ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ពិចារណា​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​និង​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី


រូបឯកសារ៖ បុរស​ម្នាក់​ដក​ទង់ជាតិ​រុស្ស៊ី​ចេញ​ពី​ផ្ទាំងបដា​មួយ​នៅ​កណ្ដាល​ក្រុង Kherson ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ បុរស​ម្នាក់​ដក​ទង់ជាតិ​រុស្ស៊ី​ចេញ​ពី​ផ្ទាំងបដា​មួយ​នៅ​កណ្ដាល​ក្រុង Kherson ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​និង​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​យោធា​អ៊ុយក្រែន ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​សន្យា​គាំទ្រ​ជា​បន្ត​ដល់​អ៊ុយក្រែន​ នៅ​ចំពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយក្រែន។

កញ្ចប់​ថវិកា​ស្នើ​ឡើង​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នេះ នឹង​ផ្ដល់​ថវិកា​ប្រហែល​ ២.១០០ ​លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ឱ្យ​អ៊ុយក្រែន។

កន្លង​មក ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​៨​ដង​រួច​មក​ហើយ​សំដៅ​លើ​បុគ្គល​និង​វិស័យ​មួយ​ចំនួន​របស់​រុស្ស៊ី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែ​កុម្ភៈ។ ទណ្ឌកម្ម​លើក​ទី ៩ នេះ​នឹង​ដាក់​លើ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ក៏​ដូចជា​វិស័យ​យោធា​និង​ធនាគារ​របស់​រុស្ស៊ី​ផង​ដែរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​តាម​ទូរសព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អាទិត្យ ដែល​ជា​ការ​សន្ទនា​តាម​ទូរសព្ទ​មួយ​ដែល​លោក Zelenskyy បាន​ធ្វើ​ឡើង​ជាមួយ​នឹង​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​នៅ​មុន​ការ​ពិភាក្សា​និង​ការ​ប្រជុំ​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​ចូល​មក​ដល់​នៅ​ក្នុង​សប្ដាហ៍​នេះ។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Biden «បាន​បញ្ជាក់​អះអាង​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បន្ត​ផ្ដល់​ដល់​អ៊ុយក្រែន​នូវ​ជំនួយ​សន្តិសុខ សេដ្ឋកិច្ច និង​មនុស្សធម៌ ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ភាព​ឃោរឃៅ​របស់​ខ្លួន និង​ធ្វើ​ឱ្យ​រុស្ស៊ី​រង​ផល​វិបាក​ចំពោះ​ការឈ្លានពាន​នេះ»។

រី​ឯ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron វិញ​បាន​និយាយ​បន្ទាប់ពី​លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Zelenskyy ​ថា​ អ៊ុយក្រែន​អាច​ពឹងផ្អែក​លើ​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​បាន «មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ​រហូត​ទាល់តែ​ទទួល​បាន​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ពេញលេញ​ឡើង​វិញ»។

លោក Zelenskyy បាន​និយាយ​ថា លោក​ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ផង​ដែរ​អំពី​ក្ដី​រំពឹង​នៃ​ការ​ពង្រីក​គម្រោង​ផ្ដួចផ្ដើម​នាំ​ចេញ​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ​ដែល​នៅ​ក្រោម​គម្រោង​ផ្ដួចផ្ដើម​នេះ អ៊ុយក្រែន​អាច​នាំចេញ​ធញ្ញជាតិ​របស់​ខ្លួន​ពី​កំពង់ផែ​ចំនួន​៣​បាន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG