វត្ថុបុរាណខ្មែរចំនួនពីរដុំ ដែលមានអាយុជិត១.០០០ឆ្នាំ នឹងត្រូវប្រគល់ជូនប្រទេសកម្ពុជាវិញនាថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីត្រូវបានគេលួចចេញពី ប្រទេសដ៏ក្រីក្រនេះកាលពីសម័យសង្គ្រាមនាទសវត្សរ៍១៩៧០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយកាលពីរសៀលថ្ងៃសុក្រ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ព្រះកេសព្រះឥសូរសម័យអង្គរ សតវត្សរ៍ទី៩និងព្រះកេសទេពប្រុសសម័យអង្គរសតវត្សរ៍ទី១២ត្រូវបានប្រមូលទុកដោយ លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) ជនជាតិន័រវែស (Norway)។ ហើយពិធីប្រគល់ផ្លូវការនឹងត្រូវធ្វើឡើងក្នុង សារមន្ទីរជាតិនាក្រុងភ្នំពេញ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ VOA នាថ្ងៃ សុក្រនេះថា វត្ថុទាំងពីរនេះ ត្រូវបានលោក Morten Bosterud ទិញនិងរក្សាទុកចាប់តាំងពីអំឡុងឆ្នាំ១៩៧០ ពេលដែលកម្ពុជាកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។
«យើងចង់ឲ្យរូបដែលបាត់បង់នានាហ្នឹង ដោយបុព្វហេតុពីមុនហ្នឹងត្រឡប់ បានត្រឡប់មកប្រទេសកម្ពុជាយើងវិញ។ ដូច្នោះមានន័យសម្រាប់ ជារូបផ្ទាល់តែម្តងដែល រូបទាំងពីរហ្នឹងបានត្រឡប់មកប្រទេសកំណើតនិងជាកាយវិការមួយដែរ អំពីសប្បុរសជននានាដែលគាត់មានរបស់ហ្នឹងហើយគាត់មានបំណងចង់ប្រគល់របស់ហ្នឹងដើម្បីជាប្រយោជន៍រួមសម្រាប់កម្ពុជា។ យើងនឹងដាក់តាំងនៅក្នុងសារមន្ទីរ។ និយាយទៅវាមានន័យ ទាំងផ្នែកជាតិនិងអន្តរជាតិ»។
យ៉ាងណាក៏ដោយដោយសារតែស្ថានភាពសង្គ្រាមក្នុងពេលអតីតកាល មន្ត្រីកម្ពុជាពុំទាន់កំណត់បានថាព្រះកេសទាំងពីរត្រូវបានគេលួចចេញពីប្រាសាទណានៅឡើយនោះទេ។
លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា៖
«អត់មានដឹង ថាបានយកចេញពីកន្លែងណាទេ។ តាមពិតទៅគឺលោក ម័រធិន គាត់បានជាវជាយូរមកហើយតាំងពីក្នុងអំឡុងឆ្នាំ៧០ម្ល៉េះ។ បើនិយាយទៅគឺរូបហ្នឹងគឺយកពីសម័យសង្គ្រាម ជំនាន់លន់ នល់ តែគ្រាន់តែគាត់បានយកមកឲ្យប្រទេសយើងវិញ»។
នាប៉ុន្មានឆ្នាំចុងក្រោយនេះវត្ថុបុរាណជាច្រើនបំណែកឬដុំដែលត្រូវ បានគេប្រគល់ដល់ប្រទេសកំណើតវិញជាបន្តបន្ទាប់ក្រោយការស្នើសុំរបស់ប្រទេសកម្ពុជានិងដោយស្ម័គ្រចិត្ត បន្ទាប់ពីត្រូវបានឧក្រិដ្ឋជនលួចពីប្រាសាទនានា យកទៅលក់នៅប្រទេសថៃ។ ជាក់ស្តែងកាលពីដើមខែឧសភាកន្លង មកសារមន្ទីរ អាមេរិកាំង The Cleveland Museum of Art បានប្រគល់វត្ថុបុរាណរូបហនុមានកម្ពស់ជាង មួយម៉ែត្រ ដែលកសាងក្នុងសតវត្សរ៍ទី១០ដល់ប្រទេសកម្ពុជាវិញផងដែរ។ រូបហនុមាននេះគឺជារូបចម្លាក់ធំទី៦ ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។
លោកស្រី ភឿង សកុណា បានឲ្យដឹងថាមកដល់ត្រឹមខែមេសា ប្រទេសកម្ពុជាបានទទួល វត្ថុបុរាណប្រមាណ៣០០រូបពីប្រទេសនានា និង ៧៥រូបពីបុគ្គលឯកជន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែល VOA បានទទួលបញ្ជាក់ថា នៅក្នុងពិធីប្រគល់និងទទួលព្រះកេសដែល មានអាយុជិត១ពាន់ឆ្នាំ នាថ្ងៃអង្គារខាងមុខនេះ លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) ក៏នឹងប្រគល់វត្ថុសិល្បៈរបស់ខ្មែរចំនួន៩ដុំផ្សេងទៀតផងដែរ៕