ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ថា​ រុស្ស៊ី​កាត់​បន្ថយ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​បញ្ជា​យន្តហោះ​ដ្រូន ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ទី​តាំង​មិន​មាន​ការ​បញ្ជាក់​មួយ​កន្លែង​ក្នុង​តំបន់​ Donetsk កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២២។
ទាហាន​អ៊ុយក្រែន​បញ្ជា​យន្តហោះ​ដ្រូន ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ទី​តាំង​មិន​មាន​ការ​បញ្ជាក់​មួយ​កន្លែង​ក្នុង​តំបន់​ Donetsk កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២២។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ចំនួន​បេសកកម្ម​ដែល​ធ្វើ​ឡើង​ដោយ​យន្តហោះ​ចម្បាំង​កលយុទ្ធ​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ «បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់» ​ទៅ​ចំនួន​ប្រហែល​ «រាប់​សិប​ដង​ក្នុង​មួយ​ថ្ងៃ ​បើ​ប្រៀប​ជាមួយ​នឹង​ចំនួន​ខ្ពស់​រហូត​ដល់ ​៣០០ ​ដង​ក្នុង​មួយ​ថ្ងៃ»។

នៅ​ក្នុង​ការ​ជូន​ដំណឹង​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​ Twitter ​ក្រសួង​នេះ​បាន​លើកឡើង​ថា រុស្ស៊ី​បាន​បាត់បង់​យន្តហោះ​ចម្បាំង​ចំនួន​ជាង ៦០ ​គ្រឿង។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ទៀត​ថា ​ការ​ថយ​ចុះ​នៃ​បេសកកម្ម​របស់​រុស្ស៊ី​នេះ «ទំនង​ជា​លទ្ធផល​នៃ​ការ​គំរាមកំហែង​ខ្លាំងក្លា​ជា​បន្ត​ពី​កង​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន សមត្ថភាព​មាន​កម្រិត​នៃ​ពេល​វេលា​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី ​និង​ធាតុអាកាស​មិន​ល្អ»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​អ៊ុយក្រែន​មាន​អ្វី​មួយ​ដែល​រុស្ស៊ី​មិន​មាន ដែល​នោះ​គឺ «យើង​ការពារ​មាតុភូមិ​របស់​យើង ហើយ​ករណី​នេះ​ហើយ​ដែល​ផ្ដល់​ឱ្យ​យើង​នូវ​ការ​ជំរុញ​ទឹកចិត្ត​យ៉ាង​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ប្រយុទ្ធ​ដើម្បី​សេរីភាព ​ហើយ​ករណី​នេះ​ហើយ​ដែល​តែងតែ​ធ្វើ​ឱ្យ​កម្លាំង​របស់​យើង​កាន់តែ​កើន​ឡើង។ យើង​ការពារ​សច្ចភាព ​ហើយ​ករណី​នេះ​ហើយ​ដែល​រួបរួម​ពិភពលោក​ទាំង​មូល​ឱ្យ​គាំទ្រ​អ៊ុយក្រែន»។

លោក Zelenskyy ក៏​បាន​ជំរុញ​ផង​ដែរ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក «ដើម្បី​ឆ្លង​ឱ្យ​ផុត​រដូវ​រងា​នេះ»។ លោក​បាន​និយាយ​ថា៖ «សូម​កុំ​សួរ​ថា​តើ​អ្នក​អាច​ជួយ​បាន​ឬ​ក៏​អត់​និង​តាម​វិធី​ណា។ គឺ​អ្នក​គ្រាន់តែ​ជួយ​នៅ​ពេល​ណា​ដែល​អ្នក​ឃើញ​ថា​អាច​ធ្វើ​បាន»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ផល​វិបាក​ដែល​រុស្ស៊ី​ទទួល​បាន​ពី​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​គឺ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ ដោយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​កាន់តែ​លំបាក​នៅ​ក្នុង​ការ​បំពេញ​សព្វាវុធ​របស់​ខ្លួន​ឱ្យ​ដូច​ដើម​វិញ​ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​សង្គ្រាម​ជា​បន្ត​របស់​ខ្លួន​ជាមួយ​នឹង​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG