មន្ត្រីសហភាពអឺរ៉ុបនិងមន្ត្រីចិននឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងបង្អស់តាំងពីឆ្នាំ២០១៩ មកនៅក្នុងសប្ដាហ៍នេះ ដោយគេរំពឹងថាថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចសាកលលោក។
អ្នកជំនាញខ្លះនិយាយថា កិច្ចប្រជុំរយៈពេលមួយថ្ងៃនៅថ្ងៃទី៧ ខែធ្នូខាងមុខនេះនឹងផ្ដោតលើ «ការលុបបំបាត់ហានិភ័យ» ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់សហភាពអឺរ៉ុបនៅក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនក្នុងផ្នែកសំខាន់ៗ។
លោក Grzegorz Stec អ្នកវិភាគនៃការិយាល័យវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាអំពីប្រទេសចិន (MERICS) ប្រចាំទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក បានប្រាប់ VOA ថា៖«សហភាពអឺរ៉ុបចង់បង្ហាញថាពួកគេមានមធ្យោបាយគោលនយោបាយថ្មីដើម្បីលុបបំបាត់ហានិភ័យឱ្យខាងតែបាន។ ចំណែកឯគោលបំណងសំខាន់របស់ចិនវិញគឺព្យាយាមធ្វើយ៉ាងណារារាំងដំណើរវិវឌ្ឍន៍ទៅមុខរបស់សហភាពអឺរ៉ុបលើការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការលុបបំបាត់ហានិភ័យនេះ»។
កិច្ចប្រជុំនេះនឹងធ្វើឡើងនៅចំពេលដែលមានការបែកបាក់កាន់តែខ្លាំងឡើងរវាងភាគីទាំងពីរដោយសហភាពអឺរ៉ុបមានបំណងចង់ឱ្យមានការប្រកួតប្រជែងដ៏ស្មើភាពផ្នែកពាណិជ្ជកម្ម រីឯចិនវិញចង់ព្យាយាមបង្ហាញឱ្យឃើញពីតម្រូវការនៅក្នុងការរក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាងនេះទៀត កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់ជាច្រើនដែលក្នុងនោះរួមមានទាំងទស្សនកិច្ចរបស់មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបលោក Josep Borrell ទៅកាន់ប្រទេសចិនកាលពីខែតុលាផងដែរ។
ដោយទាំងសហភាពអឺរ៉ុបនិងប្រទេសចិនសុទ្ធតែព្យាយាមការពារផលប្រយោជន៍របស់ខ្លួន អ្នកវិភាគខ្លះនិយាយថា គេមិនរំពឹងថាកិច្ចប្រជុំនេះនឹងផ្ដល់លទ្ធផលជាដុំកំភួនណាមួយទេ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកំណត់ឥណទាន Moody បានបន្ទាបការប្រមើលមើលឥណទាននៃប្រទេសចិនពី«មានស្ថិរភាព»ទៅ«អវិជ្ជមាន»ដោយសារមានកំណើនបំណុលក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរនៃពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ការរើបឡើងនៃប្រទេសចិនក្រោយការរាតត្បាតជំងឺកូវីដត្រូវបានបង្អាក់ដោយភាពកម្សោយនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់និងធុរកិច្ច វិបត្តិផ្ទះសម្បែងដែលនៅ តែមាន ចំនួនច្រើននៃយុវជនគ្មានការងារធ្វើនិងដំណើរយឺតយ៉ាវសាកលដែលដាក់ទម្ងន់លើសេចក្តីត្រូវការទំនិញក្នុងប្រទេស។
បញ្ហាទាំងនេះបានដាក់ឱ្យមានសម្ពាធលើរដ្ឋាភិបាលកណ្តាលនិងរដ្ឋាភិបាលមូលដ្ឋានឱ្យផ្តល់ការគាំទ្រហិរញ្ញវត្ថុថែមទៀត បន្ទាប់ពីមានការចេញប័ណ្ណមូលបត្ររដ្ឋាភិបាលមានទឹកប្រាក់មួយលានលាន yuan ស្មើនឹង១៣៧ពាន់លានដុល្លារដោយរដ្ឋាភិបាលប៉េកាំងកាលពីខែតុលា។
ទីភ្នាក់ងារ Moody បានថ្លែងកាលពីថ្ងៃអង្គារថាសេចក្តីសម្រេចរបស់ខ្លួន«ឆ្លុះបញ្ចាំងឱ្យឃើញភ័ស្តុតាងថាការគាំទ្រខាងហិរញ្ញវត្ថុនឹងត្រូវផ្តល់ឱ្យដោយរដ្ឋាភិបាលនិងវិស័យសាធារណៈធំជាងមុនដើម្បីសង្កត់ធ្ងន់ខាងហិរញ្ញវត្ថុលើរដ្ឋាភិបាលតំបន់និងរដ្ឋាភិបាលមូលដ្ឋាននិងសហគ្រាសរដ្ឋផងដែរ»។
វិស័យអចលនទ្រព្យដ៏ធំធេងនៃប្រទេសចិនមានវិបត្តិដោយសារការជំពាក់បំណុលច្រើនពេក ដោយពួកអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសនេះជំពាក់ប្រាក់វាល់ពាន់លានដុល្លារហើយកំពុងប្រឈមនឹងការឈប់ប្រកបអាជីវកម្ម៕