ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានស្នើនៅថ្ងៃពុធនេះឱ្យមានតុលាការពិសេសមួយដើម្បីកាត់ទោសឧក្រិដ្ឋកម្មរបស់រុស្ស៊ីដែលប្រព្រឹត្តលើប្រទេសអ៊ុយក្រែន។
អ្នកស្រី Von der Leyen បានស្នើឱ្យមានតុលាការមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ «ដើម្បីស៊ើបអង្កេតនិងកាត់ទោសឧក្រិដ្ឋកម្មនៃភាពគឃ្លើនរបស់រុស្ស៊ី»។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីនិងមហាសេដ្ឋីរុស្ស៊ីដែលមានឥទ្ធិពលនានាចាំបាច់ត្រូវចំណាយលើថ្លៃកសាងប្រទេសអ៊ុយក្រែនឡើងវិញពីការខូចខាតដែលប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីតាំងពីពេលដែលពួកគេបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
អ្នកស្រី von der Leyen និយាយដូច្នេះថា៖ «ឧក្រិដ្ឋកម្មដ៏រន្ធត់របស់រុស្ស៊ីមិនអាចរួចផុតពីការដាក់ទោសនោះទេ»។
អ្នកស្រីបានថ្លែងដូច្នេះ នៅពេលដែលបណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានជួបប្រជុំគ្នានៅក្នុងប្រទេសរូម៉ានីនៅថ្ងៃចុងក្រោយ ដែលនៅក្នុងការប្រជុំនោះក៏មានការពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងការគាំទ្រសម្រាប់អ៊ុយក្រែនផងដែរ។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែននឹងចូលជាសមាជិករបស់អង្គការអូតង់នៅថ្ងៃណាមួយជាមិនខាន ដោយប្រឆាំងដោយផ្ទាល់ទៅនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
លោក Stoltenberg បាននិយាយថា «ទ្វាររបស់អង្គការអូតង់គឺបើកចំហ» ដោយបញ្ជាក់ឡើងវិញអំពីការតាំងចិត្តសម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ដែលដំបូងបានធ្វើឡើងកាលពីឆ្នាំ២០០៨ ប៉ុន្តែបានជាប់គាំងតាំងពីពេលនោះមក។
លោក Stoltenberg បានកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ ប្រទេសម៉ាសេដ្វានខាងជើងនិងប្រទេសម៉ុងតេណេហ្គ្រោបានចូលជាសមាជិកអង្គការអូតង់ ហើយប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ក៏នឹងចូលជាសមាជិករបស់អង្គការអូតង់នៅពេលឆាប់ៗខាងមុខនេះផងដែរ។
លោក Stoltenberg បានបញ្ជាក់ថា «រុស្ស៊ីគ្មានសិទ្ធិវេតូប្រឆាំង» លើប្រទេសណាមួយនៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់នោះទេ។ លោកបានបន្ថែមថា៖ «យើងនឹងតាំងចិត្តធ្វើដូច្នេះផងដែរសម្រាប់សមាជិកភាពរបស់អ៊ុយក្រែន»។
លោក Stoltenberg បានថ្លែងដូច្នេះថា៖ «លោកប្រធានាធិបតី Putin មិនអាចប្រឆាំងនឹងប្រទេសអធិបតេយ្យណាមួយនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តដោយឯករាជ្យណាមួយដែលមិនមែនជាការគំរាមកំហែងចំពោះប្រទេសរុស្ស៊ីនោះឡើយ។ ខ្ញុំគិតថា អ្វីដែលលោក Putin ខ្លាចគឺលទ្ធិប្រជាធិបតេយ្យនិងសេរីភាព ហើយនេះគឺជាការប្រឈមចម្បងបំផុតសម្រាប់លោក Putin»។
ប៉ុន្តែ ប្រទេសអ៊ុយក្រែននឹងមិនចូលជាសមាជិកអង្គការអូតង់ក្នុងពេលឆាប់ៗខាងមុខនេះទេ។ ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកអង្គការអូតង់ក្នុងពេលកំពុងមានសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ នោះនៅក្រោមលក្ខខណ្ឌនៃធម្មនុញ្ញរបស់អង្គការអូតង់ កងទ័ពអង្គការអូតង់នឹងចូលប្រយុទ្ធដោយផ្ទាល់នៅសមរភូមិជាមួយនឹងកងទ័ពរុស្ស៊ី។ វានឹងក្លាយជាការតាំងចិត្តមួយដែលផុតពីជំនួយយោធានិងមនុស្សធម៌រាប់ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបញ្ជូនរួចរាល់ហើយឱ្យរដ្ឋាភិបាលអ៊ុយក្រែនដើម្បីជួយកងទ័ពអ៊ុយក្រែននៅក្នុងការការពារប្រទេសរបស់ខ្លួន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។