អ្នកជំនាញលើកឡើងថាចំនួនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាដែលទទួលចំណេះដឹងផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅមានកម្រិត ខណៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមកើនឡើងកាន់តែច្រើន។
នេះជាការលើកឡើងរបស់អ្នកពាក់ព័ន្ធក្នុងសន្និសីទលើកទី៣ស្តីអំពីបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញដែលមានការចូលរួមពីអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងយុវជនជាង៥០នាក់។
នៅក្នុងសន្និសីទនោះ កញ្ញា ហុក លីដា មន្រ្តីគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងជាគ្រូបង្គោលនៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ប្រាប់វីអូអេថាប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់នៅយុគសម័យឌីជីថល ហើយមនុស្សគ្រប់រូបសុទ្ធតែប្រើប្រាស់បណ្តាញសង្គមក្នុងការទទួលបានព័ត៌មាន។ កញ្ញាសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះ សកម្មភាពនៃការឆបោក ការគំរាមកំហែង ការចែកចាយព័ត៌មានមិនពិត និងក្លែងក្លាយ ក៏ដូចជាករណីលួចទិន្នន័យផ្ទាល់ខ្លួន បានកើតមានជារឿយៗ។ កញ្ញាបន្ថែមថាអ្នកខ្លះបានក្លាយជាជនរងគ្រោះដោយមិនខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយ ឬក្នុងបណ្តាញសង្គម។
កញ្ញាថ្លែងថា៖«ប្រសិនជាយើងជាអ្នកប្រើប្រាស់បើយើងមិនមានបំណិន ឬជំនាញប្រើប្រាស់វាឱ្យបានល្អទេ យើងក៏មានឱកាសធ្លាក់ខ្លួនជាvictim [ជនរងគ្រោះ] នៅក្នុងបញ្ហាទាំងអស់ហ្នឹងដែរ។ អ៊ីចឹងនេះជាមូលហេតុដែលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទៅដល់អ្នកប្រើប្រាស់មានចំណេះនៅក្នុងការធ្វើម៉េចប្រើប្រាស់ទៅមានទំនួលខុសត្រូវ ហើយមានសុវត្ថិភាពនៅលើប្រព័ន្ធ social media [បណ្តាញសង្គម] ទាំងអស់ហ្នឹង»។
បើតាមកញ្ញា ហុក លីដា ៣០%នៃប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ និងមានវិជ្ជាជីវៈ ដែលបង្ហាញថាការយល់ដឹងរបស់អ្នកប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។
កញ្ញាបន្ថែមថាខណៈយុវជនប្រើប្រាស់បណ្តាញសង្គមច្រើន ដូច្នេះកញ្ញាចង់ឱ្យពួកគេទទួលបានការចេះប្រើប្រាស់បណ្តាញសង្គមមួយដែលអាចឱ្យពួកគេអាចទាញយកផលប្រយោជន៍ពីកម្មវិធីទាំងនោះ។
កញ្ញាថ្លែងថា៖ «ជាពិសេសដោយសារតែយើងមើលឃើញថាយុវជនភាគច្រើនគាត់មានភាពសកម្មនៅលើបណ្តាញសង្គម ហើយយើងចង់ពួកគាត់ក្រៅពីការEntertain [កម្សាន្ត] ក៏គាត់អាចទាញយកនូវផលប្រយោជន៍ជាច្រើនតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្នឹងហើយមួយវិញទៀតបើគាត់អាចអភិវឌ្ឍខ្លួនឯងឱ្យជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានន័យថាគាត់ផលប្រយោជន៍ជាច្រើនពីបណ្តាញសង្គមហ្នឹង»។
កញ្ញា សេង ស៊ីណេត តំណាងក្រសួងអប់រំ យុវជន និងកីឡា លើកឡើងក្នុងសន្និសីទនោះថាក្រសួងអប់រំបានចុះអនុសារណៈយោគយល់ជាមួយអង្គការ DW Akademia ក្នុងការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានចូលទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀនទូទាំងប្រទេស។ កញ្ញាបន្តថាសិស្សានុសិស្សជាង៥០០០នាក់បានទទួលការអប់រំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ហើយវាដើរតួនាទីយ៉ាងសំខាន់ជាពិសេសអំឡុងវិបត្តិជំងឺកូវីដ១៩ ដោយអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានជួយសម្រួលដល់ការសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូបង្រៀន។
កញ្ញាបញ្ជាក់ទៀតថាក្រសួងអប់រំកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយក្នុងការដាក់បញ្ចូល និងអភិវឌ្ឍអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅគ្រប់កម្រិតសិក្សាក្នុងប្រទេស។
កញ្ញាថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ « ក្រសួងអប់រំបានបញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់យើង ទៅក្នុងអក្ខរកម្មឌីជីថលនៃសៀវភៅ ITC ថ្នាក់ទី១១ និងទី១២របស់យើង។ ហើយបច្ចុប្បន្នយើងក៏រួមបញ្ចូល MIL [អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន] នៅក្នុងកម្មវិធីសិក្សាថ្មីរបស់យើង បានអភិវឌ្ឍទៅជាសៀវភៅអត្ថបទរួចហើយពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ប៉ុន្តែយើងមិនទាន់បញ្ចប់សម្រាប់ការដាក់បញ្ចូលទៅក្នុងថ្នាក់បឋមសិក្សានៅឡើយទេ»។
លោក ពិន ប៊ុនយែម អាយុ២៣ឆ្នាំ មកពីខេត្តរតនគិរី ប្រាប់វីអូអេថាមុនពេលចូលរួមការបណ្តុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានថាការប្រើប្រាស់របស់រូបលោកមានហានិភ័យខ្ពស់ដោយសារតែការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមនៅមានកម្រិត។ លោកបន្តថាក្រោយពីបានសិក្សាការបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរួចមក លោកយល់ដឹងបានច្រើនអំពីប្រព័ន្ធផ្សព្វផ្សាយ ពិសេសគឺយល់អំពីព័ត៌មានពិត និងមិនពិតក្នុងបណ្ដាញសង្គម។
លោកថ្លែងថា៖ «សព្វថ្ងៃយើងឃើញថាព័ត៌មានហ្នឹងគឺច្រើនមែនទែន អ្នកខ្លះព័ត៌មានយូរហើយប៉ុន្តែទើបមកផុសទៅគេអត់ដឹងទេ អញ្ចឹងទៅវាអាចបង្កជាភាពចលាចលមួយដែរ អាចធ្វើឱ្យមានការវែកញែក ការតវ៉ា និងការវិវាទគ្នានៅលើបណ្ដាញសង្គមហ្នឹងក៏មានដែរ»។
យុវជនរូបនេះលើកឡើងថាការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ អាចមានផលប៉ះពាល់ច្រើនទៅដល់សង្គម ព្រោះសព្វថ្ងៃនេះ បណ្តាញសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ក្មេងៗ និងមនុស្សចាស់ ដូច្នេះការចែកចាយព័ត៌មានដែលមិនស្គាល់ប្រភពច្បាស់លាស់អាចធ្វើឱ្យប៉ះពាល់ដល់ពួកគេ។
លោកថ្លែងថា៖ «ពេលខ្លះគាត់ព័ត៌មានចេញមកអញ្ចេះទេ ប៉ុន្តែគាត់ជឿស្លុងហើយទៅប្រាប់តៗគ្នាផ្សេងទៀតទៅបង្កជាការភ័យខ្លាច»។
ចំណែកយុវតីមួយរូបទៀតដែលមកពីខេត្តរតនគិរីដូចគ្នានោះ ក៏កញ្ញា សោម ស្រីពេជ្រ បានលើកឡើងដែរថារូបគេធ្លាប់ធ្លាក់ក្នុងការឆបោកតាមរយៈបណ្តាញសង្គម មុនពេលដែលកញ្ញាទទួលបានចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ កញ្ញាបន្តថាក្រោយបានទទួលការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ វាបានផ្លាស់ប្តូរកញ្ញាឱ្យចេះប្រុងប្រយ័ត្ន និងការប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព។
កញ្ញាថ្លែងថា៖ «វាផ្លាស់ប្តូរដោយសារនៅពេលដែលយើងចាប់ផ្តើមដឹងចំណុចទាំងអស់ហ្នឹងហើយ យើងចេះយកវាមកអនុវត្តផ្ទាល់មានន័យថាការពារគណនីរបស់យើងឱ្យភាពល្អប្រសើរជាងមុន»។
កញ្ញាក៏សំណូមពរ និងណែនាំឱ្យមនុស្សទូទៅត្រូវចេះប្រើប្រាស់ និងត្រួតពិនិត្យព័ត៌មានឱ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តចែកចាយបន្ត ដែលបង្កផលប៉ះពាល់ ឬហានិភ័យណាមួយដល់សង្គម៕