កំណត់និពន្ធ៖ លោកស្រី Ayanna Howard គឺជានាយកសាលាព័ត៌មានវិទ្យានៃវិទ្យាស្ថានបច្ចេកវិទ្យា Georgia Institute of Technology និងជាស្ថាបនិកក្រុមហ៊ុន Zyrorobotics ដែលមានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកុមារជាមួយនឹងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា STEM។ លោកស្រី Ayanna ក៏ធ្លាប់បានបម្រើការនៅអង្គការ NASA ផងដែរ។ ក្នុងដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ កាលពីដើមខែកញ្ញានេះ អ្នកជំនាញខាងវិទ្យាសាស្ត្ររបស់អាមេរិករូបនេះ បានធ្វើបាឋកថាមួយក្រោមប្រធានបទ«អនាគតវិស័យមនុស្សយន្ត និងភាពឆ្លាតវៃសិប្បនិមិត្ត»ដល់សិស្សានុសិស្សកម្ពុជា។ លោកណឹម សុភ័ក្រ្តបញ្ញា នៃ VOA បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី Ayanna Howard ក្នុងអំឡុងទស្សនកិច្ចនេះ។ លោកស្រីបានប្រាប់ VOA អំពីទស្សនៈរបស់លោកស្រីទៅលើវិស័យ STEM នៅកម្ពុជា និងសក្តានុពលនៃវិស័យដ៏សំខាន់នេះសម្រាប់កម្ពុជា។
VOA៖ សូមលោកស្រីរៀបរាប់ពីក្រុមហ៊ុន Zyrorobotics របស់លោកស្រី?
Howard៖ ចា៎ ក្រុមហ៊ុន Zyrorobotics គឺជាក្រុមហ៊ុនមួយដែលផ្តោតទៅលើការផ្តល់លទ្ធភាពឲ្យកុមារគ្រប់រូបអាចមានទំនាក់ទំនងជាមួយនឹងវិស័យ STEM។ ដូច្នេះហើយអ្វីដែលយើងធ្វើគឺយើងបង្កើតជាមធ្យោបាយ ឬឧបករណ៍ផ្សេងៗ ដែលភាគច្រើនគឺឥតគិតថ្លៃនៅតាមប្រព័ន្ធអ៊ីនធឺណិត ដែលសិស្សានុសិស្សអាចប្រើដើម្បីរៀនសរសេរកូដ ឬ រៀនគណិតវិទ្យា និងវិទ្យាសាស្រ្តឲ្យបានប្រសើរជាងមុន។
VOA៖ តើលោកស្រីមានទំនាក់ទំនងអ្វីដែរជាមួយអង្គការ NASA?
Howard៖ ចាស៎ ខ្ញុំធ្វើការឲ្យអង្គការ NASA អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ហើយតួនាទីរបស់ខ្ញុំគឺគិតគូរពីអនាគតនៃការបង្ហាញអំពីភពព្រះអង្គារ និងធ្វើយ៉ាងណាឱ្យកាន់តែវ័យឆ្លាតឡើង។ ដូច្នេះយើងនឹងអាចរកផ្លូវទៅកាន់តែឆ្ងាយជាងនេះបន្ថែមទៀត។ យើងអាចរុករកទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយមិនចាំបាច់អ្នកវិទ្យាសាស្ត្រ ឬក៏បេសកម្មដែលត្រូវការកិច្ចអន្តរាគមន៍រាល់ពេលនោះទេ។ ដូច្នេះវាគឺជាការងារដែលត្រូវត្រិះរិះដើម្បីរកឱ្យឃើញថា តើត្រូវធ្វើការងាររុករកដើម្បីធ្វើឱ្យប្រសើរជាងឡើងនោះយ៉ាងដូចម្តេច។
VOA៖ តើលោកស្រីពាំនាំអ្វីឲ្យដល់និស្សិតនៅកម្ពុជា?
Howard៖ គោលដៅរបស់ខ្ញុំគឺបង្ហាញទៅដល់និស្សិតថា វិស័យ STEM និងមនុស្សយន្តគឺជាអ្វីដែលលេចធ្លោជាងគេនាពេលអនាគត។ ហើយខ្ញុំសង្ឃឹមថា នឹងអាចធ្វើឲ្យពួកគេឃើញពីគុណតម្លៃ ដែលថា ពិភពលោកត្រូវការនិស្សិតដែលអាចធានាថាពិភពលោកយើងទាំងមូលនឹងកា្លយជាទីកន្លែងដ៏ប្រសើរឡើង។
VOA៖ តើលោកស្រីមានក្តីសង្ឃឹម និងការរំពឹងទុកអ្វីខ្លះពីនិស្សិតកម្ពុជា ក៏ដូចជាទស្សនវិស័យរបស់លោកស្រីនាពេលខាងមុខ?
Howard៖ ក្តីសង្ឃឹមនិងការរំពឹងទុករបស់ខ្ញុំគឺថា ខ្ញុំចង់ឃើញពួកគេបានឃើញនៅក្នុងពេលច្រើនឆ្នាំទៅមុខ។ ឧទាហរណ៍ នៅក្នុងរយៈពេលបួនឆ្នាំខាងមុខ ចាប់យកជំនាញណាមួយក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ហើយខ្ញុំសង្ឃឹមថា តាមរយៈការចាប់យកជំនាញនៅក្នុងវិស័យមនុស្សយន្ត ពួកគេអាចនិយាយចេញពីខ្លួនឯងផ្ទាល់ថា«ខ្ញុំជឿថា នេះជាអនាគត ដូច្នេះខ្ញុំជ្រើសយកផ្លូវដើរមួយនេះ»។
VOA៖ ចំពោះលោកស្រីផ្ទាល់ តើលោកស្រីគិតថា ដំណើរការបោះជំហានទៅមុខរបស់និស្សិតកម្ពុជានៅក្នុងវិស័យ STEM មានដល់កម្រិតណាហើយ?
Howard៖ ខ្ញុំអាចនិយាយបានថា ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយនឹងគុណភាពរបស់និស្សិតនិងការចង់ដឹង ចង់ឮ សំណួរ និងការងឿងឆ្ងល់របស់ពួកគេអំពីប្រព័ន្ធមនុស្សយន្តនៅជំនាន់ក្រោយ។ ខ្ញុំពិតជាស្ងើចសរសើរមែនទែនទាក់ទងនឹងប្រវត្តិរូប និងបទពិសោធន៍ដែលពួកគេមាន ក៏ដូចជា ការជំរុញទៅមុខគម្រោងផ្តួចផ្តើមក្នុងវិស័យ STEM។
VOA៖ តើលោកស្រីយល់ឃើញថា មានផ្នែកណាខ្លះដែរ ដែលត្រូវលើកកម្ពស់?
Howard៖ ផ្នែកតែមួយគត់ ដែលខ្ញុំយល់ឃើញថា ត្រូវលើកកម្ពស់គឺលទ្ធភាពទទួលទានធនធានផ្សេងៗដែលមាន។ មានធនធានជាច្រើន ដែលនិស្សិតមិនទាន់ទទួលបាន ហើយពួកគេគួរតែទទួលបានធនធានទាំងនោះ។
VOA៖ តើលោកស្រីគិតថា កម្ពុជាឈានដល់កម្រិតណាហើយក្នុងវិស័យ STEM?
Howard៖ ខ្ញុំគិតថា កន្លែងដែលកម្ពុជាស្ថិតនៅនាពេលបច្ចុប្បន្នគឺគ្រាន់តែជាកន្លែងចាប់ផ្តើមតែប៉ុណ្ណោះ។ បើនិយាយពីនិស្សិតវិញ ការអប់រំគឺមានហើយ។ តែខ្ញុំគិតថា អ្វីដែលត្រូវតែលើកកម្ពស់បន្ថែមទៀតនោះ គឺមូលដ្ឋានសហគ្រិនភាព។ និស្សិតដែលកំពុងតែចាប់ជំនាញនៅក្នុងវិស័យ STEM នឹងត្រូវចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្សេងៗនៅក្នុងវិស័យSTEM ដើម្បីធានាថា វិស័យ STEM ជាផ្នែកមួយនៃសេដ្ឋកិច្ច។ ខ្ញុំគិតថា នេះគួរតែជាជំហានបន្ទាប់។
VOA៖ តើលោកស្រីគិតថា រដ្ឋាភិបាល ឬវិស័យឯកជនគួរដើរតួនាទីអ្វីខ្លះនៅក្នុងបរិបទនេះ?
Howard៖ ខ្ញុំគិតថា អ្នកអាចផ្តល់ជាជំនួយក្នុងទម្រង់ជាច្រើន ដូចជាការឧបត្ថម្ភមូលនិធិផ្តួចផ្តើមជាដើម។ អ្នកអាចផ្តល់ជាការទំនុកបំរុងបឋម ប្រសិនបើអ្នកជាសហគ្រិនវ័យក្មេង ដែលចាប់ផ្តើមបង្កើតអាជីវកម្ម។ អ្នកត្រូវការធនធាន អ្នកត្រូវការទីកន្លែង។ អ្នកត្រូវចេះស្វែងរករបៀបរៃអង្គាសប្រាក់សម្រាប់ឆ្នាំដំបូងនៃការបង្កើតក្រុមហ៊ុនរបស់អ្នក។ ខ្ញុំគិតថា អ្វីៗដែលសហរដ្ឋអាមេរិកបានធ្វើជាមួយនឹងវប្បធម៌ ផ្តួចផ្តើមក្រុមហ៊ុនពីឬសគល់ ខ្ញុំគិតថា កម្ពុជាក៏អាចធ្វើដូចគ្នានេះដែរ។
VOA៖ បើនិយាយពីសាធារណជនវិញ តើលោកស្រីគិតថា សាធារណជនគួរតែដឹងអ្វីខ្លះអំពីវិស័យ STEM?
Howard៖ ខ្ញុំគិតថា សាធារណជនគួរយល់ដឹងនិងទទួលស្គាល់ថា វិស័យ STEM គឺជាអនាគត។ វិស័យនេះអាចជួយឲ្យបុគ្គលម្នាក់ ដែលរស់នៅតំបន់ជនបទ ឲ្យទទួលបានជីវភាពមធ្យម។ ខ្ញុំគិតថា វិស័យ STEM គឺជាវេទិកាប្រកួតប្រជែងគ្នាដោយស្មើភាពមួយ។ វិស័យនេះ គឺជាអ្វីដែលធ្វើឲ្យមានសមភាព ដោយសារវាពាក់ព័ន្ធនឹងការគិត និងការរៀនសូត្រមួយជំហានម្តងៗ។
VOA៖ តើលោកស្រីយល់យ៉ាងដូចម្តេចដែរចំពោះការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋនៅកម្ពុជា?
Howard៖ ការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋនៅកម្ពុជា គឺមានទំនាក់ទំនងជាមួយនឹងជនវ័យក្មេង ដែលខ្លួនខ្ញុំផ្ទាល់កោតសរសើរពួកគេយ៉ាងខ្លាំង។ ពួកគេហាក់ដូចជា ទទួលដឹងថា វិស្វកម្មគឺអំពីការមានភាពច្នៃប្រតិដ្ឋ។ វាទាក់ទងជាមួយនឹងការស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលមានពីមុនមក។ ហើយខ្ញុំច្បាស់ថា ជនវ័យក្មេងនឹងក្លាយជាវិស្វករ និងអាចដោះស្រាយបញ្ហាមួយចំនួនដែលមាននៅក្នុងសង្គម។
VOA៖ តើលោកស្រីមានដំបូន្មានអ្វីទេសម្រាប់ជនវ័យក្មេងជំនាន់ក្រោយ?
Howard៖ ដំបូន្មានមួយដែលខ្ញុំអាចឲ្យបានគឺថា ចូរធ្វើវាឡើង។ ធនធានគឺមានហើយ។ យើងអាចរកធនធានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត និងតាមមធ្យោបាយផ្សេងៗ។ អ្នកគ្រាន់តែត្រូវការជំនឿទុកចិត្តលើខ្លួនឯង ដើម្បីជំរុញទៅមុខ និងក្រសោបយកវិស័យ STEM ទាំងមូលនេះ។ ខ្ញុំពិតជា លើកទឹកចិត្តឲ្យជនវ័យក្មេងជំនាន់ក្រោយឲ្យបន្តជំរុញទៅមុខ។ ហើយប្រហែលពួកគេថែមទាំងអាចបង្រៀនអ្នកជំនាន់មុនអំពីសារៈសំខាន់នៃវិស័យនេះទៀតផងក៏ថាបាន៕