ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ព្រមាន​ក្រុម​តាលីបង់​ចំពោះ​រដ្ឋាភិបាល​ថ្មី​ដែល​«មិន​មាន​លក្ខណៈ​ចម្រុះ​និង​តំណាង​គ្រប់​ភាគី»


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid (កណ្ដាល) ដែល​អមដំណើរ​ដោយ​សមាជិក​ផ្សេង​ទៀត ថ្លែង​​ទៅ​កាន់​អ្នក​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ​
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid (កណ្ដាល) ដែល​អមដំណើរ​ដោយ​សមាជិក​ផ្សេង​ទៀត ថ្លែង​​ទៅ​កាន់​អ្នក​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ​

សហភាព​អឺរ៉ុបនិយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​អន្តរកាលថ្មី​មួយ​ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​តាលីបង់នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាននោះ​ មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​របស់​មេដឹកនាំ​ក្រុម​នេះ​ ដែល​ថា​នឹង​រួម​បញ្ចូល​ក្រុម​ផ្សេងៗ​គ្នា​នោះ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកនាំ​ពាក្យ​សហភាព​អឺរ៉ុបបាន​លើក​ឡើង​ថា «ក្រោយ​ការ​វិភាគ​ជា​បឋម​ទៅ​លើ​បញ្ជី​ឈ្មោះបុគ្គល​ដែល​ត្រូវ​បាន​ប្រកាស​នោះ​ វា​ហាក់​ដូច​ជា​ការ​បង្កើតរដ្ឋាភិបាល​នោះ​មិន​មាន​លក្ខណៈ​ចម្រុះនិង​តំណាង​ឲ្យ​ក្រុម​ផ្សេងៗ​ ដែល​មក​ពី​ក្រុម​ជន​ជាតិនិង​សាសនា​ខុសគ្នា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​យើង​សង្ឃឹម​ថា​នឹង​ឃើញនៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នោះ ព្រោះ​នេះជា​ការ​សន្យា​របស់​ក្រុម​តាលីបង់​ក្នុងពេល​កន្លង​មក»។

សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៧ជា​សមាជិក បាន​ដាក់​ចេញ​៥​ចំណុច​នៅ​ក្នុង​ការ​បង្កើន​ការ​ទាក់ទិន​របស់​ខ្លួនជា​មួយ​ក្រុម​តាលីបង់ ដែល​ក្នុង​នោះ​ក៏រួម​មាន​ការ​បង្កើត​រដ្ឋាភិបាល​អន្តរ កាល​មួយដែល​រួមបញ្ចូល«តំណាង​ក្រុម​នានា»ផង​ដែរ។

អ្នក​នាំពាក្យ​របស់​សហភាព​អឺរ៉ុប​លើក​ឡើង​ថា សមាសភាព​នៃ​រដ្ឋាភិបាល​ដែល​មាន«ភាព ចម្រុះ​និង​តំណាង»ត្រូវ​គេ​រំពឹង​ទុកថា​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​មួយ​ក្នុង​ពេល​អនាគត​និង​ដែល​ជា​លទ្ធផល​នៃ​ការ​ចរចា​គ្នា។​

ក្រុម​តាលីបង់​កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ឈ្មោះ​រដ្ឋាភិបាល​ចាំ​ផ្ទះ​មួយ​ ដែល​មាន​ភាព​តឹងរ៉ឹង ដែល​គ្មាន​ស្ត្រី​ឬ​បុគ្គល​ណា​មួយ​ ដែល​មិនមែន​ជា​សមាជិក​របស់​ក្រុម​តាលីបង់ ហើយ​នឹង​រួម​បញ្ចូលទាំង​ឥស្សរជន​សំខាន់ៗ​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ឬ​ជា​បុគ្គល​ដែលសហរដ្ឋអាមេរិក​ ត្រូវ​ការ​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ភេរវកម្ម​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេសមក​ពី​ប្រទេស​ចំនួន​២០​នឹង​ធ្វើ​ការពិភាក្សា​នៅ​ថ្ងៃពុធ​ដែលដឹកនាំដោយអ្នក​ការទូត​ជាន់​ខ្ពស់​មក​ពីសហរដ្ឋ​អាមេរិក​និង​ប្រទេស​អាល្លឺម៉ង់​ ដែល​នឹង​ត្រូវ​ដោះស្រាយ​ថា​តើគួរ​ត្រូវទាក់​ទង​ជា​មួយ​រដ្ឋបាល​ថ្មី​របស់​ក្រុម​តាលីបង់​ដោយ​របៀប​ណា​នោះ៕

XS
SM
MD
LG