ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃពុធម្សិលមិញថា លោករំពឹងពីសង្គ្រាមយូរអង្វែងតទៅមុខទៀតក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកមិនមើលឃើញពីភាពចាំបាច់ណាមួយ ក្នុងការកេណ្ឌទ័ពបន្ថែមទៀតនោះឡើយនៅពេលនេះ។
លោកPutin បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សវិមានក្រឹមឡាំង ដែលមានក្រុមអ្នកសារព័ត៌មាន ក្រុមសកម្មជន និងក្រុមមន្ត្រីសាធារណៈដែលមានភាពស្មោះត្រង់នឹងលោក ហើយដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរនោះថា ប្រទេសរុស្ស៊ីនឹងបន្តការពារខ្លួនឯងដោយគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកអះអាងថា រុស្ស៊ីត្រូវបានគេមើលឃើញក្នុងប្រទេសលោកខាងលិចថា «ជាប្រទេសលំដាប់ទី២ ដែលគ្មានសិទ្ធិក្នុងការរស់រានឡើយ»។
លោកបន្ថែមទៀតថា៖ «សម្រាប់រយៈពេលនៃប្រតិបត្តិយោធាពិសេសវិញ ជាការពិតណាស់ នេះអាចជាដំណើរការដ៏វែងមួយ» ដោយលោកចង់និយាយសំដៅទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅពេលនេះកំពុងចូលដល់ខែទី១០របស់ខ្លួនហើយ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោកនិយាយថា វាមិនមានភាពចាំបាច់នោះឡើយក្នុងការកេណ្ឌកម្លាំងកងទ័ពបន្ថែមទៀតទេ ក្រោយពីបានកេណ្ឌកងទ័ពបម្រុងយ៉ាងហោចណាស់ក៏៣សែននាក់កាលពីខែកញ្ញានិងខែតុលាកន្លងទៅ ដែលជាបទបញ្ជាមួយ ដែលធ្វើឱ្យពលរដ្ឋរុស្ស៊ីជាច្រើនមានភាពតក់ស្លុត។
ដូចដែលលោកធ្លាប់បាននិយាយក្នុងពេលកន្លងទៅដែរ ជុំវិញរឿងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែននោះ លោកPutin គូសបញ្ជាក់ថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរមួយកំពុងកើនឡើង ប៉ុន្តែរុស្ស៊ីនឹងមិនគំរាមកំហែងប្រើប្រាស់អាវុធប្រភេទនេះ ដោយគ្មានការទទួលខុសត្រូវនោះឡើយ៕
ព័ត៌មានមួយចំនួនក្នុងអត្ថបទនេះដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP