ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ រំពឹង​ថា នឹង​ទទួល​បាន​ការយល់ព្រម​ឲ្យប្រើ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZenaca


រូបឯកសារ៖ ឱសថការី​ម្នាក់ កំពុង​រៀប​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZenaca នៅ​មជ្ឈមណ្ឌល Excel ក្នុង​ទីក្រុងឡុងដ៍​កាលពី​ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ឱសថការី​ម្នាក់ កំពុង​រៀប​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZenaca នៅ​មជ្ឈមណ្ឌល Excel ក្នុង​ទីក្រុងឡុងដ៍​កាលពី​ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ បាន​ថ្លែងកាលពី​ថ្ងៃ​សុក្រ​ថា លោក​រំពឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​ក្រុមហ៊ុន AstraZeneca នឹង​បាន​ទទួល​ការ​យល់​ព្រម​ឲ្យ​ប្រើ​សម្រាប់​គ្រា​អាសន្ន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ក៏ប៉ុន្តែ​ប្រហែល​ជា​អាច​ប្រើ​មាន​ការកម្រិត​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់​លោក Jens Spahn បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ថា ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ឬ (EMA) អាច​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ដោយ​មាន​ការរឹតត្បិត ​ពីព្រោះ​តែ​ទិន្ន័យ​ស្តីពីការ​ប្រើ​របស់​វា​លើ​មនុស្ស​ចាស់«មិន​គ្រប់គ្រាន់»។

លោក Spahn បាន​និយាយ​ទៀត​ថា វាមាន​សារៈសំខាន់​ដើម្បី​បង្ហាញពី​ភាពខុសគ្នា​រវាង​ទិន្ន័យ​មិនគ្រប់​គ្រាន់​និង​ទិន្ន័យ«អាក្រក់»។

ថ្លែង​ទៅកាន់​សន្និសីទ​កាសែត​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ លោក Klaus Cichutek ប្រធាន​វិទ្យាស្ថាន Paul Ehrlich បាន​និយាយ​ថា មាន​ការជជែក​ដេញ​ដោល​ដ៏ក្តៅ​គគុក​ចំពោះ​វ៉ាក់សាំង​នោះ​ ក្នុង​អំឡុង​ដំណើរ​ការ​នៃ​ការអនុម័ត​កាលពី​សប្តាហ៍​មុន ក៏ប៉ុន្តែ លោក​ជឿ​ថា «ការងារ​ដ៏សំខាន់​នោះ​គឺ​ថា ឱសថ​នោះ ​បាន​ទទួល​ការយល់ព្រម​ដោយ​មិនមាន​ការរឹតត្បិត​អាយុ»។

លោក Lothar Wieler ប្រធាន​វិទ្យាស្ថាន​សម្រាប់​ជំងឺ​ឆ្លង Robert Koch ដែល​ស្ថិត​នៅក្នុង​សន្និសីទ​កាសែត​នោះ​ដែរ បាន​ព្រមាន​ពី​គ្រោះថ្នាក់​យ៉ាងខ្លាំង​ពី​ជំងឺ​កូវីដ១៩​វិវឌ្ឍថ្មី។

លោក​បាន​និយាយ​ថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់លាស់​អំពី​លក្ខណៈ​នៃ​វីរុស​វិវឌ្ឍថ្មីនៅ​ឡើយ​ទេ ហើយ​មិនទាន់​ដឹង​ថា​តើ​វីរុស​នោះ​ មាន​គ្រោះថ្នាក់​យ៉ាង​ណា​នោះ​ទេ ហើយ​ក្នុង​ករណី​ខ្លះ ថាតើ​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ហើយ​នោះ​ ឬ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​នោះ មាន​អង់ទីគ័រ​ប្រឆាំង​នឹង​វា​ដែរ​ឬ​ទេ៕

XS
SM
MD
LG