និយ័តករផ្នែកវេជ្ជសាស្ត្ររបស់សហភាពអឺរ៉ុប បានសន្និដ្ឋានកាលពីថ្ងៃពុធម្សិលមិញថា បញ្ហាកំណកឈាមខុសពីធម្មតាដែលអាចបណ្ដាលឲ្យស្លាប់បាន គួរតែចាត់ទុកថា ជាផលប៉ះពាល់ដ៏កម្របំផុតដែលបណ្ដាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZenaca។
ការសន្និដ្ឋានអំពីសុវត្ថិភាពនៃវ៉ាក់សាំងនេះ អាចបណ្តាលឲ្យមានការមិនជឿទុកចិត្តបន្ថែមទៀតលើវ៉ាក់សាំងនេះនៅក្នុងទ្វីបអឺរ៉ុប ដែលនៅទីនោះ រដ្ឋាភិបាលមួយចំនួនបានផ្អាកការចាក់វ៉ាក់សាំងនេះរួចទៅហើយ នៅពេលដែលមានមន្ទិលសង្ស័យកើនឡើងអំពីសុវត្ថិភាពនៃវ៉ាក់សាំងនេះ។
កន្លងមក មន្ត្រីទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប (EMA) បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ជាទូទៅនៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នេះ គឺមានលើសពីហានិភ័យនានា និងថា វ៉ាក់សាំងនេះ អាចជួយសង្គ្រោះជីវិតមនុស្សបាន។
មន្ត្រីទាំងនេះបានលើកឡើងនៅក្នុងសន្និសីទកាសែតនៅក្នុងទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ថា ផលប៉ះពាល់បណ្ដាលមកពីការចាកវ៉ាក់សាំងនេះ កម្រកើតមានណាស់។
អ្នកស្រី Emer Cooke ប្រធានទីភ្នាក់ងារ EMA បាននិយាយថា៖ «វ៉ាក់សាំងនេះបានបង្ហាញនូវប្រសិទ្ធភាពខ្ពស់។ វាអាចការពារមិនឲ្យមានករណីឈឺធ្ងន់ធ្ងរ និងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាន ហើយវាអាចជួយសង្គ្រោះជីវិតមនុស្សបាន»៕