នៅក្បែរស្តង់របស់ក្រុមហ៊ុន Cellcard ដែលជាប្រព័ន្ធទូរស័ព្ទឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងត្រូវបានភ្ជាប់ដោយសញ្ញា 5G សិស្សសាលាជាង១០នាក់ កំពុងតែលេងហ្គេម ដើម្បីឈ្នះរង្វាន់នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា (Digital Cambodia) ដែលធ្វើឡើងនៅកោះពេជ្រ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
ពិព័រណ៍នេះមានការចូលរួមពីវាគ្មិន និងអ្នកជំនាញ ជាង១០០នាក់មកពីក្នុងតំបន់ រួមមានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា តំណាងផ្នែកឯកជន អ្នកជំនួញ អ្នកស្រាវជ្រាវ និងតំណាងក្រុមហ៊ុនផ្សេងៗ។
ឈរនៅជិតស្តង់នោះ គឺជាយុវជនម្នាក់ ឈ្មោះ ហាក់ គីមហេង រៀនថ្នាក់ទី៩ នៅវិទ្យាល័យបឹងកេងកងនៅភ្នំពេញ។ លោកបាននិយាយថា ម្តាយរបស់លោកបានអនុញ្ញាតឲ្យលោកប្រើទូរស័ព្ទ ដើម្បីទាក់ទងគ្នា កាលពីពីរបីខែមុន ក្រោយពេលលោកបានប្តូរសាលាពីខេត្តកណ្តាល មករៀននៅភ្នំពេញ។
យុវជនអាយុ១៦ឆ្នាំនោះ បន្តថា លោកបានបង្កើតគណនីសម្រាប់ប្រព័ន្ធសង្គមហ្វេសប៊ុកមួយសម្រាប់ប្រើប្រាស់ និងទាញយកកម្មវិធីមួយចំនួនផងដែរ រួមមានប្រព័ន្ធសង្គម Youtube។ ក្នុងចំណោមកម្មវិធីដែលទាញយកមកប្រើនោះ ក៏មានកម្មវិធីមួយឈ្មោះថា «Khmer Academy» ដែលមានមេរៀនទាក់ទងនឹងគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។
លោកបន្តថាលោកក៏បានប្រើប្រាស់ YouTube សម្រាប់មើលបាល់ទាត់ ប្រហែលមួយម៉ោងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា គីមហេង លើកឡើងថា សេវាអ៊ីនធឺណិត មិនទាន់ពេញចិត្តលោកនៅឡើយទេ។
លោកបានប្រាប់ VOA ថា៖ «ខ្ញុំថាចង់បានលឿនជាងហ្នឹង ព្រោះអ៊ីនធឺណិត វារៀងslow [យឺត]។ បើវាអត់ទាក់ រូបភាពវាអត់ច្បាស់ទេ។ ខឹងម្តង ចង់ដូរស៊ីម ព្រោះវាទាក់ពេក»។
ក្នុងថ្នាក់របស់ គីមហេង មានតែសិស្ស២នាក់ប៉ុណ្ណោះក្នុងចំណោម២៥នាក់ ដែលពុំមានទូរស័ព្ទប្រើប្រាស់។
នៅពេលសួរអំពីបច្ចេកវិទ្យា 5G លោក គីមហេង និយាយថា លោកមិនយល់ច្បាស់ថាអ្វីនោះទេ តែលោកថាចង់បានសេវាអ៊ីនធឺណិតលឿន។
5G គឺជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលអាចផ្តល់អ៊ីនធឺណិតលឿនជាង 4G និង 3G ដែលកម្ពុជាកំពុងតែប្រើប្រាស់។ ជាមួយ 5G ប្រជាជនអាចប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក មើលវីដេអូតាម YouTube និងទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់បានលឿនជាងមុន។
នៅមិនឆ្ងាយប៉ុន្មានពីនោះ ក្នុងបន្ទប់មួយ អ្នករៀបចំកម្មវិធីកំពុងតែចាប់ផ្តើមបើកកម្មវិធីសម្រាប់ពិព័រណ៍នេះ។ តំណាងក្រុមហ៊ុន Huawei របស់ចិនប្រចាំនៅកម្ពុជា ត្រូវបានអញ្ជើញឲ្យឡើងថ្លែងនៅក្នុងពិធីនោះមុនគេ។
នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក David Li អគ្គនាយកក្រុមហ៊ុន Huawei បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានព្យាយាមជួយកម្ពុជាឲ្យមានភាពល្អប្រសើរផ្នែកបច្ចេកវិទ្យា។
លោកបានថ្លែងថា៖ «ជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ការអភិវឌ្ឍផ្នែកឌីជីថលនៅកម្ពុជា គឺនឹងផ្តល់ក្តីសង្ឃឹមជាមួយលទ្ធផលកាន់តែអស្ចារ្យនៅក្នុងឆ្នាំខាងមុខ»។
លោកបន្តថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមការរកស៊ីនៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ និងបានប្តេជ្ញាក្នុងការជួយកម្ពុជាឲ្យមានបច្ចេកវិទ្យាទំនើបៗ ក្នុងនោះមានការសន្យាថា នឹងនាំបច្ចេកវិទ្យាអ៊ីនធឺណិតចុងក្រោយ គឺ 5G មកកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ដូច្នេះធ្វើការជាមួយប្រតិបត្តិករ យើងបានដំណើរការ 2G 3G 4G និងកំពុងឆ្ពោះទៅរក 5G។ ដូច្នេះ ក្នុងនាមជាអ្នកចាប់ផ្តើមដំបូងគេ 5G ក្រុមហ៊ុន Huawei បានចាប់ផើ្តមសិក្សា និងស្រាវជ្រាវអំពី 5G អស់រយៈពេល១០ឆ្នាំមកហើយ»។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ យើងគឺជាអ្នកដែលអាចផ្តល់ប្រព័ន្ធ 5G មួយល្អ។ ខ្ញុំជឿថា ឆ្នាំ២០១៩នេះ នឹងជាឆ្នាំអស្ចារ្យសម្រាប់ 5G នៅក្នុងប្រទេសកម្ពុជា។ ហើយ 5G គឺនឹងចូលរួមយ៉ាងខ្លាំងសម្រាប់កម្ពុជាឌីជីថល»។
លោក Thomas Hundt អគ្គនាយកនៃក្រុមហ៊ុនទូរស័ព្ទ Smart Axiata បានថ្លែងប្រាប់ VOA នៅកន្លែងតាំងពិព័រណ៍ថា ក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននេះ បានរៀបចំដំណើរឆ្ពោះទៅរក 5G។ ប៉ុន្តែលោកបានបដិសេធក្នុងការបង្ហាញឈ្មោះក្រុមហ៊ុនដែលកំពុងធ្វើការជាមួយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចបង្ហាញដៃគូដែលខ្ញុំធ្វើការជាមួយនោះទេ»។ ប៉ុន្តែលោកថា ក្រុមហ៊ុន Huawei គឺជាដៃគូរបស់ Smart ក្នុងចំណោមដៃគូផ្សេងទៀតដែលបានសហការជាមួយគ្នាកាលពីកន្លងទៅ។ លោកបញ្ជាក់ថា៖ «យើងកំពុងតែធ្វើការជាមួយក្រុមហ៊ុនជាច្រើន។ យើងកំពុងពិនិត្យមើលថាតើនរណាអាចផ្តល់ការរៀបចំល្អបំផុតសម្រាប់យើង»។
លោកបន្ថែមថា ការប្រើប្រាស់ទិន្នន័យតាមទូរស័ព្ទនៅកម្ពុជា គឺមានចំនួនច្រើនជាងសមត្ថភាពនៃប្រព័ន្ធ 4.5G ដែលក្រុមហ៊ុនរបស់លោកកំពុងតែផ្តល់ឲ្យអ្នកប្រើប្រាស់ ដែលលោកមើលឃើញថាជាតម្រូវការមួយក្នុងការឆ្ពោះទៅរកបច្ចេកវិទ្យាទំនើបមួយជំហានទៀត។
លោកបញ្ជាក់បន្ថែមថា៖ «សុទិដ្ឋិនិយមរបស់ខ្ញុំ គឺវិជ្ជមានសម្រាប់កម្ពុជានឹងអាចលោតទៅរក និងជាប្រទេសដំបូងនៅអាស៊ាន ដែលនៅទីបំផុត អាចចាប់ផ្តើម 5G ក្នុងឆ្នាំនេះ»។
កាលពីខែតុលាឆ្នាំមុន ក្រុមហ៊ុនទូរស័ព្ទ Cellcard ដែលគ្រប់គ្រងដោយឧកញ៉ា គិត ម៉េង បានរៀបចំព្រឹត្តិការណ៍មួយឈ្មោះថាដំណើរឆ្ពោះទៅកាន់ 5G បន្ទាប់ពីក្រុមការងាររបស់គេបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន និងបានធ្វើតេស្តសាកល្បងបានជោគជ័យសម្រាប់បច្ចេកវិទ្យាមួយនេះ។
លោក Ian Watson អគ្គនាយកក្រុមហ៊ុន Cellcard បានថ្លែងកាលនោះថា ក្រុមហ៊ុនបានរៀបចំរួចរាល់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ 5G ដើម្បីអាចដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៩នេះ។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សុខ ពុទ្ធីវុធ បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលចង់ជំរុញឲ្យមានបច្ចេកវិទ្យានេះឲ្យបានឆាប់សម្រាប់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «តាមគោលការណ៍ យើងចង់រុញឲ្យបានលឿន។ បាទអញ្ចឹងយើងកំពុងរៀបចំផែនការ ក្នុងការជំរុញឲ្យបាន 5G មានការងារច្រើនដែលត្រូវធ្វើ»។
លោកបន្តថា ប្រទេសណាមួយដែលមានសក្តានុពលលើបច្ចេកវិទ្យានេះ កម្ពុជានឹងសហការជាមួយ។ លោកមានប្រសាសន៍ថា៖ «ប្រទេសណាដែលខ្លាំងនៅក្នុងផ្នែកណាមួយ គឺយើងនឹងសហការជាមួយផ្នែកណាដែលគាត់ពូកែ។ អញ្ចឹងគឺយើងអត់ផ្តោតទៅលើប្រទេសណាមួយទេ។ អ្នកណាដែលមានបច្ចេកទេសដែលអាចជួយយើង បច្ចេកទេសខ្ពស់ជាងគេ ស្តង់ដារល្អជាងគេ ហើយនិងតម្លៃសមរម្យជាងគេ យើងនឹងសហការជាមួយគាត់បាទ»។
លោកបន្តថា រដ្ឋាភិបាលបានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនអំពីបច្ចេកវិទ្យា 5G នេះ រួមមានចិន ជប៉ុន កូរ៉េ អាមេរិក រួមទាំងអឺរ៉ុបផងដែរ។
លោក សុខ ពុទ្ធីវុធ បានឲ្យដឹងទៀតថា រដ្ឋាភិបាលក៏បានកំពុងគិតគូពីការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសុវត្ថិភាព។
លោកមានប្រសាសន៍ថា៖ «ទន្ទឹមនឹងនេះ ក៏យើងបានគិតគូច្រើនហើយ ទាក់ទងនឹងការស៊ីជម្រៅទៅលើ Cyber Security [សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត] ទាក់ទងទៅនឹងការគ្រប់គ្រងបណ្តាញ Network នៅក្នុងទូទាំងប្រទេស ការទុកដាក់ទៅលើព័ត៌មាន។ អញ្ចឹងសុទ្ធតែប្រព័ន្ធសំខាន់ៗ»។
ក្រសួងប្រៃសណីយ៍បានឲ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ២០១៩នេះ ចំនួនទូរស័ព្ទចល័តសរុបនៅកម្ពុជាមានប្រហែល១៩,៥លានស៊ីមកាត គឺស្មើប្រមាណ១២០ភាគរយ បើប្រៀបធៀបនឹងចំនួនប្រជាជនសរុបនៅកម្ពុជាប្រមាណ១៦លាននាក់។ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត សរុបជាង១៣,៥លាន គឺប្រមាណ៨២ភាគរយនៃចំនួនប្រជាជនកម្ពុជា។ ចំណែកអ្នកប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុក មានចំនួនសរុបប្រមាណជា៧លានគណនី។
ការយល់ដឹងអំពីបច្ចេកវិទ្យាអ៊ីនធឺណិត គឺស្ថិតនៅកម្រិតទាបនៅឡើយសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល បានចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធបង់លុយតាមអនឡាញផងដែរ។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានថ្លែងនៅក្នុងពិពរណ៍បច្ចេកវិទ្យាថា ប្រទេសកម្ពុជាបាននិងកំពុងរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល ដូចដែលមានក្នុងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។
លោកបានថ្លែងជាភាសាអង់គ្លេសថា៖ «កម្ពុជាគឺប្តេជ្ញាខ្ពស់ដើម្បីភ្ជាប់ប្រទេស និងធានាថាផលប្រយោជន៍នៃប្រព័ន្ធបច្ចេកវិទ្យានឹងទៅដល់តំបន់ដាច់ស្រយាលបំផុតផងដែរ និងសហគមន៍ដែលរងគ្រោះបំផុត»។ លោកបន្ថែមថាប្រព័ន្ធ និងសេវា នឹងត្រូវបានពង្រីកទៅដល់ឃុំទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០។
នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពី«គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា» កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា៖ «កម្ពុជាអាចនឹងត្រូវការរយៈពេល៥ឆ្នាំទៀត ដើម្បីបង្កើតនូវមូលដ្ឋានត្រឹមត្រូវគ្រប់ជ្រុងជ្រោយមួយ ឬដើម្បីត្រៀមខ្លួនរួចរាល់នូវផ្នែកឌីជីថល ហើយត្រូវការរយៈពេល៥ទៅ១០ឆ្នាំបន្ទាប់ ឬច្រើនជាងនេះ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខដោយបច្ចេកវិទ្យាព័ត៌មាន»។
ជាមួយការវិនិយោគយ៉ាងគំហុក កំណើនអ្នករកស៊ីរបស់ចិន កំណើនសំណង់អគារ កាស៊ីណូ ផ្សារទំនើប និងកន្លែងបម្រើសេវាដល់ជនជាតិចិន ក្នុងខេត្តព្រះសីហនុ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងខែមីនានេះថា រដ្ឋាភិបាលចិននឹងនាំយកអ្នកបច្ចេកទេសចិនដែលមានជំនាញខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មានមកកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ហើយឮព័ត៌មានថាអ្នកបច្ចេកទេសខ្ពស់ ICT (បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន) ហ្នឹង ចិនយកមកដាក់នៅស្រុកខ្មែរដែលជាផលសង្ឃឹមទុកជា Silicon Valley។ ដូច្នេះខ្ញុំមិនគិតដល់ថា កំពង់សោមជា Silicon Valley នៅកាលីហ្វរញ៉ា ដែលជាមជ្ឈមណ្ឌល IT (បច្ចេកវិទ្យាព័ត៌មាន) នោះទេ ក៏ប៉ុន្តែខ្ញុំជឿប្រហែលជាអញ្ចឹងដែរ»។
លោក មាស ប៉ូ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា រដ្ឋាភិបាលមិនទាន់សម្រេចយកក្រុមហ៊ុនណានៅឡើយទេ ប៉ុន្តែបានពិភាក្សាជាមួយក្រុមហ៊ុនជាច្រើនក្នុងនោះមានក្រុមហ៊ុនចិនផងដែរ។ លោកបញ្ជាក់ថា ការសម្រេចគឺស្ថិតនៅលើថ្នាក់ដឹកនាំនៅពេលខាងមុខ។
លោកបានថ្លែងប្រាប់ VOA ថា៖ «យើងអត់ទាន់កំណត់ថាយើងនឹងជ្រើសរើសក្រុមហ៊ុនណាមួយមកធ្វើជាដៃគូយើងទេ»។
លោកបញ្ជាក់ថា កម្ពុជាកំពុងសិក្សាបន្ត និងជ្រើសរើសក្រុមហ៊ុនណាដែលផ្តល់គុណភាពល្អ និងតម្លៃអាចទទួលយកបាន។ អ្នកនាំពាក្យរូបនោះមានប្រសាសន៍ថា មន្រ្តីជំនាញកំពុងតែរៀបចំឲ្យមានបច្ចេកវិទ្យា 5G នៅក្នុងខេត្តសៀមរាប ឲ្យបានដំបូងគេ ដើម្បីបម្រើវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះ។
ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៦,២លាននាក់ ហើយក្នុងនោះទេសចរជនជាតិចិនបានមកច្រើនជាងគេ មានទៅដល់១,៩លាននាក់។ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានទេសចរចិនយ៉ាងតិច៣លាននាក់ក្នុងឆ្នាំ២០២០។
ពិភពលោកកំពុងតែពិភាក្សាក្នុងការទទួលយក 5G របស់ក្រុមហ៊ុនចិន Huawei ទាក់ទងនឹងការទុកចិត្ត និងសុវត្ថិភាពលើបច្ចេកវិទ្យាមួយនេះ។ ប្រទេសមួយចំនួននៅអឺរ៉ុបបានបដិសេធមិនទទួលយកបច្ចេកវិទ្យារបស់ចិន ខណៈសហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលកុំឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ចិន។ ប៉ុន្តែប្រទេសជាសមាជិកអាស៊ាន ទំនងជាទទួលយកបច្ចេកវិទ្យាមួយនេះ។
ទីភ្នាក់ងារចារកម្មរបស់អាល្លឺម៉ង់បាននិយាយនៅក្នុងខែមីនាថា ក្រុមហ៊ុន Huawei មិនមែនជាដៃគូទុកចិត្តនោះទេ ដើម្បីកសាងប្រព័ន្ធ 5G។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធម្តងហើយម្តងទៀតថា មិនមានរដ្ឋាភិបាលចិននៅពីក្រោយបច្ចេកវិទ្យាមួយនេះ ហើយថាមិនមានភស្តុតាងណាមួយបញ្ជាក់ពីការព្រួយបារម្ភនេះទេ។
លោក Thomas Hundt អគ្គនាយកនៃក្រុមហ៊ុន Smart Axiata បានថ្លែងថា ក្រុមហ៊ុនដែលនឹងធ្វើការជាមួយក្រុមហ៊ុនរបស់លោកលើបច្ចេកវិទ្យា 5G នេះ ត្រូវតែធានាថាឧបករណ៍របស់គេល្អ និងសុវត្ថិភាព។
ទាក់ទងនឹងការបារម្ភអំពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត 5G លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ «នៅប្រទេសណា នៅស្រុកណា ក៏គេមានប្រព័ន្ធសុវត្ថិភាពរបស់គេដែរ។ មិនមែនយើងចេះតែទាញយកទិន្នន័យពីអ្នកនេះ អ្នកនោះបានស្រេចចិត្ត ដូចគាត់យល់អញ្ចឹងទេ។ នោះគឺជាទស្សនៈមួយដែលយើងមិនអាចទទួលយកបានទេ»។
កញ្ញា ងួន សុម៉ាលី ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ និងបច្ចេកវិទ្យានៅសាកលវិទ្យាល័យផ្នែកបច្ចេកវិទ្យាមួយនៅក្នុងអឺរ៉ុបខាងកើតបាននិយាយថា កញ្ញាមានការព្រួយបារម្ភអំពីក្រុមហ៊ុនចិនដែលអាចនឹងផ្តល់បច្ចេកវិទ្យា 5G មកកម្ពុជា។
កញ្ញាបានថ្លែងប្រាប់ VOA ថា៖ «ទាក់ទងជាមួយប្រទេសចិន យើងដឹងស្រាប់ហើយ គាត់មិនមែនជាប្រទេសសេរីទេ ហើយបញ្ហា Privacy [ឯកជនភាព] មិនមែនជា Priority [អាទិភាព] របស់គេទេ»។
កញ្ញា សុម៉ាលី ដែលបានសរសេរសារណាបញ្ចប់ថ្នាក់អនុបណ្ឌិតអំពីសេរីភាពបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា មិនចាប់អារម្មណ៍នឹងទិន្នន័យឯកជនរបស់ពួកគេនោះទេ មិនដូចប្រជាជននៅអឺរ៉ុប៕