ការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកុមារនិងក្មេងជំទង់ ដោយក្រុមហ៊ុនឱសថ AstraZeneca ត្រូវបានផ្អាកដោយអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford ខណៈពេលដែលនិយ័តករឱសថរបស់អង់គ្លេសកំពុងដំណើរការត្រួតពិនិត្យពីសុវត្ថិភាពរបស់វ៉ាក់សាំង ដែលចាក់ ២ ដូសនេះ។
ការពាក់ព័ន្ធមួយរវាងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុននេះ និងករណីមានឈាមកកក្នុងសរសៃ ត្រូវបានគេរកឃើញលើអ្នកចាក់វ៉ាក់សាំងមួយចំនួន នៅលើពិភពលោក ដែលក្នុងនោះមានទ្វីបអឺរ៉ុបផងដែរ។
រហូតមកដល់ពេលនេះ មានករណីកំណកឈាមក្នុងសរសៃទៅលើអ្នកចាក់ចំនួន ៣០ នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ចំនួន ៧ នាក់ ក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានចាក់ចំនួន ១៨ លានដូស នៅក្នុងទ្វីបអឺរ៉ុប។ ករណីភាគច្រើននៃបញ្ហាកំណកឈាមនេះត្រូវបានគេរកឃើញថា មានកំណកឈាមនៅក្នុងសសៃដែលហូរចេញពីខួរក្បាល ដែលអាចនាំទៅដល់ជំងឺកម្រើករាងកាយលែងកើត ឬ strokes។
លោក Marco Cavaleri ប្រធានផ្នែកវ៉ាក់សាំងរបស់ទីភ្នាក់ងារឱសថអឺរ៉ុប បានប្រាប់កាសែតអ៊ីតាលីមួយ កាលពីថ្ងៃអង្គារថា ទីភ្នាក់ងាររបស់លោកកំពុងរៀបចំបញ្ជាក់ពីការពាក់ព័ន្ធគ្នាមួយរបស់វ៉ាក់សាំង ដែលមានបញ្ហានេះជាមួយនឹងបញ្ហាឈាមកកក្នុងសរសៃនោះ។
ក៏ប៉ុន្តែទីភ្នាក់ងារនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយបដិសេធរាល់ការលើកឡើងនានា ហើយថាខ្លួនរំពឹងថា នឹងចេញផ្សាយលទ្ធផលស៊ើបអង្កេតរបស់ខ្លួន នៅថ្ងៃពុធ ឬថ្ងៃព្រហ្បតិ៍នេះ៕