សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញជំហររួមគ្នា ក្នុងការជំរុញឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ពង្រឹងភាតរភាព ដើម្បីប្រឈមជាមួយចិនក្នុងស្មារតីតែមួយ ដោយសំដៅជាចម្បងទៅលើវិវាទនៅសមុទ្រចិនខាងត្បូង។
នៅក្នុងការឆ្លើយឆ្លងជាមួយសំណួររបស់អ្នកកាសែតមកពីប្រទេសជាសមាជិកអាស៊ានដែលបានទៅបំពេញទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកកាលពីខែតុលា សមាជិកព្រឹទ្ធសភា លោក James E. Risch បានវាយតម្លៃពីសារៈសំខាន់របស់អាស៊ានចំពោះផលប្រយោជន៍សហរដ្ឋអាមេរិកនិង អាស៊ាន។
លោកបានលើកឡើងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «មជ្ឈភាពអាស៊ាន គឺជាសសរស្តម្ភសំខាន់នៃការចាប់ផ្តើមមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោកបន្ថែមថា ផ្ទុយទៅវិញ ប្រទេសចិន បានទាញយកប្រយោជន៍ពីការប្តេជ្ញា ចិត្តរបស់អាស៊ាន ចំពោះការមូលមតិគ្នាដើម្បីបំផ្លាញ ភាពនៅកណ្តាលរបស់ អាស៊ាន ដែលលោកសង្កត់ធ្ងន់ថា «ការណ៍នេះ នឹងមិនមានការប្រែប្រួលនោះទេ»។
លោកថ្លែងថា៖ «ដូច្នេះ វាមានសារសំខាន់ខ្លាំងណាស់ ដែលអាស៊ានត្រូវបង្ហាញការរួបរួមគ្នាជាធ្លុងមួយដើម្បីប្រឈមមុខនឹងការកើនឡើងនៃការបង្ខិតបង្ខំ និងការបំបែកបែកបាក់របស់ចិន»។
លោកបន្តថា បញ្ហានេះទាមទារភាពជាអ្នកដឹកនាំ ហើយសហរដ្ឋអាមេរិកត្រៀមរួចរាល់ដើម្បីធ្វើជាដៃគូអាស៊ាន ក្នុងការបង្កើនតួនាទីក្នុងតំបន់ និងក្រោកឈរតទល់នឹងចិន។
សមាជិកព្រឹទ្ធសភាអាមេរិកលោក James E. Risch ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៀត គឺលោក Roger Wicker និងលោក Marco Rubio ដែលបានផ្ញើលិខិតទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដោយបានទទូចឲ្យមានការគាំទ្រប្រទេសហ្វីលីពីន បន្ទាប់ពីឧប្បត្តិហេតុដ៏គឃ្លើនបង្កដោយឧបករណ៍ការពារដែនទឹករបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ក្នុងលិខិតធ្វើឡើងកាលពីចុងខែតុលា ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូប បានរំឭកលោកប្រធានាធិបតី Biden អំពីសកម្មភាពនានា ដែលចាប់ផ្តើមនៅខែសីហា ពីសំណាក់ឆ្មាំសមុទ្រ និងកងជីវពលតាមសមុទ្ររបស់សាធារណរដ្ឋប្រមានិតចិន ដែលមានបំណងបង្អាក់ការផ្គត់ផ្គង់ឡើងវិញទៅដល់នាវាចម្បាំងរបស់ហ្វីលីពីន ឈ្មោះ BRP Sierra Madre ដែលបានជាប់កឿង នៅក្នុងថ្មប៉ប្រះទឹកក្នុងតំបន់នោះ ហើយស្ថិតក្រោមការកាន់កាប់របស់នាវិកហ្វីលីពីន។ ឆ្មាំសមុទ្រ និងកងជីវពលដែនសមុទ្ររបស់ចិន បានបាញ់ទឹកស្រោចស្រព និងបានគំរាមបុកបំផ្លាញការផ្តត់ផ្គង់របស់កប៉ាល់នានា ក្នុងការប៉ុនប៉ងរារាំងមិនឲ្យមានការជួសជុលនាវាចម្បាំងដែលជាប់កឿងនោះ។
ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូបបានសរសេរថា៖ «ប្រទេសចិនស្ទើរតែបង្កឲ្យមានវិបត្តិមនុស្សធម៌ ដោយការរាំងខ្ទប់ការផ្គត់ផ្គង់ឡើងវិញដល់កប៉ាល់ BRP Sierra Madre។ បំណងសំខាន់របស់ ចិន គឺជាការពិតដើម្បីបង្ខំប្រទេសហ្វីលីពីនឲ្យបោះបង់ចោលតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយកាន់កាប់ដែនកោះនោះតែម្តង»។
ពួកគេបន្តថា៖ «ការធ្វើយ៉ាងដូច្នេះ នឹងអាចឲ្យមានការពង្រីកបន្ថែមទៀត ការទាមទារដោយខុសច្បាប់លើដែនសមុទ្រ ដូចគ្នាទៅនឹងអ្វីដែលចិនបានធ្វើទៅលើដែនកោះ Scarborough Shoal កាលពី១០ឆ្នាំកន្លងទៅ។ រាល់ការទាមទារថ្មីៗលើដែនអធិបតេយ្យសមុទ្រម្តងៗ បានផ្តល់ឲ្យចិននូវមូលដ្ឋាន ដើម្បីដាក់ទឹកដីដែលជាសម្ពន្ធមិត្ត (និងឧបករណ៍យោធារបស់អាមេរិក)ឲ្យស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជាទីបំផុត»។
អំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់អ្នកកាសែតនៃប្រទេសសមាជិកសមាគមអាស៊ាន លោក James E. Risch សមាជិកព្រឹទ្ធសភាអាមេរិក នៅរដ្ឋ Idaho នៃគណបក្សសាធារណរដ្ឋ បានឲ្យដឹងអំពីវិធានការខ្លះៗដែលអាស៊ានត្រូវធ្វើខណៈមានភាពតានតឹងនានាដែលភាយចេញពីជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក Rish បានថ្លែងថា ប្រទេសអាស៊ានគួរតែផ្តោតលើការជ្រៀតជ្រែកខាងបរទេសរបស់ចិនក្នុងកិច្ចការក្នុងស្រុករបស់ពួកគេ ប្រតិបត្តិការសេដ្ឋកិច្ចដែលមានលក្ខណៈចាប់បង្ខំ ការទាមទារទឹកដីដោយគ្មានមូលដ្ឋាន និងការខិតខំរបស់ចិនដើម្បីបំបែកបំបាក់អាស៊ាន ដែលទាំងអស់នេះ គឺជាការប្រឈមដ៏លំបាក ដែលសហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងប្រឈមដូចគ្នា។
លោកបានលើកឡើងថា៖«នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ឆន្ទៈរបស់រដ្ឋអាស៊ានខ្លះដែលកំពុងតវ៉ា [ក្នុងជម្លោះ] ដើម្បីជំទាស់ចិនតាមផ្លូវការទូត គឺមានសារសំខាន់ខ្លាំងណាស់។ ប្រទេសអាស៊ានក៏គួរតែផ្តោតលើការបង្កើនការយល់ដឹងអំពីការត្រួតត្រាដែនសមុទ្រ ការល្បាតរួមគ្នា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចផ្តាច់មុខ»។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំត្រូវបានលើកទឹកចិត្តជាពិសេសដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនលើបញ្ហាសន្តិសុខ និងកិច្ចការពារប្រទេស ហើយនិងភាពមិនងាករេនៅចំពោះមុខសម្ពាធរបស់ចិនលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ នេះគឺជារឿងសំខាន់ខ្លាំងណាស់ ហើយខ្ញុំនឹងបន្តដាក់សម្ពាធលើរដ្ឋបាលលោក Biden ដើម្បីធានាថា សម្ពន្ធមិត្តរបស់យើងនឹងគិតគូរពីកិច្ចការដែលត្រូវឆ្លើយតបនឹងស្ថានភាពសន្តិសុខបច្ចុប្បន្ន»។
ទោះណាជាមានការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនឲ្យប្រទេសអាស៊ានរួមគា្នតទល់នឹងចិនលើគោលជំហរតែមួយក្តី ក៏អ្នកជំនាញនៅប្រទេសកម្ពុជានៅតែយល់ថា បណ្តាមេដឹកនាំប្រទេសអាស៊ាននឹងមិនបំពេញទៅតាមការប្រាថ្នាចង់បានរបស់សមាជិកព្រឹទ្ធសភាទាំងនោះឡើយ។
អ្នកសិក្សាស្រាវជ្រាវដែលចូលនិវត្តន៍ និងជាអតីតនាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP)លោក ពូ សុធីរៈ យល់ថា មេដឹកនាំអាស៊ាន នឹងសម្លឹងមើលផលប្រយោជន៍សម្រាប់ប្រទេសផងខ្លួន ជាជាងការរួបរួមដើម្បីតទល់នឹងចិនលើបញ្ហាសមុទ្រចិនខាងត្បូង ក្នុងពេលមានការប្រជែងដណ្តើមឥទ្ធិពលរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងផ្នែកឯទៀតលើសកលលោក។
លោកថ្លែងថា៖ «ចិនឥឡូវហ្នឹង កំពុងភ័យខ្លាចអាមេរិកាំង មិនត្រឹមតែទប់ស្កាត់ទេ គឺ រារាំង(prevent) មិនឲ្យមក មិនឲ្យងើបរួច ងើបទៅជា superpower [មហាអំណាច] មួយទៀត ចិនចង់ទៅជា superpower មួយទៀត។ ប៉ុន្តែអាមេរិកាំងមិនព្រម មិនចង់ឲ្យវាទៅធ្វើអ៊ីចឹង។ អាហ្នឹងហើយ ទាំងអស់ហ្នឹង អាស៊ានកំពុងតែគិតកន្លែងហ្នឹង...ឥឡូវហ្នឹង អាស៊ានវានៅក្នុងគេហៅថា ទទួលសម្ពាធឲ្យ រើសខាងអាមេរិកឬចិន(choose side) ឃើញទេ! bifurcate pressure to choose side [បំបែកជាពីរនិងដាក់សម្ពាធឲ្យរើសភាគីណាមួយ] »។
លោកបន្ថែមថា៖ «ប្រទេសអាស៊ានខ្លះ គេយល់ឃើញថា សហរដ្ឋអាមេរិក វត្តមានសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្នឹង មានប្រយោជន៍ ចំពោះគេ។ ប៉ុន្តែ ប្រទេសខ្លះទៀត យល់ឃើញថា ចិនមានប្រយោជន៍ជាង អាមេរិកាំងមានប្រយោជន៍ដែរ ប៉ុន្តែមិនដល់ចិនទេ។ វាអ៊ីចឹង!»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោកឯម សុវណ្ណារ៉ា ជឿថា បណ្តាមេដឹកនាំអាស៊ាននឹងមិនធ្វើទៅតាមការចង់បានរបស់សមាជិកព្រឹទ្ធសភាអាមេរិកនោះទេ ខណៈប្រទេសក្នុងសមាគមអាស៊ានត្រូវបានគេមើលឃើញថា មាននិន្នាការផ្សេងៗគ្នាក្នុងទំនាក់ទំនងជាមួយចិន។
លោកថ្លែងថា៖ «សម្រាប់ការអំពាវនាវសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ឲ្យអាស៊ានរួមគ្នាហ្នឹង គ្រាន់តែជាការអំពាវនាវ យើងនិយាយទៅ ទៅអត់រួចទេ ទៅវាអត់កើត ដោយសារតែអាស៊ានហ្នឹងមាននិន្នាការផ្សេងគ្នា សម្រាប់ទំនាក់ទំនងជាមួយចិនហ្នឹង ដូចកម្ពុជាហ្នឹងមានទំនាក់ទំនង រហូតដល់មិត្តភាពត្បូងពេជ្រ។ អ៊ីចឹង វាលើសពីដែកថែប ឈានទៅដល់ត្បូងពេជ្យ ហើយការពារមិនលូកជ្រៅ ផលប្រយោជន៍រៀងៗខ្លួន»។
លោកកត់សម្គាល់បន្ថែមថា បើមើលទៅលើសាវតារដោះស្រាយវិវាទកន្លងមកនោះ ប្រទេសអាស៊ានខ្លះ មិនបានរួមគ្នាជាមួយប្រទេសដែលកំពុងមានវិវាទជាមួយចិននោះទេ ដូចយ៉ាងកម្ពុជា ដែលជារឿយៗប្រកាន់ជំហរអព្យាក្រឹត ឬក៏ពេលខ្លះទៀតត្រូវគេមើលឃើញកាន់ជើងចិនថែមទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកអាន សុខឿន ប្រាប់វីអូអេថា ប្រទេសកម្ពុជា មិនមែនជារដ្ឋដែលទាមទារ ឬភាគីរដ្ឋនៅក្នុងអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS។
លោកបានថ្លែងថា៖ «ក្នុងនាមជាប្រជាជាតិមួយដែលប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ កម្ពុជាប្រាថ្នាចង់ឃើញសមុទ្រចិនខាងត្បូងជាសមុទ្រសន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការ»។
លោកបន្ថែមថា៖ «កម្ពុជា គូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលអនុម័តដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិននៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០២»។
បើតាមលោក អាន សុខឿន កម្ពុជាកោតសរសើរចំពោះវឌ្ឍនភាពនៃការចរចាស្តីពីក្រមប្រតិបត្តិ(COC)។ លោកបន្តថា កាលពីពេលថ្មីៗនេះ អាស៊ាននិងចិនបានចាប់ផ្តើមការអានលើកទីបីនៃអត្ថបទចរចា COC តែមួយ។កម្ពុជាក៏គាំទ្រការសន្និដ្ឋានដំបូងរបស់ COC ដែលមានប្រសិទ្ធភាព អនុវត្តបាន និងស្របតាមច្បាប់អន្តរជាតិ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតហ្វីលីពីន និងឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ប៉ុន្តែមិនទាន់មានការឆ្លើយតបតាមសារអ៊ីមែល។
សហរដ្ឋអាមេរិកមិនមានការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ប៉ុន្តែបានអះអាងថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ខ្លួន។
