ក្រុមហ៊ុន AstraZeneca បានផ្សព្វផ្សាយនូវព័ត៌មានថ្មីមួយចំនួនកាលពីថ្ងៃពុធម្សិលមិញអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។
ព័ត៌មានថ្មីនេះ បានបង្ហាញថា ផ្អែកលើការសាកល្បងដំណាក់កាលចុងក្រោយលើមនុស្សជាង៣ ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៦% ក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩ ដែលមានរោគសញ្ញា។
តួលេខថ្មីចុងក្រោយបង្អស់នេះ គឺជាកែសម្រួលទៅលើតួលេខចាស់ ដែលក្រុមហ៊ុន AstraZeneca បានប្រកាសកាលពីថ្ងៃចន្ទ ដែលថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពចំនួន ៧៩%។
ការប្រកាសទាំងនេះ បានធ្វើឲ្យគេមានចម្ងល់ក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីក្រុមប្រឹក្សាត្រួតពិនិត្យទិន្នន័យនិងសុវត្ថិភាពរបស់សហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមហ៊ុន AstraZeneca «ប្រហែលជាបានដាក់បញ្ជូលនូវព័ត៌មានចាស់មួយចំនួន» ដែលបានពីការសាកល្បងដំណាក់កាលចុងក្រោយរបស់ខ្លួន «ដែលព័ត៌មាននោះប្រហែលជាមិនបានបង្ហាញពេញលេញអំពីទិន្នន័យនៃប្រសិទ្ធភាព [របស់វ៉ាក់សាំងនេះ]»។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca គឺជាជម្រើសដំបូងបំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍនានា ដោយសារតែវាមានតម្លៃថោក និងមិនសូវមានលក្ខខណ្ឌស្មុគស្មាញសម្រាប់ការស្ដុកទុក៕