ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ចាប់ផ្តើម​បេសកកម្ម​ហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន


រូបឯកសារ៖ ទង់សហភាពអឺរ៉ុបបានបក់បោកនៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្ស៊ិក។
រូបឯកសារ៖ ទង់សហភាពអឺរ៉ុបបានបក់បោកនៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្ស៊ិក។

សហភាព​អឺរ៉ុប​បាន​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​របស់​ខ្លួន​សម្រាប់​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​ចាប់ផ្តើម​បេសកកម្ម​បណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែន​ចំនួន ១៥.០០០ នាក់ និង​ផ្តល់​ថវិកា​ចំនួន ៥០០ លាន​អឺរ៉ូ​បន្ថែម​ទៀត​សម្រាប់​សព្វាវុធ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ថ្លែង​តាម​វីដេអូ​អនឡាញ​ពី​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​លុចសំបួ ដោយ​បាន​ជំរុញ​ពួកគេ​ឱ្យ​ផ្ដល់​ការ​ការពារ​ដែន​អាកាស​បន្ថែម​ទៀត​និង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ផ្គត់ផ្គង់​ដ្រូន​ដល់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​ប្រើ​ដ្រូន​នេះ​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​កាលពី​ថ្ងៃ​ចន្ទ។

លោក Kuleba បាន​សរសេរ​នៅ​លើ Twitter ថា៖ «[អ៊ុយក្រែន] បាន​ស្នើ​ឱ្យ​មាន​ការ​ការពារ​ដែន​អាកាស​បន្ថែម​ទៀត​និង​ការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ​ផ្សេងៗ។ [អ៊ុយក្រែន] បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​សម្រាប់​ករណី​ដែល​អ៊ីរ៉ង់​ផ្ដល់​ដ្រូន​ដល់​រុស្ស៊ី»។

លោក Josep Borrell ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ពេល​ចាប់ផ្តើម​កិច្ច​ប្រជុំ​នេះ​ថា៖ «ប្រទេស​រុស្ស៊ី​កំពុង​ចាញ់​សង្រ្គាម​នេះ​ទាំង​ផ្នែក​សីលធម៌ ផ្នែក​នយោបាយ និង​សូម្បីតែ​ផ្នែក​យោធា។ ដូច្នេះ​យើង​ត្រូវ​បន្ត​គាំទ្រ​អ៊ុយក្រែន»។

លោក Borrell បាន​សរសេរ​នៅ​លើ Twitter ចេញ​ពី​កិច្ច​ប្រជុំ​នេះ​ថា៖ «នៅ​ពេល​ដែល​លោក Dmytro Kuleba ថ្លែង​សុន្ទរកថា​មក​កាន់​ពួក​យើង​ចេញ​ពី​ជម្រក​ការពារ​គ្រាប់​ផ្លោង យើង​បង្កើន​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប​រហូត​ដល់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​ចាប់ផ្ដើម​បេសកកម្ម​បណ្ដុះបណ្ដាល​របស់​សហភាព​អឺរ៉ុប​សម្រាប់​យោធា​អ៊ុយក្រែន»។

លោក Borrell បាន​បន្ថែម​ថា៖ «ការ​វាយ​ប្រហារ​មិន​រើស​មុខ​ថ្មី​ចុងក្រោយ​បង្អស់​របស់​រុស្ស៊ី​ទាំង​នេះ​នឹង​មិន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​តាំងចិត្ត​របស់​យើង​នៅ​ក្នុង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នោះ​ទេ គឺ​វា​មាន​តែ​ធ្វើ​ឱ្យ​ការ​តាំងចិត្ត​នេះ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​សង្រ្គាម​ជិត ៨ ខែ​កន្លង​មក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន កងទ័ព​របស់​អ៊ុយក្រែន​កំពុង​ដំណើរការ​ល្អ​នៅ​ក្នុង​សមរភូមិ ហើយ​ក្រុម​បស្ចិម​ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​កងទ័ព​អ៊ុយក្រែន​មាន​សមត្ថភាព​បន្ត​ការ​ប្រយុទ្ធ។

បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ច្រើន រួម​ទាំង​អាល្លឺម៉ង់​និង​បារាំង​ផង​ដែរ កំពុង​បណ្តុះ​បណ្តាល​រួច​ហើយ​ដល់​ទាហាន​អ៊ុយក្រែន​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​កាំភ្លើង​ធំ​ទំនើប ប្រព័ន្ធ​បាញ់​មីស៊ីល និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​ពួកគេ​ផ្តល់​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន។ រីឯ​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា និង​ចក្រភព​អង់គ្លេស​វិញ​ក៏​បាន​បណ្ដុះបណ្ដាល​ទាហាន​រាប់​ពាន់​នាក់​រួច​មក​ហើយ​ផង​ដែរ។

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ផែនការ​បេសកកម្ម​នេះ​គឺ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជា​មូលដ្ឋាន​ដល់​ទាហាន​ចំនួន ១២.០០០ នាក់ និង​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ពិសេស​ដល់​ទាហាន​ចំនួន ២.៨០០ នាក់​បន្ថែម​ទៀត។

ប្រទេស​ប៉ូឡូញ​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​អ៊ុយក្រែន​គ្រោង​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​សំខាន់​សម្រាប់​បេសកកម្ម​នេះ។ អាល្លឺម៉ង់​ក៏​ត្រូវ​បាន​កំណត់​ឱ្យ​ក្លាយជា​ទីតាំង​សំខាន់​មួយ​សម្រាប់​ការ​ហ្វឹកហាត់​នេះ​ផង​ដែរ៕

XS
SM
MD
LG