មានការប៉ាន់ស្មានថាមានប្រេងឆៅ១១ ពាន់លានបារ៉ែល និងឧស្ម័នធម្មជាតិជាង៥ លានលានម៉ែត្រគីប នៅក្រោមដែនទឹកនៃសមុទ្រចិនខាងត្បូង នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។ ទំនិញដែលមានតម្លៃប៉ាន់ស្មានពី ៣ ទៅ ៥ លានលានដុល្លារអាមេរិក ត្រូវបានដឹកជញ្ជូនឆ្លងកាត់សមុទ្រចិនខាងត្បូងជារៀងរាល់ឆ្នាំ ដែលស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មសរុបបស់ពិភពលោក។ នេះបើយោងតាមអង្គការសហប្រជាជាតិ និងប្រភពផ្សេងៗ។
លោក Carl Thayer សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales Canberra បានប្រាប់ VOA តាមសារអ៊ីមែលថា ស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងត្រូវបានកត់សម្គាល់ដោយការបង្កើនការឈ្លានពានរបស់ចិនក្នុងការអះអាងទាមទារខុសច្បាប់របស់ខ្លួនចំពោះផ្ទាំងថ្ម រួមទាំងផ្នែកខ្លះ និងផ្ទៃទឹកជុំវិញនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់រដ្ឋដែលទាមទារដែនកម្មសិទ្ធ។
លោកបន្ថែមថា សមាជិកព្រឹទ្ធសភា Rish បានលើកឡើងរឿងត្រឹមត្រូវដែលថារដ្ឋទាមទារដែនកម្មសិទ្ធ របស់អាស៊ានគួរតែជំរុញសកម្មភាពការទូតឡើងវិញប្រឆាំងនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។ នេះផ្តល់នូវមូលដ្ឋានចាំបាច់សម្រាប់សហរដ្ឋអាមេរិក និងមហាអំណាចដែនសមុទ្រផ្សេងទៀត ដើម្បីគាំទ្ររដ្ឋទាមទារក្នុងតំបន់។ រដ្ឋដែលទាមទារភាគច្រើនបច្ចុប្បន្នកំពុងចូលរួមក្នុងសកម្មភាពដែលសមាជិកព្រឹទ្ធសភាបានផ្តល់ជាអនុសាសន៍។
លោកថ្លែងថា៖ «រដ្ឋដែលនៅជិតសមុទ្រកំពុងបានចូលរួមរួចហើយនៅក្នុងគំនិតផ្ដួចផ្ដើមការយល់ដឹងដែនសមុទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹកជាលើកដំបូងរបស់អាស៊ាន ប៉ុន្តែដោយសារតែភាពរសើបរបស់សមាជិកមួយចំនួនបានផ្លាស់ប្តូរទីតាំងសមយុទ្ធនេះពីភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងទៅកាន់ដែនទឹកឥណ្ឌូណេស៊ី។ សហរដ្ឋអាមេរិក និងហ្វីលីពីនក៏បានធ្វើការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេ និងការល្បាតត្រីភាគី រួមទាំងប្រទេសជប៉ុនដែលនឹងក្លាយទៅជាអ្នកចូលរួមល្បាតជាប្រក្រតី»។
បើតាមលោក Carl Thayer ទាំងប្រទេសឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី នៅតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតថ្នាក់ជាតិរបស់ពួកគេក្នុងការរុករក និងទាញយកធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZs) របស់ពួកគេ ទោះបីជាមានការយាយីពីចិនក៏ដោយ។ បច្ចុប្បន្នហ្វីលីពីនកំពុងពិនិត្យមើលឡើងវិញនូវជំហរផ្លូវច្បាប់របស់ខ្លួនក្នុងការបន្តសកម្មភាពទាញយកប្រេងនៅតំបន់ Reed Bank ក្រោមសម្ពាធពីប្រទេសចិនដើម្បីអនុវត្តការអភិវឌ្ឍរួមគ្នា។
យ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ស្ថានទូតចិនប្រចាំកម្ពុជា បានបកស្រាយតាមសារអ៊ីមែលថា សមាជិកព្រឹទ្ធសភាអាមេរិកខ្លះ បានលើកឡើងនូវអ្វីដែលគ្មានការពិត ហើយគ្រាន់តែជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
ស្ថានទូតចិនបានលើកឡើងតាមសារអ៊ីមែលជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ជំនួសឲ្យការខិតខំប្រឹងប្រែងឥតឈប់ឈរ ប៉ុន្តែគ្មានបានការ ដើម្បីជ្រៀតជ្រែក ចូលក្នុងតំបន់របស់យើងដែលសន្តិភាព និងវិបុលភាពបានកំពុងកើតឡើង ហើយនិងបន្តរីកចម្រើនជាមួយនឹងការប្រឹងប្រែងរួមគ្នារវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានោះ អស់លោក លោកស្រីដែលស្ថិតនៅពីក្រោយការចោទប្រកាន់ទាំងឡាយ គួរតែត្រូវបានផ្តល់យោបល់ឲ្យផ្តោតលើបញ្ហាទាក់ទងគ្នាដែលត្រូវបានកែសម្រួល ហើយនិងការសន្មតផ្សេងៗដែលធ្វើឲ្យមានការភាន់ច្រឡំដោយមតិនានាដែលមិនស៊ីគ្នាទាល់តែសោះទៅនឹងការពិត។»
ស្ថានទូតចិនក៏បង្ហាញសេចក្តីប្រកាសផ្សេងៗដែលបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង ប្តេជ្ញាធ្វើឲ្យមានសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសចិនក៏បានច្រានចោលអត្ថបទស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២២ ក្រោមហេតុផលថា ការសិក្សានោះបានលើកយកទាហរណ៍នៃការកាត់សេចក្តី [ដោយតុលាការយុត្តិធម៌អន្តរជាតិ] នៅសមុទ្រចិនខាងត្បូងដែលទុកជាមោឃៈទៅប្រកូកប្រកាស និងបានយកការសម្រេចនោះមកបដិសេធចោលអធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង ដោយការបកស្រាយខុសច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនចេញផ្សាយកាលពីខែមីនាឆ្នាំ២០២២ បានសរសេរថា៖ «ការសិក្សានេះធ្វើឲ្យខូចច្បាប់អន្តរជាតិនៅដែនសមុទ្រយ៉ាងធ្ងន់ធ្ងរ។ វាមានចេតនាបំភាន់បរិបទប្រវត្តិសាស្ត្រ និងស្ថានភាពនៃបញ្ហាសមុទ្រចិនខាងត្បូង។ វាគ្មានអ្វីក្រៅពីឧបាយកល និងការបង្កហេតុខាងនយោបាយនោះទេ។ ប្រទេសចិនសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះការសិក្សានេះ»។
នៅពេលដែលរដ្ឋជាសមាជិកអាស៊ានមួយចំនួនកំពុងមានបញ្ហាជាមួយចិននៅសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកបានខិតខំបង្កើនទំនាក់ទំនងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសមាគមអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ សហរដ្ឋអាមេរិក និងអាស៊ានបានបង្កើតជាប្រវត្តិសាស្ត្រនូវភាពជាដៃគូយុទ្ធសាស្ត្រជ្រុងជ្រោយ។
ជាផ្នែកមួយនៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ក្រោមរដ្ឋបាលរបស់លោក Joe Biden បណ្តាមេដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិក គ្រោងប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការបង្កើតមជ្ឈមណ្ឌលអាមេរិកអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរបស់អាស៊ានជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា។
សេចក្តីប្រកាសរបស់សេតវិមាន បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកគឺជាប្រភពដ៏ធំមួយនៃការបណ្តាក់ទុនបរទេសដោយផ្ទាល់នៅតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ឆ្នាំ ២០២២ អាជីវកម្មអាមេរិកប្រមាណ ៦.២០០ បានរួមចំណែកដល់ការធ្វើពាណិជ្ជម្មដែលមានទឹកប្រាក់សរុប ៥២០,៣ ពាន់លានដុល្លារអាមេរិក រវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសមាជិកអាស៊ាន ដោយបានបង្កើតការងារចំនួន ៦២៥.០០០ នៅរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងការងារជាង ១លាន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបញ្ជាក់ពីជំហរនិងកិច្ចប្រឹងប្រែងនានារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ សុខាភិបាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិស័យការពារជាតិ និងបរិស្ថានជាដើម៕