ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ នីតិរដ្ឋ​នៅ​កម្ពុជា​ទន់​ខ្សោយ​ជាង​គេ​នៅ​លើ​ពិភព​លោក


ទង់ជាតិខ្មែរបក់នៅមុខស្ថាបត្យកម្មនៃវិមាន​ឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ទង់ជាតិខ្មែរបក់នៅមុខស្ថាបត្យកម្មនៃវិមាន​ឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ខាង​ការ​គោរព​នីតិ​រដ្ឋ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​១៤១​ក្នុង​ចំណោម​១៤២​ប្រទេស​នៅ​លើ​ពិភព​លោក។ នេះ​បើ​យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ​២០២៣​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក​(World Justice Project (WJP) ដែល​បាន​ចេ​ញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា។

បើ​ធៀប​នឹង​សន្ទ​ស្សន៍​ឆ្នាំ​២០២២ កាល​នោះ​កម្ពុជា​ទទួល​បាន​១៣៦​ក្នុង​ចំណោម​១៤០​ប្រទេស។

ការ​អង្កេត​របស់​គម្រោង​យុត្តិធម៌​ពិភព​លោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​បាន​វាស់​ស្ទង់​លើ​កម្រិត​នៃ​ការ​អនុវត្ត​តាម​គោល​ការណ៍​នីតិរដ្ឋ ដែល​ពលរដ្ឋ​នានា​នៅ​ជុំ​វិញ​ពិភព​លោក​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ការ​វាយ​តម្លៃ​នោះ​ផ្អែក​ទៅ​លើ​ចំណុច​មួយ​ចំនួន ដូចជា​ការ​កម្រិត​នៃ​អំណាច​រដ្ឋ អំពើ​ពុក​រលួយ សិទ្ធិ​មនុស្ស ការ​អនុវត្ត​ច្បាប់ ប្រព័ន្ធ​តុលា​ការ​ សណ្តាប់​ធ្នាប់​និង​សន្តិសុខ​ និង​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​ជា​ដើម។

នៅ​ក្នុង​ចំណោម​ចំណុច​ទាំង​នោះ​ មាន​តែ​ខាង​សណ្តា​ប់​ធ្នាប់​និង​សន្តិ​សុខ​ប៉ុណ្ណោះ​ ដែល​កម្ពុជា​ទទួល​បាន​ពិន្ទុ​ល្អ ខណៈ​កត្តា​ផ្សេងៗ​ទៀត កម្ពុជា​ស្ថិ​ត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​។ ប៉ុន្តែ​បើ​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​វិញ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ចិន​និង​ភូមា​បន្តិច ដោយ​កម្ពុជា​ទទួល​បាន​១៣១ ចិន​ទទួល​បាន​១៣៩ និង​ភូមា​ទទួល​បាន​១៤១។

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​សង្កេត​លើ​ប្រទេស​តែ​ចំនួន​១៤២​ប៉ុណ្ណោះ នា​ឆ្នាំ​២០២៣​នេះ ដោយ​សារ​មាន​ប្រទេស​មួយ​ចំនួន​ដែល​អង្គការ​នេះ​ប្រមូល​ទិន្នន័យ​មិន​បាន ដូចជា​ប្រទេស​ឡាវ​ជាដើម។ ប្រទេស​វៀត​ណាម​ទទួល​ចំណាត់​ថ្នាក់​៨៧ និង​ប្រទេស​ថៃ​ទទួល​ចំណាត់​ថ្នាក់​លេខ​៨២។ ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​អន់​ជាង​គេ​បំផុត​លើ​ពិភព​លោក​គឺ​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ស្ថិត​នៅ​បាត​តារាង ក្រោម​ប្រទេស​កម្ពុជា។

ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ខាង​លើ​កម្ពុជា​បន្ត​បន្ទាប់ រួម​មាន​អាហ្វហ្គានីស្ថាន ហៃទី និង​កុងហ្គោ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គម្រោង​WJP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ នីតិរដ្ឋ​នៅ​ឆ្នាំ​នេះ​បានធ្លាក់​ចុះ ក្នុង​ប្រទេស​ប្រមាណ​៦០% ដែល​រួម​មាន​កម្ពុជា​ផង​ដែរ។ នៅ​ជុំ​វិញ​ពិភព​លោក នីតិ​បញ្ញតិ ប្រព័ន្ធ​យុត្តិធម៌ និង​សង្គម​ស៊ីវិល រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​បាន​ដើរ​តួនាទីជាមូលដ្ឋាន​ក្នុង​ការ​ត្រួតពិនិត្យ​អំណាច​របស់​ប្រតិបត្តិ​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក​ ជិន​ ម៉ាលីន ប្រាប់​វីអូអេ​ថា​របាយ​ការណ៍​របស់​អង្គការ​មួយ​នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ និង​ចាត់​ទុក​ការ​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា​គ្មាន​ភាព​ច្បាស់​លាស់​ និង​គ្មានត​ម្លា​ភាព​ ដោយ​សារ​តែ​មិន​មាន​ការ​ចូលរួម​ពី​រដ្ឋា​ភិបាល។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​បាន​លទ្ធផល​របាយ​ការណ៍​ វា​អត់មា​ន​អី​ខុស​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ពិបាក​នឹង​ជឿ​ទុក​ចិត្ត​បាន ដោយសារ​ដូច​ខ្ញុំ​បាន​រៀប​រាប់​អម្បាញ់​មិញ​ វិធីសាស្ត្រ​មិន​ច្បាស់​លាស់​ វិធី​សាស្ត្រ​ដែលមិន​មាន​តម្លា​ភាព​ វិធី​សាស្ត្រ​ដែល​មិន​មាន​ការ​ចូ​លរួម​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ វិធី​សាស្ត្រ​ដែល​មិន​មាន​លក្ខណៈ​ជា​វិទ្យា​សាស្ត្រ»។

​បើ​តាម​របាយការណ៍​ដដែល និន្នា​ការ​នៃ​របប​ផ្តាច់​ការ​បាន​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​នី​តិ​រដ្ឋ​នៅ​លើ​ពិភព​លោក ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​នៅ​តែ​បន្ត​កើត​ឡើង​គ្រប់​តំបន់​ទាំង​អស់​នៅ​លើ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។
អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ជាមេធាវី​មួយ​រូប​ លោក សុក​ សំអឿន​ លើក​ឡើង​ថា​អំណាច​រដ្ឋ​ទាំង​៣​នៅ​កម្ពុជា​ មិន​ឯករាជ្យ​ពី​គ្នា​ឡើយ​ ជា​ពិសេស​តុលាការ​មិន​មាន​ឯករាជ្យ​ ដែល​លោក​ថា​នេះ​ជា​មូល​ហេតុ​ដែល​របាយ​ការណ៍​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ទាប​ខាង​នីតិរដ្ឋ។

លោក​បញ្ជាក់ថា​៖ «ធម្មតា​បើ​សិន​ជា​អំណាច​ទាំង​៣​អត់​ឯករាជ្យ​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​អាច​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ផ្តាច់​ការ​ អាច​ឈាន​ទៅ​រក​អ៊ីចឹង​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេ​ស​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ គេ​គិត​គូរ​ណា​ស់​ពី​ឯក​រាជ្យ​ភាព​រវាង​អំណា​ច​ទាំង​៣​ហ្នឹង។ហើយ​បើ​យើង​បណ្តោ​យ​ឱ្យ​ការ​គ្រប់​គ្រង​បែប​សព្វ​ថ្ងៃ​ ប្រទេស​យើង​អាច​ឈាន​ទៅរ​ក​ផ្តាច់​ការ​បន្តិច​ម្តងៗ​»។

បើ​យោង​តាម​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ ប្រទេស​ដែល​មាន​ការ​គោរព​នីតិរដ្ឋ​ល្អ​ជាង​គេ​បំផុត គឺ​ដាណឺម៉ាក ហើយ​បន្ទាប់​មក​គឺ​ប្រទេស​ន័រ​វែស ហ្វាំងឡង់ និង​អាល្លឺម៉ង់។

គម្រោង​យុត្តិធម៌​ពិភព​លោក(WJP) ​គឺ​ជា​អង្គ​ការ​ឯក​រាជ្យ​និង​ផ្តោត​លើ​ពហុ​វិស័យ ដែល​ធ្វើ​ការ​ដើម្បី​ជួយ​ជំរុញ​នីតិរដ្ឋ​នៅ​ជុំ​វិញ​ពិភព​លោក។ អង្គការ​នេះ​ជឿថា​នីតិរដ្ឋ​ផ្តល់​នូវ​មូលដ្ឋាន​សម្រាប់​ឱ្យ​សហគមន៍​ទទួល​បាន​ឱកាស និង​សមភាព​សម្រាប់​ការ​លូត​លាស់​សេដ្ឋ​កិច្ច និង​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ និង​គោរព​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG