ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ពលរដ្ឋ​នៅ​ភ្នំពេញ​​​ត្រៀម​​ទទួល​វ៉ាក់​សាំង​ Astra​Zeneca​ នៅ​សល់ ខណៈ​វ៉ាក់​សាំង​១,៥​លាន​ដូស​មក​ដល់​​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ប្រសិន​បើ​មិន​មាន​ការ​ប្រែ​ប្រួល​ទេ​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​(Sinovac)​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន ចំនួន ​១,៥​ លាន​ដូស នៅ​ថ្ងៃទី​ ២៦ ខែ​មីនាខាងមុខ ខណៈ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​បញ្ជា​ឲ្យបើក​យុទ្ធនា​ការ​ ១៥ ​ថ្ងៃ ចាក់​វ៉ាក់សាំង​ AstraZeneca ​ដែល​នៅ​សល់​ដល់ប្រជាពលរដ្ឋនៅ​ភ្នំពេញ​ ដែល​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​ក៏​នឹង​ទទួល​បាន​វ៉ាក់​សាំងចិនមួយ​ប្រភេទ​ទៀត ឈ្មោះ​ស៊ីណូហ្វាម​ (Sinopharm)​ ចំនួន​ ៤០ ​ម៉ឺន​ដូស ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន នៅ​មុន​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​ក្នុង​ខែ​មេសា។

ក្នុង​សារ​អាត់​សំឡេង​ដែលមានរយៈពេល​ជាង ​៣០ នាទី​ លោក​ ហ៊ុន សែន ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង ​AstraZeneca នៅ​សល់​ជាង​ ១១ ម៉ឺន​ដូស មាន​ចំនួន ៥៥.៧០០ នាក់។ លោក​បញ្ជា​ឲ្យ​មន្រ្តី​របស់​លោក​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​រយៈពេល​ ១៥ ថ្ងៃ​ នៅ​រាជធានី​ភ្នំពេញ​ ហើយមណ្ឌល​ចាក់​វ៉ាក់សាំង​ត្រូវតែ​ធ្វើ​នៅតាម​ខណ្ឌ​នានា ដើម្បី​បង្កភាព​ងាយ​ស្រួល​ដល់​ការ​ចាក់។

លោក​បន្ត​ថា​ ពលរដ្ឋក្រីក្រគឺ​ជាក្រុម​អាទិភាព​ដែល​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​នេះ។ ចំណែក​ឯ​អ្នក​មាន​ស្តុក​ស្តម្ភ​ត្រូវ​រង់​ចាំ​ការ​មក​ដល់​នៃវ៉ាក់​សាំង​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «​ត្រូវប្រមូល​អ្នក​ដែល​មាន​អាយុ​ ៦០ ​ឆ្នាំ​ ហើយ​ត្រូវ​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ប្រជាជន​ក្រីក្រ ​ដែល​គ្មាន​អ្វី​ការពារ​ខ្លួនយក​មក​ចាក់។ ឯអ្នកដែល​មាន​លទ្ធភាព​ការពារ​ខ្លួន​នៅតាម​វីឡា​ នៅតាម​ភូមិគ្រឹះ​នានា ​សុំ​ពន្យារ​បន្តិច​ ព្រោះ​វ៉ាក់​សាំង​យើង​ក៏មិន​គ្រប់​សម្រាប់​អ្នក​ដែលមាន​វ័យ​ ៦០ ​ឆ្នាំ​ឡើង។ ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ផ្តល់​អាទិភាព​ទៅ​តាម​ទីកន្លែង​សម្រាប់​តំបន់​ក្រីក្រ​ ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំងនេះ»។

លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​រៀបចំ​ទីកន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មាន​មួយ​កន្លែង​ នៅតាម​ខណ្ឌ​នីមួយៗរបស់​រាជធានី​ ដើម្បី​សម្រួល​ដល់​មនុស្ស​ចាស់​ ឲ្យ​មក​ទទួល​វ៉ាក់សាំង​តាមការ​ណាត់​ត្រឹមត្រូវ​និង​មាន​របៀប​រៀប​រយ។

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ទទូច​សុំ​ឲ្យប្រជាពលរដ្ឋ​ កុំ​មាន​ការ​រើស​អើង​ប្រភព​របស់​វ៉ាក់សាំង​តួយ៉ាង​ដូច​ជា​វ៉ាក់​សាំង Sinovac ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​នៅ​ប្រទេស​ចិន ដែល​លោក​ថា ​មិន​តម្រូវ​ឲ្យ​មាន​ការ​កំណត់​អាយុ​និង​ដែល​ត្រូវ​បាន​ដាក់​ឲ្យប្រើ​ប្រាស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។​

«បើ​យោង​ទៅ​តាម​ខ្ញុំដឹង​ Sinovac​ គឺ​ហាក់​ដូច​ជា​មិន​បាន​កំណត់​អាយុ​ ព្រោះ​នៅប្រទេស​ឥណ្ឌូនេស៊ី​គឺបាន​ដំណើរ​ការ​ចាក់ Sinovac រាប់​ទាំង​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​លំដាប់​ទី ​៤ ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ ​គឺប្រើប្រាស់ ​Sinovac ដែល​យើង​ដែលនឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២៦ ​មីនា...ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ»។

កន្លង​មក​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ឈ្មោះ​ស៊ីណូហ្វាម ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ​ចំនួន ​៦០ ​ម៉ឺន​ដូស ​ដែល​អាច​ចាក់​មនុស្ស​បាន​ចំនួន ​៣០ ​ម៉ឺន​នាក់។

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោកស្រី​ ឱ វណ្ណឌីន​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​និង​លោក ​ ម៉េត​ មាស​ភក្តី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​នៅថ្ងៃ​សុក្រនេះ។

គិត​ចាប់​តាំង​ពី​ថ្ងៃទី​ ១០ ​ខែកុម្ភៈ​ កម្ពុជាបានចាប់​ផ្តើម​ចាក់វ៉ាក់​សាំង​ស៊ីណូហ្វាម និង​ថ្ងៃ​ទី​ ៤​ ខែមីនា ​កម្ពុជា​បាន​ចាប់​ផ្តើម​ចាក់វ៉ាក់​សាំង​ Astra​Zeneca ដល់ពលរដ្ឋ​ខ្លួន​ហើយ​រហូត​មក​ដល់​ពេលនេះ​ សរុប​ទាំង​ផ្នែក​កងទ័ព​ផ្នែក​ស៊ីវិល​ មាន​អ្នកទទួល​បាន​វ៉ាក់​សាំងជាង ​៣០ ​ម៉ឺននាក់។ ក្នុង​នោះ​អ្នក​ទទួល​បាន​វ៉ាក់​សាំង​ទាំងពីរ​ប្រភេទ​មាន​ចំនួន​ជាង​ ១ ៩ម៉ឺននាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ ខែមីនា​នេះ។

លោក ហ៊ុន សែន បាន​កត់​សម្គាល់​ថា​ព្រឹត្តិការណ៍​សហ​គម​ន៍​ «២០​ កុម្ភៈ» បាន​អូសបន្លាយ​ពេល​ជិតមួយខែ​មកហើយ​ ដោយអ្នកចំនួន​អ្នកឆ្លង​ជំងឺកូវីដ​១៩ ​បាន​កើន​ឡើងដល់ ១០៦២ ​នាក់ ដែល​ជា​ចំនួន​ឆ្លង​ច្រើន​ជាង​ពីរ​ដង​ ធៀប​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ផ្ទុះជំងឺ​នេះ​នៅប្រទេស​កម្ពុជា។

លោក វន​ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯក​រាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​ បាន​ជំរុញ​ឲ្យ​ផ្តល់​អាទិភាព​លើ​ក្រុម​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មានអ្នក​រត់​ម៉ូតូ​ឌុប រ៉ឺម៉ក និង​អ្នក​រើស​អេត​ចាយជាដើម​ ដែលលោក​ថា ​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ដើម្បី​រក​ចំណូល។

លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់​សាំង​ឲ្យ​មាន​សមធម៌ និង​យុត្តិធម៌​ផង​ដែរ។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ចង់​បាន​វ៉ាក់​សាំង​ដែល​មាន​គុណ​ភាព ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​(WHO)។

គួរ​បញ្ជាក់​ថា ​ពិភព​លោក​កំពុង​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​អ្នក​ជំនាញ​បាន​ជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់​សាំង​ដោយ​សមធម៌​ផង​ដែរ ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មិន​អាច​ផលិត​វ៉ាក់​សាំង​បាន ដូច​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG