សារមន្ទីរអាមេរិកាំង The Cleveland Museum of Art បានប្រគល់វត្ថុបុរាណរូបហនុមានដែលបានកសាងឡើងនាសតវត្យរ៍ទី១០ដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានគេលួចចេញពីប្រាសាទកោះកេរអស់រយៈពេលជាង៤០ឆ្នាំរួចមក។
នៅក្នុងពិធីប្រគល់រូបសំណាកដែលមានកម្ពស់ប្រមាណ១,១៦ម៉ែត្រ និងបណ្តោយ៥៦សង់ទីម៉ែត្រ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ចាន់ តានី រដ្ឋលេខាធិការនៃទីស្តីគណៈរដ្ឋមន្ត្រី និងជាអ្នកច្បាប់ដែលធ្វើការតស៊ូមតិក្នុងការទាមទារយកបដិមានេះមកវិញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា រូបសំណាកនេះត្រូវបានលួចចេញពីប្រាសាទចិន ដែលឋិតនៅក្នុងរមនីយដ្ឋានប្រាសាទកោះកេរ ក្នុងអំឡុងឆ្នាំ១៩៧០ ពេលដែលប្រទេសដ៏ក្រីក្រមួយនេះកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។ ហើយការត្រឡប់មកវិញរបស់រូបចម្លាក់នេះគឺជាការរូបរួមព្រលឹងនៃបេតិកភណ្ឌជាតិឡើងវិញដែរ។
«រូបនេះចេញទៅហ្នឹងដូចជាព្រលឹងរបស់យើងដែលបាត់ខ្លះ។ ដូច្នោះយើងយកព្រលឹងរបស់យើងមកវិញ។ យើងកសាងប្រទេសជាតិយើងមកវិញ ឲ្យមានសិល្បៈ ឬក៏វប្បធម៌យើងទាំងអស់ ដើម្បីយើងគ្រប់គ្រង។ យើងចងក្រងវប្បធម៌ជាតិយើងឡើងវិញឲ្យបានខ្ពង់ខ្ពស់ដូចពីដើមវិញ»។
លោក ចាន់ តានី បន្ថែមថា បុរាណវិទូខ្មែរត្រូវការពេលវេលាខ្លះដើម្បីជួសជុល និងដាក់រូបនេះក្នុងទម្រដើមវិញ មុនពេលដាក់តាំងនៅសារមន្ទីរជាតិនាក្រុងភ្នំពេញ។
«ពីព្រោះពួកនឹងមិនមែនលួចយកទៅទាំងមូលនោះទេ កាត់ជើង កាប់ដៃ កាត់អីៗ។ មុនដំបូងគេកាត់ក្បាលយកទៅ។ រូបភាគច្រើនដែលយកទៅនេះគឺមិនយកក្បាល និងខ្លួនទៅជាមួយគ្នានោះទេ។ ក្បាលយកទៅមុន ខ្លួនយកទៅតាមក្រោយ។ ពេលខ្លះយូរបានជួបគ្នា។ អ្នកលួចហ្នឹងវាខុសគ្នា បានយើងផ្គុំទៅបានវាជួនគ្នា»។
លោក William M. Griswold ប្រធានសារមន្ទីរ The Cleveland Museum of Art បានប្រាប់ឲ្យដឹងថា សារមន្ទីររបស់លោកបានទទួលរូបហនុមានចាប់តាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ ហើយវាជាផ្នែកមួយនៃសារមន្ទីរជាង៣០។ ក៏ប៉ុន្តែ សារមន្ទីរយល់ថា រូបនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃប្រទេស និងប្រជាជនកម្ពុជា។
«ពេលដែលព័ត៌មានជាច្រើនត្រូវបានបង្ហាញ យើងក៏កាន់តែមានភាពជឿជាក់ខ្លាំងឡើងថា បដិមានេះគួរតែនៅទីនេះ។ ការយករូបសំណាកដ៏អស្ចារ្យដែលបានមកពីប្រាសាទចិនមកដាក់ព្រមគ្នាវិញ គឺធ្វើឲ្យយើងយល់ឃើញពីប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ និងអំណាចដ៏អស្ចារ្យ ហើយធ្វើឲ្យយើងបើកភ្នែកធំៗស្ញប់ស្ញែង»។
តាមការឲ្យដឹងពីលោកលោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ បានឲ្យដឹងថា បដិមានេះបានយកចេញពីក្លោងទា្វរខាងកើតនៃបា្រសាទចិនដែលជាប្រាសាទមួយក្នុងនៅក្នុងរមនីយដ្ឋានប្រាសាទកោះកេរ ហើយបដិមាហនុមានដែលមានអាយុជាង១ពាន់ឆ្នាំនេះគឺដកស្រង់ចេញពីរឿង«មហាភាតរៈ» ដ៏ល្បីល្បាញដែលមានបដិមា៥រូប។ នៅក្នុងនោះ បដិមាពីរគឺពាលី និងសុគ្រីពត្រូវបានរក្សាទុកក្នុងសារមន្ទីរចាប់តាំងពីឆ្នាំ១៩៥៦មកម្ល៉េះ។ ដោយឡែករូបធំៗបីទៀតគឺមានរូបហនុមាន រូបព្រះរាម និងរូបព្រះលក្សណ៍ត្រូវបានបាត់ក្រោយពេលសង្គ្រាមស៊ីវិល។
«រូបហ្នឹង ចុងបញ្ចប់នឹងដាក់តាំងនៅសារមន្ទីរជាតិ ក៏ប៉ុន្តែដើម្បីបានទៅដាក់តាំងជាសារធារណៈ យើងត្រូវការពេលវេលាដើម្បីជួសជុល និងដាក់លើជើងទម្រវាឡើងវិញ។ យើងអាចថា ប្រហែលជា១ឆ្នាំទៀតដើម្បីបញ្ចប់ទាំងអស់ហ្នឹង។ ហើយយើងនឹងមានដាក់ពិព័រណ៍ពិសេសសម្រាប់រូបមកពីប្រាសាទចិនហ្នឹង»។
លោកបានបន្ថែមថា អាជ្ញាធរកម្ពុជាបានដឹងដំណឹងថា រូបព្រះរាមគឺកំពុងដាក់តាំងនៅសារមន្ទីរមួយនៅសហរដ្ឋអាមេរិក។ ហើយកម្ពុជាកំពុងតែធ្វើការចរចាដើម្បីយកបដិមានោះមកស្រុកកំណើតវិញ។
គួរបញ្ជាក់ផងដែរថា នេះគឺជារូបចម្លាក់ធំទី៦ហើយដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាវិញ បន្ទាប់គេលួចចេញពីប្រាសាទកោះកេរ ដែលកសាងឡើងនាសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤៕