ការសិក្សាមួយរបស់អង្គការ UNICEF និង UNFPA ដែលជាបណ្តាញរបស់អង្គការសហប្រជាជាតិរកឃើញថា ក្មេងជំទង់នៅកម្ពុជាម្នាក់ក្នុងចំណោម៧នាក់ដែលមានអាយុចន្លោះពី១០ទៅ១៩ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្តបណ្តាលមកពីការបិទសាលារៀនអំឡុងវិបត្តិជំងឺកូវីដ១៩។
របាយការណ៍របស់អង្គការ UNICEF ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បង្ហាញថា នៅក្នុងឆ្នាំ២០២២ មនុស្សប្រមាណ៩០០នាក់នៅកម្ពុជា បានធ្វើអត្តឃាត ដែលភាគច្រើនមានអាយុចន្លោះពី១៥ទៅ១៩ឆ្នាំ ហើយនៅទូទាំងសកលលោក អត្តឃាតជាមូលហេតុនាំមុខគេទី៤នៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេង។
របាយការណ៍ដដែលបន្តថា ប្រជាជនកម្ពុជាប្រមាណជាកន្លះលាននាក់ ទទួលរងផលប៉ះពាល់ដោយសារវិបត្តិបាក់ទឹកចិត្ត ឬការថប់បារម្ភដែលជាកត្តារួមចំណែកដ៏ធំចំពោះការធ្វើអត្តឃាត ហើយប្រមាណជា៥៨%នៃសិស្សនៅថ្នាក់មធ្យមសិក្សាទទួលរងបញ្ហាសុខភាពផ្លូវចិត្ត យ៉ាងហោចណាស់មួយករណី បន្ទាប់ពីមានការបិទសាលារៀនយ៉ាងយូរ ដោយសារតែជំងឺកូវីដ១៩។
អង្គការ UNICEF បញ្ជាក់ថា៖ «ជំងឺរាតត្បាតកូវីដ១៩នេះ បានធ្វើឱ្យគ្រួសារជិតកន្លះលានធ្លាក់ខ្លួនក្នុងភាពក្រីក្រ ដោយធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ ហើយករណីរំលោភបំពាន និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រកើនឡើងកាន់តែច្រើន ដោយកុមារ និងក្មេងជំទង់ប្រមាណ៤០% បានទទួលរងអំពើហិង្សា និងការបំពានផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងផងដែរ»។
លោក មាស ប៊ុនលី មន្ត្រីទំនាក់ទំនងនៃអង្គការ UNICEF ប្រាប់វីអូអេថា មូលហេតុដែលបណ្តាលឱ្យក្មេងជំទង់ទទួលរងវបត្តិផ្លូវចិត្តគឺបណ្តាលមកពីបញ្ហានានារួមមាន បញ្ហាគ្រួសារ សង្គម និងការប្រើប្រាស់អ៊ីនធឺណិតជាដើម។ លោកថា នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជាពុំទាន់សូវមានសេវាគាំទ្រសុខភាពផ្លូវចិត្តទូលំទូលាយរបស់ក្មេងជំទង់នៅឡើយទេ ហើយវាក៏អាចជះផលប៉ះពាល់មួយចំនួនទៅដល់សុខភាព និងការរស់នៅរបស់ក្មេងជំទង់ និងសង្គមជារួមផងដែរ។
លោកថ្លែងថា៖ «នៅពេលដែលសុខភាពផ្លូវចិត្តរបស់គាត់ជួបបញ្ហាគឺមានន័យថា សុខភាពទូទៅរបស់គាត់ក៏មានបញ្ហាដែរ ពីព្រោះថា សុខុមាលភាពគឺសំដៅទៅលើទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ អ៊ីចឹងនៅពេលដែលយុវជនពុំមានសុខភាពផ្លូវចិត្ត ឬសុខុមាលភាពល្អពេញលេញ វាប៉ះពាល់ទៅនឹងសង្គមច្រើនណាស់រួមទាំងបញ្ហាផលខ្លួន គ្រួសារគាត់ រួមទាំងការសិក្សា ការចូលរួមអភិវឌ្ឍសង្គម អាក្រក់ជាងនេះទៀតអាចបង្កើតបញ្ហាផ្សេងៗទៅដល់សង្គមផងដែរ»។
លោកបន្ថែមថា អង្គការ UNICEF បានចាប់ផ្តើមយុទ្ធនាការអប់រំសុខភាពផ្លូវចិត្តទៅមនុស្សទូទៅតាមរយៈអនឡាញ ឱ្យទទួលបានការយល់ដឹងពីការថែទាំ និងយកចិត្តទុកដាក់ពីសុខភាពផ្លូវចិត្តរបស់ពួកគេ។ លោកបញ្ជាក់ទៀតថា UNICEF និងUNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់សម្រាប់កុមារវ័យជំទង់ យុវជន និងមនុស្សទូទៅដោយមិនមានការរើសអើងដើម្បីទទួលបានការគាំទ្រដែលមានប្រសិទ្ធភាព។
បើតាមលោក មាស ប៊ុនលី រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ រួមទាំងសាមីខ្លួន និងក្រុមគ្រួសារ ហើយអ្នកដែលទទួលរងវិបត្តិផ្លូវចិត្តត្រូវក្លាហានក្នុងការនិយាយចេញនូវបញ្ហារបស់ខ្លួន ដើម្បីឱ្យមានជាដំណោះស្រាយណាមួយពីអ្នកជំនាញ។ លោកបញ្ជាក់ទៀតថា ភាគីពាក់ព័ន្ធនានាគួរដាក់បញ្ចូលសេវាថែទាំ និងអប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀន និងមន្ទីរពេទ្យជាដើម ហើយព្យាយាមពន្យល់ថាសុខភាពផ្លូវជារឿងដែលធម្មតា និងចាំបាច់ក្នុងទទួលសេវាព្យាបាលថែទាំ។
លោកថ្លែងថា៖ «យន្តការដែលមានប្រសិទ្ធភាពបំផុតនោះគឺ ដំបូងត្រូវនិយាយចេញអំពីបញ្ហាសុខភាពផ្លូវចិត្តនេះ កុំគិតថាវារឿងដែលគួរខ្មាសអៀនដែលទទួលរងនូវការមាក់ងាយ គឺត្រូវតែនិយាយចេញ។ […] បន្ទាប់ពីដឹងហើយយើងផ្តល់ការគាំទ្រ បន្ទាប់ពីការគាំទ្រហើយ យើងត្រូវតែបញ្ចូលនូវបញ្ហាសុខភាពផ្លូវចិត្តទៅក្នុងសហគមន៍ទៅក្នុងសាលារៀន ទៅក្នុងសេវាកម្មនានា ដូចជានៅក្នុងមន្ទីរពេទ្យជាដើម ទៅមណ្ឌលថែទាំធ្វើយ៉ាងម៉េចឱ្យវាក្លាយជាបញ្ហាដែលហៅថាធម្មតា ដែលប្រជាពលរដ្ឋពិសេសយុវជន និងកុមារគាត់មានសិទ្ធិទទួលបាន»។
យុវជន លូ សុធារិទ្ធ សិស្សថ្នាក់ទី១០នៃវិទ្យាល័យទួលប្រាសាទសែនសុខ ក្នុងរាជធានីភ្នំពេញប្រាប់វីអូអេថា លោកធ្លាក់ទឹកចិត្តក្នុងអំឡុងការបិទសាលារៀនក្នុងរយៈពេលយូរកាលពីវិបត្តិជំងឺកូវីដ១៩ ដោយលោកបានបាត់បង់អារម្មណ៍ក្នុងការសិក្សា និងមិនអាចធ្វើអ្វីបានក្រៅពីសង្ងំនៅក្នុងផ្ទះ។
យុវជនរូបនេះថ្លែងថា៖ «មានបងបាក់ទឹកចិត្តត្រង់ប៉ាម៉ាក់គាត់ចាប់ផ្តើមថា មិនបាច់ខំរៀនអីទៀតទេ ក្នុងអំឡុងពេលហ្នឹងគាត់ឱ្យយើងឈប់រៀនសិន។ គាត់ឱ្យយើងទៅជួយធ្វើការងារគាត់វិញ ហើយតែពេលខ្លះយើងលួចរៀនអីតិចៗ»។
យ៉ាងណាមិញ យុវជនអាយុ១៦ឆ្នាំរូបនេះលើកឡើងថា ក្រោយជំងឺកូវីដ១៩បានស្ងប់ស្ងាត់ទៅ រូបគេបានត្រឡប់ទៅសិក្សាក្នុងថ្នាក់រៀន និងបានជួបជាមួយមិត្តភ័ក្តិជាធម្មតា ដែលធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់គេមានភាពប្រសើរជាមុន។
លោក ហឿ សេថុល ស្ថាបនិកសេវាព្យាបាល និងអប់រំតាមបែបចិត្តសាស្ត្រ (KCPS) និងជាប្រធានសមាគមអ្នកប្រឹក្សា និងចិត្តសាស្រ្តកម្ពុជា (CACP) ប្រាប់វីអូអេថា វិបត្តិ ឬបញ្ហាផ្លូវចិត្តទៅលើក្មេងជំទង់ក្នុងប្រទេសកម្ពុជា កើតមានមុនជំងឺរាតត្បាតកូវីដ១៩ បង្កឡើងដោយកង្វះការគាំទ្រពីគ្រួសារ និងបរិបទរបស់សង្គម។ លោកបន្តថា វិបត្តិផ្លូវចិត្តក៏អាចឆ្លងពីមួយជំនាន់ទៅមួយជំនាន់ (Generation Trauma) ដែលបង្កឱ្យបុគ្គលម្នាក់អាចផ្លាស់ប្តូរ ឬមានបម្រែបម្រួលអាកប្បកិរិយាផងដែរ។
លោកថ្លែងថា៖ «ការសិក្សាជ្រាវស្រាវគេឃើញថា វាកើតឡើងចន្លោះ៣ជំនាន់មកហើយដែលឈានមកដល់ក្មេងវ័យជំទង់សម័យបច្ចុប្បន្នហ្នឹង។ […] ហិង្សាចង់និយាយថាហិង្សាផ្នែករាងកាយ ហិង្សាជាមួយនឹងប្រើពាក្យមិនសមរម្យដែលក្នុងភាសាអង់គ្លេសយើងហៅថា Emotional Abuse ការបំពានផ្នែកផ្លូវចិត្ត ឬផ្នែកអារម្មណ៍ អាហ្នឹងជាផ្នែកមួយដែលផ្តល់ផលប៉ះពាល់ដល់គាត់»។
បើតាមលោក ហឿ សេថុល កត្តាដែលអាចបង្កឱ្យក្មេងជំទង់ទទួលរងវិបត្តិផ្លូវចិត្ត ក៏អាចបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង និងការសេពគ្រឿងញៀនផងដែរ។
អ្នកជំនាញផ្នែកចិត្តសាស្ត្ររូបនេះសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះ កម្ពុជាមិនសូវមានមន្ទីរពេទ្យដែលផ្តល់សេវាពិគ្រោះ និងព្យាបាលអ្នកមានវិបត្តិផ្លូវចិត្ត ជាហេតុធ្វើឱ្យក្មេងជំទង់អាចទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវចិត្តតិចតួចនៅឡើយ។
លោកថ្លែងថា៖ «យើងរកឃើញថាជំទង់មួយចំនួនដែលគាត់បានត្អូញត្អែរពីបញ្ហាផ្នែកផ្លូវចិត្តរបស់គាត់ ហើយសួរគាត់ថាមានទទូលបានការគាំទ្រពីខាងណាទេ តើគាត់មានស្វះស្វែងរកការគាំទ្រទេ គាត់ថាគាត់ស្វះស្វែងរកការគំាទ្រ ប៉ុន្តែគាត់រកអត់បាន។ យើងប្រើពាក្យសាមញ្ញអ៊ីចឹងរកអត់បាន ហើយនិងមិនមានសេវាគ្របដណ្តប់ដែលងាយស្រួលឱ្យគាត់ទេ វាជាផ្នែកមួយដែលឆ្លុះបញ្ចាំងថាវាខ្វះសេវា»។
អ្នកជំនាញចិត្តសាស្ត្ររូបនេះបន្ថែមថាក្រសួងសុខាភិបាល និងក្រសួងអប់រំគួរមានយន្តការផ្តល់ការគាំទ្រ និងសេវាពិគ្រោះផ្នែកសុខភាពផ្លូវចិត្តពីអ្នកជំនាញនៅតាមសាលារៀន ដោយមានការតាមដានឱ្យជាប់លាប់ ជាពិសេសចំពោះសិស្សសាលាពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ។
លោក ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យទៅសួរអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ប៉ុន្តែអ្នកស្រី ឱ វណ្ណឌីន មិនឆ្លើយតបនឹងសំណួររបស់វីអូអេ រហូតមកដល់ថ្ងៃចន្ទនេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិកម្ពុជា ករណីអត្តឃាតក្នុងប្រទេសកំពុងកើនឡើង ជាមួយការប៉ុនប៉ងធ្វើអត្តឃាតចំនួន៤៧៣លើក ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៣ ក្នុងនោះមាន៤៦៨នាក់បានស្លាប់ និង៦នាក់រងរបួស។ ដោយក្នុងឆ្នាំ២០២២ នៅពេលដែលករណីចំនួន៨៨៣ត្រូវបានរាយការណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៨៧៣នាក់ និងរបួស១៣នាក់។
លោក ហឿ សេថុល ប្រធានសមាគមអ្នកប្រឹក្សា និងចិត្តសាស្រ្តកម្ពុជា បានប៉ាន់ស្មានថានៅឆ្នាំ២០២៣ នឹងមានការធ្វើអត្តឃាតជាង១,០០០ករណី ជាពិសេសងាយកើតលើមនុស្សវ័យជំទង់ដែលអាចបង្កឡើងដោយវិបត្តិផ្លូវចិត្ត៕
អង្គការ UNICEF រកឃើញថា ក្មេងជំទង់ម្នាក់ក្នុងចំណោម៧នាក់មានវិបត្តិផ្លូវចិត្តដោយសារវិបត្តិកូវីដ១៩
ភ្នំពេញ —