ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្វហ្គានីស្ថាន​ងាក​ទៅ​ចិន​នឹង​ប្រទេស​ផ្សេង​ទៀត ស្រប​ពេល​ទំនាក់ទំនង​ជាមួយ​អាមេរិក​ចូល​ដំណាក់កាល​ស្រពិចស្រពិល


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ជួបជាមួយ​នឹង​មេដឹកនាំ​ក្រុម​តាលីបង់ផ្នែក​នយោបាយ លោក Mullah Abdul Ghani Baradar នៅ​ក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ជួបជាមួយ​នឹង​មេដឹកនាំ​ក្រុម​តាលីបង់ផ្នែក​នយោបាយ លោក Mullah Abdul Ghani Baradar នៅ​ក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

មន្ត្រី​សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ខែ​សីហា​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចូល​ដល់​ដំណាក់កាល​ថ្មី​ដ៏​ស្រពិចស្រពិល​មួយ បន្ទាប់ពី​ក្រុម​តាលីបង់ (Taliban) បាន​ឡើង​កាន់​អំណាច​នៅ​ទីនោះ។

ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើការ​ដើម្បី​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ប្រហែល ១០០ នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​តាលីបង់​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មីថ្មោង​របស់​ពួកគេ​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​និង​ប្រទេស​ផ្សេងៗ​ទៀត។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​លែង​គ្រប់គ្រង​ដែន​អាកាស​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ។ អ្នកស្រី​បាន​បញ្ជាក់​ថា កន្លង​មក មនុស្ស​ចំនួន ៣១.១០៧ នាក់ ត្រូវ​បាន​នាំ​មក​មកកាន់​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​មនុស្ស​ជាង ១២០.០០០ នាក់ ដែល​ត្រូវ​បាន​ជម្លៀស​ពី​អាហ្វហ្គានីស្ថាន។ មន្ត្រី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ហៅ​ការ​ជម្លៀស​នេះ​ថា​ជា​ការ​ជម្លៀស​តាម​ផ្លូវ​អាកាស​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃ​ទី ២ ខែ​សីហា​នោះ​ផងដែរ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក Suhail Shaheen បាន​បញ្ជាក់​តាម Twitter ថា មន្ត្រី​កំពូល​មួយ​រូប​នៃ​ក្រុម​តាលីបង់​បាន​និយាយ​ជាមួយ​មន្ត្រី​កំពូល​មួយ​រូប​របស់​ប្រទេស​ចិន។

លោក Shaheen បញ្ជាក់​ដូច្នេះ​ថា៖ «អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​រក្សា​វត្តមាន​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​បន្ថែម​ថា ទំនាក់ទំនង​រវាង​ចិន​និង​អាហ្វហ្គានីស្ថាន​នឹង​កើនឡើង​បើ​ប្រៀប​ទៅ​នឹង​អតីតកាល»។

គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ភ្លាមៗ​ណា​មួយ​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មន្ត្រី​តាលីបង់​ផ្សេង​ទៀត​បាន​បញ្ជាក់​តាម Twitter ថា ពួកគេ​បាន​មាន​ជំនួប​ខាង​ការទូត​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់។ ប្រទេស​កាតា និង​តួកគី​ក៏​ជួយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ផងដែរ​នៅ​ក្នុង​ការ​រៀបចំ​អាកាសយានដ្ឋាន​ចម្បង​នៅ​ក្នុង​ទីក្រុង​កាប៊ុល។

អ្នកស្រី Psaki បាន​និយាយ​ថា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុង​រង់ចាំ​មើល​និង​ថ្លឹងថ្លែង​អំពី​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​ក្រុម​តាលីបង់។ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​នៅ​រក្សា​ឥទ្ធិពល​មាន​ប្រៀប​នៃ​ផ្នែក​មិនមែន​យោធា​លើ​រដ្ឋាភិបាល​ក្រុម​តាលីបង់ តាមរយៈ​ការ​ផ្ដល់​លទ្ធភាព​ចូល​ទៅកាន់​ទីផ្សារ​សាកលលោក​និង​ជំនួយ​ហិរញ្ញវត្ថុ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​ថា​លោក​ប្រធានាធិបតី លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ឬ​មន្ត្រី​នៃ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​នោះ​ទេ​ដែល​និយាយ​ថា ក្រុម​តាលីបង់​ជា​តួអង្គ​ល្អ។ យើង​មិន​បាន​និយាយ​ដូច្នេះ​នោះ​ឡើយ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​នឹង​មិន​ប្រញាប់ប្រញាល់​ទទួលស្គាល់ [រដ្ឋាភិបាល​ក្រុង​តាលីបង់]។ យើង​នឹង​រង់ចាំ​មើល​សិន»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា អង្គទូត​សហរដ្ឋ​អាមេរិក​នឹង​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ក្រុម​តាលីបង់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «មាន​ការ​ពិនិត្យ​សើរើ​ឡើង​វិញ​អំពី​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។ ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​គោល​ជំហរ​មួយ​ដែល​ថា អាហ្វហ្គានីស្ថាន​មិន​ទាន់​មាន​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង​នៅ​ឡើយ»។

ពិសេស​ជាង​នេះ​ទៅ​ទៀត លោក Price បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​អាទិភាព​លើ «ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​សុវត្ថិភាព ការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន ដែល​ក្នុង​នោះ​មាន​ទាំង​ស្ត្រី កុមារី និង​ជាតិ​សាសន៍​ភាគ​តិច​ផងដែរ រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ រដ្ឋាភិបាល​មួយ​ដែល​គោរព​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម រដ្ឋាភិបាល​មួយ​ដែល​គោរព​បទដ្ឋាន​អន្តរជាតិ​ជា​សាកល»។

នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រុម​តាលីបង់​ក៏​ប្រឈម​នឹង​បញ្ហា​ពី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផ្ទាល់​ផងដែរ ជាពិសេស​ពី​ក្រុម​រណសិរ្ស​តស៊ូ​ជាតិ (National Resistance Front) ដែល​ជា​ចលនា​ឧទ្ទាម​រៀបចំ​ជា​ថ្មី ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក Ahmad Shah Massoud ដែល​ជា​មេបញ្ជាការ​ល្បី​ឈ្មោះ​នៃ​ក្រុម​ឧទ្ទាម​ឥស្លាម​បែប «មូចាហ៊ីឌីន (mujahedeen)»។

កូន​ប្រុស​របស់​លោក Massoud ដែល​បាន​សិក្សា​នៅ​ចក្រភព​អង់គ្លេស បាន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ ហើយ​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​នៅ​ក្នុង​កាសែត Washington Post លោក​បាន​ប្ដេជ្ញា​ថា​នឹង​ប្រយុទ្ធ​ដើម្បី «សង្គម​បើក​ចំហ​មួយ ដែល​កុមារី​អាច​ក្លាយជា​វេជ្ជបណ្ឌិត សារព័ត៌មាន​អាច​រាយការណ៍​ដោយ​សេរី យុវជន​វ័យក្មេង​អាច​រាំ​ច្រៀង​និង​ស្ដាប់​តន្ត្រី​ឬ​ក៏​ចូលរួម​ការ​ប្រកួត​កីឡា​បាល់​ទាត់​នៅ​តាម​ពហុកីឡដ្ឋាន​បាន ដែល​ជា​កន្លែង​ដែល​ក្រុម​តាលីបង់​ធ្លាប់​យក​ធ្វើជា​កន្លែង​ប្រហារ​ជីវិត ហើយ​ដែល​ប្រហែលជា​ក្រុម​នេះ​នឹង​ធ្វើ​ដូច្នេះ​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

ក្រុម​មន្ត្រី​យោធា​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​អាច​នៅតែ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​តំបន់​បាន ទោះបីជា «បេសកកម្ម​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​បញ្ចប់​ហើយ​ក៏ដោយ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby។

លោក Kirby ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​នឹង​ធ្វើ​គឺ​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ពេល​អនាគត​ប្រសិនបើ​ចាំបាច់ សម្រាប់​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​ផល​ប្រយោជន៍​និង​មាតុភូមិ​របស់​យើង។ នេះ​គឺជា​រឿង​ផ្សេង​ខុសពី​ការ​លើកឡើង​ដែល​ថា សហរដ្ឋ​អាមេរិក​មាន​បេសកកកម្ម​យោធា​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG