ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ចិន​និង​អ៊ុយក្រែន​ស្ថិត​នៅ​ក្នុង​របៀបវារ:​សំខាន់​បំផុត ​ពេល​លោក​ Biden ​ទទួល​លោក ​Macron


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ភរិយា​​គឺ​លោកស្រី Jill Biden ស្វាគមន៍​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ភរិយា​គឺ​លោកស្រី Brigitte Macron ក្នុង​ពិធី​ផ្លូវរដ្ឋ​​មក​កាន់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ភរិយា​​គឺ​លោកស្រី Jill Biden ស្វាគមន៍​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ភរិយា​គឺ​លោកស្រី Brigitte Macron ក្នុង​ពិធី​ផ្លូវរដ្ឋ​​មក​កាន់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ ២០២២។

លោក Joe Biden ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទទួល​ជួប​មេដឹកនាំ​បារាំង​គឺ​លោក​ Emmanuel Macron ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​សេតវិមាន។​ បញ្ហា​ទាំងនោះ​ត្រូវ​គេ​រំពឹង​ថា​ គ្រប​ដណ្ដប់​លើ​ប្រធានបទ​ដូចជា​រឿង​សង្គ្រាម​រុស្ស៉ី ​ក្នុង​ប្រទេស​អ៊ុយក្រែន ​និង​ បញ្ហា​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​បារាំង​និយាយ​ថា​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​និង​ បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ Sahel ​នៃ​ប្រទេស​អាហ្វ្រិក​ក៏​អាច​ស្ថិត​ក្នុង​របៀបវារ:​នៃ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ដែរ។

លោក ​Macron ​គឺជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​លោក​ Biden ​ទទួល​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​ចាប់​តាំង​ពី​លោក​ក្លាយ​ជា​ប្រធានាធិបតី។

លោក John Kirby ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន​ បាន​ថ្លែង​មុន​ដំណើរ​ទស្សនកិច្ច​ថា៖ «ប្រសិន​បើ​លោកអ្នក​មើល​ពី​អ្វី​ដែល​កំពុង​បន្ត​កើតឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​ អ្វី​ដែល​កំពុង​បន្ត​កើត​ឡើង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​និង​ភាព​តានតឹង​នៅ​ប្រទេស​ចិន ​ប្រទេស​បារាំង​ពិតជា​ស្ថិតនៅ​ចំ​កណ្ដាល​ដ៏​សំខាន់​នៃ​រឿងរ៉ាវ​ទាំងអស់​នោះ។ ដូច្នោះ​ហើយ​លោក​ប្រធានាធិបតី ​Biden ​យល់​ថា​ បារាំង​គឺជា​ប្រទេស​ត្រឹមត្រូវ​និង​សំខាន់​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ»។

លោក Biden ​និង​ភរិយា​គឺ​លោកស្រី ​ Jill ​បាន​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​នឹង​លោក ​Macron​ និង​ភរិយា​របស់​លោក​ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃពុធ។

កាលពី​ព្រឹក​ថ្ងៃពុធ ​លោក ​Macron ​បាន​លើកឡើង​នូវ​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​របស់​លោក ​និង​សហរដ្ឋអាមេរិក ​ហើយ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​សភា​អាមេរិក​អំពី​ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​លោក ​Biden។

លោក Macron​ បាន​ដកស្រង់​មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ​ដែល​និយាយ​ពី​រឿង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ផលិតផល​ផលិត​នៅ​អាមេរិក ​ដោយ​បាន​បញ្ជាក់​ថា​ នេះ​ជា​វិធានការ​«បង្ខិតបង្ខំ​ហួសហេតុ» ​ចំពោះ​ក្រុមហ៊ុន​អឺរ៉ុប។

លោក ​Macron​ បាន​បន្ត​ថា៖ ​«ខ្ញុំ​មិន​ចង់​ក្លាយ​ទៅជា​ទីផ្សារ​លក់​ផលិតផល​អាមេរិក​ទេ​ព្រោះ​ថា ​ខ្ញុំ​ពិត​ជា​មាន​ផលិតផល​ដូចគ្នា​នឹង​ផលិតផល​អាមេរិក​ដែរ»៕

ព័ត៌មាន​ខ្លះ​នៃ​របាយការណ៍​នេះ​ត្រូវ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន ​AP , ​AFP និង Reuters។

XS
SM
MD
LG