងរកបុគ្គលិក ហើយដែលក្នុងនោះមាន ៥៣,១% បង្កដោយការមិនមានជំនាញដែលចាំបាច់ និងបទពិសោធន៍ការងារ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារមុខរបរនិងការងារស្តីពីកង្វះខាតជំនាញកាលពីឆ្នាំ ២០១៧។
លើសពីនេះទៅទៀត តាមរបាយការណ៍ទស្សនៈវិស័យការងារនៅកម្ពុជាកាលពីឆ្នាំ ២០១៨ ធ្វើឡើងដោយទីភ្នាក់ងារដដែលបានបង្ហាញថា ឱកាសការងារដែលបានកើនឡើងខ្លាំងនោះ គឺទាក់ទងនឹងកុំព្យូទ័រ ព័ត៌មានវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ (MultiMedia)។
រដ្ឋាភិបាលកម្ពុជាបានព្យាយាមប្រឹងប្រែងជំរុញ និងពង្រីកចំណេះដឹងជំនាញផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនង និងវិស្វកម្មនេះកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំ២០១៦ ក្រសួងអប់រំ យុវជននិងកីឡាបានបង្កើតសាលាជំនាន់ថ្មីនៅតាមវិទ្យាល័យ ដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សជ្រើសរើសយក និងដើម្បីពង្រឹងជំនាញវិទ្យាសាស្រ្ត តាំងពីនៅវិទ្យាល័យ សហការជាមួយអង្គការស្ទែមកម្ពុជាធ្វើពិព័រណ៌បច្ចេកវិទ្យា និងវិស្វកម្មជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹងនិងចំណាប់អារម្មណ៍ការងារក្នុងវិស័យនេះ និងពិព័រណ៍បច្ចេកវិទ្យាឆ្នាំ ២០១៩ ដែលមានអ្នកចូលរួមជាច្រើនម៉ឺននាក់៕