អ្នកជំនាញខាងវត្ថុបុរាណអាម៉េរិកាំងបានលើកទឹកចិត្តឲ្យបណ្តាប្រទេសដែលមានកេរដំណែលវប្បធម៌បន្តអភិរក្សស្នាដៃទាំងនោះនិងចែករំលែកបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយ ជាពិសេសប្រទេសដែលមានកេរដំណែលវប្បធម៌យូរលង់ដូចជាប្រទេសកម្ពុជា។
លោកស្រី ដនណា ស្ត្រេហ៊ែន (Donna Strahan) ដែលជាប្រធានផ្នែកអភិរក្សនិងការស្រាវជ្រាវបែបវិទ្យាសាស្ត្រនៃវិចិត្រសាល Freer-Sackler ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានមានប្រសាសន៍ថា ការអភិរក្សវប្បធម៌គឺជាការចាំបាច់ខ្លាំងណាស់សម្រាប់ប្រទេសជាតិនីមួយៗ ពីព្រោះក្មេងជំនាន់ក្រោយអាចយល់ដឹងនិងរៀនសូត្រអំពីប្រភពរបស់ដូនតារបស់ខ្លួនបានតាមរយៈស្នាដៃសិល្បៈពីបុរាណទាំងអស់នេះ។
«ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាវប្បធម៌របស់អ្នក គឺវប្បធម៌អាស៊ីរបស់អ្នកនេះតែម្តង ព្រោះថា តាមរយៈការធ្វើដូច្នេះ កូនចៅជំនាន់ក្រោយអាចរៀននិងមើលឃើញថា តើដូនតារបស់មានប្រភពមកពីណា»។
លោកស្រីស្ត្រេហ៊ែនបានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីបទបង្ហាញរបស់លោកស្រីស្តីពី «ការពិនិត្យលក្ខណៈបច្ចេកទេសទៅលើទេវរូបធ្វើអំពីសំរិទ្ធរបស់ខ្មែរនៅក្នុងសារមន្ទីរ៖ ការស្លសំរិទ្ធនៅសម័យអង្គរនិងគំនិតច្នៃប្រឌិតនានាក្នុងសតវត្សរ៍ទី១១» កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។
យ៉ាងណាមិញ ប្រទេសមួយនឹងបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួន បើសិនជាគេមិនបានយកចិត្តទុកដាក់ក្នុងការថែរក្សាវប្បធម៌ដែលជាកេរមរតករបស់បុព្វបុរសរបស់គេទេនោះ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីស្ត្រេហ៊ែន។
«អ្នកនឹងបាត់បង់មរតកវប្បធម៌ ហើយអ្នកនឹងមិនដឹងទេថា តើដូនតារបស់អ្នកបានធ្វើអ្វីខ្លះនៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំគិតថា វាពិតជាទុក្ខសោកដ៏ធំធេងក្នុងការបាត់បង់វប្បធម៌ជាតិ ដូច្នេះប្រទេសជាតិមួយគួរតែអភិរក្សស្នាដៃសិល្បៈរបស់ខ្លួនឲ្យបានគង់វង្ស»។
លោកស្រីស្រ្តេហ៊ែនយល់ថា វាជាការលំបាកមួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែកម្ពុជាធ្លាប់ជួបប្រទះនឹងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែលោកស្រីមើលឃើញនូវការយកចិត្តទុកដាក់ខ្លាំងជាងមុនរបស់កម្ពុជាក្នុងការថែរក្សាស្នាដៃសិល្បៈទាំងអស់នោះ។
«បច្ចុប្បន្ននេះ ពួកគេ [កម្ពុជា] ហាក់ដូចជាមានការព្រួយបារម្ភនិងចាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្សឲ្យយល់ដឹងអំពីការថែរក្សាវត្ថុបុរាណក្នុងសារមន្ទីរ វិធីអភិរក្សវប្បធម៌ វិធីថែរក្សាសារមន្ទីរ និងវិធីអភិរក្សវត្ថុបុរាណប្រកបដោយសុវត្ថិភាព»។
ក្នុងបទបង្ហាញដែលបានធ្វើឡើងនៅវិចិត្រសាល Freer-Sackler លោកស្រីស្ត្រេហ៊ែនដែលជាអ្នកជំនាញខាងអភិរក្សវត្ថុបុរាណរូបនេះ បានបង្ហាញពីភាពបែកបាក់នៃទេវរូបសំរិទ្ធខ្មែរ ដែលមានតាំងពីសតវត្សរ៍ទី១១និងការខិតខំអភិរក្សនានាក្នុងប្រទេសកម្ពុជាផងដែរ។
ចំពោះលោកស្រីស្រ្តេហ៊ែន ការអប់រំក្មេងជំនាន់ក្រោយឲ្យបានយល់ដឹងអំពីតម្លៃនៃកេរដំណែលវប្បធម៌គឺជាជំហានសំខាន់បំផុតក្នុងការអភិរក្សវត្ថុបុរាណ។
«ខ្ញុំគិតថា ការអប់រំគឺជាកត្តាទី១។ ខ្ញុំគិតថា ក្មេងជំនាន់ក្រោយត្រូវរៀនសូត្រអំពីសារៈសំខាន់នៃមរតកវប្បធម៌របស់ពួកគេ ដូច្នេះពួកគេនឹងរៀនគោរពនិងឲ្យតម្លៃវត្ថុបុរាណទាំងនោះ ហើយតាមរយៈការអប់រំ ខ្ញុំសង្ឃឹមថា ពួកគេនឹងមិនគាស់ លួច និងលក់វត្ថុបុរាណទាំងនោះទេ។ ប៉ុន្តែផ្ទុយមកវិញ ពួកគេនឹងជួយអ្នកបុរាណវិទ្យាធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីស្វែងរកវត្ថុបុរាណទាំងអស់នោះ និងសិក្សាអំពីវប្បធម៌ជាជាងបំផ្លិចបំផ្លាញវប្បធម៌»។
លោកចេង ណេរូ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងនិងជាហិរញ្ញិកនៃសមាគមមិត្តរបស់វប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ហើយដែលបានមានវត្តមាននៅក្នុងបទបង្ហាញនោះដែរ យល់ឃើញថា កម្ពុជានៅមិនទាន់ផ្តោតលើការអភិរក្សវត្ថុបុរាណឲ្យបានពេញទំហឹងនៅឡើយទេ។ ជាទូទៅ សមាគមរបស់លោកតែងតែរកម្ចាស់ជំនួយពីបរទេសដើម្បីជួយឧបត្ថម្ភដល់ការថែរក្សាស្នាដៃសិល្បៈនៅកម្ពុជាទៅវិញ។
«ខ្ញុំគិតថា ប្រទេសយើងនៅមិនទាន់យកចិត្តទុកដាក់និងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការឲ្យតម្លៃខ្ពស់លើវត្ថុបុរាណរហូតឈានដល់ការផ្តល់ជាថវិកាគ្រប់គ្រាន់ក្នុងការអភិរក្សវត្ថុបុរាណទាំងអស់នោះទេ។ នៅទីនេះ[អាមេរិក] យើងមានម្ចាស់ជំនួយដែលយកចិត្តទុកដាក់លើការអភិរក្សវត្ថុបុរាណនិងវប្បធម៌ខ្មែរយើង ជាងនៅក្នុងប្រទេសកម្ពុជាទៅទៀត»។
លោកណេរូក៏យល់ស្របថា ការអប់រំគឺជាជំហានទី១ក្នុងការជួយឲ្យមនុស្សជំនាន់ក្រោយចេះឲ្យតម្លៃទៅលើវប្បធម៌របស់ខ្លួន។ សម្រាប់លោកណេរូ ប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់បានបញ្ចូលនូវកម្មវិធីសិក្សាគ្រប់គ្រាន់ដើម្បីឲ្យក្មេងជំនាន់ក្រោយយល់និងមានមោទនភាពចំពោះសិល្បៈវប្បធម៌របស់ខ្លួននៅឡើយទេ។
«ខ្ញុំគិតថា ជំហានដំបូងគឺការអប់រំ។ យើងត្រូវចាប់ផ្តើមពីក្មេងជំនាន់ក្រោយ ដោយត្រូវអប់រំពួកគេពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យ»។
កម្ពុជាគឺជាប្រទេសដែលមានអរិយធម៌រុងរឿងនិងសម្បូរទៅដោយស្នាដៃសិល្បៈដ៏អស្ចារ្យជាច្រើនដែលពិភពលោកទទួលស្គាល់។ ជាក់ស្តែង អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ដែលហៅកាត់ថាយូណេស្កូ (UNESCO) បានដាក់បញ្ចូលប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨៕