វេទិកាប្រជាពលរដ្ឋកម្ពុជាដែលបើកផ្លូវឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល និងសាធារណជនក្នុងការលើកឡើងពីបញ្ហាប្រឈមផ្សេងៗក្នុងសង្គម បានឱ្យដឹងថា ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានកំពុងធ្វើឡើង ដោយខ្វះការពិគ្រោះយោបល់ពីសង្គមស៊ីវិល និងពលរដ្ឋ ដែលនាំឱ្យមានការបារម្ភអំពីការរឹតត្បិតសិទ្ធិពលរដ្ឋតាមបណ្តាញអ៊ីនធឺណិត។
វេទិកាប្រជាពលរដ្ឋកម្ពុជានេះ ក៏ជាផ្នែកមួយនៃវេទិកាប្រជាពលរដ្ឋអាស៊ាន ដែលធ្វើឡើងនៅមុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយក្រោយការរៀបចំវេទិការយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៦ និង ១៧ ខែតុលានេះ ពលរដ្ឋខ្លះលើកឡើងថា ពួកគេត្រូវបានចាប់ខ្លួន ឬទទួលរងការគំរាមកំហែង នៅពេលបង្ហាញអំពីទុក្ខកង្វល់ ក្តីបារម្ភ និងបញ្ហាប្រឈមរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «នៅពេលសម្តែងមតិ ឬទាមទារសិទ្ធិសេរីភាពតាមប្រព័ន្ធអនឡាញ ប្រជាពលរដ្ឋអាចទទួលរងការគំរាមកំហែងពីមន្ត្រីអាជ្ញាធរ ដោយរួមមានទាំងការចាប់ខ្លួនអ្នកបញ្ចេញមតិយោបល់តាមបណ្តាញសង្គមផ្ទាល់ខ្លួន ឬនៅពេលពលរដ្ឋផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដែលកើតឡើងក្នុងសហគមន៍»។
សេចក្តីថ្លែងការណ៍បន្តឲ្យដឹងទៀតថា៖ «ច្បាប់កាន់តែច្រើន កាន់តែបានរឹតត្បិតដល់សកម្មជន និងប្រជាជនទូទៅ»។
វេទិកាប្រជាពលរដ្ឋកម្ពុជាបានឱ្យដឹងទៀតថា វេបសាយ (គេហទំព័រ) ចំនួន ៤៣ ដែលភាគច្រើនធ្វើការលើបញ្ហាបរិស្ថាន ឬការតស៊ូមតិ ត្រូវបានបិទចោល។ បន្ថែមលើការបិទខ្ទប់វេបសាយទាំងនេះ វេទិកាដដែលឱ្យដឹងទៀតថា ការបង្កើតអនុក្រឹត្យស្តីពីច្រកអ៊ីនធឺណិតជាតិ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ និងអវត្តមានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ បង្កឱ្យមានការព្រួយបារម្ភ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ស្របនឹងការលើកឡើងរបស់វេទិកាប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងកង្វះការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មទាក់ទងនឹងបច្ចេកវិទ្យា ឬតាមអ្វីដែលរដ្ឋាភិបាលហៅថា សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន។ លោកបន្តថា រដ្ឋាភិបាលគួរតែផ្តល់ឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិល ក្នុងការព្រាងសេចក្តីស្នើច្បាប់នេះ ដើម្បីបញ្ចៀសការរិះគន់។
លោកបន្ថែមថា៖ «ការបង្កើតច្បាប់ គឺដើម្បី ទី ១ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ទី ២ គឺរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ហើយនិងកិច្ចការពារទៅលើសិទ្ធិរបស់ពលរដ្ឋ។ បើសិនជាច្បាប់មិនគោរពទៅតាមគោលការណ៍ហ្នឹងទេ អាហ្នឹងគឺវាប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ត្រូវបានគេធ្វើឱ្យបែកធ្លាយកាលពីឆ្នាំ ២០១៤ ហើយក៏បន្តស្ថិតក្រោមការឃ្លាំមើលរបស់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការក្នុងវិស័យលើកកម្ពស់សិទ្ធិមនុស្ស។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីដើមខែកញ្ញា ឆ្នាំ ២០២២ បានអះអាងថា សេចក្តីព្រាងច្បាប់នោះត្រូវបានក្រសួងតាក់តែងឡើង តាំងពីឆ្នាំ ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ ហើយក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
បើតាមសេចក្តីព្រាងច្បាប់ ដែលវីអូអេទទួលបានកាលពីខែតុលា ឆ្នាំ ២០២០ មាត្រា៤៥ ចែងផ្តល់ការអនុញ្ញាតឱ្យអាជ្ញាធរដាក់ពិន័យ ឬដាក់ពន្ធនាគារលើបុគ្គលណា ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន «ដោយមានបំណង ឬចេតនា» ដើម្បីធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ «សុវត្ថិភាពសាធារណៈ» «សន្តិសុខជាតិ» «ទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសដទៃ» និងប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជាតិ ញុះញង់ឱ្យមានភាពអមិត្ត មានការស្អប់ខ្ពើម និងការរើសអើងពូជសាសន៍ជាដើម។ ប្រសិនបើត្រូវបានកាត់ឱ្យមានទោស បុគ្គលមួយរូបអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់បីឆ្នាំ និងការពិន័យជាប្រាក់រហូតដល់ ២.៥០០ ដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានបទបញ្ញត្តិស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំ និងការលួចពាក់ព័ន្ធនឹងកុំព្យូទ័រ បទល្មើសកម្មសិទ្ធិបញ្ញា និងបទល្មើសទាក់ទងនឹងរូបភាពអាសអាភាស។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការតាក់តែងសេចក្តីព្រាងច្បាប់នេះ ប្រាប់វីអូអេថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់ពង្រាងដោយអ្នកជំនាញ។ ហេតុដូច្នេះ ការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះឱ្យបានទូលំទូលាយនោះ គឺមិនអាចធ្វើទៅរួចឡើយ។
លោកថ្លែងថា៖ «ប្រហែលជាខាងលោកសួរទៅប្រទេសណា ដែលគេដាក់មកអង្គុយយកប្រជាពលរដ្ឋ ឬក៏សង្គមស៊ីវិល មកអង្គុយជជែកតាំងពីដំបូងទៅ ទៅធ្វើម៉េចចេញ អាហ្នឹងធ្វើអង្គុយដាក់ សូម្បីតែអ្នកជំនាញរបស់រដ្ឋាភិបាលក្រសួងស្ថាប័នមកអង្គុយជជែកគ្នាមួយព្រឹក ជួនកាលមិនបានមួយមាត្រាផង។ ជជែកគ្នាហើយសុទ្ធតែអ្នកជំនាញច្បាប់ អ្នកអីទាំងអស់តាមក្រសួងមួយៗមក ហើយទំរាំដាក់មនុស្សរាប់រយរាប់ពាន់នាក់មកទៀត មិនដឹងថា បានស្អីទៅទៅរួច»។
លោក ប៊ុន ហុន ថ្លែងបន្ថែមថា៖ «គ្រាន់តែផ្តាំទៅវិញថា ចាំមើលគេ នីតិវិធីគេបន្តបន្ទាប់សិន វាអត់ទាន់នេះទេ អត់ទាន់មានអីដឹង កិច្ចការហ្នឹងច្បាស់ថា ត្រូវតែដល់ណា ដល់ណីនៅឡើយ ព្រោះដោយសារ វាកំពុងតែដំណើរការក្រុមជំនាញសិន បានផុតពីជំនាញទៅ ឈានទៅបានចូលទៅដល់ដាក់ចូលទៅរាជរដ្ឋាភិបាល ក្រោមការពិនិត្យសម្រេចពីសម្តេចនាយករដ្ឋមន្ត្រី។ អាហ្នឹងគ្រាន់មិនទាន់ឈានទៅដល់ ចូលប្រជុំគណៈរដ្ឋមន្ត្រី អីហើយត្រូវបានគេចូលទៅសភា បាននីតិវិធីវានៅវែងទៀត»។
ក្រៅពីការបង្ហាញក្តីបារម្ភអំពីការតាក់តែងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មទាក់ទងនឹងបច្ចកវិទ្យាព័ត៌មាននោះ វេទិកាប្រជាពលរដ្ឋកម្ពុជាបានឱ្យដឹងអំពីបញ្ហាប្រឈមជាច្រើនទៀត ដូចជាការរឹតត្បិតលើសេរីភាពបញ្ចេញមតិ និងការចូលរួមផ្នែកនយោបាយ និងសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី។
វេទិកានេះ ក៏បានឱ្យដឹងអំពីការប្រើប្រាស់ប្រព័ន្ធតុលាការដោយមិនសមស្រប ទៅលើពលរដ្ឋមានបញ្ហាដីធ្លី ការបណ្តេញចេញពីលំនៅឋានដោយគម្រោងអភិវឌ្ឍជាដើម។ ហើយនៅពេលមានវិវាទរវាងអ្នកមានអំណាច មានលុយ ជាមួយនឹងកសិករក្រីក្រ ជាញឹកញាប់ការអនុវត្តច្បាប់មានភាពលម្អៀងទៅលើក្រុមមានលុយ ឬក្រុមមានឥទ្ធិពល ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់។
ទោះជាយ៉ាងណាក្តី ក៏លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ការដោះស្រាយវិវាទតាមយន្តការតុលាការ គឺស្របតាមគោលការណ៍ច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមាននីតិរដ្ឋ ហើយការសម្រេចរបស់តុលាការគឺយោងតាមអង្គហេតុ អង្គច្បាប់ ភស្តុតាង និងសក្ខីកម្មដែលមានជាធរមាន។
លោកក៏អះអាងថា ពលរដ្ឋខ្លះចាញ់ក្តី គឺដោយសារតែពួកគេមិនយល់ពីច្បាប់ ហើយបានប្រើប្រាស់សិទ្ធិសេរីភាពដែលបំពានច្បាប់ និងសិទ្ធិអ្នកដទៃ ហើយខ្លះទៀតមិនយល់ពីច្បាប់ ហើយត្រូវបានអ្នកនយោបាយមួយចំនួនកេងប្រយោជន៍នយោបាយថែមទៀត៕