ពិព័រណ៍បច្ចេកវិទ្យា «ឌីជីថលកម្ពុជា ២០១៩» ថ្នាក់ជាតិធំបំផុតប្រចាំឆ្នាំ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(NIPTICT) នឹងធ្វើឡើងជាលើកដំបូង ដើម្បីបង្កើនការស្វែងយល់របស់សាធារណជន និងភាគីពាក់ព័ន្ធជាច្រើនទៀត ពីវឌ្ឍនភាពរបស់វិស័យបច្ចេកវិទ្យាដែលបានកំពុងរីកលូតលាស់នៅក្នុងប្រទេស និងនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។
ពិព័រណ៍បច្ចេកវិទ្យានេះ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ នៅសាលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។
គេហទំព័រ«ឌីជីថលកម្ពុជា ២០១៩» បានបញ្ជាក់ឲ្យដឹងថា ពិព័រណ៍នេះមានបំណងជំរុញបរិយាកាសសហគ្រិនភាពប្រកបដោយនិរន្តរភាពនៅកម្ពុជាដើម្បីជួយជំរុញឲ្យមាននវានុវត្តន៍ភាព និងបំបាត់ឧបសគ្គក្នុងវិស័យបច្ចេកវិទ្យា រួមទាំងបំផុសឲ្យមានការប្រាថ្នាចង់បានគ្រប់កម្រិតនៅក្នុងវិស័យដែលបានក្លាយជាបដិវត្តន៍ឧស្សាហកម្មទីបួន។
លោក សេង សុភាព នាយកវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (National Institute of Posts, Telecommunications and ICT ឬNIPTICT) ប្រាប់ VOA ថា រដ្ឋាភិបាលក្នុងឆ្នាំនេះ គ្រោងនឹងបម្លែងកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលមួយ សម្រាប់ឧស្សាហកម្ម៤.០ ដែលជានិន្នាការស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្ដូរទិន្នន័យនៅក្នុងបច្ចេកវិទ្យាផលិតកម្ម។
លោកបាននិយាយថា៖
«វាចាំបាច់ វាដល់ពេលមួយដែលយើងត្រូវតែបង្ហាញថាឧស្សាហកម្ម ICTយើងមានទំហំធំគួរសម ហើយយើងមានយុវជនយើងក៏មាន startup មួយចំនួនដែលមានក្រាស់ក្រែលដែលហើយ»។
ពិព័រណ៍បច្ចេកវិទ្យា «ឌីជីថលកម្ពុជា ២០១៩» ដែលមានរយៈពេលបីថ្ងៃនេះនឹងមានក្រុមហ៊ុនបច្ចេកវិទ្យាជាង១០០ក្រុមហ៊ុនមកចូលរួមតាំងបង្ហាញ រួមទាំងមន្ត្រីតំណាងនិងវាគ្មិនជាង១០០នាក់ ដែលមកពីក្នុងតំបន់អាស៊ាននិងក្រសួងពាក់ព័ន្ធ ទាំងស្ថាប័នសាធារណៈ និងស្ថាប័នឯកជន មកចែករំលែកបទពិសោធន៍ និងធ្វើការពិភាក្សាលើនិន្នាការអភិវឌ្ឍ ក៏ដូចជាការប្រឈមរបស់វិស័យបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសក្នុងវិស័យឧស្សាហកម្ម៤.០។ នេះបើយោងតាមលោក សេង សុភាព នាយកវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT)។
លោក សុខ សុភមង្គល សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Codingateដែលជាក្រុមហ៊ុនបង្កើតគេហទំព័រ និងកម្មវិធីតាមទូរស័ព្ទសម្រាប់ក្រុមហ៊ុនអាជីវកម្ម មានសុទិដ្ឋិនិយមសម្រាប់ពិព័រណ៍បច្ចេកវិទ្យាខ្នាតធំក្នុងឆ្នាំ២០១៩មួយនេះ។
ជាវាគ្មិនម្នាក់សម្រាប់កិច្ចពិភាក្សាអំពីការប្រឈមនិងការរីកចម្រើនរបស់អាជីវកម្មក្នុងវិស័យបច្ចេកវិទ្យានេះ លោក សុខ សុភមង្គល ថ្លែងថា ពិព័រណ៍នេះគឺពិតជាមានការរៀបចំធំខុសពីពិព័រណ៍បច្ចេកវិទ្យាផ្សេងទៀត។
លោកលើកឡើងថា ប្រធានបទដែលនឹងលើកយកមកពិភាក្សា មានលក្ខណៈស៊ីជម្រៅនិងសេចក្ដីវិភាគ ដែលអាចផ្ដល់ជាទុនដល់សហគ្រិន និងយុវនិស្សិតដែលមានគំនិតផ្ដួចផ្ដើមបើកអាជីវកម្មខាងបច្ចេកវិទ្យាក្នុងប្រទេស។
លោកបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«អ៊ីចឹងនេះជាចំណុចមួយដែលបង្ហាញពីការរីកចម្រើននៅក្នុងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយមួយទៀតគឺផ្ដល់នៅការជំរុញនិងការចូលរួមពីផ្នែកមិនត្រឹមតែផ្នែកធុរកិច្ច ឬផ្នែកអាជីវកម្ម ម្ចាស់គ្រប់គ្រងអាជីវកម្មឬអី ទាក់ទងជាមួយអ្នកធ្វើការ ឬសិស្សនិស្សិតផ្សេងៗ គាត់អាចមកចូលរួមចាប់យកចំណេះដឹងទៅលើហ្នឹងដូចគ្នាដែរ»។
ទោះបីជាប្រទេសកម្ពុជាជាប្រទេសមួយក្មេងខ្ចីខាងវិស័យបច្ចេកវិទ្យានិងទូរគមនាគមន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងពីរដ្ឋាភិបាល សហគ្រិនថ្មី និងយុវនិស្សិត។
បន្ថែមលើពិព័រណ៍បច្ចេកវិទ្យា«ឌីជីថលកម្ពុជា ២០១៩» នេះ កម្ពុជាក៏តែងតែរៀបចំពិព័រណ៍បច្ចេកវិទ្យាមួយចំនួនទៀតដូចជា Barcamp ភ្នំពេញ និងមហោស្រពជាតិស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្មជាដើម។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងឃើញការបង្កើតសហគ្រាសថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅកាត់ថា Startup។ ការបង្កើតក្រុមហ៊ុនថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