ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ទិន្នន័យ​របស់​អាមេរិក​ចោទសួរ​ពី​សុក្រិតភាព​នៃ​ទិន្នន័យ​​របស់​​ក្រុមហ៊ុន AstraZeneca


បុគ្គលិក​សុខាភិបាល​ម្នាក់​កាន់ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន ​AstraZeneca ក្នុង​អំឡុងពេល​ចាក់​វ៉ាក់សាំង​នេះ​ដល់​ជនជាតិ​ប៉ាឡេស្ទីន​​វ័យ​ចំណាស់​​នៅ​គ្លីនិក​មួយ​ក្នុង​តំបន់ West Bank ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
បុគ្គលិក​សុខាភិបាល​ម្នាក់​កាន់ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន ​AstraZeneca ក្នុង​អំឡុងពេល​ចាក់​វ៉ាក់សាំង​នេះ​ដល់​ជនជាតិ​ប៉ាឡេស្ទីន​​វ័យ​ចំណាស់​​នៅ​គ្លីនិក​មួយ​ក្នុង​តំបន់ West Bank ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពីក្រុមហ៊ុន​ AstraZeneca ​និយាយ​ថា​ ការ​សាកល្បង​ចុង​ក្រោយនូវ​វ៉ាក់សាំង​កូវីដ១៩​របស់ខ្លួន​មាន​ប្រសិទ្ធភាព​១០០%​ ប្រឆាំង​នឹង​ករណី​ឈឺ​ធ្ងន់ធ្ងរ​ ឬ​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ទីភ្នាក់ងារត្រួតពិនិត្យទិន្នន័យនិងសុវត្ថិភាពរបស់រដ្ឋាភិបាលអាមេរិកបានសម្តែងការព្រួយបារម្ភអំពីព័ត៌មានដែលចេញដោយក្រុមហ៊ុនផលិតវ៉ាក់សាំងនេះ។

ទីភ្នាក់ងារ​ត្រួតពិនិត្យទិន្នន័យ​និង​សុវត្ថិភាព​របស់​សហរដ្ឋ​អាមេរិកបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា​ ក្រុមហ៊ុន​ឱសថ​របស់​អង់គ្លេស-ស៊ុយអែត​នេះ​ «ប្រហែល​ជា​បញ្ចូល​ទាំង​ព័ត៌មាន​ដែលមិន​បាន​ធ្វើ​បច្ចុប្បន្នភាព» អំពីការ​សាកល្បង​ព្យាបាល​នៅ​ដំណាក់​កាលចុង​ក្រោយ​ដែល​មិន​ផ្តល់​ពេញលេញ​នូវទិន្នន័យ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព។

ក្រុមហ៊ុន ​AstraZeneca បាន​និយាយ​កាលពី​ថ្ងៃច័ន្ទ​ថា​ ការវិភាគ​របស់ខ្លួន​អំពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ខ្លួន​ផ្អែកលើ​អ្នក​ចូលរួម​ជាង​ ៣០.០០០​ នាក់​នៅ​ក្នុង​ការ​សាកល្បង​នៅ​សហរដ្ឋ​អាមេរិក។​

ក្រុមអ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ ​Oxford ​ក៏បាន​និយាយ​ដែរ​ថា​ វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​៧៩%​ ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​ ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ទិន្នន័យ​និង​សុវត្ថិភាព​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន ​AstraZeneca​ ធ្វើការ​ជាមួយ​ខ្លួន​ដើម្បី​ពិនិត្យមើល​ទិន្ន​ន័យ​នេះ​ឡើង​វិញ​ដើម្បី«បញ្ជាក់​ទិ​ន្ន័យ​ដែល​បង្ហាញ​ប្រសិទ្ធភាពដែល​មាន​ភាពត្រឹមត្រូវ​និង​បាន​ធ្វើ​បច្ចុប្បន្នភាព​រួចហើយ ​ដើម្បី​ឲ្យសាធារណជន​បានដឹង​ឱ្យបាន​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅបាន»។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​អ្នក​ជំនាញ​ឯករាជ្យ​បង្ហាញ​បញ្ហា​បង្អាក់ចុងក្រោយ​សម្រាប់​វ៉ាក់សាំងកូវីដ១៩​របស់​ក្រុមហ៊ុន​ AstraZeneca​ ដែល​មាន​បញ្ហា​ក្នុង​ការ​ចែកចាយ​នៅ​ទូទាំង​ពិភពលោក។​

ថ្មីៗនេះ​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ឈប់​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ ដោយសារ​តែមាន​របាយការណ៍​ថា​ វា​ជាប់​ទាក់ទង​នឹង​ការ​កក​ឈាម​របស់អ្នក​ចាក់វ៉ាក់សាំង​នេះ។​

​ប្រទេសមួយ​ចំនួន​នៅ​អាហ្រ្វិក​ខាងត្បូង​បាន​ឈប់ចាក់​វ៉ាក់សាំង​បង្ការ​នេះ​ ដោយសារ​តែព្រួយ​បារម្ភ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំងនេះ​ប្រឆាំង​នឹង​ប្រភេទ​វីរុស​វិវត្ត​ថ្មី​នៅ​ក្នុង​ស្រុក៕

XS
SM
MD
LG